ម៉ោង ១០ទៅហើយ ជូយ៉ុន មិនបានឃើញ បូណា ចូលបន្ទប់សោះ សូម្បីតែសំឡេងនាងក៏មិនបានឮដែរ តើនាងពិតជានៅក្នុងផ្ទះនេះឬចេញក្រៅបាត់ហើយ ? ។
ជូយ៉ុន ពណ៌នា
ខ្ញុំលើកដៃវាយថ្ងាសខ្លួនឯងមួយដៃ ព្រោះតែខ្ញុំមិនបានប្រាប់នាងថាត្រូវគេងកន្លែងណា ហើយមិនបានរៀបចំកន្លែងសម្រាកឲ្យនាងទៀត មុននេះប្រើសម្ដីខ្លាំងៗដាក់នាងប្រហែលជានាងអន់ចិត្តណាស់ហើយ ព្រោះតែខ្ញុំមិនដែលប្រើសម្ដីខ្លាំងៗដាក់នាងបែបនេះពីមុនមក ប៉ុន្តែមិនដឹងថាយ៉ាងម៉េច ពេលដឹងថាខ្លួនឯងនៅតែស្រឡាញ់មិត្តស្រីបងស្រីខ្លួនឯងចេះតែកើតក្ដីខឹងឡើងមក ខឹងទាំងខ្លួនឯងដែលនៅមិនអាចកាត់ចិត្តពីនាងបាន ហើយខឹងនាងដែលនៅមិនច្បាស់ជាមួយអារម្មណ៍ខ្លួនឯង ខ្ញុំមិនចង់ឲ្យ ហ្យុនជុង ទទួលអារម្មណ៍ខកចិត្តដូចជាខ្ញុំឡើយ ។
ខ្ញុំសម្រេចចិត្តបើកទ្វារចេញក្រៅ ជាមួយពន្លឺភ្លឺតិចៗដែលបានពីព្រះច័ន្ទចាំងចូលក្នុងផ្ទះតាមរយៈកញ្ចក់ ។ ខ្ញុំបានឃើញខ្នងនារីម្នាក់នោះនៅអង្គុយលើសាឡុងយ៉ាងស្ងៀមស្ងាត់ ទោះបានឃើញត្រឹមតែខ្នងតែអារម្មណ៍ខ្ញុំទទួលដឹងថានាងកំពុងខូចចិត្ត ។
ខ្ញុំបោះជំហានមួយៗទៅឈរពីមុខនាង ហើយនាងងើបមុខមើលមកខ្ញុំទាំងភ្នែកក្រហម ទោះជាមេឃងងឹតតែខ្ញុំអាចមើលឃើញថានៅលើថ្ពាល់នាងមានស្នាមដានទឹកភ្នែក ដែលទើបតែស្ងួតថ្មីៗ ។
ខ្ញុំហ៊ានស្បថថាខ្ញុំសឹងតែសម្លាប់ខ្លួនឯងចោលភ្លាមៗដោយគ្រាន់តែឃើញសភាពនាងពេលនេះ បេះដូងខ្ញុំមានអារម្មណ៍ថាកំពុងប្រេះបែកពេលឃើញនាងមើលមកដោយកែវភ្នែកឈឺចាប់ ។ ខ្ញុំបានធ្វើឲ្យនាងយំ ! តើខ្ញុំចោលម្សៀតកម្រិតណាដែលអាចធ្វើឲ្យមនុស្សខ្លួនឯងស្រឡាញ់ស្រក់ទឹកភ្នែកបែបនេះ ? ខ្ញុំស្អប់ពេលនាងយំ ស្អប់មនុស្សដែលធ្វើឲ្យនាងស្រក់ទឹកភ្នែក តែពេលនេះខ្ញុំខ្លួនឯងជាដើមហេតុ ខ្ញុំកំពុងពិចារណាថាគួរសម្លាប់ខ្លួនឯងបែបណាទើបស័ក្តិសមជាមួយរឿងនេះ ? ។
ខ្ញុំដាក់បង្គុយលើកែងជើង ឈោងដៃទៅប៉ះផ្ទៃមុខនាងថ្នមៗ ផ្ដិតយកស្នាមទឹកភ្នែកនាងដោយបបូរមាត់ ទើបដកមុខមកវិញសម្លឹងនាងដោយក្រសែភ្នែកស្រទន់ ។
YOU ARE READING
ជម្រើសចុងក្រោយ/(The Last Person)
Fantasyតើអ្នកនឹងធ្វើយ៉ាងណា ពេលដែលអ្នកក្លាយជាជម្រើសចុងក្រោយរបស់គេ ? " គេ " តែងតែក្លាយជាមនុស្សចុងក្រោយដែលនាងនឹកឃើញ មិនមែននាងទុកគេសំខាន់ ប៉ុន្តែបើនិយាយពីគេចំពោះនាង គេជាជម្រើសចុងក្រោយបង្អស់ដែលនាងនឹកឃើញ នៅពេលដែលនាងគ្មានជម្រើស ។ គេគ្រាន់តែជាទូកជំនួយសម្រាប់នាង...
