Ep20(ឯងធ្វើស្អីនាង?)

557 32 6
                                        









ហ្យុនជុង ប្រញាប់ចេញពីធ្វើការហើយបើកឡានយ៉ាងលឿនទៅអាគារស្នាក់នៅរបស់ ជូយ៉ុន ។ គាត់ចង់ដឹងថាគេនៅផ្ទះឬអត់ តើអ្នកដែល ហេជូ ថានៅពេទ្យជា ជូយ៉ុន មែនឬមិនមែន ? ។

ពេលមកដល់ហើយឡើងជណ្ដើរយន្តដល់ជាន់បន្ទប់ដែល ជូយ៉ុន និង បូណា ស្នាក់នៅ ហ្យុនជុង ដើរទៅឈរមុខបន្ទប់របស់ ជូយ៉ុន ហើយលើកដៃចុចលេខកូដសម្ងាត់ ។

លេខសម្ងាត់ដែលគាត់ប្រើដំបូងជាលេខដែល ជូយ៉ុន ចូលចិត្តប៉ុន្តែមិនត្រូវ ទើបគាត់ប្ដូរមកចុចលេខថ្ងៃកំណើតរបស់ បូណា វិញម្ដង ។

ទ្វារបានបើកបន្ទាប់ពីគាត់ចុចបញ្ចូលថ្ងៃកំណើត បូណា ហ្យុនជុង ក្ដាប់ដៃទ្វារយ៉ាងណែនហើយបើកចូលទៅខាងក្នុង ទោះជាគាត់ពេលនេះកំពុងមានចិត្តចង់ត្រឡប់ទៅវិញក៏ដោយ តែគាត់ចង់ឲ្យច្បាស់ចិត្តខ្លួនឯងថា ជូយ៉ុន នៅផ្ទះឬអត់ ។

សភាពក្នុងផ្ទះស្ងាត់ជ្រងំ ងងឹតឈឹងព្រោះមិនបើកភ្លើង បញ្ជាក់ថាគ្មានមនុស្សនៅទីនេះ ។ ហ្យុនជុង ដើរទៅបើកភ្លើងបន្ទប់ឲ្យភ្លឺ គាត់អាចឃើញសភាពក្នុងខនដូរទាំងមូលគឺមានរបៀបរៀបរយល្អ ប៉ុន្តែអ្វីគ្រប់យ៉ាងសោះកក្រោះណាស់ ។

រូបថតដ៏ធំរបស់ បូណា តាំងក្នុងផ្ទះមិនបានផ្លាស់ប្ដូរ នៅលើតុជិតសាឡុងក៏មានស៊ុបរូបថតខ្នាតតូច ដែលបង្ហាញរូបភាពថ្ងៃទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ បូណា ដែលកំពុងឈរថតជាមួយ ជូយ៉ុន យ៉ាងស្និតស្នាល ។

" ពួកគេមានក្ដីសុខពេលនៅជាមួយគ្នាណាស់មែនទេ ? " ហ្យុនជុង និយាយម្នាក់ឯងស្របពេលកាន់រូបថតនោះយកមកមើលបន្តិចហើយទុកកន្លែងដើមវិញ ។

គាត់បន្តដើរឡើងទៅជាន់ខាងលើដើម្បីប្រាកដចិត្តថាគ្មានមនុស្សនៅ លើកទីមួយហើយដែលគាត់មកទីនេះ តាំងពី ជូយ៉ុន ត្រឡប់មករស់នៅសេអ៊ូលវិញ រហូតគាត់ទាក់ទង បូណា គាត់មិនដែលចូលមកទីនេះនោះទេ ។

នៅខាងក្រៅ...

ជូយ៉ុន បានសុំត្រឡប់មកផ្ទះវិញទាំងសុខភាពមិនល្អ គេមិនចង់គេងនៅមន្ទីរពេទ្យយូរជាងនេះនោះទេព្រោះគេស្អប់ក្លិនថ្នាំពេទ្យ គេចូលពេទ្យញឹកញាប់ដូចជាផ្ទះរហូតក្លាយជាធុញ ទោះគ្រូពេទ្យនិងគ្រួសារឃាត់យ៉ាងណាគេនៅតែរឹងទទឹង រហូតសូម្បីតែគ្រូពេទ្យក៏ចុះចាញ់គេព្រមឲ្យគេមកបន្តសម្រាកនៅផ្ទះវិញ តែត្រូវឧស្សាហ៍មកតាមដានស្ថានភាពជំងឺ ។

ជម្រើសចុងក្រោយ/(The Last Person)Where stories live. Discover now