Ep11(សង្សាក្មេង)

504 21 7
                                        




  ពីរថ្ងៃក្រោយ...

ឡានសេរីទំនើបចតមុខអគារក្រុមហ៊ុនផ្គត់ផ្គង់សំភារៈអគ្គិសនីដែលមានកម្ពស់១២ជាន់ ជូយ៉ុន ប្រញាប់ចុះពីឡានរត់ទៅបើកទ្វារម្ខាងទៀតឲ្យមនុស្សស្រីដែលគេស្រឡាញ់ ព្រមជាមួយទឹកមុខបញ្ហាយ៉ាងច្បាស់ថាគេមានក្ដីសុខប៉ុណ្ណា បន្ទាប់ពីទទួលបានក្ដីស្រឡាញ់ពី បូណា ។

" ល្ងាចបើរវល់រៀនមិនបាច់មកយកក៏បានដែរ " នាងមិនចង់ឲ្យគេពិបាក ព្រោះឃើញគេដូចជាខិតខំក្នុងការរៀនគំនូរខ្លាំងណាស់ នេះក៏ព្រោះតែនាងបាននិយាយថានឹងទៅមើលព្រិលធ្លាក់នៅលើភ្នំណាំសាន់ជាមួយគេ ព្រោះគេចូលចិត្តការមើលឃើញដុំព្រិលធ្លាក់នៅលើភ្នំដែលមានពោពេញទៅដោយសេចក្ដីស្នេហាជាមួយមនុស្សដែលគេស្រឡាញ់ ។ ប៉ុន្តែដោយសារ បូណា នាងមិនចូលចិត្តរដូវរងារ ទើបគេមិនដែលនាំនាងទៅ ហើយព្រោះតែដឹកបែបនេះហើយរាងតូចបានសន្យាថានឹងទៅមើលព្រិលនៅទីនោះជាមួយគេ ក្នុងលក្ខខណ្ឌដែលគេប្រឡងគូរគំនូរជាប់បាននិទ្ទេសល្អ ។

" អ្នកណាដាច់ឲ្យស្រីស្អាតជិះតាក់ស៊ីទៅផ្ទះវិញម្នាក់ឯងបានទៅ ? ចាំបងមកយក " គេចូលទៅជិតនាងដាក់ក្បាលលើស្មាអ្នកមានកម្ពស់ទាបជាង បង្ហាញចរិតដូចជាក្មេង មែនហើយ ! នេះក៏ព្រោះតែនាងបានសង្សាក្មេង ។

" ពូកែសម្ដីណាស់យើងហ្នឹង " មិនឲ្យចាញ់ដៃ បូណា ឱបអ្នកមានកម្ពស់ខ្ពស់ជាងយ៉ាងណែន ដាក់មុខផ្អឹបនឹងទ្រូងគេ ហើយងើយមុខមើលទៅមុខគេ មុននឹងជំទើតជើងថើបចង្ការរបស់គេ ។

" មិនបាច់ធ្វើការទេទៅផ្ទះវិញទៅ " ជូយ៉ុន លែងដាច់ចិត្តឲ្យនាងទៅធ្វើការ ចាប់ដៃនាងបម្រុងនាំចូលឡានវិញ អ្នកណាឲ្យនាងគួរឲ្យស្រឡាញ់ពេកធ្វើអី ? គួរឲ្យស្រឡាញ់បែបនេះអ្នកណាដាច់ចិត្តឃ្លានឆ្ងាយកើត ? ។

" អត់ទេលែងដៃអូន ហើយឆាប់ទៅសាលាទៅ ជិតប្រឡងប៉ុន្តែមិនដែលទៅរៀន ហើយនៅឆ្លៀតដើរលេងទៀត " នាងដេញគេឲ្យទៅ មនុស្សនេះក្បាលរឹងណាស់ តាំងពីដើមឡើយមិនដែលធ្វើតាមអ្វីដែលនាងប្រាប់សោះ សូម្បីតែនាងប្រាប់ឲ្យគេឈប់ស្រឡាញ់នាងក៏គេមិនស្ដាប់ មិនស្ដាប់រហូតឥឡូវនេះផ្លាស់ប្ដូរតំណែងជាប្អូនរបស់នាង មកជាមិត្តស្រីរបស់នាងវិញម្ដង ។

ជម្រើសចុងក្រោយ/(The Last Person)Where stories live. Discover now