" កុំយកជំងឺនេះមកនិយាយលេងសើច ពួកគេគួរឲ្យអាណិតណាស់ឯងមិនដឹងថាពួកគេជួបប្រទះអ្វីខ្លះមកទេ " ជូហ៊ី ស្ដីឲ្យប្អូនដែលយកអាការៈអ្នកជំងឺរបស់នាងមកនិយាយលេង នាងជាអ្នកព្យាបាលនាងដឹងច្បាស់ថាអ្នកជំងឺរបស់នាងពិបាកយ៉ាងម៉េច មានតែនាងទេដែលយល់ពីទុកធុរៈរបស់ពួកគេ ក្នុងនាមជាគ្រូពេទ្យម្នាក់ កាលដែលមើលពីស្ថានភាពអ្នកជំងឺរបស់ខ្លួនឯងដុនដាបពីមួយថ្ងៃទៅមួយថ្ងៃគឺជារឿងបរាជ័យបំផុតរបស់គ្រូពេទ្យ ។
" សុំទោសលើកក្រោយឈប់និយាយហើយ " ហេជូ ឱនមុខចុះដឹងកំហុស ។ ឃើញបែបនេះអ្នកជាបងមិនដឹងយកទោសប្អូនយ៉ាងម៉េច ព្រោះដឹងថានាងគ្មានចេតនាអាក្រក់ ដូច្នេះហើយចង់ស្ដីក៏មិនដឹងថាស្ដីយ៉ាងម៉េចទៀត ។
" តស់ ! ទៅញ៉ាំបាយ " ជូហ៊ី
" ពិតមែនទេ ? អ្ហា៎...តស់បងស្រី..."
ប្រាវ...
ព្រោះសប្បាយចិត្តដែល ជូហ៊ី ព្រមទៅញ៉ាំបាយជាមួយ ហេជូ ហក់លោតដោយសប្បាយចិត្តរហូតជ្រុលដៃទៅប៉ះឯកសារអ្នកជំងឺលើតុធ្វើការរបស់ ជូហ៊ី ក្រវាសជ្រុះរាយប៉ាយពេញឥដ្ឋ ។
" សុំទោសបងស្រីសុំទោស " ហេជូ រហ័សឱនរើសឯកសារឲ្យ ជូហ៊ី វិញទាំងនិយាយសុំទោសញ៉ាប់មាត់ រហូតនាងបានប្រទះឃើញឯកសារមួយដុំដែលមានរូបរបស់ ជូយ៉ុន និងប្រវត្តិសុខភាពបច្ចុប្បន្នរបស់គេ ។
" សាន់ ជូយ៉ុន ? " ហេជូ អានឈ្មោះលើឯកសារទាំងជ្រួញចិញ្ចើម នេះគេជាអ្នកជំងឺរបស់បងស្រីនាងដែរមែនទេ ? ។
" មើលមិនបានទេ អ៊ីន ហេជូ ! វាជាប្រវត្តិសុខភាពអ្នកជំងឺបង វាជាការសម្ងាត់មើលមិនបាន " ជូហ៊ី ទាញឯកសារពីដៃប្អូនស្រីមកវិញ ពេលឃើញនាងបើកមើលឯកសារអ្នកជំងឺរបស់នាង ។
" គេនោះ...មែនហើយ សាន់ ជូយ៉ុន ! គេជាអ្នកជំងឺបង ? " នាងមិនដឹង មិនដឹងទេថាគេមានជំងឺមួយនេះ កាលពីលើកមុនពេលជូនគេទៅពេទ្យនាងគ្រាន់តែដឹងថាគេមានជំងឺបេះដូង និងសុខភាពខ្សោយ ធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ មិននឹកស្មានថាគេមានជំងឺថប់អារម្មណ៍ថែមទៀត តាមមើលក្នុងប្រវត្តិជំងឺមុននេះជាកម្រិតធ្ងន់ទៀតផង ។
YOU ARE READING
ជម្រើសចុងក្រោយ/(The Last Person)
Fantasyតើអ្នកនឹងធ្វើយ៉ាងណា ពេលដែលអ្នកក្លាយជាជម្រើសចុងក្រោយរបស់គេ ? " គេ " តែងតែក្លាយជាមនុស្សចុងក្រោយដែលនាងនឹកឃើញ មិនមែននាងទុកគេសំខាន់ ប៉ុន្តែបើនិយាយពីគេចំពោះនាង គេជាជម្រើសចុងក្រោយបង្អស់ដែលនាងនឹកឃើញ នៅពេលដែលនាងគ្មានជម្រើស ។ គេគ្រាន់តែជាទូកជំនួយសម្រាប់នាង...
Ep15(កុហក)
Start from the beginning
