" បងមិនដែលគិតពីអារម្មណ៍ខ្ញុំទេ បងដឹងថាខ្ញុំស្រឡាញ់បងទើបមិនយល់ពីខ្ញុំ ខ្ញុំគ្រាន់តែមនុស្សដែលបងនឹកឃើញ ពេលសង្សាបងទុកបងចោលប៉ុណ្ណោះ ! "
ផាច់ !!
ផ្ទៃមុខស្អាតបែរទៅម្ខាងតាមកម្លាំងដៃធ្ងន់ៗ ។ បូណា ទះគេដោយអារម្មណ៍ខឹងសម្បារ តែមានអារម្មណ៍ថាដឹងខុសពេលឃើញទឹកភ្នែកគេហូរមក ។
នាងភ្លេចទៅថាគេជាមនុស្សភ្នែកទន់ រាងកាយទន់ខ្សោយមិនគួរណានាងប្រើដៃជើងលើគេដែលជាប្អូន ប៉ុន្តែព្រោះចិត្តខឹងនៅតែមាន ទើបនាងមិនគិតថានឹងសុំទោស ។
" កុំយក ហ្យុនជុង មកពាក់ព័ន្ធព្រោះវាជាកំហុសឯង ខ្ញុំប្រាប់ហើយថាឲ្យរកអ្នកណាម្នាក់ ព្រោះពួកយើងមិនអាចទៅរួច ! តែបើឯងយល់ថាទើសទាល់គិតថាខ្ញុំរំខាន ខ្ញុំឈប់មករកឯងទៀតហើយ ខ្ញុំនឹងទៅនៅបន្ទប់ខ្ញុំវិញ " បូណា ទាញកាបូបដើរចេញទៅ តែ ជូយ៉ុន ស្រវេស្រវ៉ារត់ទៅឱបនាងពីក្រោយឃាត់នាង ។
គេមិនអាចរស់គ្មាននាង ជីវិតគេរាល់ថ្ងៃអាចញញឹមបានព្រោះបានមើលមុខនាងមុនគេ ពេលភ្ញាក់ពីគេង មានក្ដីសុខពេលបាននៅជិតនិងឃើញស្នាមញញឹមនាង ចុះបើនាងឈប់នៅជាមួយ ហើយចាកចេញជាមួយការខឹងមកលើគេ គេម៉េចនឹងអាចនៅស្ងៀមបានទៅ វាមិនខុសពីដេញគេឲ្យទៅស្លាប់នោះឡើយ ។
" អត់ទេ កុំទៅអី ! សុំទោសបងស្រី សុំទោស អ្ហឹក ! ខ្ញុំឈប់ធ្វើបែបនេះទៀតហើយ កុំទៅអី ខ្ញុំមិនអាចអត់បងបានទេ ឈប់ខឹងទៅបងក៏ដឹងខ្ញុំមិនអាចគេងបានទេបើគ្មានបងនៅជិត កុំទៅបានទេ " រាងខ្ពស់យំនៅលើស្មាតូច អង្វរកុំឲ្យនាងទៅ គេពិបាកណាស់បើគ្មាននាង សូម្បីតែពេលនេះថប់ទ្រូងសឹងស្លាប់ទៅហើយ ពេលឃើញនាងខឹងគេហើយចង់ចាកចេញ គេមិនស្ងប់ ចិត្តរញ៉េរញ៉ៃ ភ័យខ្លាច សឹងតែឆ្កួតទៅហើយ ។
" ខ្ញុំមិនចង់ធ្វើជាបន្ទុកអ្នកណា ខ្ញុំមានដៃគូរហើយ គាត់អាចកំដរខ្ញុំបានដោយមិនរអ៊ូរទាំ ឯងមិនបាច់ភ័យថាខ្ញុំនឹងរកមកឯងពេលខ្ញុំគ្មានអ្នកណាទៀតទេ ព្រោះពេលនេះខ្ញុំឈប់រំខានឯងទៀតហើយ " បូណា ទាញដៃគេចេញមួយទំហឹងហើយដើរចេញទៅ ។
ជូយ៉ុន រហ័សរត់ទៅតាម គេសុខចិត្តធ្វើជាមនុស្សចុងក្រោយដែលនាងនឹកឃើញ ប្រសើរជាងលែងក្លាយជាជម្រើសរបស់នាង ។ គេពិបាកក្នុងការគេងបើគ្មាននាង គេគេងមិនលក់ មិនដឹងថាធ្វើអាហារធ្វើអី សម្រាប់អ្នកណាបើអត់ពីនាង គេមិនចេះរស់នៅដោយគ្មាននាងឡើយ គេមិនអាចសូម្បីរស់នៅបើមិនបានឃើញនាង ជីវិតគេទាំងមូលបានប្រគល់ឲ្យនាងអស់ហើយ បើនាងចេញទៅមិនខុសអីពីលួចយកប្រលឹងខួរក្បាល និងបេះដូងគេទៅជាមួយនោះទេ ។
YOU ARE READING
ជម្រើសចុងក្រោយ/(The Last Person)
Fantasyតើអ្នកនឹងធ្វើយ៉ាងណា ពេលដែលអ្នកក្លាយជាជម្រើសចុងក្រោយរបស់គេ ? " គេ " តែងតែក្លាយជាមនុស្សចុងក្រោយដែលនាងនឹកឃើញ មិនមែននាងទុកគេសំខាន់ ប៉ុន្តែបើនិយាយពីគេចំពោះនាង គេជាជម្រើសចុងក្រោយបង្អស់ដែលនាងនឹកឃើញ នៅពេលដែលនាងគ្មានជម្រើស ។ គេគ្រាន់តែជាទូកជំនួយសម្រាប់នាង...
Ep04(នាងមានជម្រើស)
Start from the beginning
