ថ្ងៃថ្មីឈានចូលមកដល់បន្សល់ទុកម្សិលមិញឱ្យស្ថិតក្នុងអតីតកាលឱ្យកន្លងហួសទៅតាមពេលវេលា ឯរឿងរ៉ាវរវាងគូស្វាមីភរិយាដែលមានការទាស់គ្នាក៏ក្លាយជារឿងកន្លងហួសដូចគ្នា។ វ៉ាលិសពណ៌ត្នោតក្រម៉ៅត្រូវបានទាញអូសដោយដៃស្រឡូនរៀបដើរចេញពីបន្ទប់តែក៏បន្ថយដំណើរពេលត្រូវប្រឈមជាមួយមាឌមាំដែលឈរចំពីមុខ។
«តើអូននឹងទៅទីណា?» លូវីសសួរដោយសម្លឹងឃើញវ៉ាលិសនៅជាប់ដៃឥរិយា។
«ខ្ញុំទៅណាក៏មិនទាក់ទងនឹងលោកទៀតដែរ មែនហើយប៉ុន្មានថ្ងៃទៀតលិខិតសញ្ញេលែងលះនឹងមកដល់ព្រោះខ្ញុំបានប្រាប់ឱ្យគេរៀបចំរួចហើយ!» ឥរិយាតប។
«បងយល់ព្រមធ្វើតាមការសម្រេចចិត្តរបស់អូន!» លូវីសតបទាំងមុខស្រពោន រួចឥរិយាក៏ដើរចេញទៅទុកឱ្យលូវីសនៅឈរស្ងៀមម្នាក់ឯងទាំងមិនហ៊ានចេញស្ដីអ្វីបន្ថែមទៀត។
តើនាយអាចមានពាក្យអ្វីត្រូវនិយាយទៀតនោះ? ខ្លួននាយធ្វើឱ្យនាងឈឺចាប់ខ្លាំងយ៉ាងនេះទៅហើយគ្មានផ្លូវឡើយដែលសមនឹងទទួលការអភ័យលើកលែង។ ឥរិយាចាកចេញទៅនាងដើរចេញទាំងមិនងាកក្រោយ ភរិយាដ៏ល្អទាំងព្រមដែលលូវីសមិនអាចមើលថែរក្សានាងបានឱ្យល្អដូចជាស្វាមីគេដទៃ អ្នកជាមនុស្សអាត្មានិយមមិនសមទទួលបានក្ដីស្រឡាញ់ពីនាងឡើយកាន់តែខ្មាសនឹងខ្លួនឯងដែលមិនអាចផ្ដល់ក្ដីសុខឱ្យមនុស្សស្រីម្នាក់បាន។
រាងខ្ពស់បន្ទន់ជង្គង់សម្រូតខ្លួនចុះទឹកភ្នែកកូនប្រុសពេលនេះចេះស្រក់ដោយឥតមានខ្មាសអ្វីទាំងអស់ លូវីសហាក់ទន់ខ្លួនខ្សោះអស់កម្លាំងល្ហល្ហេវប្រៀបដូចវាលរហោឋាន អ្នកមិនធ្លាប់បានគិតទុកសោះថានឹងត្រូវឈឺអួលណែនខ្លាំងថ្នាក់នេះ។ មនុស្សស្រីម្នាក់ដែលចាកចេញពីអ្នកមុននេះនាងពិតជាឈឺនឹងទង្វើរបស់អ្នក ប៉ុន្តែអ្នកដែលបានធ្វើទង្វើនោះក្នុងវិនាទីនេះឈឺខ្លាំងជាងនាងរាប់ម៉ឺនរាប់សែនដង។ បេះដូងប្រេះស្រាំខ្ទេចខ្ទាំប្រៀបបាននឹងមានគេយកអ្វីមកដំកម្ទេចឱ្យខ្ទេច លូវីសយកដៃខាងស្ដាំរបស់ខ្លួនដែលក្ដាប់ណែនមកគក់ទ្រូងខាងឆ្វេងខ្លួនឯងដឹបៗអស់ទំហឹង ផ្ទៃមុខសង្ហាប្រែពេបយំហូរទឹកភ្នែកសស្រាក់គួរឱ្យអាណិត។
YOU ARE READING
អាពាហ៍ពិពាហ៍តារា~Married To A Super Star
Romanceមនុស្សស្រីម្នាក់ដែលត្រូវបានធ្លាក់ចូលទៅក្នុងរឿងរ៉ាវរញ៉េរញៃព្រោះតែការយល់ច្រឡំ។ អាពាហ៍ពិពាហ៍តារាសម្រាប់អត្ថន័យធម្មតា ប្រហែលមានន័យថាជាស្នេហារវាងគូស្វាមីភរិយាដែលត្រូវឆ្លងកាត់រនាំងបញ្ហាការរិះគន់ជាច្រើនព្រោះតែភាពជាតារាល្បីល្បាញ ជាអ្នកសិល្បៈដែលរស់នៅតម្រូវទៅ...
