រាងកាយសង្ហាស្ថិតក្នុងអាវសាច់ក្រណាត់ពណ៌ផ្ទៃមេឃស្រាលដៃវែងមូរត្រឹមកំភួនដៃ ប្រឡេះឡេវចំហត្រង់បរិវេណទ្រូងបង្ហាញអាវយឺតសស្ដើងនៅខាងក្នុង។ អាវដាក់ចូលក្នុងខោសាច់ក្រណាត់ពណ៌ខ្មៅរលុងល្មមផ្សំជាមួយខ្សែក្រវាត់រំលេចឱ្យមួយឈុតនេះពិតជាសមនឹងបុរសសង្ហាតារាល្បីរូបនេះខ្លាំងបំផុត។ តែថាម្ចាស់រាងកាយមាំសង្ហានេះបែរជាអង្គុយចងចញ្ចើមមិនរសាយទំនងមានរឿងមិនសប្បាយចិត្ត ភ្លាមនោះកាយបុរសសង្ហាម្នាក់ទៀតដែលយើងស្គាល់ថាជាជំនួយការជំនិតរបស់លូវីសក៏បង្ហាញវត្តមានឡើង។
«តើលោកគិតចង់យ៉ាងម៉េចវិញ នេះលោកមិនចង់ទៅរកអ្នកនាងឥរិយាទេ?» នាយឃីនដើរចូលមកដល់សាឡុងដែលលូវីសអង្គុយព្រមទាំងផុសសំណួរឡើងមក។
«ខ្ញុំកំពុងវល់ៗអស់ហើយ មិនដឹងគួរប្រឈមមុខជាមួយនាងបែបណានោះទេ!» លូវីសតបទាំងទឹកមុខតប់ប្រមល់។
តើមានរឿងអ្វីហេតុអ្វីលូវីសត្រូវតានតឹងហើយវិលវល់ដូច្នេះ?
«លោកមើលរូបនេះសិនទៅ!» អ្នកជាជំនួយការហុចអាយផេត (I-pad) មកឱ្យនាយសង្ហាពិនិត្យមើលរូបភាពដែលគេបង្ហាញ។
«មនុស្សប្រុសក្នុងរូបនេះជាអ្នកណា?» មើលរូបហើយលូវីសសួរទាំងជ្រួញចិញ្ចើមលើសដើម។
«រឿងនេះខ្ញុំមិនច្បាស់ទេ! ប៉ុន្តែខ្ញុំបានដឹងតិចតួចមកថាគេជាក្មេងកំព្រាដែលលោកវង្សមុន្នីយកមកទំនុកបម្រុងហើយថែមទាំងជាមនុស្សដែលស្និទ្ធស្នាលជាមួយអ្នកនាងឥរិយាតាំងតែពីនៅតូចមកម្ល៉េះ!» ឃីនអង្គុយចុះរួចក៏ចាប់ផ្ដើមរៀបរាប់យ៉ាងលម្អិតនូវអ្វីដែលគេបានដឹង។
«ខ្ញុំសុំនិយាយបន្តិចទៅចុះ លោកមិនគួរណាបណ្ដោយឱ្យអ្នកនាងឥរិយាទៅណាមកណាតែម្នាក់ឯងនោះទេ! ត្បិតថានាងជាភរិយាលោកប៉ុន្តែមនុស្សស្រីដែលគួរឱ្យស្រឡាញ់ហើយមានគ្រប់ទាំងព្រមដូចអ្នកនាងឥរិយាបែបនេះ បើលោកមិនសូវហួងហែងអាចនឹងចួបហានិភ័យក៏ថាបាន!» ឃីនបន្តនិយាយសុំខ្លួនចេះដឹងរឿងរបស់នាយតារាសង្ហាយ៉ាងក្លាហាន។
«លោកដូចជានិយាយច្រើនដល់ហើយថ្ងៃនេះ អ្នកណាប្រាប់ថាខ្ញុំមិនហួងហែង? ខ្ញុំគឺឱ្យតម្លៃហើយទុកចិត្តនាងបំផុត!» លូវីសតបបែបសម្ដីម៉ាត់ៗច្បាស់លាស់ អ្នកជាជំនិតបានតែឱនមុខលែងតបតទៀត។
YOU ARE READING
អាពាហ៍ពិពាហ៍តារា~Married To A Super Star
Romanceមនុស្សស្រីម្នាក់ដែលត្រូវបានធ្លាក់ចូលទៅក្នុងរឿងរ៉ាវរញ៉េរញៃព្រោះតែការយល់ច្រឡំ។ អាពាហ៍ពិពាហ៍តារាសម្រាប់អត្ថន័យធម្មតា ប្រហែលមានន័យថាជាស្នេហារវាងគូស្វាមីភរិយាដែលត្រូវឆ្លងកាត់រនាំងបញ្ហាការរិះគន់ជាច្រើនព្រោះតែភាពជាតារាល្បីល្បាញ ជាអ្នកសិល្បៈដែលរស់នៅតម្រូវទៅ...
