«បងគឺ នន្ទ ចក្រា! ជាអ្នកដែលជួយអូនកាលពី៩ឆ្នាំមុននោះ! ហើយក៏ជាអ្នកដែលណាត់អូនមកថ្ងៃនេះដែរ!» ចម្លើយរបស់នាយសង្ហាកាន់តែធ្វើឱ្យឥរិយាងីងើមិនយល់កាន់តែខ្លាំង។
«លោកកំពុងមានល្បិចសម្ដែងអ្វីទៀតហើយ! ខ្ញុំមិនយល់ទេ!» ឥរិយាតបទាំងគ្រវីក្បាលហាក់ភាំងពេលឮបែបនេះ តើរឿងរ៉ាវពិតវាយ៉ាងម៉េចវិញ? នាងកំពុងវិលវល់អស់ហើយ។
«មិនបានសម្ដែងអ្វីទេ ឈ្មោះពិតរបស់បងគឺ នន្ទ ចក្រា! ឯឈ្មោះលូវីសគ្រាន់តែជាឈ្មោះក្នុងអាជីពសិល្បៈរបស់បងប៉ុណ្ណោះ!» ទឹកមុខលូវីសបញ្ជាក់ភាពប្រាកដប្រជា។
«ខ្ញុំវង្វេងអស់ហើយ! នេះលោកចង់ឱ្យខ្ញុំក្លាយជាតួអ្វីទៀតហើយ?» ឥរិយាសួរទាំងកែវភ្នែកវិលវល់មិនយល់អ្វីដែលលូវីសកំពុងនិយាយនេះទាល់តែសោះ។
«អូនមើលលើខ្សែកនេះបាន ខ្សែកនេះជារបស់តែមួយគត់ដែលម៉ាក់មានឱ្យបងតាំងពីក្មេងមកម្ល៉េះ! លើនេះមានឈ្មោះរបស់បង នន្ទ ចក្រា យ៉ាងច្បាស់។ មួយវិញទៀតអូនមិនចាប់អារម្មណ៍ទេឬ ប៉ារបស់បងមានឈ្មោះថា ឋានន្ទ? នន្ទ ចក្រា ជាឈ្មោះពិតរបស់បង!» លូវីសបង្ហាញខ្សែកនៃឈ្មោះរបស់ខ្លួន ព្រមទាំងរៀបរាប់បញ្ជាក់៖
«កាលពី៩ឆ្នាំមុនបងជាកីឡាករវ័យជំទង់ម្នាក់ដែលចូលរួមហ្វឹកហាត់ដើម្បីប្រកួតកីឡាទ្រីយ៉ាត្លុង! ពេលហាត់សមហែលទឹកបងបានចួបនឹងអូនដែលកាលនោះ អូនជាក្មេងស្រីម្នាក់ដែលកំពុងលង់ទឹក បងគឺជាអ្នកជួយអូនពិតប្រាកដ!»
«ខ្ញុំដឹងហើយ! ខ្ញុំក៏មិនដែលភ្លេចគុណអ្នកដែលជួយខ្ញុំនៅថ្ងៃនោះដែរ! ក៏ប៉ុន្តែគេជួយរបៀបនោះមិនសមជាអ្នកជួយសោះ បណ្ដោយឱ្យរាងកាយក្មេងស្រីម្នាក់ដែលសន្លប់មិនទាន់ដឹងខ្លួននៅបន្តដេកតែម្នាក់ឯង! ថ្ងៃនោះបើគ្មានបងវិសុទ្ធក៏មិនធានាថាខ្ញុំអាចមានសុវត្ថិភាព១០០ភាគរយឡើយ ដូច្នេះអ្នកដែលជួយខ្ញុំនៅតែជាបងវិសុទ្ធ!»
ឥរិយារហ័សតបបន្ត ការពិតនាងដឹងថាថ្ងៃនោះគឺមានមនុស្សម្នាក់ទៀតដែលជួយនាង គ្រាន់តែនាងមិនស្គាល់ថាជានរណាប៉ុណ្ណោះ។ ម្យ៉ាងប៉ាម៉ាក់នាងមកទាន់គឺបានទទួលថាវិសុទ្ធជាអ្នកជួយទៅហើយទើបនាងក៏មិនចង់វែងឆ្ងាយដោយមូលហេតុមិនខុសពីអ្វីដែលនាងបានលើកឡើងនេះឯង អ្នកជួយនាងពិតប្រាកដគេមិនរង់ចាំទទួលពាក្យអរគុណផងតើឱ្យនាងធ្វើអ្វីបាន?
YOU ARE READING
អាពាហ៍ពិពាហ៍តារា~Married To A Super Star
Romanceមនុស្សស្រីម្នាក់ដែលត្រូវបានធ្លាក់ចូលទៅក្នុងរឿងរ៉ាវរញ៉េរញៃព្រោះតែការយល់ច្រឡំ។ អាពាហ៍ពិពាហ៍តារាសម្រាប់អត្ថន័យធម្មតា ប្រហែលមានន័យថាជាស្នេហារវាងគូស្វាមីភរិយាដែលត្រូវឆ្លងកាត់រនាំងបញ្ហាការរិះគន់ជាច្រើនព្រោះតែភាពជាតារាល្បីល្បាញ ជាអ្នកសិល្បៈដែលរស់នៅតម្រូវទៅ...
