ភូមិគ្រឹះត្រកូលវង្សមុន្នី
រាងកាយស្រ្ដីវ័យកណ្ដាលក្នុងរ៉ូបពណ៌ទឹកប៊ិកចាស់និងមានអាវក្រៅធំពណ៌ខ្មៅ អ្នកស្រីម៉ារីយ៉ាអង្គុយលើសាឡុងអណ្ដែតអណ្ដូងបើកសម្លឹងមើលអាល់ប៊ុមរូបថតជាច្រើនសន្លឹកម្ដងមួយៗ។
«យ៉ាងម៉េចហ្នឹងអ្នកស្រីកូនទើបតែរៀបការចេញមិនដល់មួយខែស្រួលបួលផងមកអង្គុយនឹកកូនហើយឬ?» លោកវង្សមុន្នីជាស្វាមីដើរមកក្បែរភរិយាព្រមទាំងសួរចំអន់។
«បងកុំចេះតែចាប់បង្អាប់ខ្ញុំ ចុះបងមិននឹកកូនទេឬ?» អ្នកស្រីតបទៅស្វាមី និងបង្អង់ឈប់បើករូបថតបន្តសិនរួចលើកពែងតែក្បែរដៃមកក្រេបតិចៗ។
«អ៊ំភួងទាក់ទងមកថាឥរិយាបានរកឃើញរូបថតមួយសន្លឹកក្នុងសៀវភៅ ជារូបរបស់ប្រុសនុត!» លោកវង្សមុន្នីនិយាយព្រមទាំងអង្គុយចុះទល់មុខភរិយា អ្នកស្រីឮដាក់ពែងតែចុះហើយប្រែទឹកមុខនឹងថ្កល់រកស្មានមិនត្រូវ។
«ប្រុសនុត? បងនិយាយពីនរណា? ហេតុអ្វីក៏បងប្រាប់រឿងនេះឱ្យខ្ញុំដឹង? ត្រកូលវង្សមុន្នីមានកូនស្រីតែម្នាក់គត់នោះគឺ វង្សមុន្នី ឥរិយា!» អ្នកស្រីម៉ារីយ៉ានិយាយម៉ាត់ៗ ទឹកមុខស្ងួតស្ងប់ទន្ទឹមនឹងនោះក៏ឃើញមានតំណក់ទឹកភ្នែកថ្លាស្រក់ចុះមកលើថ្ពាល់រលោងរបស់ស្រ្ដីវ័យកណ្ដាលនេះដូចគ្នា។
«អូន... បងដឹងថាអូនពិបាកចិត្តណាស់ទោះរឿងកន្លងហួសយូរណាស់ហើយក៏ដោយ ប៉ុន្តែអូនកុំព្យាយាមកុហកខ្លួនឯងអី វាដល់ពេលហើយឥរិយាក៏គួរតែបានដឹងរឿងនេះដូចគ្នា!» លោកវង្ស មុន្នីលូកដៃទាំងទ្វេទៅចាប់អង្អែលដៃភរិយាថ្នមៗដោយការលួងលោម។
«បើដឹងថារឿងវាកន្លងហួសហើយ ម៉េចក៏បងនៅរម្លឹក?» អ្នកស្រីសួរឡើងដោយសម្លឹងមើលមុខប្ដីឥតព្រិច លោកមុន្នីចូលទៅអង្គុយកាន់តែកៀកភរិយារួចក្រសោបឱបកាយអ្នកស្រីដោយការយល់ចិត្ត។
គូស្នេហ៍វ័យ កណ្តាលលួងលោមគ្នាទៅវិញទៅមកដោយមានកង្វល់មិនចាញ់គ្នា មិនដឹងទេថាមានអាថ៌កំបាំងអ្វីខ្លះក្នុងត្រកូលដ៏ឧត្តុង្គឧត្តមមួយនេះ?
....
រាងតូចស្រឡូនក្នុងសម្លៀកបំពាក់ដ៏ឥតខ្ចោះមួយឈុតដ៏សាមញ្ញតែសែនសមនឹងនាង អាវសាច់ក្រណាត់រលោងពណ៌ស្លែមូរដៃជាមួយខោប៊យខ្លីពណ៌ទឹកដោះគោរំលេចសម្រស់ជាម្ចាស់រីសតម្នាក់នេះយ៉ាងស្រស់ឥតទាស់។ អ្នកប្រុសសង្ហាជាស្វាមីដែលឈរនៅសំយ៉រានហាលនៃផ្ទះ គេគយគន់នូវទេសភាពភ្នំខ្ពស់រុក្ខជាតិបៃតងស្រងាត់បន្ទាប់ពីចេញពីបន្ទប់គេង រួចងាកមកប្រទះភ្នែកនឹងវត្តមានរបស់ភរិយាដែលរៀបចំខ្លួនស្អាតបាត គេក៏សម្លឹងមើលមកនាងបែបភ្លឹកតែក៏មានទឹកមុខស្មើធេងមិនខុសពីពេលមុន។
YOU ARE READING
អាពាហ៍ពិពាហ៍តារា~Married To A Super Star
Romanceមនុស្សស្រីម្នាក់ដែលត្រូវបានធ្លាក់ចូលទៅក្នុងរឿងរ៉ាវរញ៉េរញៃព្រោះតែការយល់ច្រឡំ។ អាពាហ៍ពិពាហ៍តារាសម្រាប់អត្ថន័យធម្មតា ប្រហែលមានន័យថាជាស្នេហារវាងគូស្វាមីភរិយាដែលត្រូវឆ្លងកាត់រនាំងបញ្ហាការរិះគន់ជាច្រើនព្រោះតែភាពជាតារាល្បីល្បាញ ជាអ្នកសិល្បៈដែលរស់នៅតម្រូវទៅ...
