06: លាក់ចិត្តលួចស្នេហ៍

44 2 0
                                        

មណ្ឌលគីរី

រថយន្តទំនើបម៉ាកហ្ស៉ីប(Jeep)លយលឿនវិលកង់សំដៅចូលកសិដ្ឋានមួយដែលពោរពេញទៅដោយដំណាំកសិកម្មលាតសន្ធឹងលើផ្ទៃដីរាប់រយហិចតាក្នុងនោះមានដូចជា កាហ្វេ តែ ស្រ្តបឺរី និងដំណាំឈើហូបផ្លែចម្រុះជាច្រើនទៀត។ ចូលមកដល់ក្បែរវីឡាមួយសង់យ៉ាងប្រណិតដែលអាចឱ្យយើងមើលឃើញពីទិដ្ឋភាពខាងក្រោយវីឡាជាទេសភាពភ្នំខ្ពស់មានពណ៌បៃតងស្រងាត់ត្រជាក់ភ្នែក គ្រាន់តែទីធ្លាដែលសង់វីឡានេះក៏ធំល្មមណាស់ទៅហើយព្រោះមានទាំងអាងហែលទឹកមួយក្នុងនេះផងដែរ។

រថយន្តឈប់ង៉ក់ពេលបើកមកដល់មុខវីឡារួចជើងស្រឡូនក៏ទម្លាក់ចុះនាំយករាងកាយដ៏ស្រស់ស្អាតដូចជាទេពអប្សរបង្ហាញឡើងក្នុងឈុតស្រគត់ស្រគំបែបសុភាពបំផុត ដោយមានខោសាច់ក្រណាត់ពណ៌ទឹកដោះគោព្រមជាមួយអាវពណ៌ខៀវក្រម៉ៅដៃវែងមិនរលុងពេកក៏មិនរឹបពេកសម្រុងត្រឹមចង្កេះខោ សមល្មមនឹងរាងស្ដើងច្រឡឹងរបស់ស្រីស្រស់។ លើខ្លួនមិនមានពាក់គ្រឿងអលង្កាច្រើន ត្រឹមតែខ្សែកអង្កាំពណ៌សមូលៗមួយប៉ុណ្ណោះតែលើកសម្រស់ឆ្លុះចែងចាំងដូចពេជ្រចរណៃនាងពិតជាស្អាតប្រៀបដូចស្រីសួគ៌ដើរដី ឯសក់ក៏វែងត្រង់ដល់ចង្កេះទម្លាក់ចុះសែនសមឥតទាស់នឹងវង់ភក្ត្រដ៏ផូរផង់។

អ្នកបម្រើក្នុងផ្ទះប្រញាប់រត់មកទទួលទាំងភ្លឹកស្លុងម្នាក់ៗ ចិត្តមួយគិតថាជានរណាគេមក ឯចិត្តមួយទៀតក៏លួចលាន់មាត់សរសើរពីសម្រស់របស់អ្នកនាងដែលទើបមកដល់នេះ។

«អូ៎...ព្រះអើយគឺអ្នកនាងតូចឥរិយា! អូ...ហូយ...អ្នកនាងរបស់ខ្ញុំ!» អ្នកបម្រើម្នាក់រាងចំណាស់ជាងគេនិយាយទាំងរត់មកចាប់ដៃព្រោះរំភើប។

«ចាសមែនហើយគឺខ្ញុំ អ៊ំភួងសុខសប្បាយជាទេ?» នាងល្អប្រញាប់តបរាក់ទាក់សួរសុខទុក្ខ។

«ចាសៗ សុខធម្មតាទេអ្នកនាង នាងខ្ញុំនឹកអ្នកនាងខ្លាំងណាស់!» និយាយហើយអ៊ំស្រីទាញកាយអ្នកនាងតូចទៅអោបដោយក្ដីនឹករលឹក។

«ខ្ញុំក៏នឹកអ៊ំ និងទាំងអស់គ្នានៅទីនេះដូចគ្នា!» ស្រីស្អាតអោបបង្ហាញក្ដីនឹករលឹកតបវិញទាំងញញឹមពព្រាយ។

អាពាហ៍ពិពាហ៍តារា~Married To A Super Star Where stories live. Discover now