«នៅកៀកខ្ញុំបន្តិចធ្វើឱ្យនាងថប់ដង្ហើមឬយ៉ាងម៉េច?» លូវីសសួរឡើងពេលឱនសម្លឹងអ្នកម្ខាងទៀតបញ្ចេញអាកប្បកិរិយាដូចជាចង់ច្រានគេចេញ។
«ចុះលោកមិនបានប្រើសម្ដីគ្រោតគ្រាតរករឿងដេញដោលដាក់ខ្ញុំមួយថ្ងៃគេងមិនលក់ហ្អេស?» នាងមិនឆ្លើយសំណួរគេហើយចោទសួរវិញ អ្នកកំលោះមិនឆ្លើយបែរជាញោចស្នាមញញឹមថ្ពាល់ខួចដ៏ស្រស់សង្ហាដែលធ្វើឱ្យនាងឆ្ងល់នឹងគេមិនដឹងថាលាក់គំនួចអ្វីខ្លះ?
«ញញឹមស្អី?»
«គ្មានស្អីទេ! ញញឹមធម្មតា!» តបថាធម្មតាតែបែបមិនធម្មតាទេ សូម្បីលូវីសខ្លួនឯងក៏ដឹងដែរថាគេពេលនេះចាប់ផ្ដើមប្លែកហើយ ចេះតែចង់នៅជិតស្និទ្ធរាងកាយដ៏តូចស្រឡូននេះយ៉ាងចម្លែក។
«ញញឹមមានល្បិចច្បាស់ណាស់!» ឥរិយាតបទាំងសម្លក់មុខលូវីស តែនាយយើងបែរជាធ្វើដូចមិនបានឮអ្វី។
មិនយូរប៉ុន្មានការដើរឡើងភ្នំរបស់អ្នកទាំងពីរក៏បានមកដល់គោលដៅ ស្រីស្រស់ឥរិយាប្រញាប់ទាញ កាមេរ៉ាថតទេសភាពយ៉ាងលឿននាងហាក់ដូចជារីករាយនឹងបរិយាកាសនេះខ្លាំងណាស់។ ដៃតូចៗផ្អៀងផ្អងបង្វែកាមេរ៉ាឆ្វេងស្ដាំចុះឡើងក៏បន្តមកប៉ះត្រង់ជ្រុងដែលលូវីសកំពុងរហ័សដៃរហ័សជើងដាក់ចុះសម្ភារៈដែលគេយកមកហើយបញ្ចេញពីកាបូបស្ពាយនូវរបស់ចាំបាច់សំខាន់ៗជាច្រើនម្ដងមួយៗនិងកំពុងរៀបចំតម្លើងតង់។
«លោកកំពុងធ្វើអីហ្នឹង?» ឥរិយាដាក់កាមេរ៉ាចុះព្រមទាំងសួរឡើង។
«កំពុងអង្គុយលេងទេដឹង? នាងមើលឃើញហើយនៅសួរទៀត?» លូវីសតបទាំងបន្តធ្វើការរបស់គេបែបហីមិនខ្វល់ម្នាក់ទៀតដែលសួរកំពុងក្នាញ់នឹងគេខ្លាំងប៉ុនណា។
«ក្រែងពួកយើងត្រឡប់ទៅវិញឬមិនមែន?» ស្រីល្អបន្តសួរ។
«អ្នកណាប្រាប់នាងថានឹងត្រឡប់ទៅវិញ? ទម្រាំឡើងមកដល់ចំណាយពេលយូរណាស់នាងក៏ឃើញស្រាប់! ម្យ៉ាងវិញទៀតយើងមកដើម្បីកម្សាន្តនៅទីនេះ និយាយឱ្យខ្លីគឺត្រូវគេងនៅទីនេះទើបអាចដឹងថានឹងមានអ្វីលេងសប្បាយខ្លះ?» លូវីសឆ្លៀតងាកមកញញឹមបេះបួយដាក់ឥរិយា។
YOU ARE READING
អាពាហ៍ពិពាហ៍តារា~Married To A Super Star
Romanceមនុស្សស្រីម្នាក់ដែលត្រូវបានធ្លាក់ចូលទៅក្នុងរឿងរ៉ាវរញ៉េរញៃព្រោះតែការយល់ច្រឡំ។ អាពាហ៍ពិពាហ៍តារាសម្រាប់អត្ថន័យធម្មតា ប្រហែលមានន័យថាជាស្នេហារវាងគូស្វាមីភរិយាដែលត្រូវឆ្លងកាត់រនាំងបញ្ហាការរិះគន់ជាច្រើនព្រោះតែភាពជាតារាល្បីល្បាញ ជាអ្នកសិល្បៈដែលរស់នៅតម្រូវទៅ...
05: ជិតក្បែរ
Start from the beginning
