ភាគទី៤

396 40 2
                                    

   ព្រឹកថ្ងៃថ្មី...
   ស៊ុននូភ្ញាក់ពីគេងពត់ខ្លួនពត់ប្រាណហើយក៏ចុះទៅងូតទឹកសម្អាតខ្លួន ពេលចេញមកវិញទើបនាយតូចចាប់អារម្មណ៍ថាឥវ៉ាន់របស់សុងហ៊ុនបានបាត់ពីទីនេះទៅហើយ នាយតូចប្រញាប់ស្ទុះចេញមកក្រៅរកមើលសុងហ៊ុនតែមិនបានឃើញគេនោះទេ។ឃើញស៊ុននូឆ្លេឆ្លាបែបនេះម្ចាស់ផ្ទះក៏ដើរមករកនាយតូច
   “រកអ្នកកម្លោះរាងខ្ពស់សស្លេកនោះមែនទេ?”គាត់ចង់សំដៅលើសុងហ៊ុន
   “ប-បាទ អ្នកមីងមានឃើញគាត់ទេ?”
   “ចាសគេចេញទៅបាត់ហើយ គេប្រាប់ឲ្យមីងជួយជូនក្មួយទៅចំណតឡានក្រុង គេទៅមុនប្រញាប់ព្រោះមានការសំខាន់ឃើញក្មួយគេងលក់ទើបមិនចង់ដាស់”
   “គាត់ទៅណាមានប្រាប់មីងឬអត់?”
   “ចាសអត់មានទេ ម៉ោះញុាំអីពេលព្រឹកសិនទៅបើក្មួយរួចរាល់ហើយក៏នឹងឆាប់បានទៅ”
   “បាទ”នាយតូចតបរួចក៏ដើរតាមម្ចាស់ផ្ទះទៅកាន់តុអាហារ
   នៅជនបទនេះទោះបីជាប្រជាជនមិនសូវមានជីវភាពធូរជារក៏ពិតមែនតែគ្រួសារនីមួយៗរស់នៅជួបជុំគ្នាដោយភាពកក់ក្ដៅដូចជាគ្រួសារមួយនេះអញ្ចឹងមានម្ដាយឪពុកនិងកូនៗទាំងពីររបស់ពួកគេនៅញុាំអាហារជុំគ្នាធ្វើឲ្យស៊ុននូនឹកឃើញដល់បងស្រីរបស់ខ្លួនភ្លាមហើយក៏ទប់ទឹកភ្នែកមិនចង់ជាប់។គ្រួសារស៊ុននូពិតជាកំសត់ពេកហើយ បាត់បង់ឪពុកម្ដាយតាំងពីនៅតូចៗហើយឥលូវបងស្រីក៏ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតនឹកឃើញពេលណាក៏ដឹងតែយំហើយ។
   “បងប្រុស បងកើតអីមែនទេ?”នាងតូចដែលជាកូនស្រីពៅរបស់ម្ចាស់ផ្ទះសួរទៅស៊ុននូពេលដែលឃើញនាយរលីងរលោងរកកលចង់យំ
   “បងមិនកើតអីទេគ្រាន់តែឈឺភ្នែកប៉ុណ្ណោះ”ស៊ុននូតបដោយប្រឹងញញឹមដាក់នាងតូច
   “មែនហើយបងប្រុសប្រហែលឈឺភ្នែកហើយ”ម្ដាយរបស់នាងតូចបន្ថែមដើម្បីឲ្យនាងឈប់ឆ្ងល់ រួចក៏ងាកមកនិយាយរកស៊ុននូម្ដង
   “អ្នកកម្លោះកុំប្រកាន់ម៉ូរ៉ាអី នាងនៅតូចឆ្ងល់ច្រើនបែបនេះហើយ”
   “បាទមិនអីទេ”
   .....
   ក្រោយពីញុាំអាហាររួចស៊ុននូក៏បានមកដល់ចំណតឡានក្រុងជាមួយនឹងស្រ្តីម្ចាស់ផ្ទះ នៅតាមផ្លូវពួកគេក៏បានសំណេះសំណាលគ្នាយ៉ាងច្រើនហើយអ្នកមីងម៉ារីនដែលជាម្ចាស់ផ្ទះក៏បានសន្យានិងស៊ុននូថានឹងរាប់អាននាយតូចរហូតតទៅព្រមទាំងជួយមើលថែរក្សាធាតុម្ដាយឪពុករបស់ស៊ុននូផងដែរ។
   “លាហើយអ្នកមីងជួបគ្នាពេលក្រោយ អរគុណអ្នកមីងខ្លាំងណាស់”
   “ដូចគ្នា ធ្វើដំណើរដោយសុវត្ថិភាពណា៎”
   បន្ទាប់ពីលាគ្នារួចឡានក៏ចេញដំណើរទិសដៅពីហាន់ឆូទៅសេអ៊ូលតែម្ដង។ នៅឯភូមិគ្រឹះផាកឯណេះវិញ ជេយ៍ចង់វិលខួរព្រោះបាត់ស៊ុននូមិនឃើញត្រឡប់មកផ្ទះវិញហើយទូរស័ព្ទក៏ខលមិនចូល ថាសុងហ៊ុនទៅជាមនុស្សដែលមិនសូវចូលផ្ទះទៅហើយ ចុះស៊ុននូនេះគេទៅណា?
   “អ្នកប្រុស ខ្ញុំបានឃើញពេទ្យគីមទៅក្រៅជាមួយលោកហ៊ុនកាលពីម្សិលមិញតាំងពីព្រលឹមម្ល៉េះ”អ៊ុំចុងភៅនិយាយប្រាប់ជេយ៍
   “ហា៎ស?ចេញទៅជាមួយសុងហ៊ុន?ហេតុអីក៏គ្មានអ្នកណាដឹង? ហ្វេលិច?យ៉ុនជីន?”ជេយ៍សម្លុតខ្លាំងៗធ្វើឲ្យអ្នកបម្រើទាំងអស់ភ័យបុកពោះយកតែម្ដង ម្នាក់ៗនិយាយអីមិនចេញបានត្រឹមតែឱនមុខចុះប៉ុណ្ណោះ
   “ពួកឯងនេះអត់បានការមែន”ជេយ៍និយាយដោយផ្ដេកខ្លួនលើសាឡុងដោយតប់ប្រមល់ ហើយភ្លាមនោះស៊ុននូក៏បានដើរចូលមកដោយមានអាវធំគ្របនៅនឹងខ្លួនផង
   “ពេទ្យគីម? លោកគ្រូពេទ្យ?”ហ្វេលិចនិងយ៉ុនជីនឧទានដំណាលគ្នា
   .....
   ស៊ុននូអង្គុយទល់មុខគ្នាជាមួយនឹងជេយ៍តែនាយតូចមិនហ៊ានងើបមុខមើលជេយ៍ទេ ក្រោយពីសម្រួលអារម្មណ៍ហើយនាយតូចក៏ចាប់ផ្ដើមនិយាយ។
   “ឲ្យខ្ញុំសុំទោសផងអ្នកប្រុសជេយ៍ កាលពីម្សិលមិញខ្ញុំបានទៅមើលធាតុប៉ាម៉ាក់របស់ខ្ញុំតែខ្ញុំមិនបានប្រាប់លោកជាមុនហើយពេលទៅដល់ទីនោះទូរស័ព្ទរបស់ខ្ញុំក៏រលត់ថ្មទើបមិនដឹងថាលោកខលទៅ”
   “ពេទ្យទៅជាមួយអ្នកណា?សុងហ៊ុនមែនទេ?”
   “មិនមែនទេ!”នាយតូចប្រញាប់គ្រវីក្បាលប្រកែកយ៉ាងលឿនព្រោះខ្លាចថានឹងមានរឿងមិនល្អកើតឡើងលើសុងហ៊ុនទើបលាក់បាំង
   “តែអ៊ុំឆូវ៉ុនប្រាប់ថាឃើញពេទ្យទៅក្រៅជាមួយសុងហ៊ុនកាលពីម្សិលមិញ!ពេទ្យបកស្រាយទៅមើល៍ពិតឬអត់?”ឮពាក្យនេះហើយស៊ុននូនិយាយលែងចង់ចេញ តែនាយតូចក៏នៅតែប្រឹងកុហកដដែល
   “ពីពេលព្រឹកនោះខ្ញុំទៅជាមួយគាត់ពិតមែនតែពេលថ្ងៃខ្ញុំមិនបាននៅជាមួយគាត់នោះទេ”
   “អ្នកប្រុសជេយ៍ អ្នកប្រុសជេយ៍ ខាងមន្ទីរពេទ្យខលមកប្រាប់ថាលោកហ៊ុននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់” យ៉ុនជីននិយាយប្រាប់ជេយ៍ទាំងត្រហេបត្រហប ឮពាក្យនេះហើយប្រៀបដូចជារន្ទះបាញ់ចំកណ្ដាលមុខស៊ុននូអញ្ចឹង ហើយគ្រប់គ្នាក៏ប្រញាប់ទៅមន្ទីរពេទ្យដើម្បីមើលសុងហ៊ុន។
   (លោកហ៊ុន?...លោកហ៊ុនកើតអី?ហឹក...ឬមកពីកំហុសរបស់ខ្ញុំកាលពីយប់មិញ?)ស៊ុននូអង្គុយក្នុងឡានសឹងមិនជាប់នឹងកៅអីពេលគិតដល់ស្ថានភាពរបស់សុងហ៊ុននៅពេលបន្តិចទៀតនេះ។ ចំណែកឯសុងហ៊ុននៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ភ្នែករបស់គេទន់បើកលែងចង់រួចទៅហើយ...គេសម្លឹងឃើញតែម្ដាយរបស់គេ។
   (ម៉ាក់...ចាំកូនផងកូនទៅរកម៉ាក់ហើយ...)ទឹកភ្នែកកូនប្រុសស្រក់ចុះមកបើទោះបីជាម្ចាស់ខ្លួនកំពុងតែរលត់ស្មារតីបន្តិចម្ដងៗទៅហើយ។គេនឹកទៅដល់រឿងដែលបានកើតឡើង...រឿងរវាងគេនិងគ្រូពេទ្យឈ្មោះគីមស៊ុននូ គេត្រូវតែធ្វើឲ្យគ្រូពេទ្យចាកចេញមុនពេលដែលគេចិត្តទន់ គ្រូពេទ្យត្រូវតែស្អប់គេ គ្រូពេទ្យត្រូវតែរស់នៅដោយមិនពាក់ព័ន្ធនិងគេ គិតដល់ត្រឹមនេះបេះដូងរបស់សុងហ៊ុនក៏លោតញាប់ៗធ្វើឲ្យគ្រូពេទ្យប្រញាប់ស្ទុះមកមើល។
   “យ៉ាងម៉េចហើយលោកគ្រូពេទ្យ?បេះដូងលោតញាប់ឬ?”លោកវេជ្ជបណ្ឌិតសួរគ្រូពេទ្យជំនួយការរួចហើយក៏ប្រញាប់ចាក់ថ្នាំសន្លប់ឲ្យសុងហ៊ុនមុននឹងធ្វើការវះកាត់មុខរបួសមួយចំនួនដែលមានស្ថានភាពធ្ងន់ធ្ងរ។
   ត្រឡប់មកពេលមុន....
   សុងហ៊ុនភ្ញាក់តាំងពីព្រលឹម មេឃនៅងងឹតនៅឡើយហើយក៏ឃើញថាមានភួយគ្របនៅលើខ្លួន ច្បាស់ណាស់ថាស៊ុននូជាអ្នកយកភួយនេះមកដណ្ដប់ឲ្យគេ គេក៏ក្រោកឡើងរៀបចំឥវ៉ាន់ងូតទឹកសម្អាតខ្លួនដើម្បីចេញទៅមុនស៊ុននូព្រោះគេមិនចង់ប្រឈមមុខជាមួយនឹងស៊ុននូនោះទេ។ អ្នកមីងម្ចាស់ផ្ទះឈ្មោះម៉ារីនក៏ភ្ញាក់នៅពេលឮសម្លេងបើកទឹក ហើយពេលដែលចេញមកក៏ជួបនឹងសុងហ៊ុនល្មម។
   “ក្រោកហើយឬអ្នកកម្លោះ? ប្រញាប់ចេញទៅណាមែនទេ?”
    “បាទ ខ្ញុំមានការប្រញាប់បន្តិចផ្ញើស៊ុននូផងខ្ញុំឃើញគេនៅគេងលក់ខ្ជិលដាស់ ចាំពេលព្រឹកមីងជួយជូនគេទៅចំណតឡានក្រុងហាន់ឆូ-សេអ៊ូលផង នេះសាគុណតិចតួចមីងទទួលទៅ”សុងហ៊ុននិយាយដោយហុចលុយសុទ្ធជិត1លានវ៉ុនឲ្យទៅអ្នកមីងម៉ារីន។
   “ចាស សុវត្ថិភាពតាមផ្លូវណា៎អ្នកកម្លោះ”
   សុងហ៊ុនចេញទៅដោយអារម្មណ៍មិននៅក្នុងខ្លួន គេគិតហើយគិតទៀតមិនយល់ថាហេតុអ្វីខ្លួនឯងមានអារម្មណ៍ថាចូលចិត្តស៊ុននូខុសពីធម្មតា ចង់នៅជិតចង់ស្រង់ក្លិនក្រអូបៗចេញពីខ្លួននាយតូចក៏ប៉ុន្តែ....។
   “ខ្ញុំត្រូវតែស្អប់ឯង ...ឯងត្រូវតែស្អប់ខ្ញុំ...រវាងយើងទាំងពីរដាច់ខាតគ្មានពាក្យថាជិតស្និទ្ធឡើយ...”សុងហ៊ុននិយាយដោយឱនមុខខ្ទប់នឹងចង្កូតឡាន ហើយពេលដែលគេងើបមុខមកវិញក៏....
   ប៉ាំង!!!!! ឡានដ៏មានតម្លៃថ្លៃបំផុតរបស់សុងហ៊ុនក៏ត្រូវខ្ទេចខាងមុខមើលសឹងតែលែងយល់ ចំណែកឯសុងហ៊ុនវិញក៏ត្រូវឡានផ្នែកខាងលើសង្កត់គៀបជាប់។ អ្នកដែលបានឃើញហេតុការណ៍នេះក៏មិនស្មានថាសុងហ៊ុនអាចនៅមានដង្ហើមរស់ឡើយ វាពិតជាគួរឲ្យតក់ស្លុតខ្លាំងណាស់។ ក្រុមប៉ូលីសនិងគ្រូពេទ្យក៏បានជួយយកគេចេញពីក្នុងឡានហើយបញ្ជូនទៅកាន់មន្ទីរពេទ្យរួចក៏ទាក់ទងទៅជេយ៍ស្របពេលដែលស៊ុននូក៏បានមកដល់ភូមិគ្រឹះផាកដូចគ្នា។
   .....
   ស៊ុននូនិងជេយ៍អង្គុយរង់ចាំនៅខាងក្រៅបន្ទប់សង្រ្គោះបន្ទាន់រង់ចាំស្ដាប់លទ្ធផលរបស់សុងហ៊ុន។
   ក្រាក!
   លោកគ្រូពេទ្យបានចេញមកហើយជេយ៍ក៏ស្ទុះទៅសួរភ្លាមៗពីស្ថានភាពរបស់សុងហ៊ុន
   “លោកគ្រូពេទ្យ!ប្អូនប្រុសរបស់ខ្ញុំយ៉ាងម៉េចទៅហើយ?”
   “គេខ្វះឈាមច្រើនណាស់ត្រូវការឈាមដើម្បីបញ្ចូលឲ្យគេជាបន្ទាន់”
   “ឈាម!?ឈាមប្រភេទអីលោកគ្រូពេទ្យ?”
   “ប្រភេទO”
   “យកឈាមខ្ញុំទៅលោកគ្រូពេទ្យ ខ្ញុំក៏ប្រភេទOដែរខ្ញុំជាបងប្រុសរបស់គេ”
   “បាទ!តែត្រូវពិនិត្យឈាមរបស់លោកជាមុនសិន ខ្ញុំសុំទៅយកឧបករណ៍ជំនួយមកសិន” លោកគ្រូពេទ្យតបរួចក៏ដើរចេញទៅដោយមានទឹកមុខមិនល្អហាក់ដូចជាសុងហ៊ុនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ជេយ៍ខ្ទប់មុខដោយអារម្មណ៍តានតឹងនិយាយអ្វីមិនចេញឯភ្នែកក៏ក្រហមតែគេមិនយំឲ្យអ្នកណាឃើញពីភាពទន់ជ្រាយរបស់ខ្លួនឡើយ។នៅក្បែរជេយ៍គឺជាស៊ុននូដែលពេលនេះនាយតូចភ័យឡើងញ័រដៃទៅហើយ នាយតូចខាំបបូរមាត់ជាប់ដង្ហើមដកញាប់ៗរហូតទប់អារម្មណ៍លែងជាប់ក៏ដួលសន្លប់ភ្លាមៗតែម្ដង។
   “ពេទ្យគីម!ពេទ្យគីម!!!” ជេយ៍ដាស់ស៊ុននូឲ្យដឹងខ្លួនតែមើលទៅមិនបានផលឡើយព្រោះនាយតូចត្រជាក់ដៃត្រជាក់ជើងបាត់មាត់បាត់កទៅហើយ។ជេយ៍បានបញ្ជូនស៊ុននូចូលក្នុងបន្ទប់សម្រាកនៅផ្នែកម្ខាងទៀតហើយខ្លួនក៏ត្រៀមខ្លួនចូលក្នុងបន្ទប់ដើម្បីបូមឈាមឲ្យសុងហ៊ុនដូចគ្នា។
   ~~~~~

You're my world Season I Ended Tahanan ng mga kuwento. Tumuklas ngayon