ភាគទី២

255 5 0
                                    

(ស្នាមញញឹមដែលមិនអាចបំភ្លេចបាន)

បីខែក្រោយមក
សិស្សានុសិស្សដើរចេញពីអាគារប្រលង អ្នកខ្លះក៏ញញឹម អ្នកខ្លះក៏មុខស្រពោន ហាក់ដឹងពីលទ្ធផលប្រលងរួចជាស្រេច។ មិនខុសពីគ្រប់គ្នាប៉ុន្មាន មីនជី ដើរចេញពីបន្ទប់ប្រលងរបស់ខ្លួនដោយស្នាមញញឹម ជាស្នាមញញឹមមួយដែលមានក្ដីសុខបំផុត ខុសពីអ្នកណាម្នាក់ដែលទឹកមុខពោរពេញដោយភាពក្រៀមក្រំ ហើយកាន់តែយ៉ាប់បំផុតនោះគឺពេលបានឃើញ មីនជី នេះឯង។
“នីហ្វា!” ពេលអ្នកម្ខាងទៀតព្យាយាមដើរគេចពីខ្លួន មីនជី ក៏ប្រញាប់រត់ទៅតាមមិត្តសម្លាញ់។
តឹប តឹប
ជើងតូចរត់យ៉ាងលឿន ធ្វើយ៉ាងណាឱ្យដល់អ្នកម្ខាងទៀត។
“នីហ្វា យ៉ាងម៉េចហ្នឹង? ម៉េចក៏មុខស្អុយបែបនេះ?” មីនជី ចាប់ដៃតូចរបស់ នីហ្វា ជាប់ព្រមទាំងអង្អែលតិចៗតាមទម្លាប់។
“ឯងមកចំអកឱ្យហ្អេស? មែនហើយយើងមិនពូកែដូចជានាងទេ មិនចាំបាច់មកសួរនាំឌឺដងទេ!!” មនុស្សដែលមិនយល់ពីបំណងល្អរបស់អ្នកដទៃ ស្ដីឱ្យរាងតូចដោយការខឹងសម្បារ។
“នីហ្វា ឯងនិយាយស្អីហ្នឹង? ខ្ញុំមិនបានមកឌឺដងឯងទេ ខ្ញុំគ្រាន់តែ...”
“បានហើយ!!! ខ្ញុំមិនចង់ស្ដាប់សម្ដី មនុស្សចង្រៃដូចជានាងទេ ហើយចាប់ពីថ្ងៃនេះតទៅ កុំមករញ៉េរញ៉ៃនឹងខ្ញុំទៀត... នាងនឹងខ្ញុំមិនមែនជាមិត្តនឹងគ្នាទៀតទេ ជៀសចេញ!!!”
“អុ អូយ” មីនជី ប៉ើងសឹងតែដួលពេលត្រូវស្រីឆ្នាស់បុកមួយទំហឹង។
មីនជី មិនតបក៏មិនរត់តាមអ្នកម្ខាងទៀតដូចគ្នា តែបានត្រឹមឈរសម្លឹងមើលរាងតូច អតីតជាមិត្តដើរចេញទៅ ទាំងទឹកភ្នែកស្រក់ហូរទាំងមិនដឹងខ្លួន។
“ឯងអស់តម្លៃហើយ នាងមីនជី” ស្រីតូចខ្សឹបប្រាប់ខ្លួនឯងតិចៗ ថ្ងៃដែលគិតថាមានក្ដីសុខ បែរក្លាយជាថ្ងៃសោកសៅ បែកបាក់មិត្តភាពទៅវិញ តែមិនអីទេមិត្តភាពដែលមិនពិត បែកបាក់ទៅក៏ល្អចំពោះនាងដូចគ្នា។
ទោះគិតថាគ្រប់យ៉ាងអាចហ្នឹងល្អប្រសើរតែ មីនជី បែរជាមានទឹកមុខសោកសៅមិនឈប់សោះ ព្រោះអ្វី? អាចមកពីមាត់ខុសចិត្ត ចិត្តមិនដាច់ចំពោះអ្នកម្ខាងទៀតក៏ថាបាន ទើបនាងនៅតែគិតខ្វល់ខ្វាយមិនឈប់បែបនេះ។
“អូយ សុំទោសផងលោក” ព្រោះរវល់ឈ្ងោកទើបមិនប្រយ័ត្ន ទើបស្រីតូចដើរទៅបុកនឹងរាងកាយមាំសង្ហារបស់់អ្នកណាម្នាក់។
“មិនអីទេ! នាងមិនអីទេឬ?” សំនៀងប៉ៃឡាំជាភាសាកូរ៉េ បង្ហើរឡើងមកធ្វើឱ្យរាងតូចប្រញាប់ងើយមុខមើលអ្នកម្ខាងទៀត។
មីនជី សម្លឹងភ្លឹកជាមួយភាពសង្ហាឥតខ្ចោះ គ្មានទាស់របស់់អ្នកកំលោះ មិនព្រិចភ្នែកថ្នាក់សាមីខ្លួនត្រូវក្អកគ្រហែម។
“ហ្អែម!”
“អរ សុំទោសផងលោក” ភ្ញាក់ដឹងខ្លួនសារជាថ្មី មីនជី ក៏ប្រញាប់សុំទោសអ្នកចំពោះមុខ។
“ហ៊ឹសៗ ខ្ញុំមិនអីទេ ហើយនេះអ្នកនាងយ៉ាងម៉េចហើយ?” អ្នកកំលោះត្រូវសួរនាំជាថ្មី មិនចម្លែកទេដែលគេសួរបែបនេះ ព្រោះរាងកាយរឹងមាំរបស់គេអាចឱ្យក្បាលស្រីតូចឈឺក៏ថាបាន។
“អឺ ខ...ខ្ញុំមិនអីទេ” មីនជី ធ្លោយបង្ហាញស្នាមញញឹមចេញមក ជាស្នាមញញឹមស្រទន់ ទាក់យកបេះដូងថ្មរបស់មនុស្សកំណាច បានក្នុងពេលមួយវិនាទី។
មនុស្សដែលធ្លាប់តែកំណាច មាននាមជាកំលោះបេះដូងថ្ម ដែលមិនធ្លាប់រង្គោះរង្គើនៅក្នុងរឿងស្នេហ៍ ឬចំពោះអ្នកណាម្នាក់។ សម្រាប់គេមនុស្សស្រីត្រឹមជារបស់កម្ចាយចំណង់ ស៊ីរួចក៏បោះចោល អាចនិយាយបានថាស៊ីនំហើយក៏ឱ្យលុយ។ ទោះបីជាមើលទៅឃោរឃៅព្រៃផ្សៃ គ្មានបេះដូង មនុស្សទឹកកក តែស្រីៗដែលបានឃើញគេហើយ គ្មានអ្នកណាដែលលមិនក្រាបលូនមករកគេនោះទេ មិនត្រឹមតែមានអំណាចរឿងស្រី តែរឿងជំនួញអ្នកកំលោះ ក៏ពោរពេញដោយអំណាចដូចគ្នា។ ហ្វរ៍ឌែន ប្រាយទីស៍ ហ្លរវីស៍ ជាកំលោះម៉ាហ្វៀ សង្គមងងឹត ទូទាំងពិភពលោកសឹងតែគេជាអ្នកក្ដោបក្ដាប់ ក្នុងនោះក៏មានជំនួញបនល្បែងដូចគ្នា។
ហ្វរ៍ឌែន សម្លឹងមើលផ្ទៃមុខស្រទន់មិនដាក់ភ្នែក ជាពិសេសជាមួយស្នាមញញឹម ដែលដក់ជាប់ក្នុងខួរក្បាលរបស់គេ។
“អឺ...លោក” មីនជី គ្រវីដៃពីមុខមាំសង្ហា ដែលសម្លឹងភ្លឹកមើលមកខ្លួន ថ្នាក់នាងឡើងអៀនទៅហើយ។
“ហ្អែម! សុំទោសផង” ឌែន បង្គាប់សំឡេងឱ្យមាំ បន្លប់អាការៈរបស់ខ្លួនមុននេះ។
“ហ៊ឹសៗ ចាស ខ្ញុំសុំទៅសិនហើយ” មីនជី លាអ្នកចំពោះមុខតាមទម្លាប់ មុននឹងបែរខ្លួនដើរចេញ តែដៃតូចត្រូវបាតដៃក្រាស់ចាប់ជាប់ តាំងពីពេលណាក៏នាងមិនដឹងដូចគ្នា។
“នាងឈ្មោះអីដែរ?” សំឡេងសួរបែបគំរាមបន្លឺចេញមក តែក៏មិនបានធ្វើឱ្យស្រីតូចខ្លាចរអាដូចគ្នា។
“មីនជី! កាង មីនជី” មីនជី នៅតែបង្ហាញស្នាមញញឹមរបស់ខ្លួន ថ្នាក់អ្នកមើលសឹងតែទប់អារម្មណ៍របស់ខ្លួនមិនបាន។
“ខ្ញុំ ហ្វរ៍ឌែន ហៅថា ឌែន ក៏បាន” មិនចាំបាច់ស្រីតូចសួរនាំ អ្នកកំលោះក៏ណែនាំខ្លួនឱ្យនាងបានស្គាល់ពាក្យណែនាំរបស់អ្នកកំលោះធ្វើឱ្យមនុស្សជំនិតក្បែរនោះ សម្លឹងមុខគ្នាដោយការងើយឆ្ងល់ ព្រោះចៅហ្វាយមិនដែលប្រាប់ឈ្មោះដល់អ្នកណាបើគេមិនសួរនៅថែមទាំងប្រាប់ឈ្មោះក្រៅរបស់ខ្លួនទៀត។
“ចាស” មីនជី តបទទួលដឹង មុននឹងដកដៃរបស់ខ្លួនចេញ ហើយក៏ដើរចេញដែលអ្នកកំលោះក៏មិនគិតហ្នឹងឃាត់ដូចគ្នា។
ឌែន ញញឹមកំណាចតាមទម្លាប់របស់ខ្លួន កែវភ្នែកសម្លឹងកាចតាមរាងតូចច្រឡឹងដែលដើរចេញទៅមុខនេះ។
“ពួកឯងថានាងយ៉ាងម៉េចដែរ?” សំនៀងជាភាសារុស្សី បន្លឺចេញមកដែលគ្មានអ្នកណាស្ដាប់យល់ក្រៅពីមនុស្សរបស់ខ្លួន។
“សុភាពទន់ភ្លន់” ហ្ស៊ូស តបខ្លីៗតាមអ្វីដែលខ្លួនបានឃើញ។
“រួសរាយរាក់ទាក់ តែឆាប់ទុកចិត្តអ្នកដទៃ” ប៊ែកគី តបបន្តមិត្តសម្លាញ់ តែចម្លើយពួកគេបែរជាមិនពេញចិត្តអ្នកកំលោះទៅវិញ។
“យើងមិនបានចង់ដឹងរឿងនេះទេ” ឌែន តបទាំងមិនមើលមនុស្សជំនិតតែភាសារបស់គេក៏អាចឱ្យកំលោះឆ្លាតទាំងពីរយល់ន័យដូចគ្នា។

ធ្នាក់ឯកាHikayelerin yaşadığı yer. Şimdi keşfedin