ផ្តើមរឿង:អ្នកណាថាគេជាកូនកំព្រា គេជាកូនរបស់ខ្ញុំ!

896 37 2
                                    

ក្ឌាំងៗ ឈូ~
សម្លេងផ្គរបន្លឺឡើងមិនដាច់សូរ ភ្លៀងធ្លាក់ឈូៗហាក់ចង់លាងសម្អាតស្លាកស្នាមនៃសេចក្តីសោកសៅអ្វីមួយឲ្យជ្រះស្រឡះ ផ្លេកបន្ទោរបញ្ចេញពន្លឺព្រាកៗ ភ្លឺចិញ្ចាចពេញមេឃា ជួយបំភ្លឺដល់ដងវិថីនាពេលរាត្រីម៉ោង11អាធ្រាត។

ង៉ឺត*
សម្លេងជាន់ហ្រ្វាំងឡាន កកិតលើផ្លូវចាក់ជ័រកៅស៊ូ នៅជាយក្រុង ភាគខាងត្បូងនៃទីក្រុងប៉េកាំង ភ្ញោចឲ្យចិញ្ចើមក្រាស់របស់នាយកម្លោះម្ចាស់ក្រុមហ៊ុនត្បូងពេជ្រលំដាប់ទីមួយនៃទីក្រុងប៉េកាំង លើកឡើងជ្រួញចូលគ្នាមួយរំពេច មុននឹងបោះប្រយោគសួរទៅកាន់មនុស្សជំនិតដែលជាតៃកុងឡាន។

«មានរឿងអី?»

«ដូចជាមានមនុស្សដេកនៅកណ្តាលផ្លូវចៅហ្វាយ»ជេកស៍

«បើកវាងទៅវាអាចជាអន្ទាក់គេក៏ថាបាន» នាយនិយាយពិតជាសមហេតុផល ព្រោះធម្មតានាយជាអ្នកមានមុខមានមាត់ម្នាក់ ទ្រព្យសម្បត្តិគរដូចភ្នំ កាន់ជំនួញរាប់សិបលានក្នុងដៃមិនខ្វះទេអ្នកដែលចង់កម្ចាត់នាយចោលនោះ។

«មើលទៅដូចជាមិនមែនជាអន្ទាក់ទេចៅហ្វាយ»ជេកស៍ ប្រកែកមិនយល់ស្របតាមគំនិតរបស់អ្នកជាចៅហ្វាយ ដោយហេតុថាខ្លួននៅខាងមុខអាចមើលឃើញច្បាស់ជាង ជាពិសេសពេលឡានបើកទៅកាន់តែជិត។

ឡានបើកមកជិតដល់ចំណុចកើតហេតុបង្ហាញឲ្យឃើញច្បាស់នឹងភ្នែក រាងកាយមនុស្សស្រីវ័យប្រហែល28ឆ្នាំ ដេកដួលនៅលើផ្លូវរាងកាយមានរបួសសុសខ្លួន ឈាមក្រហមឆ្អៅហូរស្រោចរាងកាយ ប៉ុន្តែនៅក្នុងរង្វង់ដៃមានឱបទារកតូចម្នាក់ទំនងជាទើបនឹងសម្រាលរួច រុំដោយក្រណាត់ពណ៌មាស ជាមួយសភាពរងារញ័រ។

«ជួយ...ជួយផង~» ព្រមជាមួយសម្លេងដង្ហោយហៅស្អកៗ ដៃម្ខាងដែលលើកកម្រើកបានតិចៗព្យាយាមស្រែករកជំនួយ ពីរថយន្តស៊េរីទំនើបដែលបើកឆ្លងកាត់ ចាំងភ្លើងភ្លឺស្ងាច ហើយការព្យាយាមរបស់នាងគឺពិតជាមិនអត់ប្រយោជន៍ឡើយ។

ង៉ឺត~
ជាថ្មីម្តងទៀត រថយន្តត្រូវបានបញ្ឈប់ ជេកស៍ប្រញាប់កាន់ឆ័ត្ររត់ទៅបើកទ្វារឲ្យចៅហ្វាយរបស់ខ្លួន។

You Belong To Me!Where stories live. Discover now