ភាគទី 67

2.9K 187 0
                                    

       Taehyung ឈរសម្លឹង Jungkook តាមបង្អួចពីជាន់លើដោយអារម្មណ៍នឹងធឹង។ Jungkook សន្លប់នៅត្រង់នោះយូរហើយ ភ្លៀងក៏នៅតែបន្តធ្លាក់ចុះឥតឈប់ឈរ គេប្រហែលជាត្រជាក់ដល់ស្លាប់មិនខានបើបន្តនៅត្រង់នោះយូរទៀត ឃើញបែបនេះគេមិនចង់ឱ្យ Jungkook ត្រូវស្លាប់ដោយគួរឱ្យសង្វេគដល់ថ្នាក់នេះទេ បើ Jungkook ស្លាប់ គេនឹងក្លាយជាឃាតករមិនខាន តែណ្ហើយ បន្តិចទៀតនឹងមានមនុស្សខលហៅឡានពេទ្យឱ្យគេហើយ គួរតែចប់ត្រឹមនេះចុះ មិនចាំបាច់ពាក់ព័ន្ធនឹងគ្នាទៀតទេ។
       « ឈរមើលអីនឹង Tae? »
       « អ្នកម៉ាក់!... គ្មានអីទេ »
       រាងតូចទាញវាំងននបិទដើម្បីមិនឱ្យនាងជាម្តាយបានឃើញអ្វីដែលនៅខាងក្រៅ គ្រប់យ៉ាងបានបញ្ចប់ហើយ... គ្រប់យ៉ាងបានបញ្ចប់ហើយ គេត្រូវតែទន្ទេញពាក្យនេះឱ្យបានច្បាស់ វាគ្រប់គ្រាន់ហើយ។
       « មានរឿងអ្វីមែនទេ? ម៉ាក់ឃើញថាកូនមិនប្រក្រតីតាំងពីយប់មកម្លេះ »
       « គ្មានអ្វីធំដុំទេ គ្រាន់តែបានឃើញធាតុពិតរបស់មនុស្សម្នាក់ហើយធ្វើឱ្យខ្ញុំសម្របខ្លួនតាមមិនទាន់ »
       « Jungkook- »
       « ខ្ញុំនឹងគេចប់គ្នាហើយ... » Tae និយាយកាត់សម្តីម្តាយ ធ្វើឱ្យគាត់ភ្ញាក់ផ្អើលបន្តិចតែក៏អាចយល់ពីចិត្តរបស់កូន គេច្បាស់ជាមានហេតុផលផ្ទាល់ខ្លួនដែលជំរុញឱ្យពួកគេបន្តទៅមុខជាមួយគ្នាលែងបាន « ... ឈប់រំលឹកពីប្រុសម្នាក់នោះទៀតទៅ »
       « ម៉ាក់អាចសួរថាហេតុអ្វីបានទេ? »
       « គេធ្វើឱ្យខ្ញុំឆ្អែតឆ្អន់ ខ្ញុំ...សុខចិត្តកាត់បេះដូងខ្លួនឯងបោះចោល ក៏មិនព្រមឱ្យគេជាន់ឈ្លីម្តងហើយម្តងទៀតដែរ »
       « ប្រាកដចិត្តទេថាកូននឹងរីករាយជាមួយជំរើសនេះ? »
       អ្នកស្រីគីម សម្លឹងមុខកូនដោយក្តីព្រួយបារម្ភ គេអាចនឹងស្តាយក្រោយនៅថ្ងៃណាមួយ ញាណជាម្តាយដែលស្គាល់កូនច្បាស់ដូចបាតដៃរបស់នាងបានបញ្ជាក់យ៉ាងច្បាស់ពីចិត្តគំនិតរបស់គេ គ្មាននរណាស្គាល់ Taehyung ច្បាស់ជាងនាងទៀតនោះទេ។
       « ខ្ញុំនឹងមិនរីករាយ បើខ្ញុំបោះបង់ជំរើសនេះ »       « បាន ម៉ាក់ស្របតាមការសម្រេចចិត្តរបស់កូនជានិច្ច... ងូតទឹកសិនទៅ ម៉ាក់ទៅធ្វើអាហារពេលព្រឹកឱ្យ »
       នាងជាម្តាយរួសរាន់បើកទ្វារបម្រុសចេញពីបន្ទប់កូនប្រុស តែដៃអ្នកម្ខាងទៀតក៏លូកមកចាប់ជាយអាវពីក្រោយថ្នមៗមុននឹងម្ចាស់ដៃអោនក្បាលមកផ្ទប់មុខនឹងស្មាម្តាយ។
       « ក្រែងថាមិនមានរឿងអ្វីនោះអី? » នាងសួរត្បក ពេលឃើញកូនប្រុសកើតអារម្មណ៍ធ្លាក់ចុះខុសធម្មតា កាយវិការរបស់គេបង្ហាញឱ្យឃើញច្បាស់ណាស់ មិនចាំបាច់នាងប៉ាន់ស្មាននោះទេ។
       « ខ្ញុំមានអារម្មណ៍ថានឿយហត់ណាស់ ស្ទើរតែលែងចង់ដើរទៅមុខ... តើខ្ញុំខុសអ្វីមែនទេអ្នកម៉ាក់? ហេតុអីគេធ្វើបែបនេះដាក់ខ្ញុំ? ខ្ញុំស្រឡាញ់គេចង់ឆ្គួតទៅហើយ...ខ្ញុំស្ទើរឆ្គួតស្លាប់ទៅហើយ.. »
       Tae និយាយបន្ទោរតិចៗ សម្លេងដែលធ្លាប់តែមានទឹកដមនិងរឹងធ្ងន់ប្រែជាញ័ររអាក់រអួល ដោយអាស្រ័យបបូរមាត់ដែលញ័រចំប្រប់ខំទប់ទឹកភ្នែកដែលជោរជន់ហូរចេញមករកទំនប់មិនឃើញ បណ្តោយឱ្យវាស្រក់ឱ្យអស់ចិត្ត កាយវិការឃោរឃៅមុននេះប្រែជាទោរទន់គ្មានកម្លាំងកំហែង ខណៈបេះដូងប្រៀបដូចជាប្រេះបែកជាបំណែកៗ វេទនាក្នុងទ្រូងស្ទើរតែខាំអណ្តាតសម្លាប់ខ្លួន តើគេធ្វើអ្វីខុស? គេខុសអ្វីទើបមេឃដីឃោរឃៅដាក់គេដល់ថ្នាក់នេះ?
       « រឹងមាំណា៎ Tae ម៉ាក់មិនសួរនាំអ្វីនោះទេ តែកូនត្រូវតែរឹងមាំ រឹងមាំដើម្បីម៉ាក់ រឹងមាំដើម្បីខ្លួនឯង... » នាងជាម្តាយងាកមកអោបក្រសោបកូនប្រុសដែលកំពុងញ័រញាក់ដូចកូនចាបត្រូវទឹកនោះដោយក្តីថ្នាក់ថ្នម ឃើញគេរងភាពឈឺចាប់ នាងឈឺជាងគេរាប់លានដង ក្នុងនាមជាម្តាយ នាងមិនចង់បានអ្វីក្រៅពីឃើញកូនមានសេចក្តីសុខនោះទេ« មនុស្សគ្រប់គ្នាមិនបាននាំយកតែសេចក្តីសុខមួយមុខចូលមកក្នុងជីវិតកូននោះទេ អ្នកខ្លះចូលមកដើម្បីផ្តល់មេរៀន អ្នកខ្លះចូលមកព្រោះចង់បានផលប្រយោជន៍ អ្នកខ្លះគ្រាន់តែឯការហើយក៏ចូលមកដើម្បីគេចវេសពីភាពកណ្តោចកណ្តែង មានមនុស្សមិនច្រើនទេដែលចូលមករកកូនជាមួយចិត្តស្មោះស តែម៉ាក់... ម៉ាក់បង្កើតកូនមកដោយក្តីស្រឡាញ់ ធ្វើគ្រប់យ៉ាងដើម្បីឱ្យកូនអាចធំធាត់ឡើង កូនជាអ្វីៗគ្រប់យ៉ាងដែលម៉ាក់មាន ដូច្នេះកុំឱ្យអ្នកដទៃណាម្នាក់មកបំផ្លាញជីវិតដ៏មានតម្លៃរបស់កូន » ស្ត្រីវ័យកណ្តាលអោបកូនប្រុសដែលឈរស្ងៀមអោនមុខផ្ទប់នឹងស្មានាង កម្តៅក្តៅៗលើស្មាធ្វើឱ្យនាងដឹងថាទឹកភ្នែករបស់គេស្រក់ចុះមកយ៉ាងជោគជាំរហូតសើមអាវនាង ព្រមទាំងនិយាយក្នុងសម្លេងលួងលោមទើបគេងក់ក្បាលទទួលផ្ងក់ៗទាំងដៃក្តាប់ជាយអាវនាងជាប់។
      
       ភាពស្ងប់ស្ងាត់បណ្តាលឱ្យអ្នកដែលនៅក្នុងបន្ទប់កាន់តែមានអារម្មណ៍តានតឹងនិងភ័យព្រួយ ក្រឡេកទៅមើលអ្នកជំងឺលើគ្រែក៏សន្លប់មិនទាន់ដឹងខ្លួន មុខមាត់ដែលធ្លាប់តែក្រហមព្រឿងៗ ត្រូវមានអ្នកចាំថ្នាក់ថ្នមការពារគ្រប់ជំហានក៏ប្រែជាជាំបែកឈាមសែនពិបាកភ្នែក។
       « អ្នកប្រុស! » ស្ត្រីចំណាស់ក្រោកទៅក្បែរគ្រែជួយគ្រាហ៍អ្នកប្រុសតូចដែលភ្ញាក់ដឹងខ្លួនហើយព្យាយាមក្រោកអង្គុយដោយខ្លួនឯង តែត្រូវចេញរលាស់ដៃច្រានចេញឱ្យរក្សាគម្លាត។
       « ខ្ញុំមកដល់ទីនេះបានដោយរបៀបណា? »
       Jungkook ទប់ក្បាលអង្គុយសម្លឹងមើលជុំវិញខ្លួន ឃើញថាជាមន្ទីពេទ្យ គេចាំបានថាខ្លួនឯងដួលសន្លប់មុខផ្ទះ Tae តែហេតុអីត្រូវបញ្ជូនមកមន្ទីពេទ្យហើយបែរជាមានអ្នកបម្រើនៅផ្ទះធំរបស់គេមកមើលថែទៅវិញ? គេមិនចង់ឱ្យខ្លួនឯងត្រូវមានអ្នកបម្រើតាមឆ្វេងស្តាំគ្មានភាពផ្ទាល់ខ្លួនដូចកាលពីក្មេងទៀតទេ។
       « មានគេទាក់ទងទៅផ្ទះធំថាអ្នកប្រុសដួលសន្លប់តាមផ្លូវត្រូវបញ្ជូនមកមន្ទីពេទ្យ លោកស្រីធំលឺហើយស្រាប់តែស្លុតចិត្តទន់ដៃទន់ជើងតែម្តង ដូច្នេះទើបឱ្យខ្ញុំមក-... អ្នកប្រុសចង់ធ្វើអី? » គាត់ស្រែកភ្លាត់សម្លេងពេលឃើញ Jungkook បកម្ជុលសឺរ៉ូមចេញពីដៃហើយក្រោកដើរចេញពីគ្រែ។
       « ខ្ញុំមិនអីទេ! » រាងក្រាស់ដើរយឺតៗសម្តៅទៅទ្វារចេញ។
       « តែលោកស្រីឱ្យខ្ញុំមកទទួលអ្នកប្រុសត្រឡប់ទៅផ្ទះធំវិញ »
       « ប្រាប់លោកយាយទៅថាខ្ញុំមិនចង់ជួបនរណាទាំងអស់ »
       « តែអ្នកប្រុស- » ស្ត្រីចំណាស់បម្រុងដើរចេញទៅតាមអ្នកជំងឺដែលបើកទ្វារចេញទៅយ៉ាងងាយស្រួលតែត្រូវគេស្រែកឃាត់។
       « កុំមកតាមខ្ញុំ បើមិនដូច្នេះ... ខ្ញុំនឹងធ្វើឱ្យអ៊ុំសោកស្តាយពេញមួយជីវិត »
       Jungkook គម្រាមមុននឹងចាកចេញ។ គេប្រាកដចិត្តថាគាត់នឹងមិនហ៊ានតាមមកនោះទេ គាត់ជួយលោកយាយរបស់គេចិញ្ចឹមបីបាច់គេតាំងពីតូចបាទជើងក្រហមមកដូច្នេះគាត់ដឹងចរិតគេច្បាស់ណាស់ បើគេមិនយល់ព្រមហើយ មិនចាំបាច់បង្ខំឡើយ ព្រោះវាអាចនឹងប្រែទៅជាស្ថានភាពស្លាប់រស់ទាំងសងខាងមិនខាន។

You're FAKE [Complete]Where stories live. Discover now