ភាគទី 54

2.4K 172 0
                                    


       តុប! តុប! តុប!
       សម្លេងបាតស្បែកជើងទង្គិចនឹងកម្រាលឥដ្ឋការ៉ូរបស់សាលារៀនលាន់លឺមកពីចម្ងាយ។ Jungkook និង Taehyung ដើរបណ្តើរគ្នាត្រសងសម្តៅទៅបន្ទប់រៀនដែលស្ថិតនៅក្បែរជណ្តើរជាន់លើបង្អស់។ ប៉ុន្មានថ្ងៃនេះពួកគេត្រូវរ៉ូវគ្នាល្អណាស់ ដូច្នេះទើបទឹកមុខម្នាក់ៗរីកស្រស់បំព្រងទាំងព្រឹក។
       « Simon! »
       គ្រាន់តែមកដល់បន្ទប់រៀនភ្លាម Tae ក៏រហ័សរត់ទៅរក Simon ដែលអង្គុយនិយាយគ្នាជាមួយ Chisun និង Annto ក្បែរបង្អួច។
       « .... »
       Jungkook ដើរតាមរាងខ្ពស់ដែលកំពុងរត់ប្រញាប់ប្រញាល់នោះយឺតៗព្រោះក្នុងចិត្តមិនសូវជាចង់ចូលទៅប៉ុន្មានទេ។ រវល់អេះអុញចង់ចូលទៅបន្តិចអត់បន្តិច ក៏ក្រឡេកភ្នែកទៅឃើញ Kyosuke នៅតុក្រោយ គេធ្វើកាយវិការឱ្យចេញទៅហើយហើយដើរចេញទៅមុនបាត់។
       « Taehyung ខ្ញុំទៅបន្ទប់ទឹកមួយភ្លែតសិនណា៎ » រាងក្រាស់ចាប់ស្មាម្ចាស់ឈ្មោះច្របាច់តិចៗ ពេលគេងក់ក្បាលទើបរហ័សដើរចេញទៅតាម Kyosuke។
       « ឯងចេញពីមន្ទីពេទ្យតាំងពីពេលណា? »
       « ព្រឹកមិញ »
       « ទើបនឹងចេញ ឯងប្រញាប់មករៀនធ្វើអី? នៅផ្ទះសម្រាកសិនក៏ខាងសាលាមិនថាអីដែរ » រាងតូចដើរទៅអង្គុយក្បែរ Annto ដែលឈ្ងោកមុខលេងហ្គេមក្នុងទូរស័ព្ទដៃមិនខ្ចីងើបងើយ ចំណែក Chisun កំពុងចម្លងកិច្ចការផ្ទះពីសៀវភៅ Annto ញាប់ដៃព្រោះតាមទម្លាប់គេខ្ចិល មិនធ្លាប់ធ្វើកិច្ចការដែលគ្រូដាក់ឱ្យដោយខ្លួនឯងម្តងណាទេ។
       « យើងមិនបានត្រូវអ្វីធ្ងន់ធ្ងរ មិនចង់ដេករ៉ាំរ៉ៃនៅពេទ្យយូរទេ »
       « ល្អហើយ! »
       Taehyung សើចហើយអង្គុយជជែកលេងជាមួយមិត្តសម្លាញ់ទាំងបីរបស់គេបន្ត។ សង្កេតមើលកិរិយា Simon ដូចជាស្ងប់ស្ងាត់ល្អណាស់ គេប្រហែលជាឈប់គិតពីរឿងនៅថ្ងៃនោះទៀតហើយ បែបនេះក៏ល្អដែរ ពួកគេទាំងបួនប្រៀបដូចកំពុងវិលទៅរកអតីតកាលដ៏រីករាយ ពេលទំនេរនិយាយគ្នាលេងពីនេះពីនោះ ចេញពីសាលាត្រឡប់ទៅផ្ទះជាមួយគ្នា ណាត់គ្នាញ៉ាំអីថ្ងៃឈប់សម្រាក ថ្ងៃខ្លះដើរបង្ករឿងវាយគ្នាត្រូវចាប់ចូលការិយាល័យលោកនាយកក៏មាន គិតឱ្យហ្មត់ចត់ទៅ ថ្ងៃណាក៏ពួកគេសើចសប្បាយដែរ។
      
       « ខ្ញុំណាត់ Simon រួចហើយ យប់នេះម៉ោង8 នៅកន្លែងចាស់ » Kyosuke និយាយបណ្តើរ ដៃដកយកទូរស័ព្ទពីក្នុងហោប៉ៅឱ្យ Jungkook បណ្តើរ។
       « ឯងបានធូរហើយអ្ហេស? តាមមើលរបួសគួរតែសម្រាកពីរបីថ្ងៃទៀត »
       « មិនអីទេ គ្រាន់តែរបួសសើរស្បែកប៉ុណ្ណោះ »
       « គេចង់ទៅម្នាក់ឯងឬមានគ្នីគ្នាទៅជាមួយ? » Jungkook ងាកមើលឆ្វេងស្តាំក្រែងមានមនុស្សមកឃើញ ព្រមទាំងចុចបើកទូរស័ព្ទមើលបន្តិចមុននឹងដាក់ចូលហោប៉ៅ។
       « ប្រហែលជាទៅជាមួយ Chisun និង Annto តែក៏មិនប្រាកដដែរ បើតាមចរិតគេ អាចនឹងលាក់រឿងហើយទៅម្នាក់ឯង »
       « ល្អហើយ មនុស្សច្រើនពេកមិនល្អទេ »
       « ល្បងគិតចង់ធ្វើអី? បើវាយមួយស្មើជាមួយ Simon ខ្ញុំថាកុំអីល្អជាង »
       Kyosuke សួរជាមួយកែវភ្នែកព្រួយបារម្ភ គេមិនចង់គិតទេថា K និង Simon ត្រូវមកប្រកួតគ្នាអីបែបនេះ ព្រោះគេស្គាល់ចរិតមនុស្សទាំងពីរនាក់នេះច្បាស់ណាស់ បើមិនស្លាប់រៀងខ្លួន ពួកគេមិនព្រមចាញ់ដាច់ខាត។ ចំពោះគេវិញ មិនដឹងថាត្រូវឈរខាងនរណានោះទេ គេមិនចង់ឱ្យ K ចាញ់ រឹតតែមិនអាចទ្រាំមើល Simon មានរបួស គេមិនអាចពុះទ្រូងជាពីរបានឡើយ។
       « ខ្ញុំគ្មានគម្រោងវាយជាមួយគេទេ ប្រហែលជាត្រឹមតែនិយាយគ្នាបញ្ចប់រឿង បើវាយគ្នាពិតមែនខ្លាចតែត្រូវគេចាប់បានសមាសភាពពិត »
       រាងតូចឈរស្ទើរតែជើងមិនចង់ជាប់ឥដ្ឋពេលឃើញទឹកមុខមិនមានទំនុកចិត្តរបស់ Jungkook ។ មិនមែនជារឿងលេងសើចនោះទេដែលយកខ្លួនទៅបៀតនឹងអណ្តាតភ្លើងលើវាលទឹកកកដូចជា Simon គេឆ្លាតខ្លាំងណាស់ បើប្រហែសតែបន្តិចប្រាកដជាត្រូវចាប់បាន ថាមិនត្រូវជំងឺរបស់គេអាចរើឡើងហើយកាប់ចាក់គ្នាដូចអ្វីដែលអ្នកមីង Suhee និយាយក៏ថាបាន។
       « ឱ្យខ្ញុំបន្លំខ្លួនដូចរាល់ដងក៏បាន ទោះបីគេដោះម៉ាស់ចេញក៏មិនមែនល្បង »
       « ឯងមិនចាំបាច់ទៅទេ សម្រាកនៅផ្ទះទៅ »
       « តែបើខ្ញុំមិនទៅ ខ្ញុំនៅមិនសុខទេ »
       « ខ្ញុំខ្លាចថាគេនឹងធ្វើបាបឯងទៀត នៅផ្ទះសម្រាកឱ្យស្រួលវិញទៅ របួសឯងមិនទាន់ជាសះស្បើយនៅឡើយទេ » Jungkook និយាយហើយក៏ប្រាសខ្លួនដើរចេញធ្វើឱ្យអ្នកម្ខាងទៀតរកប្រកែកមិនទាន់ K និង Simon ប្រឈមមុខនឹងគ្នា គេមិនអាចនៅស្ងៀមបានសុខទេ។
      
       ពេលរាត្រីលាយឡំនឹងភ្លើងចម្រុះពណ៌លំអទីក្រុងឱ្យប្រាសចាកពីភាពងងឹតបន្ទាប់ពីព្រះអាទិត្យលិចអស្តង្គតទៅ មនុស្សម្នានៅតែបន្តធ្វើដំណើងទៅវិញទៅមកដើម្បីបំពេញភារកិច្ចរៀងៗខ្លួន។ Jungkook ដើររុញរទេះដាក់ឥវ៉ាន់តាមពីក្រោយ Tae ដែលកំពុងសម្លឹងរកទំនិញដែលត្រូវការក្នុងផ្សារទំនើបយឺតៗព្រមទាំងលើកដៃមើលនាឡិកាលើកដៃជាញឹកញាប់ ពេលវេលាកាន់តែកិតហើយ គេប្រហែលជាជូន Taehyung ត្រឡប់ទៅផ្ទះមិនទាន់ទេ។
       « Jungkook ឯងមានការប្រញាប់មែនទេ? » រាងតូចងាកមុខទៅមើលម្ចាស់ឈ្មោះ ពេលឃើញថាគេឧស្សាហ៍សម្លឹងមើលនាឡិកានិងប្រើដៃគោះរទេះតិចៗដូចនៅមិនសុខ ដំបូងគេគិតថាមកទិញតែម្នាក់ឯងតែ Jungkook បែរជាតាមមកឱ្យខានតែបាន តែពេលនេះបែរជាមកធ្វើឫកពានៅមិនសុខដូចត្រូវគេបង្ខំឱ្យមកទៅវិញ។
       « គឺតិចតួច! » Jungkook អេះក្បាលសូញសាញ ទើប Tae ទាញរទេះពីដៃគេមករុញខ្លួនឯង។
       « បើប្រញាប់ទៅមុនទៅ បងអាចទៅវិញខ្លួនឯងបាន »
       « បើអញ្ចឹង... ខ្ញុំទៅមុនហើយ ត្រឡប់ទៅផ្ទះប្រយ័ត្នប្រយែងផង! » រាងក្រាស់លោទៅថើបថ្ងាស Tae បន្តិចមុននឹងចាកចេញ គេមិនអាចទៅយឺតនោះទេ ម៉ោងជិត 8 ទៅហើយ គេគួរតែមានពេលត្រៀមខ្លួនជាមុនទើបប្រសើរ។
      
       Simon Chisun និង Annto ដើរចូលទៅក្នុងបរិវេណសាលារៀនចាស់ដែលត្រូវគេបោះបង់ចោល ជាកន្លែងដែល Spycho តែងតែប្រមូលផ្តុំគ្នា តែម្តងនេះបែរជាស្ងាត់ជ្រៀប គ្មានសូម្បីតែស្រមោលមនុស្សឆ្លងកាត់។
       « មកដល់យូរហើយអ្ហេស? » K ដើរចេញពីអគារក្រោយសម្តៅទៅរក Fire Swan ដោយមានគ្នីគ្នាពីរបីនាក់ដើរតាមពីក្រោយ។
       « ទៀងពេលគ្រាន់បើ! » Simon ដើរចូលទៅឈរទល់មុខ K ខណៈ Chisun និង Annto កំពុងឈរទល់ខ្នងគ្នាប្រុងប្រៀបសម្លឹងមើលឆ្វេងស្តាំខ្លាចថា K ប្រើល្បិច ព្រោះពេលនេះពួកគេដូចជាកំពុងតែដើរចូលរូងខ្លាដោយខ្លួនឯងទៅហើយ។
       « មានអ្វីចង់និយាយក៏ឆាប់និយាយមក យើងគ្មានពេលនៅកំដរឯងលេងយូរពេកទេ »
       « រឿង Taehyung.. »
       « ... ឯងចង់និយាយរឿងវីដេអូនោះអ្ហេស? យ៉ាងម៉េច? ចូលចិត្តវីដេអូដែលយើងផ្ញើទៅទេ? »
       « អាថោកទាប » Simon សង្គ្រឿតធ្មេញសម្លឹងមុខ K បំណងមើលឱ្យធ្លុះម៉ាសពណ៌ខ្មៅនោះតែម្តង បើកុំតែខ្លាចថាគេប្រើល្បិច ពេលនេះប្រហែលជាកាំបិតដល់បំពង់កគេបាត់ទៅហើយ។
       « យើងមិនធ្លាប់និយាយថាយើងថ្លៃថ្នូរទេ បើឯងចង់បញ្ចប់រឿងនេះ យើងក៏មិនថាអីដែរ យ៉ាងណាៗក៏យើងលេងក្មេងម្នាក់នោះលែងសប្បាយទៅហើយ វីដេអូទាំងនោះក៏គ្មានតម្លៃអ្វីទៀតដែរ » K សម្លឹងចំភ្នែក Simon ព្រមទាំងនិយាយបញ្ឈឺទាំងក្នុងចិត្តសុំទោស Tae ជាច្រើនដង ពាក្យរបស់គេវាអាចនឹងមិនពិរោះស្តាប់ហើយមាក់ងាយទៅលើ Tae តែគេគ្មានជម្រើសក្រៅពីនេះទេ បើមិនធ្វើបែបនេះ Simon ច្បាស់ជាសង្ស័យមិនខាន។
       « ឯងមើលងាយ Taehyung ដល់ថ្នាក់នេះហើយចង់បញ្ចប់រឿងដោយបែបនេះអ្ហេស? » Chisun ដើរចូលសម្តៅទៅរក K តែត្រូវ Simon ចាំដៃជាប់។
       « កុំ! »
       « បើពួកឯងមិនចង់បញ្ចប់ទេយើងក៏មិនដឹងធ្វើម៉េចដែរ »
       « K ឯងកុំក្អេងក្អាងពេក » សម្លេងគំហករបស់ Annto ធ្វើឱ្យ Simon កាន់តែក្តៅស្លឹកត្រចៀកឡើង មិនមែនគេចង់នៅស្ងៀមទេតែមិនចង់វាយតប់ទាំងនិយាយគ្នាមិនទាន់ដឹងរឿងនៅឡើយ។
       « បើយើងចប់ជាមួយឯង ឯងប្រាកដទេថានឹងលែងប៉ះពាល់ Taehyung តទៅទៀត? »
       « យើងមិនលេបសម្តីខ្លួនឯងទេ »
       « បាន »
       Simon ឈរទល់មុខ K ជាមួយទឹកមុខស្មើដូចផ្ទៃទឹកគ្មានខ្យល់បក់បោក គេមិនជឿថា K ព្រមបញ្ចប់ដោយងាយបែបនេះទេ ដរាបណាគេមានចំណុចខ្សោយ Fire Swan ក្នុងដៃគេច្បាស់ជាប្រើវាមកបំផ្លាញពួកគេរហូតរលាយសាបសូន្យ បើគេព្រមបោះបង់ឱកាសល្អបែបនេះច្បាស់ជាមានហេតុផលសំខាន់នៅពីក្រោយមិនខាន។
       « ... »
       ផាច់!
       ដៃ Simon ត្រូវ K វាយឱ្យខ្ទាតទៅម្ខាងបន្ទាប់ពីព្យាយាមទាញម៉ាស់ចេញពីមុខ K តែគេរហ័សគេចចេញទាន់ គេគិតមិនខុសមែន Simon នៅតែចង់ដឹងថាគេជានរណា តែគេមិនចូលចិត្តបង្ហាញសមាសភាពឱ្យនរណាដឹងដោយងាយនោះទេ។
       ហ្វាប់!!!
       សម្លេងកាំបិតឆូតនឹងខ្យល់លឿនដូចកាំរន្ទះសម្តៅទៅបំពង់កគូបដិបក្ខស្ទើរតែតាមមើលមិនទាន់ K និង Simon ក្តាប់កាំបិតចុចក្នុងដៃផ្ជង់ជាប់បំពង់កគ្នាទៅវិញទៅមកធ្វើឱ្យអ្នកនៅជុំវិញខ្លួនរហ័សត្រៀមខ្លួនវាយតប់រួចជាស្រេច។
       « យើងចង់ដឹងថាឯងជានរណា »
       « កុំស្រមៃ! »
       K គ្រវាសកាំបិតទៅលើ Simon តែគេថយក្រោយគេចទាន់ទើបកើតជាការប្រដេញប្រចាក់គ្នាឡើង ចំណែក Chisun និង Annto ក៏មិននៅស្ងៀម ហក់ទៅចាត់ការកូនចៅរបស់ K ដែលបម្រុងចូលមកជួយល្បងរបស់ពួកគេ។
       ការវាយតប់នៅតែបន្តទៅមុន តែ Fire Swan ដូចជាកំពុងមានប្រៀបជាងទើប Kyosuke ដែលពួននៅម្ខាងបញ្ជាឱ្យគ្នីគ្នាចូលទៅជួយ K ។ Spycho រាប់សិបនាក់ហ៊ុមព័ទ្ធព្រួតវាយ Chisun និង Annto ខណៈ K និង Simon វាយតប់គ្នាមួយស្មើឥតដកដៃ។
       « ពួកវាមានគ្នាច្រើនណាស់! » Annto ក្រោកឈរផ្អែកខ្លួនទប់នឹងខ្នង Chisun ព្រោះត្រូវពួក Spycho សំពងមុននេះ ចំណែក Chisun ក៏ដូចជាត្រូវច្រើនកន្លែងដែរបើមើលតាមស្នាមជាំនិងឈាមលើថ្ពាល់រួមទាំងបបូរមាត់។
       « ប្រយ័ត្នខ្លួន បើមានឱកាសប្រញាប់រត់ទៅ! »
       « កុំនិយាយឆ្គួតៗបែបនេះ យើងមិនរត់ចោលឯងទេ » Annto ខ្សឹបដាក់ Chisun មុននឹងវាយបកទៅសត្រូវវិញដោយប្រយ័ត្នប្រយែងជាងមុន។
       ឆ្វាច់!
       កាំបិតរបស់ Simon ឆូតទៅលើថ្ពាល់ Jungkook ថើៗព្រោះគេគេចតែគេចមិនទាន់ ធ្វើឱ្យហូរឈាមចេញពីស្នាមរបួសប្រឡាក់លើម៉ាស់និងកាំបិត ចំណែកម្ចាស់ខ្លួនដួលពពាក់ពពូនប្រវាយប្រតប់គ្នាមិនព្រមលែង។
       « K.... Simon.. » Kyosuke ក្តាប់ដៃណែនតែមិនអាចចេញទៅជួយបាន គេធ្វើអ្វីដែលគេអាចធ្វើបានអស់ហើយ សង្ឃឹមថាវានឹងបានផលហើយពួកគេអាចគេចផុតពីប៉ូលិសដែលនឹងមកដល់បន្តិចទៀតនេះ គេពិតជាប្រថុយប្រថានខ្លាំងណាស់ដែលហ៊ានតេទូរស័ព្ទប្តឹងប៉ូលិស។
       « អេ! ពួកឯងឈប់ភ្លាម! »
       សម្លេងប៉ូលិសជាច្រើននាក់ស្រែកនិងរត់ស៊្រូស្រមកពីចម្ងាយធ្វើឱ្យក្មេងៗវ័យជំទង់ដែលកំពុងវាយតប់គ្នាចាប់ផ្តើមបែកខ្ញែករញ៉េរញ៉ៃ។ K ឆ្លៀតឱកាសធាក់ Simon ឱ្យដួលទៅម្ខាងហើយបម្រុងរត់តែ Simon រហ័សជាង លោដៃទៅទាញម៉ាស់ឱ្យដាច់ខ្សែរបូតចេញពីមុខគេ។
       « Jeon Jungkook? »
       Jungkook មិនបង្អង់យូររហ័សក្រោករត់ចេញទៅបាត់ទោះ Simon តាមក៏មិនទាន់ គេមិនអាចឱ្យប៉ូលិសចាប់បានទេ ព្រោះមិនចង់ឱ្យអ្នកម៉ាក់របស់គេនិយាយថាគេបង្កតែបញ្ហាមិនឈប់ឈរ គេនឹងរស់ដោយខ្លួនឯងឱ្យបាន។
       « ចង្រៃយ៎! » Simon ស្រែកជេរប្រទិចព្រោះរត់មិនទាន់ K គេមិននឹកស្មាន មិននឹកស្មានថា K និង Jungkook ជាមនុស្សតែមួយ ទោះដេកយល់សប្តិក៏គេមិនធ្លាប់គិតដែរ។
       « ថ្ងៃអាសាររបស់ឯងមកដល់ហើយអាតិរិច្ឆាន »

#Yiling

You're FAKE [Complete]Where stories live. Discover now