ភាគទី 49

2.6K 164 1
                                    


       យប់រំលងអាធ្រាត្រថ្ងៃដដែល Suhee (ម៉ាក់ Simon ) អង្គុយនៅខាងមុខបន្ទប់សង្គ្រោះបន្ទាន់ម្នាក់ឯង រង់ចាំស្តាប់លទ្ធផលពិនិត្យរបស់កូនប្រុសនិង Kyosuke ដែលបញ្ជូនចូលបន្ទប់តែមួយ។ ស្ត្រីវ័យកណ្តាលលើកដៃជ្រោងសក់អោនមុខចុះទាំងស្មុគស្មាញ នាងជាអ្នកវាយកូនប្រុសខ្លួនឯងពេញកម្លាំងគ្មានថ្នមដៃព្រោះចង់ការពារ Kyosuke ពេលយកមកគិតម្តងទៀត ទើបនាងយល់ថាខ្លួនឯងពិតជាមានគំនិតខ្លីខ្លាំងណាស់ បើ Simon កើតអ្វីនោះ អ្នកដែលត្រូវប្រេះទ្រូងស្លាប់ច្បាស់ជានាងមិនខាន តែបើមិនធ្វើបែបនោះ ពេលនេះអ្នកដែលស្លាប់គឺជា Kyosuke ទៅវិញទេ នាងមិនអាចបណ្តោយឱ្យ Simon សម្លាប់មនុស្សបានឡើយ នាងបាត់បង់ Sihan ម្នាក់ហើយ ពេលនេះនៅសល់តែ Simon ម្នាក់ប៉ុណ្ណោះដែលជាកម្លាំងចិត្តឱ្យនាងបន្តរស់រហូតមកទល់ពេលនេះ។ នាងចែកផ្លូវជាមួយស្វាមី បន្ទាប់មកក៏បាត់បង់កូនប្រុសម្នាក់ ជីវិតរបស់នាងក្រៅពីប្រាក់កាសនិងមុខតំណែង អ្វីក៏បាត់បង់ដែរ ដូច្នេះនាងមិនអាចបាត់បង់ Simon ម្នាក់ទៀតឡើយ ឈប់បំបែកមនុស្សជាទីស្រឡាញ់ចេញពីជីវិតនាងទៀតទៅ។
       ក្រាក...!
       ទ្វារបន្ទប់សង្គ្រោះបន្ទាន់របើកឡើងមុននឹងលោកវេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យជាច្រើននាក់ចេញមកបន្តបន្ទាប់គ្នា។ Suhee ដើរចូលទៅក្នុងបន្ទប់អ្នកជំងឺជាមួយលោកវេជ្ជបណ្ឌិត Kang Hajoon ដែលនាងឧស្សាហ៍មកពិភាក្សារឿងជំងឺរបស់ Simon ហើយក៏ជាមិត្តភក្តិរៀនជំនាន់ជាមួយគ្នាកាលពីក្មេងផងដែរ តែមើលទៅទឹកមុខរបស់គាត់ដូចជាមិនសូវល្អប៉ុន្មាននោះទេ។
       « ពួកគេយ៉ាងម៉េចទៅហើយ? » Suhee ចោទសំណួរព្រមទាំងសម្លឹងមើល Simon និង Kyosuke  ដែលដេកលើគ្រែពីរទន្ទឹមគ្នា។
       Simon មានបង់ពណ៌សរុំក្បាលនិងបិតលើថ្ពាល់ត្រង់របួសឆូតនឹងកាំបិត ចំណែក Kyosuke ក៏រុំបង់សលើក្បាលដូចគ្នា តែមានបង់មួយដុំទៀតដែលរុំត្រង់ផ្នែក ក របស់គេ ហើយរុំបន្តមករបួសលើដងកាំបិទថែមទៀត។ កាន់តែឃើញពីសភាពពិបាកភ្នែករបស់ពួកគេ ធ្វើឱ្យនាងកាន់តែគិតមិនយល់ពីជម្លោះកាប់ចាក់មួយនោះ។
       « ពេលនេះផុតពីគ្រោះថ្នាក់ហើយ Munakata Kyosuke របួសក្បាលមិនសូវធ្ងន់ធ្ងរទេ តែត្រង់ដងកាំបិតរបស់គេត្រូវអាវុធចាក់វះជ្រៅបន្តិច រីឯបំពងកប្រៀបដូចជាត្រូវសង្កត់នឹងវត្ថុរឹងធ្ងន់អ្វីម្យ៉ាងធ្វើឱ្យឡើងជាំ ពេលដឹងខ្លួនគេអាចនឹងទទួលការឈឺចាប់ខ្លាំង មិនត្រូវឱ្យគេកម្រើកច្រើនពេកទេ តែក៏សំណាងខ្លាំងណាស់ដែលឆ្អឹងកញ្ចឹងកនិងបំពង់ខ្យល់មិនត្រូវបានប៉ះទង្គិចខ្លាំង តែអ្វីដែលសំខាន់នោះគឺត្រង់ជង្គង់របស់គេ របួសចាស់នៅមិនទាន់ជាស្រួលបួលផងក៏ត្រូវដួលបោកថែមមួយទំហឹងទៀត តែកុំបារម្ភអី វានឹងជាសះស្បើយគ្រាន់តែត្រូវការពេលយូរបន្តិច » លោកគ្រូពេទ្យ Kang ពន្យល់រៀបរាប់ពីមុខរបួសសំខាន់ៗបណ្តើរចង្អុលបង្ហាញបណ្តើរ។
       « គេនៅអាចដើរបានត្រូវទេ Hajoon? »
       « ប្រាកដណាស់ គ្រាន់តែវាបង្កការឈឺចាប់ខ្លាំងបន្តិច ជាពិសេសពេលអាកាសធាតុចុះត្រជាក់ »
       Suhee មិននិយាយអ្វី គ្រាន់តែលើកដៃអង្អែលសក់ Kyosuke ថ្នមៗ នាងចាត់ទុកគេដូចជាកូនប្រុសបង្កើតម្នាក់។ Kyosuke ជាក្មេងឧស្សាហ៍ខ្លាំងណាស់ ចរិតក៏ល្អ តែរាងកាយបើប្រៀបនឹង Simon គឺខុសគ្នាឆ្ងាយណាស់ នេះមិនមែនមកពី Kyosuke ខ្សោយនោះទេ តែមកពី Simon កើតមកជាមួយកម្លាំងខ្លាំងនិងមាឌធំខ្ពស់ ដែលជាចំណុចពិសេស ទាក់ទាញរបស់គេ។ នាងពិតជាសប្បាយចិត្តណាស់ដែល Kyosuke មិនកើតអ្វីធ្ងន់ធ្ងរ បើគេមានរឿងអ្វីនោះ នាងគួរបកស្រាយប្រាប់ Mizuki បែបណា?
       « ចំណែក Simon ខ្ញុំពិតជាបារម្ភពីស្ថានភាពគេណាស់ មិនដឹងថាគេអាចស៊ូទ្រាំបានយូរប៉ុណ្ណានោះទេ... » គ្រូពេទ្យដកដង្ហើមធំហើយយកកំប៉ុងថ្នាំចេញពីក្នុងហោប៉ៅហុចឱ្យ Suhee ដែលឈរមើលកូនទាំងក្រៀមក្រំ នាងដឹងថាថ្ងៃនេះប្រាកដជាមកដល់ តែ Hajoon នៅតែប្រាប់នាងឱ្យស្ងប់ចិត្ត គេនឹងព្យាយាមគ្រប់វិធីដើម្បីរកថ្នាំមកព្យាបាល Simon ឱ្យបាន តែនេះវារាប់ឆ្នាំមកហើយ អ្វីដែលទទួលបានគឺបានតែថ្នាំរំងាប់អារម្មណ៍ប៉ុណ្ណោះ។
       « Hajoon តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅ? ខ្ញុំមិនចង់ឃើញកូនវេទនាហើយធ្វើបាបអ្នកក្បែរខ្លួនបែបនេះទេ » Suhee ទទួលយកថ្នាំទាំងទឹកភ្នែក។
       « ខ្ញុំស្មានពេលខុស ខ្ញុំគិតថាវាមិនអាចរើឡើងហើយប្រែជាធ្ងន់ធ្ងរលឿនដល់ថ្នាក់នេះទេ តែពេលនេះថ្នាំធម្មតាលែងមានប្រសិទ្ធភាពលើគេទៀតហើយ វាអាចមកពីគេខឹងច្រើនឬមានរឿងរំខានខួរក្បាលច្រើនពេក ជាពិសេសរឿងអតីតកាល Simon មិនសូវមានអតីតកាលល្អៗនោះទេ បើសិនជាអាចកុំព្យាយាមរំលឹករឿងទាំងនោះឱ្យគេឈឺចាប់ ថ្នាំនេះប្រហែលជាអាចទប់ស្កាត់គេបានបណ្តោះអាសន្ន នាងត្រូវតែប្រុងប្រយ័ត្នជាមួយគេឱ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន »
       « មានន័យថាលោកមានវិធីព្យាបាលគេមែនទេ? »
       « អឺម... ខ្ញុំមានមិត្តភក្តិនៅបារាំងដែលពូកែខាងជំងឺសតិអារម្មណ៍ ពួកយើងកំពុងព្យាយាមផលិតថ្នាំថ្មី មិនយូរទេកាលពិសោធន៍នឹងបញ្ចប់ ដូច្នេះបើសិនវាជោគជ័យ Simon ក៏មានសង្ឃឹមដែរ » Hajoon វាយស្មាមិត្តភក្តិថ្នមៗដើម្បីលួងលោមនាង ទោះគេមិនទាន់រៀបការហើយក៏មិនធ្លាប់មានកូន តែគេយល់ពីអារម្មណ៍របស់ឪពុកម្តាយចំពោះកូនច្បាស់ណាស់។
       « សង្ឃឹមថាវានឹងជោគជ័យ! » ស្ត្រីវ័យកណ្តាលឈរស្ងៀមអោបកំប៉ុងថ្នាំក្នុងដៃជាប់ហាក់កំពុងបួងសួង។
       « កុំបារម្ភអី បើវាមិនជោគជ័យខ្ញុំនឹងរកវិធីថ្មីផ្សេងទៀត ខ្ញុំច្បាស់ជាព្យាបាលគេឱ្យជា ពេលនេះនាងសម្រាកសិនទៅ ខ្ញុំនឹងឱ្យគ្រូពេទ្យមកផ្លាស់បន្ទប់ឱ្យពួកគេ »
       « អឺម.. អរគុណណាស់ Hajoon »
       « សម្រាប់នាង ខ្ញុំរីករាយជានិច្ច! »
       លោកគ្រូពេទ្យញញឹមស្រស់ ហើយដើរចេញទៅក្រៅបាត់ទុកឱ្យ Suhee ឈរនៅត្រង់នោះម្នាក់ឯង តែពេលនាងបម្រុងឈានជើងដើរចេញសម្លេងមួយក៏បន្លឺឡើង។
       « អ្នកមីង... » Kyosuke បើកភ្នែកនិយាយតិចៗ។
       « Kyosuke! ដឹងខ្លួនហើយអ្ហេស? » Suhee ដើរទៅឈរក្បែរគ្រែក្មួយប្រុសដែលដេកស្ងៀមមិនកម្រើក។
       « មីងទៅហៅគ្រូពេទ្យមកល្អទេ? »
       « មិនចាំបាច់ទេ ខ្ញុំមិនអីទេ តែ.. » រាងតូចនៅស្ងៀមជាមួយទឹកមុខស្រពាប់ស្រពោនមិនព្រមនិយាយបន្តទើបអ្នកមីងសួរដេញ។
       « តែអី? »
       « តាមពិត Simon មានជំងឺអ្វី? »
       « ឯងលឺអស់ហើយមែនទេ? »
       « អ្នកមីងនិយាយរឿងគ្រប់យ៉ាងទាក់ទងនឹងគេឱ្យខ្ញុំស្តាប់បានទេ? »
       Kyosuke និយាយថ្នមៗជាមួយកែវភ្នែកភ្លឺថ្លាក្នុងន័យអង្វរករ គេដឹងខ្លួនតាំងពីគាត់អង្អែលសក់គេម្លេះ តែពេលលឺគ្រូពេទ្យនិយាយពី Simon នៅស្ងៀមចាំស្តាប់ មិនព្រមបើកភ្នែក។
       « បាន.. » Suhee ទាញកៅអីក្បែរនោះមកអង្គុយចុះជិតគ្រែ Kyosuke ហើយទើបចាប់ផ្តើមនិយាយ
       « Simon មានជំងឺសតិអារម្មណ៍ ពេលខឹងម្តងៗគេមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេ វាធ្វើឱ្យគេប្រែអាកប្បកិរិយាស្រដៀងទៅនឹងមនុស្សរោគចិត្តឬវិកលចរិត »
       « ហេតុអី? ហេតុអីគេក្លាយជាបែបនេះ? »
       « មីងគិតថាគេចាប់ផ្តើមផ្លាស់ប្តូរតាំងពីពេលដែលឯងត្រឡប់ទៅជប៉ុនវិញ »
       « ខ្ញ-ខ្ញុំមែនទេ? » រាងតូចប្រែជារដាក់រដុប តើគេពិតជាដើមហេតុដែលធ្វើឱ្យ Simon ក្លាយជាបែបនេះមែនទេ?
       « មែន... ពេលនៅកូរ៉េពួកឯងពីរនាក់ស្និតស្នាលនឹងគ្នាណាស់ គេងជាមួយគ្នា ញ៉ាំជាមួយគ្នា ងូតទឹកជាមួយគ្នា ទៅណាមកណាក៏មិនដែលឃ្លាតដាច់ពីគ្នាសូម្បីមួយនាទី ពេលនោះ Simon ចូលចិត្តញញឹមខ្លាំងណាស់ គេតែងតែរីករាយគ្រប់ពេល តែពេលម៉ាក់របស់ឯងនាំឯងត្រឡប់ទៅវិញ គេតែងតែសួរមីងជានិច្ចថាមានសំបុត្រឬក៏សារអ្វីផ្ញើមកពីជប៉ុនទេ ព្រោះឯងធ្លាប់សន្យាថានឹងផ្ញើសំបុត្រឱ្យគេរៀងរាល់កន្លះខែម្តង តែឯងមិនឃើញមានផ្ញើអ្វីមកនោះទេ ថ្ងៃខ្លះគេយំទារមីងឱ្យជូនគេទៅជប៉ុន គេនៅនិយាយទៀតថា ខ្ញុំចង់ជួប Kyosuke បើ Kyosuke មិនចង់ជួបខ្ញុំ ខ្ញុំសុំត្រឹមឈរមើលគេពីចម្ងាយក៏បាន »
       « ខ្ញុំពិតជាបានសន្យាបែបនោះមែនអ្ហេស? » Kyosuke សួរខ្លួនឯងទាំងមិនប្រាកដចិត្ត គេគ្មានការចងចាំទាក់ទងនឹង Simon នោះទេ បន្តិចក៏គ្មានដែរ។
       « តែក្រោយមកមីងក៏លឺដំណឹងមកថា ប៉ាម៉ាក់របស់ឯងនិងឯងជួបគ្រោះថ្នាក់ចរាចរណ៍ តែសំណាងដែលគ្មានរបួសធ្ងន់ធ្ងរ តែមីងបែរជាមិនដឹងថាឯងបាត់ការចងចាំ កាលនោះ Simon យំអង្វរមីងឱ្យនាំគេទៅជប៉ុនដើម្បីឱ្យច្បាស់ថាឯងពិតជាមិនអី គេមិនព្រមញ៉ាំបាយរហូតដល់ដួលសន្លប់ ពេលនោះមីងភ័យខ្លាំងណាស់ ហើយក៏ឆ្ងល់ Simon ទើបតែមានអាយុ 6-7ឆ្នាំប៉ុណ្ណោះ ហេតុអីគេមានៈដូចជាមនុស្សធំបែបនេះ? ក្រោយមកពេលគេដឹងខ្លួនមីងក៏សន្យាថានឹងនាំគេទៅជប៉ុន ក៏ប៉ុន្តែកាលៈទេសៈមិនអំណោយផល ក្រុមហ៊ុនបែរជារង្គោះរង្គើរដោយបញ្ហាផ្ទៃក្នុងស្ទើរតែដួលរលំ មីងប្រើពេលវេលារាប់ខែទម្រាំអាចធ្វើឱ្យក្រុមហ៊ុនឈរនឹងវិញបាន ហើយក៏ភ្លេចសន្យាជាមួយ Simon តាំងពីពេលនោះ គេប្រែជាលែងនិយាយស្តីហើយចូលចិត្តសំងំនៅក្នុងបន្ទប់រៀងរាល់ថ្ងៃបន្ទាប់ពីចេញពីសាលា »
       « គេមានៈខ្លាំងណាស់... » Kyosuke លាន់មាត់តិចៗ តើទំនាក់ទំនងរបស់ពួកគេក្នុងពេលនោះជាអ្វីឱ្យប្រាកដទើបប៉ះពាល់ដល់អារម្មណ៍ Simon ខ្លាំងដល់ថ្នាក់នេះ?
       « ....មិនត្រឹមតែប៉ុណ្ណឹឹងទេ ពេលគេមានអាយុ 11ឆ្នាំ ថ្ងៃមួយពេលត្រឡប់មកពីសាលាជាមួយ Sihan ប្អូនប្រុសរបស់គេដែលទើបតែមានអាយុ 8ឆ្នាំនោះ ពួកគេត្រូវពួកជួញដូរមនុស្សចាប់ខ្លួន តែប៉ូលីសក៏តាមទៅជួយដូចគ្នា កាលនោះ Simon ត្រូវចងព្យួរជាមួយក្មេងដទៃហើយត្រូវបើកភ្នែកមើលមនុស្សឃោរឃៅទាំងនោះដោយសារចង់គម្រាមប៉ូលីសទើបចាក់សម្លាប់ Sihan នៅនឹងមុខគេ តាំងពីពេលនោះ.... » Suhee អោនមុខយំពេលរំលឹកដល់កូនប្រុស នឹងពិតជាគ្មានបានការខ្លាំងណាស់ដែលមិនអាចការពារពួកគេឱ្យបានល្អ « Simon យកការស្លាប់របស់ Sihan មកបន្ទោសខ្លួនឯង ហើយឃុំខ្លួនឯងក្នុងបន្ទប់អស់ជាច្រើនខែ ទម្រាំមីងរកវិធីអាចឱ្យគេរំងាប់ចិត្តបានគឺត្រូវប្រើពេលយូរណាស់ គេក៏ចាប់ផ្តើមប្រើថ្នាំតាំងពីពេលនោះមក ពីដំបូងប្រើតែពេលជំងឺរើឡើងប៉ុណ្ណោះ តែយូរទៅពេទ្យក៏ប្រាប់ថាគេត្រូវប្រើប្រាស់ថ្នាំជាប្រចាំនិងទៀងទាត់បំផុតដើម្បីកុំឱ្យជំងឺរើឡើង » ស្រី្តវ័យកណ្តាលលើកខ្នងដៃជូតទឹកភ្នែកចេញខណៈអ្នកម្ខាងទៀតបានត្រឹមតែស្តាប់ដោយស្លុតចិត្តនិយាយអ្វីលែងចេញ។
       « ...... »
       « មីងគិតថាជំងឺរបស់គេគឺអាចគ្រប់គ្រងបានហើយ តែប៉ុន្មានឆ្នាំមុន មិនស្មានថាគេទៅមានរឿងឈ្លោះទាស់ទែងគ្នារហូតមិនអាចគ្រប់គ្រងខ្លួនឯងបាន កាលនោះ Simon កាត់ដៃក្មេងប្រុសអាយុស្រករគ្នាដែលសម្លាប់មិត្តភក្តិរបស់គេម្នាក់ឈ្មោះ Hoseok នោះចោល គេត្រូវជាប់គុកបណ្តោះអាសន្នជិតបីខែ ដោយសារយោគយល់ដល់ជំងឺ ទើបគេត្រូវបានដោះលែងមកវិញ មែនហើយ គេក៏ប្រែជាកាន់តែគួរឱ្យខ្លាចចាប់តាំងពីពេលនោះមក »
       « គេឆ្លងកាត់រឿងអាក្រក់ច្រើនណាស់ » Kyosuke ផ្អៀងខ្លួនហើយចាប់ដៃ Suhee ក្តាប់យ៉ាងណែន ប្រហែលជាដោយសារទំនាក់ទំនងពីក្មេងទើបគ្រប់ពេលដែល Simon ធ្វើបាបគេ គេបែរជាលើកលែងទោសឱ្យ Simon គ្រប់ពេល សូម្បីតែពេលនេះ។
       « គេច្បាស់ជាអាចព្យាបាលជា អ្នកមីងកុំបារម្ភអី »
       « Kyosuke ក្មួយត្រូវតែប្រយ័ត្នខ្លួនពេលនៅក្បែរគេ ពករឹកស្អែកមីងត្រូវតែប្រាប់រឿងនេះដល់ Mizuki ទើបបាន »
       « កុំអីអ្នកមីង កុំប្រាប់អ្នកម៉ាក់អី » Kyosuke ប្រកែកញាប់មាត់ព្រមទាំងក្តាប់ដៃ Suhee កាន់តែណែនឡើង គេមិនអាចឱ្យម៉ាក់របស់គេដឹងបានទេ វាអាចនឹងមានរឿងដែលនឹកស្មានមិនដល់កើតឡើងបើម៉ាក់របស់គេដឹងរឿងនេះ។
       « Kyosuke កុំការពារគេឱ្យសោះ មីងមិនអាចឱ្យឯងមានគ្រោះថ្នាក់ទៀតទេ »
       « អ្នកមីង Simon មានជំងឺ ហើយយើងទាំងពីរឈ្លោះគ្នាក៏វាជាកំហុសរបស់ខ្ញុំដែរ ហើយខ្ញុំក៏ជាអ្នកវាយក្បាលគេបែកមុន សុំអង្វរកុំប្រាប់អ្នកម៉ាក់អី »
       « បើអញ្ចឹងប្រាប់មីងមកថាហេតុអីពួកឯងឈ្លោះគ្នា ហើយមានរឿងអ្វីខ្លះដែលមីងមិនបានដឹង? » Suhee ជំរិតសួរធ្វើឱ្យអ្នកជំងឺទម្លាក់ទឹកមុខហើយប្រាស់ខ្លួនដេកផ្ងារវិញ។
       « រឿងនេះខ្ញុំសុំបកស្រាយពេលក្រោយបានទេ? ខ្ញុំដូចជាងងុយហើយ អ្នកមីងក៏គួរតែសម្រាកខ្លះដែរ »
       « បកស្រាយឥឡូវនេះមក Kyosuke »
       « ...ខ្ញុំ.. » រាងតូចងាកមុខចេញមិនហ៊ានប្រឈមមុខនឹង Suhee តើគេគួររកលេសបែបណាទើបសមទៅ?
       « ឬក៏មានរឿងអ្វីដែលមីងដឹងមិនបាន? »
       « គឺ...គឺខ្ញុំចាំមិនបានទេថាហេតុអី ខ្ញុំ.. ខ្ញុំភ្លេចហើយ ខ្ញុំដូចជាបាត់ការចងចាំម្តងទៀតហើយ » Kyosuke ធ្វើទឹកមុខស្មើ គេសង្ឃឹមថាលេសមួយនេះនឹងដំណើរការទៅចុះ។
       « មិនអីទេ ថ្ងៃស្អែកចាំមីងឱ្យគ្រូពេទ្យស្កេនខួរក្បាលឱ្យឯងម្តងទៀត ពេលនេះសម្រាកទៅ! »
       « បាទ! »
       Kyosuke បិទភ្នែកគេងទាំងអារម្មណ៍មិនស្ងប់ខណៈ Suhee អង្គុយនៅត្រង់នោះមិនងើបចេញទៅណា នាងដឹងថាក្មេងម្នាក់នេះកុហក តែគេកំពុងឈឺនាងមិនចង់បង្ខិតបង្ខំគេទេ ដូច្នេះមានតែចាំជំរិតសួរពេលក្រោយប៉ុណ្ណោះ។

#Yiling

You're FAKE [Complete]Where stories live. Discover now