ភាគទី 55

2.4K 172 0
                                    


       Chisun អូសដៃ Annto រត់គេចពីប៉ូលិសនិងពួក Spycho រហូតបានឆ្ងាយល្មមទើបឈប់ពួននៅកៀនជញ្ជាំងអគារក្បែរផ្លូវធំ។ នៅលើផ្លូវមានមនុស្សម្នាដើរទៅដើរមកនិងរថយន្ត ម៉ូតូ កង់ ធ្វើចរាចរណ៍ឥតដាច់ ចំណែកប៉ូលិសដែលដេញចាប់មុននេះក៏មិនមានតម្រុយថានឹងតាមមកដល់ទីនេះដែរ។
       រាងក្រាស់ទម្លាក់ខ្លួនដាក់បង្គុយចុះលើដីទល់មុខអាល្អិត Annto ដែលអង្គុយផ្អែកខ្នងនឹងជញ្ជាំងថ្មទាំងហត់គឃូស ផ្ទៃមុខសរលោងដូចមនុស្សស្រីរបស់គេបង្ហាញឱ្យឃើញស្នាមបែកលើគែមមាត់រួមជាមួយឈាមរឹមៗផង ចំណែកលើថ្ពាល់និងងោងឆ្អឹងថ្ពាល់មានស្នាមជាំខៀវជាច្រើនកន្លែង គេអង្គុយខ្ទប់ពោះដែលត្រូវពួក Spycho ឡើងជង្គង់ចុកស្ទើរសន្លប់ តែគេនៅតែប្រឹងរត់មកបានឆ្ងាយយ៉ាងនេះ ចំណែក Simon មិនដឹងថាយ៉ាងម៉េចទៅហើយទេ។
       Ring Ring.... Ring!
       « Simon! » Annto លើកទូរស័ព្ទនិយាយភ្លាមឧទានឈ្មោះម្ចាស់លេខដែលតេមកភ្លែត។
       ( ឯងនឹង Chisun មិនអីទេអ្ហេស? )
       « មិនអីទេ ចុះឯង? » រាងតូចនិយាយទូរស័ព្ទបណ្តើរសម្លឹងមុខ Chisun ដែលអង្គុយចោងហោងមើលមុខគេបណ្តើរ។
       ( យើងក៏មិនអីដែរ ទៅផ្ទះសម្រាកទៅ ស្អែកយើងមានរឿងប្រាប់ )
       « អូខេ! »
       Annto ដាក់ទូរស័ព្ទចុះហើយសម្លឹង Chisun ដែលអង្គុយមើលមុខគេតាំងពីទើបនឹងរត់មកដល់រហូតដល់និយាយទូរស័ព្ទចប់ ហាក់ដូចមានអ្វីចង់និយាយតែមិនព្រមគ្រលាស់អណ្តាត ធ្វើឱ្យគេអត់មិនបាននឹងសួរនាំ។
       « មើលមុខយើងធ្វើអី? »
       « ឈឺខ្លាំងទេ? » រាងក្រាស់លើកដៃជូតឈាមពីគែមមាត់អ្នកម្ខាងទៀតចេញបណ្តាលឱ្យម្ចាស់ខ្លួនញោចមុខអោនចុះគេចពីដៃគេដោយសារឈឺផ្សាលើមុខរបួស ទើបគេទម្លាក់ដៃចុះវិញ។
       « យើងមិនឈឺស្លាប់ទេ មិនមែនលើកទីមួយឯណា ត្រូវឡើងធ្លាប់ហើយ »
       « សុំទោស.. »
       « សុំទោសធ្វើអី? មិនមែនជាកំហុសឯងទេ... ឯងក៏ឈឺដូចគ្នា »
       Annto ងើយមុខមើល Chisun ព្រមទាំងញញឹមលួងចិត្តគេ សម្រាប់ក្មេងចូលចិត្តវាយតប់ដូចជាពួកគេ ត្រូវជាំសាច់ប៉ុណ្ណោះគ្មានអ្វីធំដុំទេ តែលើកនេះ Chisun បញ្ចេញកាយវិការចម្លែកៗ ដូចជាបារម្ភពីគេខ្លាំងណាស់ គេឈឺតែក៏មិនចង់ឱ្យ Chisun ពិបាកចិត្តដែរ ទោះបីគេមានរូបរាងតូចមិនសូវមានកម្លាំងខ្លាំង តែរឿងវាយតប់មិនឱ្យចាញ់នរណានោះទេ ដូច្នេះទើបគេអាចចូល Fire Swan បានជាច្រើនឆ្នាំ រឿងនេះ Chisun ក៏បានដឹង ប៉ុន្តែដូចដែលបាននិយាយមុននេះ Chisun បញ្ចេញកាយវិការចម្លែកៗ។
       « យើងចង់ឱ្យខ្លួនឯងរហ័សធំធាត់ មានកម្លាំងខ្លាំងហើយរឹងមាំជាងនេះ... » Chisun ផ្អាកនិយាយហើយអោនមុខចុះ យកចង្អុលដៃទៅថ្ពក់ជាប់នឹងម្រាមដៃតូចៗរបស់ Annto មុននឹងបន្ត « ... ពេលនោះយើងនឹងអាចការពារឯង... »
       « ... » រាងតូចនិយាយអ្វីមិនចេញភ្លាមៗបានត្រឹមតែអង្គុយស្តាប់សម្តីដែលមិនធ្លាប់បានស្តាប់ ហើយក៏ស្មានមិនដល់ថាខ្លួនឯងអាចស្តាប់លឺពាក្យទាំងនេះចេញពីមាត់ Chisun ដែរ តែម្តងនេះគេក៏និយាយវាចេញមកពិតមែន។
       « ខ្ញុំចង់ការពារឯង Annto!!! » រាងក្រាស់ងើបសម្លឹងមុខម្ចាស់ឈ្មោះដែលអង្គុយស្ងៀមគ្មានប្រតិកម្ម តែគេនៅតែអាចមើលឃើញទឹកថ្លាៗដែលដក់ជាប់ក្នុងកែវភ្នែកធំៗមួយគូនោះ។
       « .... »
       « ...យើងដឹងហើយ តោះទៅផ្ទះ » Annto ពោលឡើងបំបែកភាពស្ងប់ស្ងាត់ហើយទាញដៃ Chisun ដែលថ្ពក់ជាប់នឹងដៃគេឱ្យក្រោកឈរដើរចេញទៅផ្លូវធំ « យប់នេះយើងទៅគេងនៅផ្ទះឯង ព្រោះបើត្រឡប់ទៅផ្ទះទាំងបែបនេះអ្នកម៉ាក់ច្បាស់ជាទេសនាគ្រែដប់គ្រែម្ភៃឱ្យយើងស្តាប់មិនខាន »
       « ឯងមានស្តាប់យើងទេ? » Chisun ដើរបណ្ដើរសួរបណ្តើរព្រោះពាក្យចេញពីចិត្តរបស់គេមុននេះដូចជាមិនមានប្រសិទ្ធភាពធ្វើឱ្យ Annto រំជើបរំជួលទាល់តែសោះ។
       « ស្តាប់.. » រាងតូចងាកមើលក្រោយហើយសម្លឹងចំភ្នែកទាំងគូរបស់អ្នកម្ខាងទៀត « ក្នុងចិត្តឯងគិតអីយើងដឹងទាំងអស់ មិនចាំបាច់បារម្ភទេ »
       និយាយចប់ពួកគេក៏ដើរត្រឡប់ទៅផ្ទះដូចធម្មតា សម្តីប៉ុន្មានម៉ាត់របស់ Annto ធ្វើឱ្យ Chisun អាចស្ងប់ចិត្តបានមួយរំពេចប្រៀបដូចផ្សំថ្នាំត្រូវរោគ។
      
       ថ្ងៃបន្ទាប់...
       Taehyung ដើរយឺតៗឈ្ងោកមុខចុចទូរស័ព្ទដោយមាន Jungkook ដើរកៀកជាប់មិនឱ្យផុតមួយជំហាន។ ថ្ងៃនេះទឹកមុខ Jungkook មិនសូវល្អនោះទេ រួមទាំងមានបិតបង់របួសលើថ្ពាល់ផងទើបគេមិនសូវនិយាយស្តីអ្វីក្រៅពីព្យាយាមនៅក្បែរ Taehyung ឱ្យបានច្រើនបំផុតនិងជៀសវាងមិនឱ្យគេបានជួបនិយាយជាមួយ Simon តាមដែលអាចធ្វើបាន។ កាលពីយប់មិញគេប្រហែសពេលហើយ។
       គ្រាន់តែគិតដល់រឿងកាលពីយប់ភ្លាម Jungkook ក៏ទះថ្ងាស់ខ្លួនឯងលឺសូរផូស៎ ធ្វើឱ្យ Tae ដែលដើរជិតភ្ញាក់ស្ទើរកន្ត្រាក់។
       « Jungkook! »
       « បា-បាទ! » រាងក្រាស់ទម្លាក់ការគិតទាំងអស់ចោលហើយងាកទៅមើលអ្នកដែលហៅឈ្មោះមុននេះ។
       « ឯងមិនទាន់ប្រាប់បងទេថាមុខទៅត្រូវនឹងស្អីមក »
       Tae ទុកទូរស័ព្ទទៅក្នុងហោប៉ៅវិញខណៈអ្នកដែលត្រូវគេសួរបញ្ចេញស្នាមញញឹមចុងមាត់ឡើង ព្រោះគេបានគិតទុករួចហើយថានឹងគួរឆ្លើយបែបណាទើប Taehyung ជឿជាក់គេហើយព្រមរក្សាគម្លាតពី Simon ។
       « ខ្ញុំមិនដឹងថាគួរនិយាយឬអត់ទេ តែ... »
       « និយាយមក » រាងតូចបែរទៅឈរទល់មុខ Jungkook ដែលធ្វើមុខអេះអុញចង់និយាយបន្តិចអត់បន្តិច។
       « តែគេហាមមិនឱ្យខ្ញុំនិយាយរឿងនេះប្រាប់បងទេ »
       « នរណា? នរណាធ្វើអីឯង? »
       « គឺ...ខ្ញុំ..ខ្ញុំមិនចង់ឱ្យបងនិងពួកគេមើលមុខគ្នាមិនចំព្រោះខ្ញុំ »
       « ឯងកុំប្រាប់ថា Simon.....? មិនអាចទេ »
       Taehyung ប្រញាប់បញ្ឈប់គំនិតដែលបម្រុងនឹងគិតវែងឆ្ងាយ។ Simon មិនមែនជាមនុស្សបែបនេះទេ ទោះគេមិនពេញចិត្ត Jungkook តែគេក៏មិនអាចនៅសុខៗមកព្រួតវាយនរណាម្នាក់ទាំងគ្មានហេតុផលដែរ។
       « ឃើញទេ? ទោះខ្ញុំនិយាយក៏បងមិនជឿ »
       « ពិត..ជាគេមែនអ្ហេស? »
       « បើបងមិនចង់ជឿ បងមិនចាំបាច់ជឿក៏មិនអីដែរ » Jungkook និយាយហើយបម្រុងដើរទៅមុខបន្តតែត្រូវ Tae ទាញដៃឱ្យថយក្រោយវិញ។
       « ហេតុអីគេធ្វើបែបនេះ? មានរឿងអី? »
       « ពួកគេ.. ចាប់ខ្ញុំទៅគម្រាមកាលពីយប់មិញ » Jungkook ផ្អាកនិយាយពេលឃើញទឹកមុខ Tae ហាក់ដូចមិនចង់ជឿ តែគេនឹងជឿបន្តិចទៀតនេះ « ពេលខ្ញុំត្រឡប់ទៅផ្ទះ Simon Chisun និង Annto អូសខ្ញុំទៅសាលារៀនចាស់ដែលគេទុកចោលនៅម្តុំផ្លូវ XX Simon ថែមទាំងយកកាំបិតមកផ្ជង់ហើយគម្រាមខ្ញុំទៀតផង »
       « គេនិយាយថាម៉េច? »
       « គេប្រាប់ថាឱ្យខ្ញុំចេញពីបង បើមិនដូច្នេះទេពួកគេនឹងធ្វើគ្រប់យ៉ាងឱ្យបងយល់ច្រឡំហើយស្អប់ខ្ពើមខ្ញុំ ដោយសារខ្ញុំមិនព្រមទើបត្រូវពួកគេឆូតមុខបែបនេះ បង- Taehyung! »
       Jungkook ប្រញាប់រត់ទៅតាម Tae ដែលដើរបកក្រោយលឿនដូចរត់សម្តៅទៅ Simon និង Chisun Annto កំពុងដើរនិយាយគ្នាពីចម្ងាយ គេមើលទៅដូចជាខឹងខ្លាំងណាស់ តែគេប្រាកដចិត្តថា Tae មិនទាន់ជឿគេទាំងស្រុងនោះទេ។
       « Taehyung បងចង់ធ្វើអី? »
       រាងក្រាស់ទាញអ្នកដែលកំពុងខឹងឱ្យបែរមុខមករកហើយចាប់ស្មាទាំងសងខាងរបស់គេជាប់ តែពេលឃើញទឹកភ្នែកដែលដក់ជាប់ក្នុងភ្នែក Tae ធ្វើឱ្យគេមានអារម្មណ៍ថាខុសកាន់តែខ្លាំង គេខុសដែលកុហកបង្វិល Tae តែបើមិនធ្វើបែបនេះគេច្បាស់ជាបាត់បង់ Taehyung មិនខាន គេសន្យាថាទោះបីគ្មាន Simon Chisun និង Annto ក៏ Tae គ្មានថ្ងៃមានអារម្មណ៍ថាឯកាដែរ គេនឹងធ្វើឱ្យ Tae មានសេចក្តីសុខបំផុតទោះបីមានតែគេម្នាក់ដែលនៅក្បែរ។
       « បងចង់ទៅសួរគេឱ្យបានច្បាស់ថាហេតុអីគេធ្វើបែបនេះ »
       « បើបងនិយាយគេច្បាស់ជាសម្លាប់ខ្ញុំមិនខាន គេនិយាយថាបើខ្ញុំប្រាប់បង គេមិនទុកខ្ញុំឡើយ »
       « ហេតុអី? ហេតុអីគេ....? » Tae គ្រវីក្បាលរកយំទើប Jungkook ក្រសោបរាងកាយញ័រញាក់របស់គេថ្នមៗ។
       « ព្រោះពួកគេចង់យកបងចេញពីខ្ញុំ បងត្រូវតែនៅក្បែរខ្ញុំ កុំចេញពីខ្ញុំ Taehyung កុំស្អប់ខ្ញុំ »
       « បងគួរធ្វើយ៉ាងម៉េច Jungkook? »
       « បងត្រូវតែនៅឆ្ងាយពីពួកគេ... » Jungkook រលារដៃពីការអោបរឹតមកអង្អែលប្រអប់ដៃស្រឡូនៗមួយគូនោះដោយការថ្នាក់ថ្នម « ទោះគ្មានពួកគេក៏ដោយ បងនៅមានខ្ញុំ ខ្ញុំនឹងធ្វើជាមិត្តប្រុស ជាមិត្តភក្តិ ជាបងប្រុស ជាប្អូនប្រុសរបស់បង កុំបារម្ភអី »
       « សួស្តី លោកបង K .....!!! »
       កម្លោះ Fire Swan ដើរមកដល់ឈរជ្រែងហោប៉ៅសម្លឹងមុខ Jungkook ដែលកាន់ដៃបងធំរបស់ពួកគេជាប់មិនព្រមលែង ពេលនេះគេមានចំណុចខ្សោយរបស់ Jungkook ក្នុងដៃ ចង់ដឹងណាស់ថាគេនឹងដោះសារបែបណាពេល Tae ដឹងថាគេជា K ។
       « Jungkook ពួកយើងទៅរកអីញ៉ាំ ជិតដល់ម៉ោងចូលរៀនហើយ » Tae ងាកមុខចេញពី Simon អូសដៃ Jungkook រៀបនឹងដើរចេញតែអ្នកម្ខាងទៀតឃាត់។
       « Tae ឯងដឹងថាឯងកំពុងកាន់ដៃនរណាទេ? »
       រាងតូចបែរក្រោយប្រឈមមុខនឹង Simon ម្តងទៀត ហើយក៏មិនភ្លេចក្រឡេកទៅមើល Chisun និង Annto ដែលមានស្នាមបែកនិងជាំលើមុខមិនតិចកន្លែង ពួកគេច្បាស់ជាទៅវាយតប់គ្នាមិនខាន។
       « ឯងចង់និយាយអី? »
       « ឯងកំពុងកាន់ដៃបងធំ Spycho មិនដឹងខ្លួនទេអ្ហេស? » Simon ញញឹមចុងមាត់ចំណែកដៃលូកទៅទាញបេះដៃ Tae ចេញពី Jungkook តែគេមិនព្រមលែង។
       « Simon ឈប់លេងទៅ វាមិនកំប្លែងទេ » Tae ប្រើដៃម្ខាងទៀតវាសដៃ Simon ចេញ ចំណែក Jungkook ឈរស្ងៀមមិនតបតអ្វី។
       « Tae ឯងល្មមឈប់ល្ងង់បានហើយ វាមិនមែន Jeon Jungkook ល្ងីល្ងើដូចដែលឯងមើលឃើញទេ យប់មិញវាស្ទើរតែសម្លាប់យើង Chisun និង Annto ទៅហើយ- »
       « ឈប់ទៅ Simon កុំព្យាយាមបំបែកពួកយើងទៀតអី »
       « យើងប្រាប់ថាវាជា K- »
       « Jeon Jungkook គេជា Jungkook កំពុងឈរនៅទីនេះហើយ ឯងមិនឃើញទេអ្ហេស? ក្មេងដូចជាគេម៉េចនឹងអាចជាប្រុសម្នាក់នោះ ប្រុសម្នាក់នោះក៏គ្មានហេតុផលមកធ្វើល្អដាក់យើងដែរ »
       រាងតូចក្តាប់ដៃណែនស្ទើរស្រក់ឈាម ហេតុអីមនុស្សដែលគេទុកចិត្តបំផុតបែរជាព្យាយាមបំបែកគេចេញពីមនុស្សដែលគេស្រឡាញ់ទៅវិញ? គេតែងតែគិតរហូតក្នុងពេលកន្លងមកថា Simon Chisun និង Annto ជាមិត្តភក្តិដែលគេមិនអាចខ្វះបាន តែពួកគេបែរជាយករឿងល្ងីល្ងើឥតដើមទងបែបនេះមកធ្វើជាលេសបោកប្រាស់ឱ្យគេស្អប់ Jungkook វាដូចជាកាន់តែជ្រុលពេកហើយ។
       « Tae ឯងកំពុងត្រូវវាបោកប្រាស់ហើយ » Chisun ឧទានឡើងពេលឃើញ Simon ស្ងាត់មាត់
       « បោកប្រាស់ឬអត់ជារឿងរបស់យើង យើងប្រាប់ហើយថាពួកឯងគ្មានសិទ្ធិលូកដៃទេ »
       « តែឯងនឹងស្តាយក្រោយដែលនិយាយបែបនេះ » Annto ស្រែកគំហកហើយងាកទៅរក Jungkook « Jungkook ឯងឆាប់និយាយទៅថាឯងជា K មុខរបស់ឯងរបួសដោយសារវាយជាមួយ Simon ហើយឯងថែមទាំងនិយាយមើលងាយ Tae ទៀតផង »
       « ខ្ញុំអត់មានទេ ខ្ញុំអាចជា K ម្នាក់នោះបានយ៉ាងម៉េច? ខ្ញុំមិនទាំងដឹងថា K ជានរណាផង » អ្នកដែលស្ងាត់មាត់មួយថ្ងៃហើយក៏ចាប់និយាយពេលដែលឃើញឱកាសមកដល់។
       « ឯងនិយាយឬមិននិយាយ? » Annto ហក់ទៅទាញកអាវបម្រុងវាយ Jungkook ទើប Jungkook ចាក់បណ្ដោយដោយលើកដៃរងមិនតបត។
       « ខ្ញុំមិនដឹងពិតមែន! »
       « ឯងកុហក អាចោលម្សៀត! »
       « បានហើយ! ល្មមឈប់សម្តែងបានហើយ! » Taehyung ស្រែកគំហកហើយច្រាន Annto ចេញពី Jungkook ធ្វើឱ្យអាល្អិតមុខសត្រូវដួលអុកគូទលើដីទាំងភ្ញាក់ផ្អើល ព្រោះ Tae មិនធ្លាប់ធ្ងន់ដៃដាក់គេបែបនេះពីមុនមកទេ។
       « បើពួកឯងនៅតែនិយាយរឿងឆ្គួតឡប់ទាំងនេះទៀត ថ្ងៃក្រោយមិនចាំបាច់និយាយគ្នាទៀតទេ ពួកឯងគម្រាម Jungkook ថាម៉េចខ្លះ គួរតែដឹងខ្លួនឯងហើយ មិនចាំបាច់ឱ្យយើងនិយាយត្រាប់ម្តងទៀតទេ » រាងតូចស្រែកតឹងសរសៃមុននឹងអូសដៃ Jungkook ដើរចេញខណៈបីនាក់ទៀតនៅស្ងៀមមិននិយាយអ្វី ឬអាចហៅម្យ៉ាងទៀតថានិយាយអ្វីមិនចេញព្រោះមិនដឹងថាកំពុងមានរឿងអ្វីកើតឡើង ទាំងដែលការពីយប់ពួកគេត្រូវ Spycho ព្រួតវាយស្ទើរស្លាប់តែព្រឹកឡើងពួកគេបែរជាក្លាយជាអ្នកខុសទៅវិញ។

#Yiling

You're FAKE [Complete]Where stories live. Discover now