ភាគទី 27 : មនុស្សគ្មានតម្លៃ

2.8K 210 0
                                    


       បន្ទាប់ពីទទួលទានអាហារពេលព្រឹករួចរាល់អស់ហើយគ្រូបន្ទុកថ្នាក់ក៏នាំសិស្សទាំងអស់ទៅជួបអ៊ំមេភូមិដែលគ្រប់គ្រងភូមិតូចមួយនៅជាយភ្នំក្បែរនោះ ដើម្បីយកវិញ្ញាសារដែលខាងសាលាបានផ្ញើទុក។ លោកគ្រូបញ្ជាឱ្យគ្រប់គ្នាអង្គុយជាជួរៗជិតដៃគូរួមតង់យ៉ាងមានសណ្តាប់ធ្នាប់និងស្ងប់ស្ងាត់មុននឹងអ៊ំមេភូមិចាប់ផ្តើមនិយាយ។
       « សួស្តីក្មេងៗ »
       « សួស្តី!! » គ្រប់គ្នាស្រែកខ្លាំងៗតបទៅអ៊ំប្រុសមេភូមិជាការគួរសម។
       « ខ្ញុំជាមេភូមិនៅទីនេះ គ្រប់គ្នាអាចហៅថាអ៊ំមេភូមិបានណា៎ »
       « បាទ/ចា៎ »
       បន្ទាប់ពីណែនាំខ្លួនរួចហើយទើបចាប់ផ្តើមនិយាយពីអ្វីដែលគ្រប់គ្នាត្រូវធ្វើដើម្បីបំពេញបេសកកម្មមួយនេះ។ អ៊ំមេភូមិចែកក្រដាសដែលមានរូបរុក្ខជាតិកម្រម្យ៉ាងឱ្យសិស្សទាំងអស់គ្នា បើមើលឱ្យច្បាស់វាមានរូបរាងដូចជាដើមថ្នាំបុរាណ។
       « កាលពីសប្តាហ៍មុនលោកនាយកសាលាបធ្វើដំណើរមកទីនេះដោយផ្ទាល់ព្រមទាំងប្រគល់រូបភាពទាំងនេះឱ្យមកខ្ញុំ ដូចដែលគ្រប់គ្នាបានឃើញនៅក្នុងក្រដាសហើយ វាជាដើមថ្នាំបំបាត់ការឈឺចាប់ពីបុរាណ ដើមនេះប្រភេទនេះគឺកម្រមាននៅលើដីទំនាបខ្លាំងណាស់ តែនៅលើភ្នំប្រហែលជាមានខ្លះៗ ដូច្នេះបេសកម្មដំបូងគឺត្រូវបេះថ្នាំដូចក្នុងរូបម្នាក់មួយក្តាប់ដៃ តែត្រូវប្រយ័ត្នកុំដើរបែកពីហ្វូងទៅតែម្នាក់ឯងឱ្យសោះ ជៀសវាងមានគ្រោះថ្នាក់ បើចំពោះផ្លូវគឺងាយចំណាំខ្លាំងណាស់ ខ្ញុំជឿថាគ្រប់គ្នានឹងមិនវង្វេងនោះទេ! » អ៊ំមេភូមិរៀបរាប់រួចហើយទើបលោកគ្របន្ទុកថ្នាក់ចូលមកនិយាយម្តង។
       « ពួកយើងនឹងយកពិន្ទុពីបេសកកម្មនេះបូកចូលជាមួយពិន្ទុប្រឡង ដូច្នេះមុនម៉ោង 5ល្ងាចទោះបានដើមថ្នាំឬមិនបានក៏ដោយ គ្រប់គ្នាត្រូវត្រឡប់មកដល់ត្រង់នេះ បើនរណាបានដើមថ្នាំហើយតែយឺតពេលឬមកទាន់ពេលតែមិនបានថ្នាំនឹងមិនទទួលបានពិន្ទុនោះទេ »
       លោកគ្រូលើកក្រដាសរាយលេខរៀងឈ្មោះបង្ហាញធ្វើឱ្យគ្រប់គ្នាហាក់មានកម្លាំងកំហែងឡើងមួយកម្រិតទៀតព្រោះមិនបានចំណាយកម្លាំងឥតប្រយោជន៍។
       « បាទ/ចា៎ លោកគ្រូ »
       « ល្អ! បើត្រៀមខ្លួនរួចរាល់ហើយ នាំគ្នាទៅយកកន្ត្រកស្ពាយម្នាក់មួយទៅ អាហារពេលថ្ងៃត្រង់រៀបចំដាក់រួចហើយ » (កន្ត្រកស្ពាយ=កាផារបស់ជនជាតិភាគតិច)
       « ទៅហើយៗ »
      
       Jungkook ដើរនាំមុខឡើងទៅលើភ្នំដោយមានកាផាស្ពាយជាប់ខ្នង តាមដោយ Taehyung ដែលមាន Simon ដើរតាមជាប់កកិតចំណែក Kyosuke ដើរយឺតៗតាមពីក្រោយដូចគ្នា។
       មិនយូរប៉ុន្មានកម្លោះទាំងបួនក៏ឡើងមកដល់កន្លែងដែលអ្នកនៅជាយភ្នំប្រាប់ថាសម្បូរដើមថ្នាំដែលអ៊ំមេភូមិឱ្យបេះ។ តែមើលទៅផ្លូវដូចជាមិនសូវស្រួលប៉ុន្មាននោះទេ ថ្មភ្នំរាងជម្រាលឡើងលើ បើចុះមិនប្រយ័ត្នច្បាស់ជារអិលធ្លាក់មិនខាន។
       « ខ្ញុំថាយើងសម្រាកញ៉ាំបាយសិនទៅ គ្រប់គ្នាហត់ហើយ » Jungkook អង្គុយចុះលើថ្មមួយដុំក្បែរនោះព្រមទាំងងាកមកប្រាប់បីនាក់ទៀតដែលឈរពីក្រោយ។
       « បើឯងមិនប្រាប់ក៏យើងដឹងដែរ! »
       Simon ឆ្លៀតបន្ទរពីក្រោយតាមទម្លាប់ឌឺដងធ្វើឱ្យ Jungkook ងាកមកមើលមុខ ហើយក៏ប្រទាក់ភ្នែកសម្លឹងមុខគ្នាទៅមកមួយសន្ទុះ តែ Taehyung ដឹងស្ថានការណ៍ទើបប្រញាប់និយាយបង្វែរ។
       « អេ... Simon ហេតុអីថ្ងៃនេះមិនពាក់វ៉ែនតា? ភ្នែកឯងមិនអីទេអ្ហេស? »
       « ភ្នែកយើង...? » Simon លើកដៃប៉ះត្របកភ្នែកខ្លួន៉ងហើយងាកទៅមើលមុខ Kyosuke ដែលអង្គុយនៅម្ខាងដៃបែកញើសសស្រាក់ជោគខ្លួន បបូរមាត់ឡើងស្លេកដូចគ្មានឈាមតែបែរជាគ្មាននរណាចាប់អារម្មណ៍ដឹង។
       « យើងគ្រាន់តែព្រិលភ្នែកហើយត្រូវការវ៉ែនតាពេលសម្លឹងរបស់តូចៗប៉ុណ្ណោះ ពេលមិនសំខាន់បែបនេះយើងប្រើឡែនភ្នែកជំនួសបានព្រោះវ៉ែនតាបែកកញ្ចក់ហើយ » Simon និយាយបម្រើលូកយកកន្សែងដៃតូចមួយពីក្នុងហោប៉ៅអាវចេញមកបណ្តើរ។
       « ឯងពាក់ឡែនអ្ហេស? ភ្នែករបស់ឯងធម្មតាពណ៌ខ្មៅស្អាតណាស់ ពេលនេះពាក់ឡែនពណ៌ខ្មៅទៀតទើបយើងមើលមិនដឹង »
       « ពិតមែនអ្ហេស? ហត់ខ្លាំងទេ? » Simon យកកន្សែងដៃពណ៌សបម្រុងជូតមុខឱ្យ Tae តែត្រូវគេចាប់ដៃជាប់។
       « យើងមានហើយ... » Taehyung លើកកន្សែងដៃរបស់ខ្លួនបង្ហាញហើយងាកទៅមើល Jungkook ។ Jungkook ក៏មានកន្សែងផ្ទាល់ខ្លួនរួចទៅហើយដែរ។
       « ឱ្យទៅ Riv ទៅ គេបែកញើសជោគអាវអស់ហើយ! »
       រាងតូចនិយាយប្រាប់មិត្តភក្តិត្រង់ៗល្មមអាចស្តាប់លឺទាំងអស់គ្នា។ ចំណែក Kyosuke ក៏ងើបមុខមើល Simon ដែលកំពុងប្រើកែវភ្នែកសម្លឹងមកគេប្រៀបដូចគេមិនស្មើនឹងបំណែកសម្រាមស្អុយរលួយផង។
       « បាន! Riv ខ្ញុំឱ្យ! »
       ទឹកមុខដែលធ្លាប់តែស្មើធេងដូចផ្ទៃទឹករបស់ Simon ក៏ប្រែជាញញឹមឡើងមកយ៉ាងចម្លែកខណៈហុចកូនកន្សែងពណ៌សនោះឱ្យអ្នកម្ខាងទៀត។
       « អរ-អរគុណ..! » Kyosuke លើកដៃទទួលកន្សែងពីដៃ Simon តែមិនទាន់នឹងបានប៉ះដល់ដៃផង កន្សែងក៏ធ្លាក់ពីដៃ Simon ទៅលើដីមួយរំពេច ប្រៀបដូចគេមានចេតនាធ្វើឱ្យធ្លាក់មិនមែនគ្រាន់តែចៃដន្យ។
       « អ៎ុះ ខ្ញុំរបូតដៃ! » Simon ធ្វើជាភ្ញាក់ផ្អើលហើយក្រោកទៅរើសតែក៏ទម្លាក់ជើងជាន់ពីលើកន្សែងតូចនោះម្តងទៀត ធ្វើឱ្យវាកាន់តែកខ្វក់ខ្លាំងឡើង។
       « ប្រឡាក់អស់ហើយ នៅចង់បានទៀតទេ? » រាងក្រាស់សើចញឹមៗព្រមទាំងលើកកន្សែងប្រឡាក់ដីបង្ហាញ Kyosuke ។
       « មិនអីទេ! »
       អ្នកដែលអង្គុយដង្ហក់ដង្ហើមមិនទាន់បាត់លើកដៃជូតញើសពីក្រោមថ្គាមនិងចង្ការយឺតៗទាំងមិនហ៊ានមើលមុខ Simon ។ មុននេះគេដឹងថា Simon មានចេតនាធ្វើឱ្យកន្សែងធ្លាក់ហើយជាន់ញីថែមរហូតប្រឡាក់ព្រោះមិនចង់ឱ្យគេប្រើកន្សែងមួយនោះ។ Simon ស្អប់គេដល់ម្លឹងអ្ហេស?
       « Simon ឯងឆ្គួតមែនទេ? កន្សែងប្រឡាក់ហើយយកទៅជូតមុខយ៉ាងម៉េច? ឆាប់មកញ៉ាំបាយមក » Taehyung បន្ទោសមិត្តភក្តិទើបគេត្រឡប់មកញ៉ាំបាយតាមសម្តី Tae ។
       « Riv យករបស់ខ្ញុំទៅ! » Jungkook លូកហោប៉ៅយកកូនកន្សែងមួយទៀតហុចឱ្យ Kyosuke ដោយបែរខ្នងដាក់ Taehyung និង Simon ។
       « អរគុណ! » រាងតូចទទួលយកកន្សែងតែបែរជាចាប់អារម្មណ៍ថាក្នុងកន្សែងមានញាត់អ្វីម្យ៉ាង ក៏ប្រញាប់បើកមើល។
       « ??? » Kyosuke លើកកាំបិតចុចដែល Jungkook មូរនឹងកូនកន្សែងនោះមកមើលទាំងទឹកមុខល្ងឺល្ងើ។
       « បើវាហ៊ានធ្វើអីឯង កាត់វាជាកំណាត់ៗទៅ »
       Jungkook និយាយហើយដើរចេញទៅបាត់ទុកឱ្យ Kyosuke អង្គុយក្តាប់កាំបិតមួយនោះគិតម្នាក់ឯង។ គេក៏ចង់រឹងមាំបែបនោះដែរ តែដូចដែលធ្លាប់ឃើញរួចមកហើយ គេគ្មានសមត្ថភាពធ្វើរឿងទាំងនេះនោះទេ។
      
       បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយកម្លោះទាំងបួនក៏ចាប់ផ្តើមដើររកដើមថ្នាំរៀងៗខ្លួន តែនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេព្រោះខ្លាចវង្វេង។ Jungkook ដើរឆ្កឹះៗមើលតាមប្រឡោះរូងថ្មតាមជម្រាលភ្នំ តែទោះរកយ៉ាងណាក៏មិនប្រទះសូម្បីបន្តិច។
       « Tae យើងរកឃើញហើយ មានច្រើនណាស់! » Simon ដើរចូលមកជាមួយដើមថ្នាំក្នុងដៃលើកបង្ហាញ Taehyung ។
       « ឯងភ្នែកមុតពិតមែន Simon »
       « បានហើយឡើងមកវិញមក ខ្ញុំបេះមកពីរក្តាប់ដៃសម្រាប់យើងទាំងពីរវាច្រើនណាស់ហើយ »
       រាងក្រាស់ដោះកាផាពីលើស្មាហើយយកដើមថ្នាំដាក់ចូលកាផាខ្លួនឯងមួយបាច់និងកាផារបស់ Taehyung មួយបាច់ខណៈម្ចាស់ខ្លួនកំពុងប្រតោងជាប់នឹងដុំថ្មនិងដើមឈើតូចៗនៅចំរាកភ្នំចោតចុះទៅក្រោមគួរឱ្យញញើត។
       « Riv ឯងទៅបេះនៅកន្លែង Simon បេះទៅនឹងអាលបានទៅវិញទាំងអស់គ្នា »
       « មិ-មិនអីទេខ្ញុំរកកន្លែងផ្សេងទៀតបាន បើឯងរកបានហើយចង់ទៅវិញមុនក៏បាន! » Kyosuke ឈរក្បែរ Taehyung ខណៈគេតោងឡើងទៅលើដោយមាន Simon លូកដៃមកឱ្យ Tae ចាប់ជាជំនួយ។
       « មកជាមួយគ្នាទៅវិញជាមួយគ្នា Jungkook ឆាប់ទៅបេះដែរទៅ! »
       Tae ងាកទៅមើល Jungkook ដែរឈរនៅម្ខាងតែមិនប្រយ័ត្នស្រាប់តែរអិលជើងធ្លាក់ចុះក្រោមបុកនឹង Kyosuke ធ្វើឱ្យផ្ងារក្រោយបម្រុងធ្លាក់តាមជម្រាលភ្នំទាំងពីរនាក់ តែ Simon ក៏ស្រវាចាប់បានដៃអ្នកដែលធ្លាក់ម្នាក់ម្ខាងជាប់ទាំងផាត់ផើយ។
       « អ៊ាកក៎ »
       Simon ប្រឹងចាប់ខណៈគេប្រើជើងទាក់នឹងដើមឈើដើម្បីទប់ខ្លួន ដូច្នេះទើបអាចឱ្យដៃ Taehyung និង Kyosuke ចាប់ម្ខាងម្នាក់ តែបើបន្តបែបនេះ គេមិនអាចទាញនរណាម្នាក់ឡើងមកបានទេតែអាចនឹងធ្លាក់ចុះទាំងបីនាក់ទៀតផង។
       « Simon!!! » Tae ងើយមើលមុខមិត្តភក្តិដែលប្រើកម្លាំងរហូតដល់ស្រក់ញើសតាមជើងសក់។
       « ខ្ញុំ..នឹងលែងដៃម្ខាង! » Simon និយាយដាច់ៗព្រមទាំងសម្លឹងមុខ Kyosuke ។
       « អត់ទេ Simon.... កុំលែងដៃខ្ញុំអី... ឯងចង់ធ្វើបែបណាដាក់ខ្ញុំក៏បានតែខ្ញុំខ្លាចខ្ពស់... សូមអង្វរកុំអី »
       Kyosuke ព្យាយាមអង្វរទាំងទឹកភ្នែកហូរតាមកន្ទុយភ្នែក។ គេមិនទាំងហ៊ានសម្លឹងចុះក្រោមផង បើធ្លាក់ចុះទៅ មិនមែនស្លាប់ដោយសារបោកក្បាលនឹងថ្មទេ តែស្លាប់ដោយសារគាំងបេះដូងច្រើនជាង។
       « អញ្ចឹងឯងចង់ឱ្យខ្ញុំលែងដៃ Tae អ្ហេស? »
       « ខ្ញុំសុំអង្វរ Si-... SIMON!!! » Kyosuke ស្រែកខ្លាំងៗនិងស្រវាចាប់ដៃ Simon តែ Simon បានព្រលែងដៃទៅហើយ។
       « Riv!!! » Tae និង Jungkook ស្រែកព្រមគ្នា។ Jungkook រត់មកចាប់ដៃ Kyosuke បន្តពី Simon តែមិនទាន់ពេលព្រោះគេធ្លាក់ចុះទៅហើយ។
       Kyosuke សម្លឹងមើលមុខ Simon ដែលនៅតែរក្សាទឹកមុខស្មើធេងដដែល។ តើធ្លាក់ចុះទៅត្រូវស្លាប់មែនទេ? បើជាមិត្តភក្តិនឹងគ្នាតាំងពីក្មេងហេតុអី Simon ដាច់ចិត្តបណ្តោយឱ្យគេស្លាប់? មែនហើយ! គេមិនគួរឆ្ងល់នឹងសំណួរល្ងីល្ងើទាំងនេះនោះទេ។ Simon ស្រឡាញ់ Taehyung ខ្លាំងណាស់ គេគួរតែដឹងថាទោះដឹងថាត្រូវលះបង់ជីវិតគេក៏ Simon នៅតែជ្រើសយក Taehyung ដែរ ព្រោះគេក្នុងចិត្ត Simon មិនស្មើនឹងបំណែកសម្រាមតាមចិញ្ចើមផ្លូវផង។

You're FAKE [Complete]Where stories live. Discover now