ព្រឹកព្រលឹមថ្ងៃថ្មីនៃទឹកដីខេត្តបាត់ដំបង ស្រស់ស្រីប្រាថ្នាកំពុងអង្គុយនៅយ៉មុខផ្ទះដែលមានតុធំមួយនិងកៅអីជុំវិញដល់ទៅបួន។ ជាយ៉តភ្ជាប់ពីផ្ទះលយមកខាងមុខងាយស្រួលសម្រាប់អង្គុយលំហែមើលទេសភាពសួនផ្កាដែលនៅមុខផ្ទះយ៉ាងត្រជាក់ភ្នែក។ ទេសភាពបៃតងខ្ចីគួបផ្សំនិងសម្លេងតន្ត្រីធម្មជាតិប្រគុំដោយបក្សាបក្សីជាច្រើនហ្វូងធ្វើឱ្យអារម្មណ៍ស្រីក្រមុំរូបល្អកាន់តែអណ្ដែតអណ្ដូងលន្លង់លន្លោច ប្រាថ្នាទាញពែងតូចមួយក្បែរដៃមកស្រង់ក្លិនឈ្ងុយស្រទន់របស់តែ មុននឹងក្រេបតិចៗ។
«តែពេលព្រឹកជាមួយនឹងចិត្តដែលវិលវល់ ខ្វល់នាំអំពល់ឥតមានស្រាន្ត មិនដឹង ពេលណាទើបរុញច្រាន ទុក្ខអស់ពីប្រាណឈប់គិតច្រើន។ ផ្សែងអ័ព្ទពីពែងតែនៅអាចឃើញច្បាស់ តែក៏ឆាប់ផ្លាស់រហ័សបាត់លឿន ចុះម្ដេចទុក្ខមនុស្សចេះតែកើន មិនព្រមថមថយខ្លះដូច្នោះ?»
ប្រាថ្នាទម្លាក់ប៊ិកចុះពេលដឹងខ្លួនថាកំពុងសរសេរពាក្យពេចន៍ដែលមិនសមជាគំនិតរបស់ខ្លួន ព្រោះនាងមិនធ្លាប់គិតនិងសរសេរសំណេរណាមួយដែលហាក់ដូចជាចូលតួកំសត់ខ្លួននោះឡើយ។ នាងពោលរអ៊ូដាក់ខ្លួនឯងតិចៗ៖
«ប្រាថ្នាអើយប្រាថ្នា! នេះឯងកើតអីហ្នឹង? ម៉េចចេះ Drama អ៊ីចឹង?»
នាងទាញពែងតែមកក្រេបម្ដងទៀត បន្ថូរដង្ហើមខ្យល់តានតឹងចេញពីខ្លួន បន្ទាប់មកក៏ក្រោកឡើងរួចដើរចូលទៅក្នុងផ្ទះវិញ។ ជាន់ទីពីរដែលជាផ្ទះឈើនៅខាងលើនេះមានបន្ទប់ពីរមួយជាបន្ទប់ដែលប្រាថ្នាស្នាក់ មួយទៀតជាបន្ទប់ដាក់សៀវភៅ និងសម្ភារៈទាំងអម្បាលមានរបស់លោកតានាងព្រោះតាមដឹងមកថាជីតាប្រាថ្នាជាមនុស្សពូកែសន្សំវត្ថុកម្របែបបុរាណណាស់។ នៅជាន់លើនេះក៏មានរានហាលដែលដាក់តុតូចមួយនិងកៅអីផ្ដៅសម្រាប់អង្គុយលេងមើលទេសភាពជើងភ្នំដែលស្ថិតជិតនេះផងដែរ។
ប្រាថ្នាដើរសំដៅបន្ទប់ដាក់សៀវភៅរុញទ្វារចូលយឺតៗ រូបភាពបន្ទប់ប្រឌិតឡើងក្នុងកែវភ្នែកអ្នកនិពន្ធរូបល្អសៀវភៅរាប់រយក្បាលតម្រៀបជាជួរលើទូខ្ពស់ហួសក្បាលស្រីក្រមុំទៅទៀត។ នាងមិនធ្លាប់ដឹងសោះថាលោកតារបស់នាងមិនត្រឹមមានបណ្ណាគារជាអាជីវកម្មប្រចាំថ្ងៃតែក៏មានបណ្ណាគារផ្ទាល់ខ្លួននៅក្នុងផ្ទះថែមទៀត ម្យ៉ាងកាលជីតានាងនៅមានជីវិតគាត់មិនអនុញ្ញាតឱ្យនរណាចូលមកបន្ទប់នេះផ្ដេសផ្ដាសឡើយក្រៅអំពីគាត់ជាម្ចាស់។ លោកតារបស់ប្រាថ្នាមានឈ្មោះថា អក្ខរា ដើមឡើយគាត់រស់នៅភ្នំពេញបំពេញមុខរបរតជំនាន់នោះ ប៉ុន្តែក្រោយពីលោកបានរៀបការនិងលោកយាយរបស់នាងឈ្មោះថា វតី គាត់ក៏ប្ដូរមករស់នៅជាមួយប្រពន្ធនិងចុះឡើងទៅមកពីក្រុងភ្នំពេញមកបាត់ដំបង លុះដល់ពេលកូនស្រីតែម្នាក់របស់គាត់ដែលត្រូវជាម្ដាយប្រាថ្នារៀបការមានគ្រួសារទើបកាន់កាប់មុខជំនួញបន្តពីលោកតាអក្ខរានៅទីក្រុង។
CITEȘTI
Ghost writer - អ្នកនិពន្ធខ្មោច
Fanfictionពិដោរ ប្រាថ្នា គឺជាអ្នកនិពន្ធវ័យ២៥ឆ្នាំម្នាក់ដែលទទួលបានភាពជោគជ័យទាំងវ័យក្មេង។ នាងបានទៅសម្រាកលំហែកម្សាន្តនៅខេត្តបាត់ដំបងដែលជាស្រុកកំណើតម៉ាក់របស់នាង ហើយស្នាក់នៅផ្ទះជីតារបស់នាង។ នាងស្រាប់តែបានចួបនឹងបុរសចម្លែកម្នាក់ដែលបង្ហាញខ្លួនឱ្យនាងឃើញនៅក្នុងបន្ទប់ដា...
