ថ្ងៃថ្មីនៃថ្ងៃសម្រាកពីការងាររបស់លិប្សា កញ្ញាយើងគ្រងអាវពណ៌សដៃខ្លីស៊កចូលជាមួយសំពត់ប្រភេទភ្លីសេ (Plissées) មានភ្លីរង្វើលធំៗពណ៌គគីរសម្រុងត្រឹមកំភួនជើង។ នាងចងសក់ឡើងខ្ពស់ជាមួយខ្សែក្រណាត់ក្រឡាពណ៌ក្រហមលាយសចេញជាបូណឺ លើកសម្រស់នាងឱ្យកាន់តែស្អាតទ្វេដង។ នាងដើរសំដៅចូលហាងសៀវភៅរបស់រេណូដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់នាង។
ឮសម្លេងសម្រឹបជើង ភ្ញៀវដើរចូលហាង អ្នកជាម្ចាស់និយាយរាក់ទាក់ទាំងខ្លួននៅឈរបែរខ្នងកំពុងរៀប សៀវភៅនៅឡើយ:
«សួរស្ដី!»
«សួរស្ដី!» លិប្សាតប រេណូបែរងាកមកមើលបន្តិច ប៉ុន្តែព្រោះនៅជាប់ដៃគេស្ដីប្រាប់ទៅនាងល្អ៖
«មានការអីអ្ហេះ? អ្នកនាងអង្គុយកៅអីត្រង់នោះសិនទៅ ខ្ញុំបង្ហើយដៃសិន!»
ស្រីស្អាតយើងក៏ដើរទៅជ្រុងដែលមានកៅអីសម្រាប់អង្គុយនោះតាមអ្នកកំលោះម្ចាស់ហាងប្រាប់។ រួចរាល់ការងារហើយប្រុសសង្ហាក៏សសៀរចូលមកអង្គុយកៅអីក្បែរនាងដែរ រេណូធ្វើជាសួរ៖
«ម៉េចក៏អ្នកនាងដឹងថាខ្ញុំនៅទីនេះ?»
មែនហើយលិប្សាភ្លេចខ្លួនឱ្យឈឹងទៅថា រាល់លើកនាងមកទីនេះគឺតែងខ្លួនជាមនុស្សប្រុសមិនមែនជាមនុស្សស្រីបែបនេះទេ។ នាងញញឹមរួចនិយាយកុហកយ៉ាងសម៖
«អ! គឺខ្ញុំសួរយមុនា! អឹ... នេះគឺអាវធំរបស់លោកដែលឱ្យខ្ញុំខ្ចីថ្ងៃមុននោះ!» នាងរុញកញ្ចប់ដែលដាក់អាវធំទៅឱ្យអ្នកកំលោះ ព្រមទាំងបន្តនិយាយ៖
«អរគុណណាស់!»
«បាទ!» កំលោះមុខឈើញោចស្នាមញញឹមចុងមាត់ លិប្សាចាប់វាចាបន្ថែម៖
«នៅមានរឿងមួយទៀតដែលខ្ញុំចង់សុំឱ្យលោកជួយ! គឺខ្ញុំចង់ចួបជាមួយម៉ាក់របស់លោក អ្នកស្រីកែវមុន្នីរស្មី! តើលោកអាចជួយនិយាយប្រាប់គាត់ផងបានទេ? ព្រោះខ្ញុំគិតថាមនុស្សគាត់រវល់ណាស់ ច្បាស់ជាមិនងាយនឹងចួបទេ!»
រេណូមើលមកលិប្សាទាំងទឹកមុខពោរពេញដោយចម្ងល់ ហេតុអីនាងចង់ចួបម៉ាក់របស់គេ?
YOU ARE READING
Ghost writer - អ្នកនិពន្ធខ្មោច
Fanfictionពិដោរ ប្រាថ្នា គឺជាអ្នកនិពន្ធវ័យ២៥ឆ្នាំម្នាក់ដែលទទួលបានភាពជោគជ័យទាំងវ័យក្មេង។ នាងបានទៅសម្រាកលំហែកម្សាន្តនៅខេត្តបាត់ដំបងដែលជាស្រុកកំណើតម៉ាក់របស់នាង ហើយស្នាក់នៅផ្ទះជីតារបស់នាង។ នាងស្រាប់តែបានចួបនឹងបុរសចម្លែកម្នាក់ដែលបង្ហាញខ្លួនឱ្យនាងឃើញនៅក្នុងបន្ទប់ដា...
