ថ្ងៃត្រង់ម៉ោង១២ អេលេនត្រឡប់មកអគារផលិតកម្មរបស់ខ្លួន បន្ទាប់ពីទទួលការងារសម្ភាសន៍ភ្លាមៗពីកម្មវិធីដ៏ល្បីល្បាញប្រចាំប្រទេស។ ស្បែកជើងរាបស្មើពណ៌ក្រហមរលោងស្រិល នាំជំហានជើងបោះទៅកាន់បន្ទប់សម្លៀកបំពាក់ ដែលខាងក្នុងបានរៀបចំត្រៀមរួចជាស្រេច។
"ទិវាសួស្តី អ្នកនាងអេលេន! អញ្ជើញអង្គុយនៅទីនេះ ចាំខ្ញុំរៀបចំឲ្យ"
"អរគុណ"
ម្ចាស់កាយស្រឡូនដាក់កាយនៅលើកៅអីទល់មុខនឹងកញ្ចក់សម្អាង ក៏ងាកទាក់ជាប់នឹងរាងកាយខ្ពស់ស្រឡះនៅចុងម្ខាងទៀតកំពុងអង្គុយអន្ទាក់ខ្លា អនុញ្ញាតឲ្យម្សៅតម្លៃខ្ពស់ បង្កើនសម្រស់កាន់តែឥតខ្ចោះជាងមុន។ អារម្មណ៍ដែលចង់មករួសរាយរាក់ទាក់ដូចកាលពីមុន ស្រាប់តែផ្លាស់ប្តូរមួយប៉ព្រិចភ្នែក ហាក់មិនចង់ពាក់ព័ន្ធជាមួយ ចំណែកឯភាគីម្ខាងទៀត ក៏ងាកចេញពីវត្តមាន គេចពីការប្រើប្រាស់ក្រសែភ្នែកដូចគ្នា សាងឲ្យបរិយាកាសនៅបន្ទប់ ហាក់មិនស៊ីចង្វាក់នឹងគ្នា។
"អ្នកនាងមានរឿងអ្វីមែនទេ?"
"គ-គ្មានអ្វីទេ" បបូរមាត់ក្លែបក្រូចស្រដីរដាក់រដុប។
"ធម្មតាអ្នកទាំងពីរតែងតែនិយាយរកគ្នា ប៉ុន្តែមានរឿងអ្វីកើតឡើង?"
"គ្មានអ្វីពិតមែន សូមកុំសួរដេញដោលមកកាន់ខ្ញុំបានដែរឬទេ? ខ្ញុំមិនសប្បាយចិត្តនោះទេ"
ឮប្រយោគបែបនេះ នាងក្រមុំកំពុងកាន់គ្រឿងសម្អាងពេញដៃក៏នៅស្ងៀមស្ងាត់ទៅតាមប្រយោគស្នើសុំ។ បើនៅផ្នែកម្ខាងឯណោះវិញ ស្នាមញញឹមគេតែងតែពាក់ជាប់ស្រស់ឥតទម្លាក់ចេញពីផ្ទៃមុខទេវបុត្រ ហាក់រីករាយនឹងជីវិតគ្មានការជំពាក់ជំពិនជាមួយអ្នកម្ខាងទៀតកំពុងប្រើប្រាស់ទឹកមុខស្មើៗ។
"លោកជេហ្វ! ហេតុអ្វីថ្ងៃនេះមិននិយាយជាមួយអ្នកនាងអេលេន?" យូអ៊ីចោទជាសំណួរ ដោយក្រឡេកទៅមើលនាងក្រមុំឆ្លាស់ជាមួយរាងសង្ហារទៅមក អមទឹកមុខចម្ងល់ផុសឡើងមក។
"អូហ៌! ខ្ញុំនិងគាត់មិនដឹងថាមានរឿងអ្វីត្រូវនិយាយ ម្យ៉ាងទៀតគាត់ហាក់ដូចជាមិនសូវមានពេល ខ្ញុំក៏មិនហា៊នរំខានជាមួយទៅ"
YOU ARE READING
ម្ចាស់ក្សត្រីគំនូសចត្រង្គ
General Fiction"ឯងត្រូវចាំឲ្យពាក្យរបស់យើងឲ្យច្បាស់ យើងមានសិទ្ធបំផ្លាញខ្លួនឯងបាន ប៉ុន្តែយើងមិនអនុញ្ញាតអ្នកខាងក្រៅបំផ្លាញយើងជាដាច់ខាត!"
