"យ៉ាងម៉េចដែរថតរូបបែបនេះ?" ម៉ូណាទាញទូរសព្ទបង្ហាញរូបទៅម្ចាស់តូចច្រឡឹងអើតមើល ខណៈអ្នកទាំងពីរកំពុងដើរចេញពីសាលដែលទទេស្អាតគ្មាននរណាបន្តនៅទៀត។
"ស្អាត! នេះពួកយើងខានថតរូបបែបនេះយូរណាស់មកហើយ"
"យើងចាំកាលនោះ ថតសឹងមិនទាន់ចាប់ជាប់ផង ប៉ុន្តែមកដល់ពេលនេះ ថតដូចរូបនៅក្នុងPinterestអញ្ចឹង ពួកយើងស្អាតខ្លាំងណាស់!!"
"មានអារម្មណ៍ថាមកគាំទ្រសង្សារខ្លួនឯងសម្តែងរឿងថ្មី ច្រើនជាងទៅមើលកុន" ម៉ូណាបន្លឺប្រយោគលេងសើច។
"គិតអញ្ចឹងដែរ តែ...អ្ហេ៎! ទៅបន្ទប់ទឹកសិន យើងឈឺនោមទាំងពីនៅក្នុងកុនមកម្ល៉េះ!" ប្រអប់ដៃស្រឡូនទះលើដើមដៃនាងតូចតិចៗ។
"យើងក៏ត្រូវទៅជាមួយឯងដែរ!"
ស្រីក្រមុំទាំងពីរដើរបង្វែរទិសទៅកាន់បន្ទប់ទឹកក្បែរនោះ រៀបចំខ្លួនទៅតាមឥរិយាបថរៀងៗខ្លួន។ បន្ទាប់ពីនោះ ម៉ូណាចាកចេញមកកាន់ថាសលាងដៃស្រឡូន មុននឹងសម្លឹងមើលចំណាំងផ្លាតរបស់ខ្លួនឯងនឹងកញ្ចក់រាងពងក្រពើ ទម្លុះមកដល់កែវភ្នែកខ្លួនឯង ជាមួយគំនិតរាប់លានជំពូកចាក់ស្រេះក្នុងខួរក្បាល។
"ម៉ូណា!"
សម្លេងស្រួយស្រេះកាត់ចង្វាក់រូបារម្មណ៍នៅក្នុងខ្លួន សាងឲ្យរាងតូចជាម្ចាស់ឈ្មោះងាកមករក អមនឹងស្នាមញញឹមឡើងមក។
"ភ្លឹកទៅដល់ណា? គិតនឹកដល់សាច់រឿងមែនទេ?"
"ហ្នឹង...ហ្នឹងហើយ រឿងល្អមើលបែបនេះ យើងដល់ថ្នាក់ស្លុងទៅហើយ" បបូរមាត់ក្លែបក្រូចស្រដីតបត បន្លប់មិនឲ្យចាក់ចូលប្រធានបទដែលខ្លួនកំពុងចងជាប់។
"រឿងល្អបែបនេះ បើមិនបានពានរង្វាន់អូស្ការទេ មានន័យថាពួកគេមានរសនិយមអន់ហើយ" ឮបែបនេះនាងក៏អស់សំណើច។
"ហាសហា៎! យើងយល់ស្របគំនិតរបស់លូនែរី មើលចុះសន្ទុះនៃការគាំទ្រច្រើនណាស់ សូម្បីតែកៅអីកក់ក៏សឹងតែរកទំនេរមិនចង់ឃើញដែរ" បញ្ចប់ប្រយោគ ម៉ូណាទាញក្រែមមកលាបលម្អបបូរមាត់ មុននឹងទាញទូរសព្ទមកថតស៊ែលហ្វីពីរនាក់នឹងស្រីក្រមុំ មុននឹងដើរចេញទៅ។
YOU ARE READING
ម្ចាស់ក្សត្រីគំនូសចត្រង្គ
General Fiction"ឯងត្រូវចាំឲ្យពាក្យរបស់យើងឲ្យច្បាស់ យើងមានសិទ្ធបំផ្លាញខ្លួនឯងបាន ប៉ុន្តែយើងមិនអនុញ្ញាតអ្នកខាងក្រៅបំផ្លាញយើងជាដាច់ខាត!"
