វត្តមានរាងកាយតូចច្រឡឹងស្ថិតក្នុងអាវដៃខ្លី សំពត់សកៅស៊ូវែងបាំងស្បែកជើងកែងក្រវ៉ាត់ក្រហម ទម្លាក់សក់សេះពណ៌ខ្មៅរលោងប្រាស្មា ស្ពាយកាតាបមួយចំហៀងពណ៌ខ្មៅពោរពេញទៅដោយបន្តោងរូបតុក្កតាតូចៗប្លែកពីគ្នាគួរឲ្យស្រឡាញ់ ឈរនៅនឹងមុខដោយគ្មានការព្រមព្រៀងទុក សាងឲ្យម៉ូណាលាន់មាត់ដោយភ្ញាក់ផ្អើល។
"ម៉ូណា?...អឹប!"
ដោយភាពនឹករលឹកអស់ពេលជាយូរណាស់មកហើយ អ្នកជាប្អូនក៏ស្ទុះឱបក្រសោបរាងកាយតូចជាងយ៉ាងណែនប្រកបដោយសេចក្តីត្រេកអរហួសពីបរិយាយ។ បើទោះជាអ្នកទាំងពីរមានឋានៈត្រឹមជាសិស្សច្បងនិងសិស្សប្អូនចាប់តាំងពីមហាវិទ្យាល័យ ម៉ូណាតែងតែចាត់ទុកយូអ៉ីជាបងស្រីដ៏ល្អម្នាក់ សម្រាប់ជាទីប្រឹក្សាជិតស្និទ្ធ រីឯនាងវិញតែងតែចាត់ទុកម៉ូណាជាប្អូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ដែលស្តាប់តាមដំបូន្មាន ទើបមិនចម្លែកនោះទេដែលចំណងទំនាក់ទំនងអ្នកទាំងចងរឹតរឹងមាំរហូតមកដល់ពេលនេះ។
"ខ្ញុំនឹកបងខ្លាំងណាស់!!"
"អឺៗ...តែបងថប់ដង្ហើម លែងសិនមក" ម្ចាស់កាយតូចច្រឡឹងសន្សឹមប្រលែងឲ្យមានសេរីភាព ប៉ុន្តែក៏នៅតែរក្សាស្នាមញញឹមរីករាយឥតទម្លាក់ចុះ។
"អ្ហេ៎! មកដល់អាមេរិកតាំងពីពេលណាមក? បាត់មុខយូរណាស់មកហើយ ឃើញIG មិនដែលupdate សូម្បីតែបន្តិច"
"តាំងតែមួយឆ្នាំមកហើយ សុំទោសផងបងដែលមិនបានផ្តល់ដំណឹងទុកជាមុន ដោយសារខ្ញុំឈប់ប្រើប្រាស់IG តែខ្ញុំព្យាយាមឆាតទៅរកតាម telegramបងតើ"
"ហៃយ៉ា! បងភ្លេចឲ្យឈឹងថាaccount telegram របស់បងគឺឈប់ប្រើហើយ អញ្ចឹងយកលេខថ្មីរបស់បងទុកទាក់ទងទៀតចុះ"
ប្រអប់ដៃស្រឡូនចាប់ទាញទូរសព្ទចេញពីកាបូបស្ពាយ ចុចស្វែងរក QR codeឲ្យអ្នកម្ខាងទៀតស្កេនចូលដើម្បីទាក់ទងសាជាថ្មីម្តងទៀត។
"ឃើញហើយបង...និយាយអញ្ចឹងបងមកទីនេះត្រូវការអ្វីដែរ?" ម៉ូណាស្រដីសួររួសរាយទៅតាមតួនាទី។
"អូហ៌...បងចង់ទិញផ្កាឈូករ័ត្នសម្រាប់អំណោយ ឯងជួយណែនាំបន្តិចបានទេ?"
YOU ARE READING
ម្ចាស់ក្សត្រីគំនូសចត្រង្គ
General Fiction"ឯងត្រូវចាំឲ្យពាក្យរបស់យើងឲ្យច្បាស់ យើងមានសិទ្ធបំផ្លាញខ្លួនឯងបាន ប៉ុន្តែយើងមិនអនុញ្ញាតអ្នកខាងក្រៅបំផ្លាញយើងជាដាច់ខាត!"
