"លោកប្រុស! នេះកាហ្វេក្តៅៗបានមកដល់ហើយលោកប្រុស"
"អរគុណ"
កាងដេអង្គុយនៅលើកៅអីទ្រេតខ្លួនទៅខាងក្រោយ ដោយដៃម្ខាងកំពុងកាន់ក្រដាសឯកសារដាមទៅដោយទឹកពណ៌ខ្មៅនោះ រំកិលខិតទៅជិតដើម្បីឈោងចាប់យកពែងប៉ស៊ីឡែនមកក្រេបយកក្លិនឈ្ងុយនៃផ្សែងកាហ្វេសាយភាយពេញច្រមុះ មុននឹងដាក់ចុះ ប្តូរមកចាប់អារម្មណ៍នឹងការងារវិញ។
ក្រឺងៗ!
ទូរសព្ទលើតុពណ៌ត្នោតបានរោទិ៍បន្លឺសម្លេង ដាស់ភាពយកចិត្តទុកដាក់លើអត្ថន័យគ្រប់ចំណុចកិច្ចការគ្មានចន្លោះ ឲ្យផ្លាស់មកចាប់លើកទទួលដោយស្វ័យប្រវត្តិ។
"សួស្តី! នេះជាកាងដេកំពុងនិយាយ"
"សួស្តីលោក! នេះគឺជាជេហ្វកំពុងនិយាយ ខ្ញុំអាចសាកសួរពីពត៌មាននៅទីនេះដែរឬទេលោក?"
"អ្ហា៎! នេះជាអូនជេហ្វតើ មករកបងថ្មើរនេះមានការអ្វីមែនទេ?" បបូរមាត់ស្តើងតបទៅអមនឹងស្នាមញញឹមរំលេចធ្មេញសថ្លានៅពេលឮសម្លេងស្រទន់មនុស្សជាទីស្រឡាញ់រសាត់ចូលត្រចៀកខ្លួន។
"អូនបានចូលរួមកម្មវិធីនៅទីនេះ ប៉ុន្តែដោយសារតែអូនព្រួយបារម្ភអំពីសុវត្ថិភាព អូនចង់ស្នាក់នៅសណ្ឋាគារបងមួយយប់..."
"បងមិនគិតថ្លៃនោះទេជាមួយអូន ចាំតែរៀបចំខ្លួនសម្រាកទៅបានហើយអូនសម្លាញ់"
"បងដេ! នេះអូនមិនដល់ថ្នាក់នេះទេ អូនខ្លាចរំខានការងាររបស់បង ទើបអូនសម្រេចថាមកនិយាយជាមួយបង...ទូទាត់អូនបានតើ..." ជេហ្វធ្វើជាសម្លេងម្ញិកម្ញក់ទៅតាមទម្លាប់ក្នុងន័យលេងសើច សាងឲ្យអ្នកនៅខ្សែទូរសព្ទម្ខាងទៀតបន្លឺអស់សំណើចឡើងមក។
"ហៃយ៉ា! អូនចង់បានអ្វី បងឲ្យគ្រប់យ៉ាងតាមប្រាថ្នា នរណាថារំខានបង? មិនអីទេ បងធានាថាអូននឹងពេញចិត្ត" កាងដេប្រើប្រាស់សម្លេងបង្អូសបន្លឺទៅកាន់អ្នកម្ខាងទៀត។
"អរគុណច្រើនណាស់បងសម្លាញ់"
"មិនចាំបាច់គួរសមទេ ធ្វើខ្លួនសប្បាយៗចុះ សំណាងល្អ"
"បងក៏ដូចគ្នា លាសិនហើយបង"
ប្រព័ន្ធទូរសព្ទបានកាត់ផ្តាច់ កាងដេដកដង្ហើមបន្ធូរបន្តិច ទើបម្រាមដៃវែងៗចាប់យកក្រដាសបន្តអានឯកសារជាថ្មីម្តងទៀត។ បន្តិចក្រោយមក កាងដេចាប់ទាញថតតុ លូកយកប្រអប់តូចមួយឡើងមក។ ដើមបារីមួយដើមពណ៌សហូតយក បានដាក់ផ្នែកកន្ទុយពណ៌ទឹកក្រូចឲ្យបបូរមាត់ពាំ ស្របពេលដែកកេះទឹកប្រាក់ចេញពីហោប៉ៅអុជភ្លើងឲ្យឆេះចេញផ្សែងឆ្មារៗហោះពាសបរិយាកាស។
YOU ARE READING
ម្ចាស់ក្សត្រីគំនូសចត្រង្គ
General Fiction"ឯងត្រូវចាំឲ្យពាក្យរបស់យើងឲ្យច្បាស់ យើងមានសិទ្ធបំផ្លាញខ្លួនឯងបាន ប៉ុន្តែយើងមិនអនុញ្ញាតអ្នកខាងក្រៅបំផ្លាញយើងជាដាច់ខាត!"
