“ ស្វែងរកភស្តុតាង ”
ឆេរ៍រី បានឃើញព័ត៌មានដែលកំពុងវាយប្រហារសហគ្រាសរបស់អ្នកម៉ាក់នាងហើយក៏ប្រញាប់រៀបចំចេញពីមន្ទីរពេទ្យភ្លាម។ ពេលផ្លាស់សម្លៀកបំពាក់រួចចេញពីបន្ទប់ទឹកមកវិញ នាងក៏បានឃើញ ខាលវីន ដែលចេញទៅស្រូបយកខ្យល់អាកាសទាំងព្រឹកត្រឡប់មកវិញ ហើយគេកំពុងតែសម្លឹងមើលនាងដោយងឿងឆ្ងល់ពេលឃើញនាងផ្លាស់មកជាសម្លៀកបំពាក់ធម្មតាវិញ ទើបនាងប្រញាប់ជូនដំណឹងដល់គេ។
« លោកបានឃើញព័ត៌មានហើយមែនទេ? ពេលនេះខ្ញុំត្រូវទៅមើលអ្នកម៉ាក់ លោកអាចនៅម្នាក់ឯងបានមែនទេ? » នាងសួរគេពេលកំពុងតែរៀបចំរបស់ដាក់កាបូបហើយលើកមកស្ពាយ។
«...»
គេងក់ក្បាលតបហើយក៏ដើរទៅគេងនៅលើគ្រែអ្នកជំងឺដូចជាមិនខ្វល់អ្វីសោះ ឆេរ៍រី មើលគេជាលើកចុងក្រោយហើយក៏ប្រញាប់ចេញទៅខាងក្រៅយ៉ាងលឿន។
ក្រោយជិះតាក់ស៊ីអស់ម្ភៃនាទី ទីបំផុតនាងក៏បានមកដល់ផ្ទះរបស់នាង ប៉ុន្តែអ្នកកាសែតនៅមុខផ្ទះរបស់នាងពេញរងចាំសម្ភាសន៍អ្នកម៉ាក់របស់នាងចំពោះការចោទប្រកាន់រឿងសម្ភារះសំណងគ្មានគុណភាព។ ឆេរ៍រី ចុះពីឡានហើយសម្លឹងរកផ្លូវចូលទៅកាន់ផ្ទះរបស់នាងបានដើម្បីគេចពីអ្នកកាសែតទាំងអស់នោះ នាងដឹងថាបើនាងចង់ចូលទៅផ្ទះរបស់នាងបាន នាងត្រូវដែលចូលផ្ទះអ្នកជិតខាងបន្ទាប់មកចេញតាមទ្វាក្រោយផ្ទះអ្នកជិតខាងហើយចូលទៅក្នុងផ្ទះរបស់នាងតាមទ្វាក្រោយ ប៉ុន្តែនាងមិនស្គាល់អ្នកជិតខាងរបស់នាងទេក្រៅពី ខាលវីន។ នាងគួរតែសួរសុំសោផ្ទះពីគេមុនមកទីនេះ មិនគួរមកដៃទទេបែបនេះទេ។
“ អេ! អ្នកណានឹងដូចជាធ្លាប់ស្គាល់ ”
” ពិតមែនហើយ ”
អ្នកសារព័ត៌មានចាប់ផ្តើមងាកមកចាប់អារម្មណ៍នាង ទើបនាងយកមួកមកពាក់ហើយព្យាយាមងាកចេញពីការសម្លឹងរបស់អ្នកសារព័ត៌មាន ប៉ុន្តែនាងកាន់តែគេច គេកាន់តែសង្ស័យ ទើបអ្នកកាសែតទាំងអស់នោះចាប់ផ្តើមដើរចូលមករកនាង។
« អូនសម្លាញ់ហេតុអ្វីនៅមិនចូលផ្ទះទៀត? » មុនពេលដែលអ្នកសារព័ត៌មានចូលមកជិតនាង ស្រាប់តែរាងក្រាស់ដែលពាក់មួកបិទបាំងមុខដូចនាងចូលមកឱបនាងដោយដៃម្ខាងទាញចូលទៅជិតគេ ពេលដែលនាងងើបមុខសម្លឹងមើលក៏បានឃើញថាជា ខាលវីន ដែលពេលនេះគេស្លៀកសម្លៀកបំពាក់ធម្មតា ហើយគេពាក់មួកពណ៌ខ្មៅបន្លំភ្នែកអ្នកសារព័ត៌មានផងដែរ។
« ហេតុអ្វីក៏ចេញពីមន្ទីរពេទ្យ? » នាងខ្សឹបសួរគេទាំងចង់ដឹង។
« កុំទាន់សួរអី ចូលទៅក្នុងផ្ទះសិនទៅ » គេឱនមកជិតនាងខ្សឹបប្រាប់នាងហើយក៏បណ្ដើរនាងសំដៅទៅផ្ទះរបស់គេយ៉ាងលឿន ដែលធ្វើឲ្យអ្នកសារព័ត៌មានលែងចាប់អារម្មណ៍នឹងពួកគេទាំងពីរនាក់ទៀត ព្រោះគិតថាពួកគេជាអ្នកជិតម្ខាងធម្មតា។
YOU ARE READING
មន្តស្នេហ៍កូនក្រមុំជំនួស👰🏻
Romanceតើអ្នកមានសំណាងប៉ុណ្ណាបើនៅសុខៗអ្នកត្រូវបានគេប្រាប់ថាអ្នកនឹងរៀបការជាមួយមនុស្សប្រុសដែលអ្នកលួចមានចិត្តស្រលាញ់តាំងពីក្មេង? ខាលវីន គីម ជាបុរសដែល លី ឆេរ៍រី លួចមានចិត្តស្រលាញ់តាំងពីក្មេង ប៉ុន្តែដោយសារតែក្តីស្រម៉ៃចង់ក្លាយជាតារាម៉ូដែលនិងអ្នកច្នៃម៉ូតឲ្យម៉ាកល្ប...
