“ ជម្លោះក្រុមហ៊ុន ”
រាងស្តើងស្រែកថ្ងូរដោយរំខានពេលពន្លឺព្រះអាទិត្យចាំងប៉ះភ្នែករបស់នាង។ ឆេរ៍រី រហ័សងាកគេចពីពន្លឺថ្ងៃហើយបើកភ្នែកឡើងទាំងមានអារម្មណ៍ឈឺក្បាលខ្លាំងពិបាកទ្រាំ នាងត្រូវដំណើរការខួរក្បាលបន្តិចទើបអាចនឹងឃើញពីមូលហេតុដែលនាំឲ្យនាងឈឺក្បាលនៅព្រឹកនេះ។
« យប់មិញខ្ញុំស្រវឹងមែនទេ? » នាងសួរខ្លួនឯងហើយស្ទុះក្រោកអង្គុយមើលជុំវិញខ្លួន ទើបដឹងថានាងនៅក្នុងបន្ទប់របស់នាង ធ្វើឲ្យនាងដកដង្ហើមធំដោយធូរទ្រូងដែលមិនមានរឿងអ្វីមិនល្អកើតឡើងចំពោះនាង។
« ខ្ញុំមកផ្ទះបានយ៉ាងម៉េច? » នាងលើកដៃក្តាប់សក់ខ្លួនឯងទាញតិចៗដើម្បីបន្ធូរអារម្មណ៍ស្ពឹករបស់ខួរក្បាលដែលមិនចាំអ្វីបានសោះ។
ទីង!
សំឡេងទូរស័ព្ទនៅលើតុធ្វើឲ្យនាងឈោងដៃទៅយកមកមើលសារដែលផ្ញើចូលមកភ្លាម។
“ ភ្ញាក់ហើយឬនៅ? ថ្ងៃក្រោយកុំផឹកច្រើនបែបនោះទៀត ” ម៉ារី។
« ម៉ារី ជាអ្នកយកខ្ញុំមកផ្ទះយប់មិញមែនទេ? » ឆេរ៍រី បញ្ចេញដង្ហើមធូរចិត្តដែលអ្នកទៅយកនាងពីក្លិបគឺជាមិត្តរបស់នាងតែមិនមែនជាអ្នកណាផ្សេង ព្រោះបើជាគេនោះ នាងនឹងខ្មាស់គេទៀតមិនខានទេ ។
“ អរគុណដែលជួយយកខ្ញុំមកផ្ទះ ”
ឆេរ៍រី ផ្ញើសារទៅមិត្តវិញហើយក៏ទម្លាក់ទូរស័ព្ទចុះលើគ្រែរួចក្រោកទៅបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួនចេញ។ ទោះសម្លៀកបំពាក់របស់នាងត្រូវបានផ្លាស់ប្តូរ ក៏នាងនៅតែមានក្លិនដូចស្រា ទើបនាងប្រញាប់ទៅងូតទឹកចេញដើម្បីធ្វើខ្លួនឲ្យស្រស់ស្រាយ។
ពេលដែលងូតទឹកនិងស្លៀកបំពាក់រួចរាល់ នាងក៏ចូលមកក្នុងបន្ទប់គេងវិញជាមួយកន្សែងជូតសក់នៅក្នុងដៃ ដើរទៅកាន់គ្រែគេងឈោងយកទូរស័ព្ទដៃរបស់នាងមកមើលក្រែងមានសារពីមិត្តមកវិញ ប៉ុន្តែមិនមាន ទើបនាងដាក់ទូរស័ព្ទទៅលើតុនៅក្បាលគ្រែវិញ នាងស្រាប់តែប្រទះឃើញកែវទឹកនិងថ្នាំនៅលើតុ ។
« មិត្តរបស់ខ្ញុំពិតជាយកចិត្តទុកដាក់ណាស់ នៅទុកថ្នាំបំបាត់ឈឺក្បាលឲ្យខ្ញុំទៀត » នាងយកថ្នាំមកផឹកហើយប្រញាប់ចុះជណ្ដើរទៅជាន់ខាងក្រោមដើម្បីរកអាហារបំពេញក្រពះ។ ពេលទៅដល់តុអាហារនេះក៏ប្រទះឃើញអាហារនៅលើតុជាស្រេច ហើយម្តងនេះមានក្រដាសសរសេរបិទនៅលើតុ។
“ ស៊ុបត្រូវកម្តៅមុននឹងញុំ ”
« ម៉ារី គឺល្អបំផុត » នាងញញឹមសប្បាយចិត្តហើយក៏យកស៊ុបទៅកម្ដៅ ទោះគ្មានអ្នកណាយកចិត្តទុកដាក់ចំពោះនាង យ៉ាងណាក៏នាងនៅមានមិត្តល្អម្នាក់នេះដែលតែងតែមើលថែនាងគ្រប់យ៉ាង។
ឆេរ៍រី អង្គុយញុំស៊ុបក្តៅៗដែលជួយបន្សាបជាតិស្រវឹងនៅសល់ក្នុងប្រព័ន្ធរបស់នាងយ៉ាងល្អ ទោះបីជាកាលពីម្សិលមិញជីវិតរបស់នាងអាប់អួលបន្តិចមែន ប៉ុន្តែនាងហាក់រីករាយនឹងកាលចាប់ផ្តើមដល់ល្អនៅថ្ងៃថ្មីនេះខ្លាំងណាស់។
ទីងៗ
សំឡេងរោទ៍ពីទូរស័ព្ទ ធ្វើឲ្យ ឆេរ៍រី រហ័សជូតដៃនឹងកន្សែងហើយដកខ្លួនពីកន្លែងលាងចានមកចាប់ទូរស័ព្ទនៅលើតុដាក់ត្រចៀកភ្លាម។
« ម៉ារី អរគុណហើយសម្រាប់អាហារនិងការនាំខ្ញុំមកផ្ទះកាលពីយប់មិញ » ឆេរ៍រី ញញឹមជាប់ផ្ទៃមុខអរគុណមិត្តដែលនៅខ្សែម្ខាងទៀត។
” ឯងនិយាយស្អីនឹង? ស្រវឹងដល់ភ្លេចភ្លាំងអស់ហើយមែនទេ? ដោយសារតែឯងខ្ញុំក្រោកមកធ្វើការយឺតព្រឹកនេះ ” ម៉ារី រអ៊ូរទាំមកតាមទូរស័ព្ទធ្វើឲ្យ ឆេរ៍រី ស្តាប់ទាំងយល់ច្រឡំ។
« យប់មិញឯងជាអ្នកទៅយកចេញពីក្លិបមកផ្ទះមែនទេ? » ឆេរ៍រី លើកចិញ្ចើមសួរមិត្តដោយច្របូកច្របល់ ព្រោះបើមិនមែនមិត្តរបស់នាងដែលទៅយកនាងមកផ្ទះ អញ្ចឹងនាងមកផ្ទះយ៉ាងម៉េចបាន?។
“ ស្តាប់ណា! យប់មិញពេលខ្ញុំទូរស័ព្ទទៅឯង អ្នកដែលលើកទូរស័ព្ទរបស់ឯងគឺជា ខាលវីន ហើយគេបានសុំឲ្យខ្ញុំទៅជួយផ្លាស់សម្លៀកបំពាក់ឲ្យឯង ព្រោះមិនចង់ឲ្យឯងគេងនៅក្នុងសម្លៀកបំពាក់ប្រឡាក់ដោយស្រានោះទេ ខ្ញុំមើលទៅគេយកចិត្តទុកដាក់ចំពោះឯងខ្លាំងណាស់ គេច្បាស់ជាស្រលាញ់ឯងមិនខានទេ ”
នាងអាចស្រម៉ៃឃើញទឹកមុខញញឹមរបស់មិត្តនាងតាមរយះសំឡេងសប្បាយចិត្តដែលមិត្តរបស់នាងបញ្ចេញមកតាមទូរស័ព្ទយ៉ាងច្បាស់ ដែលធ្វើឲ្យនាងចាប់ផ្តើមញញឹមតាមដែរ ហើយក៏ចាប់ផ្តើមស្រម៉ៃមើលរូបភាពដែលគេយកចិត្តទុកដាក់ចំពោះនាងតាមសម្តីមិត្តរបស់នាង ប៉ុន្តែនាងក៏ប្រញាប់ច្រានរូបភាពចោលភ្លាមៗពេលចងចាំពីទង្វើសោះកក្រោះរបស់គេនៅប៉ុន្មានថ្ងៃមកនេះ។
« ឈប់គិតផ្តេសផ្តាស ម៉ារី! » ឆេរ៍រី ស្រែកបញ្ឈប់គំនិតមិត្តរបស់នាងភ្លាមៗ តែដូចជានាងកំពុងតែស្រែកឲ្យគំនិតខ្លួនឯងច្រើនជាង។
“ ខ្ញុំនិយាយពិតមែន កែវភ្នែករបស់គេដែលសម្លឹងមកឯងពេញដោយក្តីបារម្ភ ខ្ញុំឃើញច្បាស់ណាស់ ” ម៉ារី នៅតែទទូចឲ្យនាងព្រមជឿ តែនាងមិនព្រមជឿតាមមិត្តរបស់នាងដែលពូកែសន្និដ្ឋានផ្តេសផ្តាសឡើយ។
« ឈប់និយាយពីគេបានហើយ មកនិយាយពីរឿងខ្ញុំមកផ្ទះដោយរបៀបណាវិញ »
” ខ្ញុំក៏មិនដឹងដែរ តែប្រហែលជាគេទៅយកឯងមកទេដឹង? ព្រោះពេលខ្ញុំទៅដល់ឃើញគេនៅក្នុងបន្ទប់ជាមួយឯង ”
« មិនអាចទេ ខ្ញុំប្រហែលជាបានហៅអ្នកបើកឡានស៊ីឈ្នួលឲ្យជូនមកផ្ទះ » ឆេរ៍រី ព្យាយាមបដិសេធព្រោះនាងមិនអាចជឿទេថាគេជាអ្នកទៅយកនាងមកផ្ទះ ហើយបើគេពិតមែន តើនាងបានធ្វើអ្វីខ្លះយប់មិញ? តើនាងមាននិយាយឬធ្វើទង្វើឆ្កួតៗដាក់គេដែរទេ?។ ឆេរ៍រី លើកដៃជ្រោងហើយខាំបបូរមាត់ខាងក្រោមដោយអារម្មណ៍ខ្មាស់និងភ័យខ្លាចពេលគិតដល់ទង្វើឆ្កួតៗដែលនាងអាចធ្វើដាក់គេបានកាលពីយប់មិញ។
“ ឯងមិនចាំទេ? ”
« អត់ទេ ប៉ុន្តែថ្នាំនិងអាហារនៅផ្ទះនេះឯងមិនមែនជាអ្នករៀបចំទេឬ? » ឆេរ៍រី ខាំក្រចកដៃរងចាំចម្លើយពីមិត្តទាំងភ័យព្រួយ ព្រោះបើតាមនាងស្មានថ្នាំនិងអាហារដែលនាងញុំមុននេះច្បាស់ជារបស់ដែលគេរៀបចំមិនខាន តើនាងបានធ្វើអ្វីខ្លះកាលពីយប់មិញ?។
“ អត់ទេ ខ្ញុំចាកចេញពីផ្ទះឯងតាំងពីផ្លាស់សម្លៀកបំពាក់ឲ្យឯងហើយម្លេះ កុំប្រាប់ថាគេរៀបចំថ្នាំនិងអាហារទុកឲ្យឯងណា? ឃើញទេខ្ញុំប្រាប់ហើយថាគេយកចិត្តទុកដាក់ចំពោះឯង ឆេរ៍រី មានសង្ឃឹមហើយអបអរផង ”
« អបអរស្អីឯងទៅ! ខ្ញុំនៅមិនទាន់ដឹងច្បាស់នៅឡើយថាគេជាអ្នករៀបចំទាំងអស់នេះឬមិនមែនទេ? »
“ ច្បាស់ជាគេហើយព្រោះឯងនៅផ្ទះតែពីរនាក់គេ តើឯងកំពុងខ្លាចអ្វី ឆេរ៍រី ? នេះជាតម្រុយដែលធ្វើឲ្យឯងមានសង្ឃឹមកាន់តែច្រើនហើយ ”
« ខ្ញុំខ្លាច...ខ្ញុំខ្លាចការខកចិត្ត ខ្ញុំមិនចង់មានសង្ឃឹមហើយក៏រលាយបាត់ទៅវិញទេ » ឆេរ៍រី និយាយស្ទើរតែខ្សឹបខ្សៀវ ព្រោះនាងពិតជាភ័យខ្លាចថាត្រូវខកបំណងម្តងទៀតខ្លាំងណាស់។
” រឹងមាំឡើង ឆេរ៍រី ខ្ញុំនៅទីនេះក្បែរឯងជានិច្ច យ៉ាងណាក៏ដោយពេលនេះខ្ញុំត្រូវត្រឡប់ទៅធ្វើការវិញហើយ ចាំនិយាយគ្នាម្តងទៀតពេលក្រោយណា ”
« សំណាងល្អជាមួយការងារ លាហើយ ម៉ារី » ឆេរ៍រី ដាក់ទូរស័ព្ទចុះហើយសម្លឹងមើលក្រដាសដែលនៅលើតុ នាងចាប់យកក្រដាសមកមើលកាន់តែជិតហើយឃើញថាអក្សរដៃរបស់គេពិតជាស្អាត ធ្វើឲ្យនាងញញឹមបន្តិច ប៉ុន្តែក៏ប្រញាប់បញ្ឈប់ខ្លួនឯងភ្លាមៗ។ នាងគ្រាន់តែមិនយល់ថាហេតុអ្វីគេធ្វើបែបនេះ? ពេលខ្លះហាក់ដូចជាផ្អែមណាស់ ហើយពេលខ្លះហាក់ដូចជាល្វីតជូរចត់ខ្លាំងណាស់ នាងស្មានចិត្តគេមិនត្រូវហើយក៏មិនដឹងថាគេកំពុងតែធ្វើដាក់នាងបែបនេះដើម្បីអ្វីដែរ ឬក៏គេនៅមានចិត្តគិតថានាងធ្លាប់ជាមិត្តល្អរបស់គេ ទើបគេមិនអាចឱបដៃឈរមើលបាន ក៏សម្រេចចិត្តជួយនាង។
ESTÁS LEYENDO
មន្តស្នេហ៍កូនក្រមុំជំនួស👰🏻
Romanceតើអ្នកមានសំណាងប៉ុណ្ណាបើនៅសុខៗអ្នកត្រូវបានគេប្រាប់ថាអ្នកនឹងរៀបការជាមួយមនុស្សប្រុសដែលអ្នកលួចមានចិត្តស្រលាញ់តាំងពីក្មេង? ខាលវីន គីម ជាបុរសដែល លី ឆេរ៍រី លួចមានចិត្តស្រលាញ់តាំងពីក្មេង ប៉ុន្តែដោយសារតែក្តីស្រម៉ៃចង់ក្លាយជាតារាម៉ូដែលនិងអ្នកច្នៃម៉ូតឲ្យម៉ាកល្ប...
