“ ឈ្មោះទំនាក់ទំនងថ្មី ”
ចាកចេញពីភោជនីយដ្ឋានក្នុងសភាពស្ងប់ស្ងាត់ ឆេរ៍រី បានត្រឹមសម្លឹងខ្នងទូលាយដែលដើរនៅខាងមុខនាងដោយអារម្មណ៍ឆ្គងខ្លាំង។ នាងចង់សួរថាហេតុអ្វីគេដឹងថានាងនៅទីនេះជាមួយ ជីយ៉ុន? ឬគេបានឲ្យមនុស្សតាមដាននាងដូចជា ជីយ៉ុន និយាយមុននេះមែន? តែនាងខ្លាចពេកក្នុងការសួរគេ ទើបបណ្ដោយឲ្យសំណួរកន្លងផុតទៅ។
« ទៅផ្ទះដែរទេ? »
សំឡេងគ្រលរទាញនាងឲ្យចាកចេញពីពិភពគំនិត ពេលនាងសម្លឹងតាមសំឡេងរបស់គេក៏ឃើញថាគេកំពុងឈរបើកទ្វាឡានរងចាំនាងដោយទឹកមុខគ្មានការអត់ធ្មត់។ នាងមានអារម្មណ៍ថាបេះដូងរបស់នាងរីកមាឌឡើងយ៉ាងប្រហើនដោយគ្រាន់តែឃើញទង្វើតិចតួចដែលគេកំពុងធ្វើឲ្យនាង។
« ចាស » នាងព្យាយាមមិនអើពើនឹងការកើនឡើងនៅចង្វាក់បេះដូងរបស់ខ្លួនឯងហើយរហ័សចូលទៅក្នុងឡាន។ នាងមានអារម្មណ៍ភ័យពេក ព្រោះលើកទីមួយដែលនាងស្ថិតនៅក្នុងឡានតែមួយជាមួយគេតែពីរនាក់បែបនេះ។ នាងឱនសម្លឹងដៃខ្លួនឯងដែលក្រសោបចូលគ្នានៅលើភ្លៅព្យាយាមមិនប៉ះភ្នែកនឹងអ្នកដែលចូលមកអង្គុយនៅកៅអីអ្នកបើកបរ ប៉ុន្តែមុនពេលនាងអាចលឺម៉ាស៊ីនឡានបញ្ឆេះបាន ស្រាប់តែនាងមានអារម្មណ៍ថាគេឱនចូលមកជិតនាង ធ្វើឲ្យនាងក្តាប់ដៃណែនហើយមានអារម្មណ៍ច្របូកច្របល់។
” គេគិតធ្វើអី? » នាងញ័រនៅលើកៅអីអ្នកដំណើរពេលមានអារម្មណ៍ថាគេឱនចូលមកកាន់តែជិតនាង ជិតរហូតនាងមានអារម្មណ៍ថាដង្ហើមក្តៅរបស់គេនៅជិតស្លឹកត្រចៀករបស់នាង ធ្វើឲ្យនាងបិទភ្នែកហើយមានអារម្មណ៍ព្រឺសម្បុរពេលខ្លួន ។
« ខ្ញុំគ្មានពេលទំនេរសម្រាប់ការផាកពិន័យដោយសារការមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពរបស់នាងទេ » ខាលវីន ជួយទាញខ្សែក្រវ៉ាត់សុវត្ថិភាពពាក់ឲ្យនាងហើយក៏ថយមកកន្លែងដើមវិញ ដោយលួចបញ្ចេញស្នាមញញឹមបន្តិចមុននឹងនាងបើកភ្នែកឡើង។
ឆេរ៍រី បើកភ្នែកឡើងហើយងាកទៅសម្លឹងមុខរបស់គេដោយថ្ពាល់ឡើងក្រហមដោយភាពអាម៉ាស់ តើនាងគិតអីមុននេះ? ហេតុអ្វីក៏គិតថាគេនឹងថើបនាង? នាងស្អប់ខ្លួនឯងដែលតែងតែគិតអ្វីផ្តេសផ្តាស។ ឆេរ៍រី លើកដៃទះក្បាលខ្លួនឯងតិចៗដោយភាពអាម៉ាស់ នាងងាកមុខទៅក្បែរកញ្ចក់បង្អួចឡានគេចមុខពីគេ ពេលឡានចាប់ផ្តើមចេញដំណើរទៅ។
« ខ្ញុំទើបតែទទួលបានការអញ្ជើញឲ្យចូលរួមពិធីខួបកំណើតអ្នកមីងនៅថ្ងៃស្អែកនេះ ពួកយើងត្រូវទៅចូលរួមជាមួយគ្នា » ខាលវីន និយាយឡើងបំបែកភាពស្ងប់ស្ងាត់ដល់ឆ្គងនៅក្នុងឡាន។
« មានន័យថានឹងមានការសម្តែងនិងនិយាយកុហកដូចយប់នេះម្តងទៀត » នាងងាកទៅសម្លឹងមុខរបស់គេវិញហើយនាងឃើញថាគេបើកមាត់ពីរបីដងមុននឹងសម្រេចចិត្តនៅស្ងៀម ខណៈដៃរបស់គេសង្កេតលើចង្កូតឡានណែនដូចជាកំពុងតស៊ូយ៉ាងខ្លាំងនៅក្នុងចិត្តរបស់គេ។
ភាពស្ងប់ស្ងាត់ពេញក្នុងឡានម្តងទៀត ធ្វើឲ្យបរិយាកាសរវាងអ្នកទាំងពីរកាន់តែតានតឹង។ ឆេរ៍រី មានអារម្មណ៍ថាបេះដូងរបស់នាងរឹតបន្ធឹងធ្វើឲ្យនាងថប់បារម្ភដោយគ្មានមូលហេតុ ពេលគេចាប់ផ្តើមស្ងប់ស្ងាត់បែបនេះម្តងទៀត នាងមានអារម្មណ៍ថាគេលាក់រឿងជាច្រើនជាមួយនាង គេចង់ឲ្យនាងសហការណ៍ជាមួយគេកុហកគ្រប់គ្នា ប៉ុន្តែគេមិនព្រមនិយាយអំពីបញ្ហាពិតប្រាកដប្រាប់នាងនោះទេ ពេលខ្លះនាងមានអារម្មណ៍វង្វេង។
« អ្នកស្រី ម៉ូរ៉ា បានប្រាប់នាងហើយមែនទេ? ថាការរៀបការមួយនេះគឺដើម្បីផលប្រយោជន៍របស់ពួកយើងទាំងពីរនាក់ »
« អឹម » ឆេរ៍រី ងក់ក្បាលតបឲ្យ ខាលវីន និយាយតទៀត។
« មុនពេលដែលសហគ្រាសរបស់គ្រួសារនាងត្រឡប់ទៅរឹងមាំដូចពីមុនវិញ ហើយមុនពេលដែលតំណែងរបស់ខ្ញុំនៅក្នុងក្រុមហ៊ុនមិនទាន់រឹងមាំគ្រប់គ្រាន់ ពួកយើងមិនអាចមានរឿងអាស្រូវអ្វីនោះទេ ហើយនាងដឹងទេថាអ្នកដែលគំរាមគំហែងតំណែងរបស់ខ្ញុំបំផុតគឺជាប្អូនប្រុសនិងម្តាយចុងរបស់ខ្ញុំ ដូច្នេះកុំធ្វើឲ្យពួកគេចាប់ចំណុចខ្សោយពួកយើងបាន » ខាលវីន ក្តាប់ចង្កូតឡានកាន់តែណែន ហើយព្យាយាមពន្យល់អ្នកដែលអង្គុយក្នុងឡានជាមួយគេយ៉ាងទន់ភ្លន់បំផុត ព្រោះគេមិនចង់ឈ្លោះគ្នាជាមួយនាងនៅពេលសំខាន់បែបនេះទេ។
« មិនអីទេ ខ្ញុំនឹងប្រុងប្រយ័ត្ន » នាងមានអារម្មណ៍ថាបេះដូងរបស់នាងឈឺចាប់ពេលការពិតដ៏ឃោឃៅអំពីអាពាហ៍ពិពាហ៍របស់នាងនិងគេកំពុងវាយប្រហារនាងដូចជាការទះកំផ្លៀងដល់ខ្លាំងមិនធ្លាប់មានពីមុន។ នាងដឹងថាការសម្តែងធ្វើជាប្តីប្រពន្ធស្រលាញ់គ្នាជាមួយគេនឹងធ្វើឲ្យនាងកាន់តែលង់ស្រលាញ់គេខ្លាំងលើសដើមហើយមិនអាចកាត់ចិត្តពីគេបានទៀត ប៉ុន្តែហេតុអ្វីនាងនៅតែចង់ធ្វើបែបនេះដោយមិនមានការរាថយបន្តិចសោះ? ប្រហែលនាងគ្រាន់តែចូលចិត្តការឈឺចាប់មួយនេះ។ ស្នេហាដែលមានរសជាតិផ្អែមនិងល្វីងក្នុងពេលតែមួយនេះ ធ្វើឲ្យនាងចង់សាងល្បង ព្រោះនាងភ្លក់រសជាតិផ្អែមរបស់វាទោះបីជាជាប់ជាតិល្វីងពិបាកទ្រាំជាប់អណ្តាតនាងនៅពេលក្រោយក៏ដោយ។
« ដូច្នេះពេលនេះយើងអាចដាក់ឈ្មោះឲ្យទំនាក់ទំនងរបស់យើងបានហើយមែនទេ? » នាងសម្លឹងមើលដៃរបស់ខ្លួនឯងនៅលើភ្លៅពេលនិយាយឡើងដោយសំឡេងខ្សោយៗ។
« អ្វី? » គេដកភ្នែកពីផ្លូវបន្តិចមកសម្លឹងនាងដោយមិនយល់ពីអ្វីដែលនាងចង់បាន។
« គឺក្រោយរៀបការរួចយើងមិនបានដាក់ឈ្មោះទំនាក់ទំនងរបស់យើងទេ យើងគ្រាន់តែរស់នៅដូចជាអ្នកដទៃដែលដើរកាត់គ្នារាល់ព្រឹកនិងល្ងាច ប៉ុន្តែពេលនេះខ្ញុំគិតថាពួកយើងអាចដាក់ឈ្មោះទំនាក់ទំនងរវាងពួកយើងបាន នោះពួកយើងនឹងងាយស្រួលនិយាយគ្នា » នាងញញឹមដោយភាពឈឺចាប់នៅក្នុងទ្រូង។
« ចឹងនាងគិតថាពេលនេះពួកយើងជាអ្វីនឹងគ្នា? » គេសួរពេលភ្នែកផ្ដោតទៅលើផ្លូវ។
« មិត្តរួមការងារ ឬក៏ដៃគូសហការណ៍មែនទេ? ព្រោះយើងកំពុងទាក់ទងគ្នាដោយសារតែការសម្តែងដែលផ្តល់ផលប្រយោជន៍ដល់ពួកយើង » ឆេរ៍រី ក្តាប់ដៃនៅលើភ្លៅណែនពេលមានអារម្មណ៍ថាសំឡេងរបស់នាងចាប់ផ្តើមញ័រដោយភាពសោកសៅ។ នាងមិនចង់បានបែបនេះទេ នាងគ្រាន់តែចង់ឲ្យនាងនិងគេត្រឡប់ទៅដូចពីមុនវិញ ជាមិត្តល្អដែលស្អិតជាប់គ្នាបេះមិនចេញ ជាអ្នកដែលអាចប៉ះពាល់គ្នាបានគ្រប់ពេល ជាអ្នកដែលអាចលេងសើចបានតាមចិត្តចង់បាន មិនមែនជាមនុស្សដែលឃ្លាតឆ្ងាយបែបនេះទេ នាងនឹកគេពីមុន នាងនឹករង្វង់ដៃមិត្តល្អដែលតែងតែលួងលោមនាង នាងនឹកពេលវេលាដែលនាងតែងតែរត់ចូលទៅក្នុងដៃរបស់គេ ពេលគេឱបនាង ហើយលើកនាងឡើងដូចសំលី រហូតជើងនាងផុតពីដីហើយគេក៏ចាប់ផ្តើមបង្វិលនាងពេលកំពុងសើចសប្បាយជាមួយគ្នា នាងចង់ឲ្យគ្រាទាំងនោះត្រឡប់មកវិញ។
« ស្រេចតែនាងចង់បានទៅចុះ »
នាងមានអារម្មណ៍ថាបេះដូងរបស់នាងស្រែកថ្ងូរពេលលឺគេទទួលយកឋានៈថ្មីដែលនាងផ្តល់ឲ្យគេ នាងចង់ឲ្យគេបដិសេធមិនព្រមទទួលយកឋានៈមួយនេះ ហើយគ្រាន់តែនិយាយថានឹងវិលទៅធ្វើជាមិត្តល្អជាមួយនាងវិញ ប៉ុន្តែពេលនេះគេបែរជាយល់ព្រមធ្វើត្រឹមជាដៃគូសហការណ៍ជាមួយនាង ធ្វើឲ្យនាងងាកមុខចេញ ព្រមចុះចាញ់ពេលដំណក់ទឹកជ្រាបនៅក្នុងកែវភ្នែក បេះដូងរបស់នាងស្រែកយំដោយភាពសោកសៅ។
ងក់!
ឡានឈប់នៅមុខផ្ទះ ម៉ាស៊ីន មិនទាន់ពន្លត់ស្រួលបួលផង ឆេរ៍រី រហ័សស្ទុះចេញពីក្នុងឡានហើយដើរដូចរត់ចូលទៅក្នុងផ្ទះដោយមិនខ្វល់ពីរាងក្រាស់ដែលឈរសម្លឹងនាងពីចម្ងាយដោយមិននិយាយអ្វីមួយម៉ាត់។
ក្រាក!
ប្រូស!
ឆេរ៍រី បោះកាបូបទៅលើកៅអីហើយលោតទៅលើពូកផ្កាប់មុខចូលទៅក្នុងខ្នើយទន់យំយ៉ាងស្ងៀមស្ងាត់។
« ហ៊ឹក...ហេតុអ្វីគ្រប់យ៉ាងមិនអាចត្រឡប់ទៅដូចពីមុនវិញ? ហេតុអ្វីក៏ពួកយើងមិនអាចត្រឡប់ទៅល្អជាមួយគ្នាដូចពីមុន? ហ៊ឺ! » នាងរអ៊ូរទាំស្តាប់មិនបានពេលនាងកប់មុខនៅលើខ្នើយ កណ្ដប់ដៃតូចក្តាប់ក្រណាត់ពូកយ៉ាងណែនទប់ទល់នឹងភាពឈឺចាប់នៅក្នុងទ្រូង។
តុកៗ
សំឡេងគោះទ្វាធ្វើឲ្យនាងស្លន់ស្លោហើយរហ័សក្រោកឡើងជ្រួញចិញ្ចើមចូលគ្នាដោយងឿងឆ្ងល់ តែពេលខួរក្បាលរបស់នាងដំណើរការបានប្រក្រតីហើយដឹងច្បាស់ថាអ្នកណាដែលឈរនៅម្ខាងទៀតនៃទ្វានោះ នាងក៏ចាប់ផ្តើមរត់ទៅកាន់បន្ទប់ទឹកឆ្លុះកញ្ចក់ហើយយកក្រដាសជូតស្នាមប្រឡាក់នៅលើថ្ពាល់ចេញយ៉ាងលឿន នាងមិនអាចបង្ហាញមុខអាក្រក់បែបនេះនៅចំពោះមុខរបស់គេទេ ក្រោយពិនិត្យឃើញថាមុខរបស់នាងស្រស់ស្អាតជាមុនបន្តិចហើយនាងក៏ចូលមកក្នុងបន្ទប់វិញហើយដើរសំដៅទៅទ្វា មុននឹងទាញបើកទ្វាបង្ហាញរាងក្រាស់ដែលឈរនៅមុខបន្ទប់របស់នាង ក្នុងដៃរបស់គេមានកាន់ទូរស័ព្ទដែលដូចជារបស់នាង ទើបនាងរហ័សលូកហោប៉ៅរកមើលទូរស័ព្ទទើបដឹងថាបាត់ នាងក៏ងើបសម្លឹងមុខរបស់គេរងចាំគេប្រគល់ទូរស័ព្ទមកឲ្យនាងវិញ។
« ខ្ញុំឃើញនៅក្នុងឡាន » ខាលវីន ហុចទូរស័ព្ទទៅឲ្យនាងវិញ ហើយនាងក៏រហ័សយកមកយ៉ាងលឿន។
« អរគុណ » នាងនិយាយហើយក៏ប្រុងទាញទ្វាបន្ទប់បិទវិញប៉ុន្តែគេយកដៃកាន់ទ្វាមិនឲ្យនាងបិទបាន។
« ថ្ងៃក្រោយបើ ជីយ៉ុន ទៅរកនាងទៀត ប្រញាប់ខលមករកខ្ញុំដឹងទេ? » គេឱនចុះបន្តិចសម្លឹងមុខរបស់នាងជិតៗដូចជាកំពុងតែពិនិត្យមើលរាល់ចំណុចសំខាន់នៅលើមុខរបស់នាង។
« ហេតុអ្វី? » នាងសួរគេវិញដោយចង់ដឹងចង់ឃើញ។
« គ្រាន់តែធ្វើតាមសម្តីរបស់ខ្ញុំ ហើយកុំសួរច្រើនពេក » គេឈានថយក្រោយមួយជំហានចេញពីនាង គិតថានឹងត្រឡប់ទៅបន្ទប់វិញ។
« ខ្ញុំត្រូវតែសួរ ព្រោះនោះទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំចង់ដឹងមូលហេតុដែលខ្ញុំមិនអាចទាក់ទងនឹងនរណាម្នាក់បាន » នាងនិយាយឡើងពីខាងក្រោយខ្នងគេ ហើយនាងឃើញថាគេឈប់ជើងមុននឹងងាកមកប្រឈរមុខនឹងនាងវិញ។
« គេគ្មានបំណងល្អទេ កុំនៅជិតគេពេក យល់ល្អគួរតែទាក់ទងមកខ្ញុំរាល់ពេលដែលគេចូលទៅជិតនាង »
គេបន្ទាបសំឡេងទន់ភ្លន់ជាងមុន ហើយនាងអាចឃើញកែវភ្នែកព្រួយបារម្ភស្មោះត្រង់ពីគេ ដែលជាអ្វីដែលនាងខកខានឃើញជាច្រើនឆ្នាំមកហើយ ទើបធ្វើឲ្យនាងចុះចាញ់ គំនិតដែលចង់យកឈ្នះគេរបស់នាងក៏បាត់មួយរំព្រិច។
« មិនអីទេ » នាងខ្សឹបខ្សៀវស្ទើរស្តាប់មិនលឺ ពេលកែវភ្នែកទាំងគូនៅតែសម្លឹងកែវភ្នែករបស់គេមិនព្រិច នាងនឹក ខាលវីន មួយនេះខ្លាំងណាស់ នាងចង់តែរត់ទៅឱបគេ ប៉ុន្តែនាងក្តាប់ដៃណែនព្យាយាមទប់ខ្លួនឯងមិនឲ្យធ្វើផ្តេសផ្តាសព្រោះបើនាងធ្វើសកម្មភាពហួសព្រំដែននៅពេលនេះ នាងនឹងធ្វើឲ្យគេឃ្លាតឆ្ងាយពីនាងកាន់តែខ្លាំងទៀតមិនខាន លំបាកណាស់ទើបនាងរំកិលព្រំដែនចូលមកជិតគេបានមួយជំហាន បើត្រូវគេទាត់ឲ្យទៅកន្លែងដើមវិញពិបាករកឱកាសចូលមកដល់ចំណុចនេះម្តងទៀតខ្លាំងណាស់។
« នៅមានរឿងមួយទៀត ថ្ងៃស្អែកខ្ញុំនឹងឲ្យ ហារ៉ូ ទៅទទួលនាងក្រោយចេញពីធ្វើការ នាងត្រូវមកក្រុមហ៊ុនខ្ញុំ ហើយត្រៀមខ្លួនទៅពិធីខួបកំណើតបស់អ្នកមីង កុំបារម្ភរឿងរ៉ូបចូលរួមកម្មវិធីព្រោះខ្ញុំរៀបចំរួចរាល់ហើយ បានហើយចូលទៅក្នុងរបស់នាងវិញទៅ » គេនិយាយហើយក៏ដើរចេញទៅបន្ទប់របស់គេដែលនៅក្បែរនោះ។
« រាត្រីសួស្តី » នាងស្រែកឡើងពីក្រោយខ្នងរបស់គេហើយនាងឃើញគេឈប់នៅមាត់ទ្វារបន្ទប់របស់គេបន្តិច មុននឹងគេរុញទ្វារបន្ទប់បើកហើយចូលទៅខាងក្នុងយ៉ាងលឿន ដោយមិនតបតមកនាងវិញ ធ្វើឲ្យនាងទម្លាក់ទឹកមុខដោយខកចិត្ត ព្រោះពេលនាងឃើញគេឈប់បន្តិចមុននេះនាងសង្ឃឹមថាគេនឹងនិយាយពាក្យរាត្រីសួស្តីតបមកនាងវិញ ប៉ុន្តែគេបែរជានៅស្ងៀមហើយចូលទៅក្នុងបន្ទប់បាត់ ធ្វើឲ្យនាងបញ្ចប់ដោយមុខក្រញូវមានអារម្មណ៍ថាបរាជ័យម្តងទៀត។
ប្រូស!
រាងស្តើងក្នុងឈុតគេងយប់ទម្លាក់ខ្លួននៅលើគ្រែហើយដកទូរស័ព្ទមកបើកសារពីមិត្តសម្លាញ់មើល ហើយភ្លាមៗទូរស័ព្ទរបស់នាងក៏រោទិ៍លោតឈ្មោះមិត្តរបស់នាងមកលើអេក្រង់ ធ្វើឲ្យនាងញញឹមបន្តិចព្រោះគិតថាមិត្តរបស់នាងខលមកត្រូវពេលល្អ។
“ សួស្តីសម្លាញ់ សុខសប្បាយជាទេ? តាំងពីឯងចូលធ្វើការមកយើងមិនបាននិយាយទូរស័ព្ទច្រើនដូចមុនទេ ខ្ញុំនឹកឯងណាស់ ” ម៉ារី បញ្ចេញយំក្លែងក្លាយតាមទូរស័ព្ទ។
« ខ្ញុំក៏នឹកឯងដែរ » ឆេរ៍រី ធ្វើជាយំក្លែងក្លាយសោកសៅតបទៅមិត្តវិញ ធ្វើឲ្យអ្នកម្ខាងទៀតផ្ទុះសំណើចហើយនាងក៏សើចឡើងតាមមិត្តដែរ។
” មើលទៅឯងអារម្មណ៍ល្អណាស់ តើទំនាក់ទំនងជាមួយ ខាលវីន ដំណើរល្អណាស់មែនទេ? ”
« គឺល្អបន្តិចហើយក៏អាក្រក់បន្តិចដែរ » ឆេរ៍រី អង្គុយត្រង់ខ្លួននៅលើគ្រែពេលត្រៀមខ្លួនរៀបរាប់រឿងគ្រប់យ៉ាងប្រាប់មិត្ត។
“ មានន័យថាម៉េច? ”
« ដឹងទេពេលនេះខ្ញុំគិតថាខ្ញុំបានឈានទៅមុខមួយជំហានទៀតជាមួយគេ ព្រោះពួកយើងមិនមែនអ្នកដទៃដែលមិននិយាយរកគ្នាឬឈ្លោះគ្នាគ្រប់ពេលហាមាត់និយាយទៀតទេ ប៉ុន្តែពេលនេះពួកយើងបាននិយាយគ្នាច្រើនណាស់ ទោះបីជាគ្រប់យ៉ាងដែលនិយាយគឺទាក់ទងនឹងផែនការណ៍របស់ពួកយើងក៏ដោយ »
” សំឡេងរបស់ឯងនៅតែស្តាប់ទៅមិនសប្បាយចិត្ត ”
« ខ្ញុំលោភលន់ពេក ព្រោះខ្ញុំចង់ឲ្យពួកយើងដូចពីមុន » ឆេរ៍រី បន្លឺសំឡេងខូចចិត្តដាក់មិត្ត។
” ឆេរ៍រី ឯងនិងគេឃ្លាតឆ្ងាយពីគ្នាជាច្រើនឆ្នាំ ហើយពេលត្រឡប់មកវិញក៏ត្រូវជាប់គាំងជាមួយគ្នានឹងស្ថានភាពដែលគួរឲ្យអស់សំណើចបែបនេះ គេច្បាស់ជាទទួលយកភ្លាមៗមិនបានទេហើយក៏ពិបាកត្រឡប់ទៅដូចពីមុនជាមួយឯងខ្លាំងណាស់ ព្រោះឯងដឹងទេថាឋានៈរបស់ឯងនៅក្បែរគេពេលនេះរញេរញៃប៉ុណ្ណា ដូច្នេះខ្ញុំគិតថាឯងត្រូវតែអត់ធ្មត់ហើយផ្តល់ពេលវេលាឲ្យគេ តោះទៅមុខយឺតៗហើយសប្បាយចិត្តនឹងលទ្ធផលបន្តិចបន្តួចនៅពេលនេះ ព្រោះយ៉ាងណាពេលនេះឯងក៏ដឹងថាទំនាក់ទំនងរបស់ឯងនិងគេកំពុងដំណើរការ មិនជាប់គាំងមួយកន្លែងទេ »
« ម៉ារី អរគុណណាស់ ពាក្យសម្ដីរបស់ឯងធ្វើឲ្យខ្ញុំដឹងថាការខិតខំប៉ុន្មានថ្ងៃមកនេះមានតម្លៃ » ឆេរ៍រី ដឹងគុណមិត្តដែលជួយធ្វើឲ្យនាងមានកម្លាំងចិត្តនិងក្តីសង្ឃឹមម្តងទៀត។
“ មិនអីទេ តស៊ូឡើង ខ្ញុំដឹងថាឯងអាចទៅដល់ទំនាក់ទំនងថ្មីជាច្រើនទៀតជាមួយគេ ថាមិនត្រូវឯងអាចបាននៅជិតគេលើសពីមិត្តល្អដូចពីមុនទៅទៀត ”
« ឯងកំពុងធ្វើឲ្យបេះដូងរបស់ខ្ញុំហើមដោយក្តីសង្ឃឹម ខ្ញុំគិតថាវានឹងផ្ទុះឆាប់ៗដោយសារតែក្តីសង្ឃឹមច្រើនពេក »
ឆេរ៍រី និយាយលេងសើចជាមួយមិត្តជាបន្តបន្ទាប់មុននឹងលាមិត្តហើយចូលគេងព្រោះនាងមានការងារនៅព្រឹកស្អែកហើយមិត្តរបស់នាងក៏មានការងារដូចគ្នា ដូច្នេះហើយទើបអ្នកទាំងពីរសម្រេចចិត្តលាគ្នាចូលគេងបន្ទាប់ពីសើចនឹងរឿងឆ្កួតៗជាច្រើនដែលពួកនាងប្រាប់គ្នាទៅវិញទៅមក។
រងចាំភាគបន្ត
YOU ARE READING
មន្តស្នេហ៍កូនក្រមុំជំនួស👰🏻
Romanceតើអ្នកមានសំណាងប៉ុណ្ណាបើនៅសុខៗអ្នកត្រូវបានគេប្រាប់ថាអ្នកនឹងរៀបការជាមួយមនុស្សប្រុសដែលអ្នកលួចមានចិត្តស្រលាញ់តាំងពីក្មេង? ខាលវីន គីម ជាបុរសដែល លី ឆេរ៍រី លួចមានចិត្តស្រលាញ់តាំងពីក្មេង ប៉ុន្តែដោយសារតែក្តីស្រម៉ៃចង់ក្លាយជាតារាម៉ូដែលនិងអ្នកច្នៃម៉ូតឲ្យម៉ាកល្ប...
