“ ការដួលរលំអគារថែទាំកុមារ ”
ឆេរ៍រី អង្គុយនៅលើកៅមុខកញ្ចក់ក្នុងបន្ទប់គេង ពេលកំពុងនិយាយទូរស័ព្ទជាមួយមិត្តសម្លាញ់របស់នាង ។
” ឯងនិយាយថាគេទៅរកឯងដល់កន្លែងដែលឯងធ្វើការ ហើយបាននាំឯងទៅញុំអាហារពេលថ្ងៃត្រង់ជាមួយគ្នា ក្រោយមកគេហាក់ដូចជាប្រច័ណ្ឌឯងជាមួយប្អូនប្រុសរបស់គេ ទើបបោះការ៉េមដែលគេទិញឲ្យឯងនៅក្នុងហាងចោល តែចុងក្រោយក៏នាំឯងទៅញុំការ៉េមមើលថ្ងៃលិចទៅសួនមាត់ទន្លេជាមួយគ្នាមែនទេ? ស្តាប់មើលទៅរ៉ូមេទិចខ្លាំងណាស់ ខ្ញុំថាគេស្រលាញ់ឯងមិនខានទេ ឆេរ៍រី ” ម៉ារី បញ្ចេញសំឡេងរីករាយតាមរយៈទូរស័ព្ទមក ហើយ ឆេរ៍រី ដឹងច្បាស់ថាមិត្តរបស់នាងនៅម្ខាងទៀតនោះកំពុងតែញញឹមសប្បាយចិត្តជំនួសនាង។
« ខ្ញុំមិនទាន់គិតដល់ពាក្យថាស្រលាញ់ក្នុងន័យមនោសញ្ចេតនាទេ ខ្ញុំអាចគិតបានត្រឹមតែក្តីស្រលាញ់បែបមិត្តភក្តិប៉ុណ្ណោះពេលនេះ » ឆេរ៍រី ញញឹមស្រាលៗសប្បាយចិត្តទោះបីពេលនេះទំនាក់ទំនងរបស់នាងនិងគេទើបតែរីកចម្រើនបានបន្តិចក៏ដោយ ប៉ុន្តែក៏ប្រសើរជាងពេលមុន។
“ ហេតុអីទៅ? ”
« គឺខ្ញុំមិនចង់គិតទៅមុខមុនហួសហេតុពេក ព្រោះខ្ញុំមិនចង់ឈឺចាប់ពេលដែលដឹងថាគ្រប់យ៉ាងមិនបានទៅដល់កន្លែងដែលយើងរំពឹងទុក »
“ មិនអីទេ យឺតៗក៏ល្អដែរ យ៉ាងណាខ្ញុំនៅចាំគាំទ្រឯងជានិច្ច ”
« អរគុណ ម៉ារី »
” ខ្ញុំនឹងរៀបចំចូលគេងហើយ ចាំនិយាយគ្នាស្អែកទៀត ”
« រាត្រីសួស្តី » ឆេរ៍រី និយាយលាមិត្តហើយដាក់ទូរស័ព្ទចុះនៅលើតុហើយក្រោកឈរឡើងដើម្បីចូលទៅងូតទឹកនិងចូលគេង ព្រោះស្អែកនាងមានការងារត្រូវធ្វើទៀត។
រាងស្តើងដោះសម្លៀកបំពាក់ដាក់មួយកន្លែង ហើយចាប់ផ្តើមបើកទឹក ប៉ុន្តែស្រាប់តែគ្មានទឹកធ្លាក់មកសោះ ទោះនាងខំប្រឹងបើកបិទប៉ុន្មានដងក៏គ្មានទឹកធ្លាក់មកដែរ ធ្វើឲ្យនាងថ្ងូរដោយការខកចិត្ត។ នាងមិនអាចគេងបានទេ បើនាងមិនបានងូតទឹកនោះ តើនាងគួរធ្វើយ៉ាងម៉េចទៅ? ។ ឆេរ៍រី រើសសម្លៀកបំពាក់មកពាក់លើខ្លួនវិញហើយប្រញាប់ចេញពីបន្ទប់ដើរសំដៅទៅបន្ទប់របស់ ខាលវីន ពេលទៅដល់មុខបន្ទប់របស់គេ នាងស្រាប់តែភ័យបុកពោះមិនដឹងថាគួរតែគោះទ្វាឬក៏អត់ ចុះបើគេស្រាប់តែប្រែជាអាក្រក់ដាក់នាងនៅថ្ងៃស្អែកវិញដោយសារតែនាងរំខានគេនៅយប់នេះ ប៉ុន្តែបើនាងមិនរំខានគេទេ យប់នេះនាងនឹងមិនបានងូតទឹកនោះទេ ហើយនាងក៏នឹងមិនអាចគេងលក់ដែរ។
« មិនអីទេ ឆេរ៍រី គ្រាន់តែរំខានគេបន្តិចប៉ុណ្ណោះ » នាងរអ៊ូរទាំដាក់ខ្លួនឯងហើយដកដង្ហើមមួយៗសម្រួលអារម្មណ៍ មុននឹងលើកដៃគោះទ្វាបន្ទប់របស់គេថ្នមៗ។
តុកៗ
នាងដាក់ដៃចុះហើយឈររងចាំគេបើកទ្វាទាំងបេះដូងលោតខុសចង្វាក់ជាច្រើនដង។
ក្រាក!
គេបើកទ្វាចំហរមួយចន្លោះតូចជ្រួញចិញ្ចើមសម្លឹងនាងដោយទឹកមុខងឿងឆ្ងល់។
« គឺទឹកនៅបន្ទប់របស់ខ្ញុំបើកមិនចេញទេ តើខ្ញុំអាចប្រើបន្ទប់ទឹករបស់លោកសិនបានទេ? » នាងនិយាយឡើងទាំងខ្មាស់អៀននិងក្រែងចិត្តរបស់គេ។ នាងមានអារម្មណ៍ថាថ្ពាល់របស់នាងឡើងកម្ដៅបន្តិច ពេលនាងឃើញសាច់ដុំធំៗរបស់គេបង្ហាញឡើងយ៉ាងច្បាស់ពេលគេពាក់អាវយឺតតឹងបែបនេះ។ នាងឃើញគេឈរសញ្ជឹងគិតយ៉ាងម៉ត់ចត់ប្រហែលជាកំពុងធ្វើការសម្រេចចិត្តថាគួរឲ្យនាងប្រើបន្ទប់ទឹករបស់គេឬអត់ ហើយទឹកមុខរបស់គេកំពុងតែធ្វើឲ្យនាងមានសង្ឃឹមតិច ទើបនាងត្រូវនិយាយបញ្ចុះបញ្ចូលគេ។
« ខ្ញុំសន្យាថានឹងមិនប៉ះពាល់របស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោកនោះទេ ខ្ញុំបានយកកន្សែងមកហើយ ក៏យកសាប៊ូមកដែរ ហើយនេះជាសម្លៀកបំពាក់របស់ខ្ញុំ » នាងលើកសម្ភារៈដែលនាងប្រមូលមកពីបន្ទប់ទឹករបស់នាងបង្ហាញគេ ហើយឃើញថានាងមានសម្ភារះច្រើនដូចជាកំពុងតែរើផ្ទះ។
« នាងគិតយករបស់ទាំងអស់នេះចូលទៅក្នុងបន្ទប់ទឹករបស់ខ្ញុំមែនទេ? » ខាលវីន ចង្អុលរបស់របបដែល ឆេរ៍រី យួរនៅក្នុងដៃផង ឱបជាប់ខ្លួនផងហើយមានស្ពាយផង ដោយទឹកមុខមិនគួរឲ្យជឿ។
« គឺលោកមិនឲ្យខ្ញុំប្រើប្រាស់របស់លោក ដូច្នេះខ្ញុំត្រូវយករបស់ខ្ញុំទាំងអស់មក » ឆេរ៍រី ញញឹមស្រស់ដាក់គេដើម្បីលួងលោមឲ្យគេយល់ព្រមនឹងនាង ព្រោះនាងត្រូវការងូតទឹកពេលនេះ ។
« យកតែរបស់ចាំបាច់មកបានហើយ មិនចាំបាច់ប្រមូលអស់ពីបន្ទប់ទឹករបស់នាងមកបែបនេះទេ »
« គឺរបស់ទាំងអស់នេះសុទ្ធតែចាំបាច់ » ឆេរ៍រី ប្រញាប់ប្រកែកជាមួយគេ។
« មិនអីទេ នាងអាចប្រើប្រាស់បន្ទប់ទឹកនិងសាប៊ូរបស់ខ្ញុំបាន ហើយយករបស់នាងទៅទុកវិញទៅ ព្រោះបើយករបស់នាងចូលទៅនឹងចង្អៀតបន្ទប់ទឹករបស់ខ្ញុំមិនខានទេ » ខាលវីន លើកដៃឈ្លីថ្ងាសមានអារម្មណ៍វិលមុខដោយគ្រាន់តែឃើញគ្រឿងងូតទឹករបស់ ឆេរ៍រី។
« ប៉ុន្តែ...»
« នាងងូតទឹកឬអត់? » គេកាត់សម្តីនាងមិនឲ្យនាងតវ៉ាទាមទារយករបស់របបនាងចូលទៅខាងក្នុងទៀត។
« ខ្ញុំងូតៗ ខ្ញុំនឹងយកតែសម្លៀកបំពាក់ កន្សែងនិងសាប៊ូមួយដបនេះតែប៉ុណ្ណោះ » នាងដាក់របស់មិនត្រូវបានអនុញ្ញាតឲ្យយកចូលទៅលើឥដ្ឋក្បែរមាត់ទ្វាហើយដើរចូលបន្ទប់របស់គេទាំងងាកមកមើលសាប៊ូបន្ទន់ស្បែកនិងរបស់ផ្សេងទៀតមិនឈប់។
« ចាំស្អែកចាំម៉ាក់ប្រើកូនៗណា ហ៊ឹក! » នាងលើកដៃលារបស់របបរបស់នាងទាំងយំក្លែងក្លាយយ៉ាងកំសត់មុនពេលទ្វាបន្ទប់ត្រូវបានបិទដោយតួចិត្តអាក្រក់ដែលបំបែកបំបាក់នាងនិងកូនៗរបស់នាង។
« ឈប់កំសត់ រួចទៅងូតទឹកបានហើយ » គេដើរទៅអង្គុយនៅលើគែមគ្រែហើយបញ្ជានាងឲ្យទៅងូតទឹកដូចជាឪពុកបញ្ជាកូនស្រី។ ទើបនាងធ្វើមុខមាត់ដាក់គេហើយក៏ប្រញាប់ដើរចូលទៅក្នុងបន្ទប់ទឹករបស់គេ។
YOU ARE READING
មន្តស្នេហ៍កូនក្រមុំជំនួស👰🏻
Romanceតើអ្នកមានសំណាងប៉ុណ្ណាបើនៅសុខៗអ្នកត្រូវបានគេប្រាប់ថាអ្នកនឹងរៀបការជាមួយមនុស្សប្រុសដែលអ្នកលួចមានចិត្តស្រលាញ់តាំងពីក្មេង? ខាលវីន គីម ជាបុរសដែល លី ឆេរ៍រី លួចមានចិត្តស្រលាញ់តាំងពីក្មេង ប៉ុន្តែដោយសារតែក្តីស្រម៉ៃចង់ក្លាយជាតារាម៉ូដែលនិងអ្នកច្នៃម៉ូតឲ្យម៉ាកល្ប...
