“ ដំណឹងដ៏តក់ស្លុត ”
ពន្លឺថ្ងៃចាំងចូលតាមបង្អួចជួយដាស់រាងស្តើងដែលគេនៅតុដែលរាយប៉ាយដោយកំប៉ុងស្រាបៀរឲ្យភ្ញាក់ដឹងខ្លួនឡើង។ ឆេរ៍រី បើកភ្នែកឡើងតែក៏រហ័សលើកដៃមកបាំងភ្នែកភ្លាមពេលប៉ះត្រូវពន្លឺថ្ងៃដែលចាំងចំមុខរបស់នាង រាងស្តើងថ្ងូរដោយភាពរំខាន មុននឹងពត់ខ្លួនសម្រួលសរសៃដែលចុករោយព្រោះគេងមិនបានត្រឹមត្រូវ។ រាងស្តើងក្រោកឈរឡើងទើបចាប់អារម្មណ៍នឹងភាពរញេរញៃនៅជុំវិញខ្លួន ពេលក្រឡេកមើលសម្លៀកបំពាក់ខ្លួនឯង ទើបឃើញថានាងនៅតែស្លៀកសម្លៀកបំពាក់កាលពីយប់មិញ។ ឆេរ៍រី ដកដង្ហើមធំមុននឹងរត់ចូលបន្ទប់ទឹកដើម្បីងូតទឹកឲ្យបានស្រស់ស្រាយ។ បន្ទាប់ពីស្លៀកសម្លៀកបំពាក់ថ្មីរួច នាងក៏ចេញមកសម្អាតភាពរញេរញៃក្នុងបន្ទប់ទទួលភ្ញៀវវិញ ។ សំណាងល្អដែលថ្ងៃនេះនាងមិនមានកាលវិភាគថតឲ្យផលិតផលណា បើមិនអញ្ចឹងទេនាងនឹងត្រូវម្ចាស់ម៉ាកផលិតផលអស់នោះស្តីបន្ទោសព្រោះមុខហើមរបស់នាងមិនខានទេ យប់មិញនាងមិនគួរផឹកច្រើននោះទេហើយក៏មិនគួរយំដល់ហើមភ្នែកបែបនេះដែរ ប៉ុន្តែនាងពិតជាមិនដឹងថាធ្វើអ្វីដើម្បីបំភ្លេចអារម្មណ៍សោកសៅទាំងអស់នោះទេ ទើបនាងសម្រេចចិត្តយកស្រាបំភ្លេចទុក្ខ។ ឆេរ៍រី សម្អាតបន្ទប់ទទួលភ្ញៀវរួចក៏ចូលទៅផ្ទះបាយហើយធ្វើអាហារពេលព្រឹកងាយៗលឿនៗមួយចានមកអង្គុយញុំម្នាក់ឯងនៅតុអាហារ ពេលនាងយកទូរស័ព្ទមកបើកមើលសារនិងអ៊ីមែលពីអ្នកផ្ទះ ប៉ុន្មានខែមកនេះនាងមិនបានអានសារឬនិយាយទូរស័ព្ទជាមួយអ្នកម៉ាក់របស់នាងទេ ព្រោះតែតារាងកាលវិភាគដែលមមាញឹកស្ទើរតែគ្មានពេលសម្រាករបស់នាង ហើយពេលនេះនាងទើបតែទទួលបានថ្ងៃសម្រាកបីថ្ងៃ ប៉ុន្តែក៏ត្រូវ ដេវីត ធ្វើឲ្យថ្ងៃសម្រាករបស់នាងកាន់តែអាប់អួល។
ទីងៗ
កំពុងតែអូសសារសុខៗ ទូរស័ព្ទរបស់នាងក៏រោទិ៍ឡើយហើយនៅលើអេក្រង់បញ្ជាក់ច្បាស់ថាជាអ្នកម៉ាក់របស់នាង ទើបនាងរហ័សលើកមកដាក់ស្តាប់នឹងត្រចៀកភ្លាម។
« ហាឡូ អ្នកស្រីម៉ូរ៉ា តើសុខសប្បាយជាទេ? » នាងហៅឈ្មោះអ្នកម៉ាក់ជាមួយស្នាមញញឹមនៅលើផ្ទៃមុខព្រោះយូហើយដែលនាងមិនបាននិយាយជាមួយអ្នកម៉ាក់របស់នាង។
“ ឆេរ៍រី យូហើយដែលពួកយើងមិនបាននិយាយគ្នា ” សំឡេងមិនសប្បាយចិត្តរបស់អ្នកស្រី ម៉ូរ៉ា ធ្វើឲ្យស្នាមញញឹមលើមុខរបស់ ឆេរ៍រី រលាយបាត់មួយរំព្រិច ពេលនេះនាងចាប់ផ្តើមមានអារម្មណ៍អាក្រក់ម្តងទៀត។
« ម៉ាក់ដឹងមែនទេថាកាលវិភាគរបស់ខ្ញុំរវល់ប៉ុណ្ណា? » នាងលើដៃជ្រោងសក់ដោយមួរម៉ៅមួយរំព្រិច។
“ ម៉ាក់ដឹង ប៉ុន្តែឯងគួរតែឆ្លៀតពេលអានសារដែលម៉ាក់ផ្ញើរទៅខ្លះ ”
« ខ្ញុំនឹងអានបើខ្ញុំទំនេរ » នាងតបទៅវិញដោយឈ្លើយ។
“ ឆេរ៍រី ប៉ុន្មានឆ្នាំហើយដែលម៉ាក់បានឃើញឯងជាលើកចុងក្រោយ? ថ្ងៃណាទើបឯងត្រឡប់មកលេងម៉ាក់ម្តងទៀត ” សំឡេងអ្នកស្រី ម៉ូរ៉ា កាន់តែសោកសៅ ធ្វើឲ្យ ឆេរ៍រី កាន់តែមានអារម្មណ៍មិនល្អ នាងមានអារម្មណ៍កាន់តែអាក្រក់ដែលមិនបានទៅលេងអ្នកម៉ាក់ញឹកញាប់។
« ខ្ញុំនឹងរកពេលទំនេរទៅលេងអ្នកម៉ាក់និងបងស្រី » ឆេរ៍រី និយាយដោយសំឡេងទន់ខ្សោយជាងមុន។
“ ឆេរ៍រី ម៉ាក់មានរឿងចង់ប្រាប់ឯង បងស្រីរបស់ឯងបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីសប្តាហ៍មុន ពេលនេះនាងនៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ ”
« ម៉ាក់និយាយអីនឹង? » ឆេរ៍រី ស្រែកសួរអ្នកម្ខាងទៀតដោយភាពតក់ស្លុតនិងមិនជឿនឹងត្រចៀកខ្លួនឯងដែលបានលឺដំណឹងរន្ធត់បែបនេះ។
” បងស្រីរបស់ឯង គ្រូពេទ្យប្រាប់ថាមានសង្ឃឹមតិចខ្លាំងណាស់ ហ៊ឹក...ឆេរ៍រីហា៎! បើឯងមិនមកនៅពេលនេះទេ ម៉ាក់ខ្លាចតែឯងមិនបានឃើញបងស្រីរបស់ឯងម្តងទៀតទេ ”
« ម៉ាក់កំពុងនិយាយកុហកដើម្បីឲ្យខ្ញុំត្រឡប់ទៅផ្ទះមែនទេ? ម៉ាក់! នេះមិនមែនជារឿងលេងសើចនោះទេ ឈប់លេងទៅ ខ្ញុំសន្យាថាខ្ញុំនឹងទៅលេងម៉ាក់នៅចុងឆ្នាំនេះយល់ព្រមទេ? » ឆេរ៍រី ខឹងបន្តិចព្រោះគិតថាអ្នកម៉ាក់របស់នាងយកជីវិតបងស្រីរបស់នាងមកលេងសើចដើម្បីឲ្យនាងត្រឡប់ទៅផ្ទះ ទោះបីជាក្នុងចិត្តរបស់នាងដឹងច្បាស់ថាអ្នកម៉ាក់របស់នាងមិនយករឿងបែបនេះមកលេងសើចក៏ដោយ ប៉ុន្តែនាងនៅតែមិនព្រមជឿរឿងបែបនេះ ព្រោះនាងទទួលយកមិនបាននោះទេ។
“ ហេតុអ្វីក៏ឯងគិតថាម៉ាក់យកជីវិតរបស់កូនស្រីរបស់ខ្លួនឯងមកលេងសើច? ហ៊ឹក...ម៉ាក់មិនបានលេងសើចទេ បងស្រីរបស់ឯងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ពេលនេះ ហ៊ឹក! បើឯងមិនចង់មកម៉ាក់ក៏មិនបង្ខំឯងដែរ រីករាយនឹងជីវិតនៅទីនោះ ”
ទូរស័ព្ទត្រូវបានកាត់ផ្ដាច់ភ្លាមៗធ្វើឲ្យរាងស្តើងឈរស្រឡាំងគាំងព្រោះព័ត៌មានតក់ស្លុតដែលនាងទើបនឹងទទួលបានពីអ្នកម៉ាក់មុននេះ។ ហេតុអ្វីក៏ភ្លាមៗបងស្រីរបស់នាងស្ថិតក្នុងស្ថានភាពបែបនេះ? នាងទទួលយកមិនបាននោះទេ។ ឆេរ៍រី រហ័សរត់ទៅបន្ទប់គេងវិញហើយទាញកាបូបវ៉ាលីរៀបចំសម្លៀកបំពាក់ ខណៈពេលដែលដៃម្ខាងកំពុងតែចុចកក់សំបុត្រយន្តហោះទៅប្រទេសកូរ៉េវិញ។
YOU ARE READING
មន្តស្នេហ៍កូនក្រមុំជំនួស👰🏻
Romanceតើអ្នកមានសំណាងប៉ុណ្ណាបើនៅសុខៗអ្នកត្រូវបានគេប្រាប់ថាអ្នកនឹងរៀបការជាមួយមនុស្សប្រុសដែលអ្នកលួចមានចិត្តស្រលាញ់តាំងពីក្មេង? ខាលវីន គីម ជាបុរសដែល លី ឆេរ៍រី លួចមានចិត្តស្រលាញ់តាំងពីក្មេង ប៉ុន្តែដោយសារតែក្តីស្រម៉ៃចង់ក្លាយជាតារាម៉ូដែលនិងអ្នកច្នៃម៉ូតឲ្យម៉ាកល្ប...
