“ ស្នេហាToxic”
ទីក្រុង Los Angeles
ងក់!
តារាម៉ូដែលក្នុងសម្លៀកបំពាក់សាមញ្ញប្រញាប់ប្រញាល់ចេញពីឡានតាក់ស៊ីដែលចតនៅចិញ្ចើមផ្លូវ រួចដកលុយប៉ុន្មានដុល្លាពីក្នុងហោប៉ៅខោខាវប៊យហុចឲ្យអ្នកបើកឡានតាមបង្អួចមុននឹងនិយាយអរគុណ។ ឆេរ៍រី ដកខ្លួនពីឡានតាក់ស៊ីដែលបើកចេញទៅហើយងាកមកប្រឈរមុខនឹងស្លាកឈ្មោះក្លិបរាត្រីដែលនៅចំពោះមុខរបស់នាងវិញ។ កែវភ្នែកមុតស្រួចកំពុងបញ្ចេញពន្លឺនៃការខឹងសម្បារ មុននឹងជើងស្រឡូនបោះពួយយ៉ាងលឿនសំដៅទៅមាត់ទ្វារក្លិបរាត្រី។
« សូមបង្ហាញអត្តសញ្ញាណប័ណ្ណ » អ្នកយាមពីរនាក់ទាក់ផ្លូវនាង។
ឆេរ៍រី ដកអត្តសញ្ញាណប័ណ្ណពីហោប៉ៅអាវស្បែកពណ៌ខ្មៅដែលពាក់ពីលើអាវយឺតពាក់កណ្តាលខ្លួនបញ្ចេញចង្កេះតូចនិងក្បាលពោះរាបស្មើរបស់នាង ហើយហុចទៅឲ្យអ្នកយាមដើម្បីត្រួតពិនិត្យមើលថានាងគ្រប់អាយុហើយឬនៅ។
« អាចចូលបាន » អ្នកយាមហុចអត្តសញ្ញាណប័ណ្ណមកឲ្យនាងវិញហើយងាកទៅឈរម្ខាងបើកផ្លូវឲ្យនាងចូលទៅក្នុង។
ឆេរ៍រី ដើរយ៉ាងលឿនចូលទៅក្នុងក្លិបដែលស្វាគមន៍នាងដោយសំឡេងតន្ត្រីញាក់កន្ត្រាក់អារម្មណ៍និងក្លិបស្រាក្លិបបារីលាយឡំគ្នា នាងមិនដែលចូលចិត្តកន្លែងបែបនេះទេ ប៉ុន្តែមិត្តប្រុសរបស់នាងពិតជាចូលចិត្តកន្លែងបែបនេះខ្លាំងណាស់ ទើបនាងធ្លាប់មកជាមួយគេពីបីដងដែរ ហើយនាងដឹងច្បាស់ថាមនុស្សដូចជាគេចូលចិត្តអង្គុយនៅតុណា។
ឈូ!
ស្រាហោះតាមលំហរធ្លាក់នៅលើមុខរបស់កំលោះក្រមុំដែលកំពុងអង្គុយឱបថើបគ្នានៅលើសាឡុនត្រង់ជ្រុងងងឹតនៃក្លិប ធ្វើឲ្យកំលោះដែលមានមុខមាត់ដូចជាកូនកាត់អាស៊ីនិងអឺរ៉ុបប្រញាប់រុញរាងស្តើងដែលស្លៀករ៉ូបសិចស៊ីចេញពីលើភ្លៅរបស់គេភ្លាម។
« អ្នកណា...ឆេរ៍រី! » គេប្រុងនឹងស្រែករករឿងអ្នកដែលជះស្រាដាក់គេទៅហើយ ប៉ុន្តែពេលគេឃើញថាអ្នកដែលជះស្រាដាក់គេនោះគឺជាមិត្តស្រីរបស់គេ គេក៏ស្ងាត់មាត់ហើយស្រឡាំងកាំងមួយរំព្រិច។
« ក្រែងប្រាប់ថានៅកន្លែងថតមែនទេ? » ឆេរ៍រី ស្រែកដាក់រាងក្រាស់ដែលឈរស្រឡាំងគាំងនៅចំពោះមុខដោយខឹងសម្បារចំពោះការក្បត់របស់មិត្តប្រុសទោះបីជាលើកនេះមិនមែនជាលើកទីមួយក៏ដោយ។
« ឆេរ៍រី...បងសុំទោស » គេស្ទុះមកចាប់ដៃនាងប៉ុន្តែនាងក៏ថយគេចចេញមុនពេលគេចាប់ដៃនាងបាន។
« វាគ្រប់គ្រាន់ហើយ ដេវីត ពួកយើងបែកគ្នា » នាងនិយាយហើយក៏ដើរចេញទៅយ៉ាងលឿន ទោះជាបានលឺពាក្យសម្តីមិនសុខចិត្តរបស់គេពីខាងក្រោយក៏នាងមិនខ្ចីងាកមករកគេវិញដែរ ព្រោះលើកនេះនាងសម្រេចចិត្តថានឹងមិនទ្រាំជាមួយគេតទៅទៀតទេ។
« ឆេរ៍រី អូនមិនអាចបែកពីបងបានទេ? »
ពាក្យសម្ដីរបស់គេធ្វើឲ្យនាងខឹងសម្បារកាន់តែខ្លាំង ប៉ុន្តែនាងសម្រេចចិត្តដើរចេញពីក្លិបដោយមិនងាកទៅតបតជាមួយគេទៀតឡើយ ព្រោះនាងមិនចង់ជាប់មុខនៅទំព័រព័ត៌មាននៅថ្ងៃស្អែកនោះទេ។ ចេញមកដល់ខាងក្រៅនាងក៏លើដៃហៅឡានតាក់ស៊ីហើយជិះត្រឡប់ទៅកន្លែងស្នាក់នៅរបស់នាងវិញភ្លាមៗ។ ភាពស្ងប់ស្ងាត់នៅក្នុងឡានតាក់ស៊ីកំពុងតែធ្វើឲ្យចិត្តរបស់នាងរសាត់អណ្ដែតទៅឆ្ងាយ កំហឹងរបស់នាងមុននេះប្រែជាទឹកភ្នែកនិងភាពឈឺចាប់ហើយស្រក់ចុះមកលើថ្ពាល់របស់នាងជាបន្តបន្ទាប់ទោះបីជានាងលើកដៃជូតចេញជាច្រើនដងក៏ដោយក៏ដំណក់ទឹកនៅតែស្រក់ចុះមកទាំងនាងមិនចង់។ ស្នេហាគឺជាអ្វី? នាងប្រហែលជាដឹងច្បាស់ណាស់ ប៉ុន្តែនៅទីនេះស្នេហាសម្រាប់នាងគ្រាន់តែជាការពឹងផ្អែកគ្នាតែប៉ុណ្ណោះ ដោយសារតែការចាកចេញពីផ្ទះនិងទឹកដីកំណើតតាំងពីអាយុ១៥ឆ្នាំ ប្រហែលជាក្មេងពេកក្នុងការដែលនាងត្រូវរស់នៅតែម្នាក់ឯងនៅកន្លែងឆ្ងាយបែបនេះ ហេតុនេះហើយទើបនាងមានអារម្មណ៍ឯកា ភ័យខ្លាច ហើយត្រូវការនរណាម្នាក់ដើម្បីពឹងផ្អែកនោះហើយជាមូលហេតុដែលនាងបានជួបនឹង ដេវីត ដំបូងគេជាមិត្តដ៏ល្អ បន្ទាប់ពីប៉ុន្មានឆ្នាំក្រោយមកគេក៏ស្នើសុំនាងធ្វើជាមិត្តស្រី ទោះនាងមិនស្រលាញ់គេក៏ដោយ ក៏នាងនៅតែឆ្លើយយល់ព្រមជាមួយគេ ព្រោះអ្វីដឹងទេ ព្រោះនៅទីនេះក្រៅពីគេនាងគ្មានអ្នកណាទៀតទេ បើនាងគ្មានគេ នាងមិនដឹងថាប្រើជីវិតនៅទីនេះដោយរបៀបណាទេ នាងត្រូវការគេ នាងត្រូវពឹងផ្អែកលើគេដើម្បីជួយនាងឲ្យរៀនរស់នៅទីនេះ។ ប៉ុន្តែក្រោយមកពេលដែលគេដឹងថានាងត្រូវពឹងផ្អែកលើគេ គេក៏ចាប់ផ្តើមធ្វើខ្លួនជាម្ចាស់លើជីវិតរបស់នាង គេតែងតែគ្រប់គ្រងនាង នាងមិនអាចធ្វើអ្វីដែលគេមិនចូលចិត្តបានទេ ទោះបីជានាងចូលចិត្តក៏ដោយ គេប្រច័ណ្ឌនាងហើយហាមនាងគ្រប់រឿង នាងរស់នៅដូចជាទាសកររបស់គេ ទោះបីនាងមិនចូលចិត្តជីវិតបែបនេះក៏ដោយ តើនាងអាចធ្វើអ្វីបាននៅពេលដែលនាងមិនទាន់ទៅដល់គោលដៅរបស់នាងនោះ? ប៉ុន្តែពេលដែលនាងទៅដល់គោលដៅដែលនាងចង់បាន នាងនៅតែមិនអាចផ្ដាច់ខ្លួនចេញពីគេបានដដែល ដែលធ្វើឲ្យនាងឈឺចាប់ជាខ្លាំង ព្រោះតែគេជាអ្នកដែលជួយឲ្យនាងទទួលបានការងារជាម៉ូដែលនិងអ្នកច្នៃម៉ូដរបស់ម៉ាកល្បី គេធ្វើឲ្យនាងជំពាក់គេម្តងហើយម្តងទៀតដើម្បីចងនាងជាប់នឹងគេ ព្រោះគេដឹងថានាងមិនចង់មានឈ្មោះជាមនុស្សរមិលគុណនោះទេ គេក្បត់នាងម្តងហើយម្តងទៀត ហើយនាងក៏ទ្រាំម្តងហើយម្តងទៀត ប៉ុន្តែលើកនេះនាងលែងទ្រាំហើយ ទោះត្រូវគេហៅថាជាមនុស្សរមិលគុណក៏នាងមិនទ្រាំរស់នៅជាមនុស្សដែលមានទងពណ៌ក្រហមឈាមដូចជាគេទៀតដែរ។
ក្រាក!
ឆេរ៍រី ដើរត្រង់ទៅកាន់ផ្ទះបាយហើយចាក់ទឹកត្រជាក់មួយកែវមកផឹកដើម្បីរំងាប់អារម្មណ៍ក្តៅក្រហាយនៅក្នុងចិត្តមួយរំព្រិច។ ទឹកត្រជាក់ជួយឲ្យនាងស្ងប់អារម្មណ៍ពីរឿងនេះមុនបន្តិច ប៉ុន្តែចិត្តរបស់នាងក៏ចាប់ផ្តើមរសាត់ទៅឆ្ងាយម្តងទៀតពេលមានអារម្មណ៍ឯកានៅក្នុងផ្ទះស្ងាត់កណ្តាលទីក្រុងមួយនេះតែម្នាក់ឯង។ នាងឆ្ងល់ថាពេលនេះគ្រួសាររបស់នាងកំពុងធ្វើអ្វី ផ្ទះរបស់នាងមើលទៅដូចមុនដែរទេ នាងចាំថាពេលចុងក្រោយដែលនាងទៅលេងផ្ទះគឺពេលដែលនាងមានអាយុ១៨ឆ្នាំ បន្ទាប់ពីនាងមកទីនេះបានបីឆ្នាំ ហើយពេលនេះនាងមានអាយុ២២ឆ្នាំ នាងខាតទៅលេងផ្ទះបួនឆ្នាំមកហើយ ព្រោះនាងមិនចង់ប្រឈរមុខនឹងរឿងឈឺចាប់ខ្លះ។ នាងមិនដែលឃើញគេមកយូហើយ ប៉ុន្តែបេះដូងរបស់នាងនៅតែមិនអាចលុបគេចេញបានដដែល នាងនៅចងចាំរាល់អនុស្សាវរីយ៍កាលពីក្មេងជាមួយគេ ពេលដែលគេនិងនាងលេងជាមួយគ្នា អស់រយៈពេលបួនឆ្នាំហើយដែលនាងបានឃើញគេជាលើកចុងក្រោយ ពេលចុងក្រោយដែលនាងទៅលេងផ្ទះនាងបានឃើញគេជាមួយបងស្រីរបស់នាងមានភាពស្និតស្នាលនឹងគ្នា ហើយនាងមិនចាំឡើយថាគេនិងបងស្រីនាងធ្លាប់ស្និតស្នាលបែបនេះកាលពីមុនមកនោះទេ ប៉ុន្តែនាងស្មានថាបន្ទាប់ពីនាងចាកចេញ គេនិងបងស្រីរបស់នាងក៏ចាប់ផ្តើមបង្កើតមិត្តភាពជាមួយគ្នាជំនួសនាង។ ពេលនេះនាងចង់ដឹងថាគេយ៉ាងម៉េចហើយ? តើរូបរាងរបស់គេនៅតែសង្ហាដូចពេលដែលគេមានអាយុ១៨ឆ្នាំដែរឬទេ?
« ខ្ញុំឆ្ងល់ថា ខាលវីន ពេលនេះមានរូបរាងបែបណា? » នាងញញឹមចេញមកទាំងមិនដឹងខ្លួន ប៉ុន្តែក៏ផ្អាកវិញភ្លាមៗពេលចងចាំថាគេជាគូស្នេហ៍របស់បងស្រីនាង ហើយនាងមិនមានសិទ្ធិនឹកគេនោះទេ។ ឆេរ៍រី ដកដង្ហើមធំហើយថយចេញពីផ្ទះបាយទៅទម្លាក់ខ្លួនគេងនៅលើសាឡុនក្នុងផ្ទះវិញដោយភាពសោកសៅ។
YOU ARE READING
មន្តស្នេហ៍កូនក្រមុំជំនួស👰🏻
Romanceតើអ្នកមានសំណាងប៉ុណ្ណាបើនៅសុខៗអ្នកត្រូវបានគេប្រាប់ថាអ្នកនឹងរៀបការជាមួយមនុស្សប្រុសដែលអ្នកលួចមានចិត្តស្រលាញ់តាំងពីក្មេង? ខាលវីន គីម ជាបុរសដែល លី ឆេរ៍រី លួចមានចិត្តស្រលាញ់តាំងពីក្មេង ប៉ុន្តែដោយសារតែក្តីស្រម៉ៃចង់ក្លាយជាតារាម៉ូដែលនិងអ្នកច្នៃម៉ូតឲ្យម៉ាកល្ប...
