ភាគ១៦

1.1K 18 0
                                        

“ ការចងចាំ ”

  ទីងៗ
  សំឡេងម៉ោងរោទិ៍ពីទូរស័ព្ទដៃនៅលើតុក្បែរក្បាលដំណេកកំពុងរំខានរាងស្តើងដែលគេងនៅក្រោមភួយយ៉ាងកក់ក្តៅជាខ្លាំង។ ឆេរ៍រី លូកដៃរកទូរស័ព្ទទាំងនៅបិទភ្នែក រហូតនាងចាប់បានទូរស័ព្ទហើយបើកភ្នែកពាក់កណ្តាលដើម្បីចុចបិទម៉ោងរោទិ៍ ប៉ុន្តែម៉ោងនៅលើអេក្រង់បានធ្វើឲ្យនាងស្វាងងងុយភ្លាម ព្រោះនាងកំពុងយឺតសម្រាប់ការងារ។
   « ម៉ោង៨ហើយ! » ឆេរ៍រី ស្រែកខ្លាំងៗហើយរហ័សលោតចុះពីលើគ្រែដើម្បីទៅងូតទឹករៀបចំខ្លួន ប៉ុន្តែជើងនាងទាក់នឹងភួយធ្វើឲ្យនាងដួលទៅលើឥដ្ឋរមៀលដូចបាល់។
   « អួយ! » ឆេរ៍រី ថ្ងូរដោយការឈឺចាប់ហើយអង្អែលខ្នងមិនឈប់។ ប៉ុន្តែការគេងនៅលើឥដ្ឋត្រជាក់ក្បែរគ្រែធ្វើឲ្យនាងមានអារម្មណ៍ថាធ្លាប់ស្គាល់។
   « ហេតុអ្វីក៏មានអារម្មណ៍ថាប្រហែលៗ? » នាងរអ៊ូរទាំហើយសម្លឹងពិដានព្យាយាមនឹកគិតពីពេលដែលនាងគេងនៅលើឥដ្ឋបែបនេះ។

   មួយសប្តាហ៍មុន

   « ខ្ញុំអាចដើរខ្លួនឯងបាន មិនអីទេៗ » នាងព្យាយាមរុញគេចេញហើយមានះចង់ដើរចូលផ្ទះដោយខ្លួនឯង ប៉ុន្តែនាងដើរមិនទាន់បានមួយជំហានផងក៏ជំពប់ដួល តែសំណាងល្អបានដៃមាំចាប់នាងបានមុនពេលនាងផ្កាប់មុខទៅលើកម្រាលឥដ្ឋ។
    « ឲ្យខ្ញុំជួយនាងទៅបន្ទប់គេងទៅ » គេខ្សឹបខ្សៀវដោយសំឡេងស្រទន់ខុសធម្មតាធ្វើឲ្យនាងរហ័សងាកមកមើលមុខរបស់គេហើយក៏សើចឡើង។
    « អេ! ហេតុអ្វីក៏លោកស្រាប់តែល្អភ្លាមៗបែបនេះ? ថ្ងៃមិញទើបតែបដិសេធមិនញុំអាហាររបស់ខ្ញុំ ហើយធ្វើសោះកក្រោះដាក់ខ្ញុំគ្រប់ពេល ទាំងដែលខ្ញុំព្យាយាមធ្វើល្អជាមួយលោកយ៉ាងខ្លាំង តើខ្ញុំខុសត្រង់ណា? តើខ្ញុំបានធ្វើអ្វីបានជាលោកស្អប់ខ្ញុំបែបនេះ? » នាងសើចសុខៗបែរជាប្រែមកជាយំដាក់គេវិញ នាងលើកដៃវាយដើមទ្រូងមាំទាំងទឹកភ្នែកព្យាយាមសួររកហេតុផលពីគេ តែគេមិនមាត់។
     « បានហើយ » គេចាប់កដៃនាងទាំងសងខាងបញ្ឈប់នាងពីការវាយដុំគេ ធ្វើឲ្យនាងស្ងាត់មាត់ហើយងើបសម្លឹងមុខរបស់គេទាំងទឹកមុខខូចចិត្ត។
     « ហេតុអ្វីពួកយើងមិនអាចត្រឡប់ទៅដូចពីមុនបាន? ហ៊ឹក! ខ្ញុំគិតថាគ្រប់យ៉ាងនឹងដូចពីមុន បើខ្ញុំត្រឡប់មកវិញ ប៉ុន្តែខ្ញុំគិតខុសព្រោះអ្វីៗផ្លាស់ប្តូរអស់ហើយ គ្មានអ្វីដែលអាចត្រឡប់ទៅដូចពីមុនទេ ខ្ញុំសោកស្តាយដែលចាកចេញទៅនៅពេលនោះ ខ្ញុំសោកស្តាយដែលបោះបង់ជីវិតដែលរីករាយហើយជ្រើសជីវិតដែលរងទុក្ខនៅអាមេរិក ហ៊ឹក! » នាងទម្លាក់ខ្លួនអង្គុយលើឥដ្ឋហើយទប់មុខយំនៅចំពោះមុខរបស់គេទាំងឈឺចាប់។ នាងមិនដឹងថានាងយំយូប៉ុណ្ណាទេ រហូតមានដៃមលូកមកចាប់បីនាងឡើង ធ្វើឲ្យនាងដកដៃពីមុខស្រវ៉ាឱបកគេយ៉ាងលឿនដោយខ្លាចធ្លាក់ រួចទប់មុខលើដើមទ្រូងគេយំបន្ត។
    ក្រាក!
    គេបើកទ្វាបន្ទប់ហើយនាំនាងទៅខាងក្នុង ប៉ុន្តែភ្លាមនាងស្រាប់តែមានអារម្មណ៍ចង់ក្អួត ទើបនាងដកដៃពីឱបករបស់គេមកទប់មាត់ធ្វើឲ្យគេរហ័សដាក់នាងចុះភ្លាម។ នាងប្រញាប់រុញគេចេញហើយដើរទ្រេតទ្រោតដោយមានជំនួសពីជញ្ជាំងទៅបន្ទប់ទឹក។ ក្រោយពីក្អួតអស់ចិត្តអស់ចង់នាងក៏ទប់ជញ្ជាំងចេញមកខាងក្រៅវិញ ហើយភ្លាមៗនាងក៏បុកនឹងខ្នងក្រាស់ នាងដួលផ្កាប់មុខម្តងទៀត ប៉ុន្តែគេងាកមកចាប់នាងហើយធ្វើឲ្យគេបាត់បង់ជំហរដួលទៅលើកម្រាលឥដ្ឋជាមួយនាងដែរ។
    « ហេតុអ្វីក៏ស្អប់ខ្ញុំម្លេះ? » នាងងើបមុខពីលើដើមទ្រូងរបស់គេទាំងបើកភ្នែកពាក់កណ្តាលមើលអ្នកដែលនៅក្រោមនាង។
    « ខ្ញុំមិនបានស្អប់នាងទេ »
    « ចុះហេតុអ្វីធ្វើបែបនេះដាក់ខ្ញុំ? ហេតុអ្វីធ្វើដូចជាខ្ពើមអាហារដែលខ្ញុំធ្វើឲ្យលោកខ្លាំងម្លេះ? ហេតុអ្វីក៏សោះកក្រោះដាក់ខ្ញុំ? » នាងចាប់ក្របួចកអាវរបស់គេហើយអង្រួនគេសួរដូចជាសួរចម្លើយអ្នកទោស។
    « ខ្ញុំ...ខ្ញុំបានញុំអាហារនោះ តាមពិតខ្ញុំជាអ្នកញុំមិនមែន ហារ៉ូ ទេ » គេឆ្លើយទាំងរដាក់រដុកហើយងាកមុខទៅម្ខាងគេចពីភ្នែកនាង។
    « អា៎! តាមពិតលោកជាអ្នកញុំ លោកនៅតែជា ខាលវីន គួរឲ្យស្រឡាញ់ដដែល » នាងដកដៃពីកអាវរបស់គេទាំងញញឹមសប្បាយចិត្តចំពោះការសារភាពរបស់គេហើយលើកដៃទៅចាប់ទាញថ្ពាល់របស់គេឲ្យគេងាកមកប្រឈរមុខជាមួយនាងវិញយ៉ាងគួរឲ្យស្រលាញ់។ នាងឃើញថាមុខរបស់នាងនិងគេពេលនេះនៅជិតគ្នាខ្លាំងណាស់ នាងអាចដឹងពីដង្ហើមក្តៅរបស់គេនៅលើមុខរបស់នាង ហើយដោយសារតែនាងនៅពីលើគេពេលនេះនាងអាចលឺចង្វាក់បេះដូងដែលលោតញាប់ក្នុងដើមទ្រូងរបស់គេយ៉ាងច្បាស់។ នាងទម្លាក់ភ្នែកមកសម្លឹងបបូរមាត់របស់គេហើយភ្លាមៗនាងស្រាប់តែចង់ស្គាល់រសជាតិបបូរមាត់របស់គេ ពេលដែលនាងឱនចុះប្រុងថើបបបូរមាត់គេក្រាស់ហើយហាក់ដូចជាទន់នោះ ស្រាប់តែគេចាប់នាងចេញពីលើគេ ធ្វើឲ្យនាងធ្លាក់ទៅគេងនៅលើកម្រាលក្បែរគេ សម្លឹងទៅពិដានពណ៌សក្នុងបន្ទប់ស្ងប់ស្ងាត់។
    « នេះមានអារម្មណ៍ដូចជាពេលដែលយើងគេងនៅលើដំបូលអគារកាលនៅវិទ្យាល័យ នៅយប់នោះមានផ្កាយពេញមាឃហើយពិភពលោកពោលពេញដោយភាពស្ងប់ស្ងាត់ ខ្ញុំពិតជានឹកពេលវេលាមួយនេះខ្លាំងណាស់ នឹកពេលដែលយើងមានជាមួយគ្នា សើចជាមួយគ្នា យំជាមួយគ្នា ហើយឈ្លោះប្រកែកគ្នាដោយសារតែរសជាតិការ៉េម » នាងញញឹមរអ៊ូរទាំសម្លឹងពិដានរហូតដល់គេងលក់។

មន្តស្នេហ៍កូនក្រមុំជំនួស👰🏻Donde viven las historias. Descúbrelo ahora