ភាគ៣៨

718 10 0
                                        

“ ព័ត៌មានអាស្រូវ ”

   ទីងៗ ទីងៗ
   សំឡេងទូរស័ព្ទរោទិ៍ឡើងជាបន្តបន្ទាប់ធ្វើឲ្យរាងស្តើងដែលគេងនៅលើគ្រែឈោងដៃរកទូរស័ព្ទទាំងភ្នែកនៅបិទ។
   « ហាឡូ » ឆេរ៍រី ឆ្លើយទូរស័ព្ទទាំងនៅបិទភ្នែកងងុយគេង។
   ” ឆេរ៍រី! ឯងភ្ញាក់ហើយឬនៅ? នេះមានរឿងធំហើយណា? ” ម៉ារី ស្រែកមកតាមទូរស័ព្ទដោយស្លន់ស្លោ ប៉ុន្តែ ឆេរ៍រី នៅតែសម្ងំគេង។
   « មានរឿងអ្វីចាំនិយាយពេលក្រោយទៅ ពេលនេះខ្ញុំងងុយគេងណាស់ » ឆេរ៍រី ទាញភួយគ្របមុខគេងបន្តទាំងទូរស័ព្ទនៅជាប់ត្រចៀក។
   “ ភ្ញាក់ឡើង ឆេរ៍រី ឯងមិនអាចគេងទៀតបានទេ ព្រោះពេលនេះព័ត៌មានដែល ខាលវីន មិនមែនរៀបការជាមួយបងស្រីរបស់ឯងកំពុងតែបែកធ្លាយពេញអុីនធើណេតហើយ ”
   ឆេរ៍រី ស្ទុះក្រោកអង្គុយលើគ្រែស្វាងងងុយដូចគេជះទឹកកណ្តាលមុខ។
   « ឯងនិយាយថាម៉េចមុននេះ? » ឆេរ៍រី សួរបញ្ជាក់ម្តងទៀតព្រោះខ្លាចមុននេះនាងស្តាប់ច្រឡំ។
   “ ព័ត៌មានដែល ខាលវីន មិនបានរៀបការជាមួយបងស្រីរបស់ឯងដែលជាគូដណ្ដឹងរបស់គេនោះ កំពុងតែផ្ទុះពេញអុីនធើណេតបង្កើតឲ្យមានមតិអវិជ្ជាមានជាច្រើន ”
   ឆេរ៍រី ដាក់ទូរស័ព្ទចុះហើយប្រញាប់ក្រោកពីគ្រែរត់ចេញទៅខាងក្រៅភ្លាមដើម្បីទៅរក ខាលវីន ប៉ុន្តែពេលនាងចុះជណ្តើរមកដល់ជាន់ខាងក្រោមនាងក៏បានឃើញគេកំពុងតែត្រៀមចេញដំណើរទៅខាងក្រៅជាមួយលេខា របស់គេដោយឫកពាប្រញាប់ប្រញាល់។
   « ខាលវីន! » នាងប្រញាប់រត់ទៅរកគេដើម្បីសួរពីរឿងដែលកំពុងកើតឡើងនៅពេលនេះ។ ខាលវីន ឈប់ជើងហើយងាកមករកនាងវិញ គេឃើញនាងស្លៀកសម្លៀកបំពាក់គេងទើបប្រញាប់ដើរចូលទៅរកនាងហើយទាញកន្សែងនៅលើសាឡុងមករុំខ្លួនរបស់នាងព្រោះនៅទីនេះមិនមានតែគេម្នាក់ទេ នាងស្លៀកសម្លៀកបំពាក់គេងយប់មិនសមរម្យបែបនេះនៅមុខអ្នកដទៃឯទៀតមិនបានទេ។
   ហារ៉ូ មិនចង់នៅរំខានពេលវេលារបស់ចៅហ្វាយនិងប្រពន្ធទេ ទើបចេញទៅចាំនៅខាងក្រៅមុន។
   « ថ្ងៃនេះមិនបាច់ទៅធ្វើការទេ ហើយកុំចេញទៅណាផ្តេសផ្តាសឲ្យសោះ » គេនិយាយឡើងពេលកំពុងរៀបកន្សែងដែលនៅលើខ្លួននាងឲ្យរៀបរយ។
   « តើមិនអីទេមែនទេ? ព័ត៌មាននោះ? » នាងសួរស្ទើរតែខ្សឹបខ្សៀវព្រួយបារម្ភខ្លាចមានបញ្ហាធំកើតឡើង។
   « ខ្ញុំនឹងដោះស្រាយ កុំបារម្ភអី » ខាលវីន ដកដៃចេញពីនាងដោយទឹកមុខពេញដោយក្តីកង្វល់។
   « តើលោកចង់ដោះស្រាយបែបណា? អ្នកដែលគាំទ្រលោកនៅក្រុមហ៊ុនច្បាស់ជាក្រោកឈរប្រឆាំងព្រោះតែរឿងនេះ » ឆេរ៍រី និយាយឡើងដោយក្តីបារម្ភ នាងមិនចង់ឲ្យគេបាត់បង់គ្រប់យ៉ាងដោយសារតែនាងទេ។
   « ខ្ញុំប្រាប់ហើយថាកុំបារម្ភ ខ្ញុំនឹងដោះស្រាយ នាងគ្រាន់តែស្តាប់សម្តីហើយនៅផ្ទះទៅបានហើយ » គេតបជាមួយនាងជាលើកចុងក្រោយដោយសំឡេងរឹងហើយក៏ដើរចេញទៅ។
   ឆេរ៍រី បានត្រឹមតែឈរមើលគេដើរចេញទៅដោយក្តីបារម្ភ អ្នកដែលធ្លាប់គាំទ្រគេនៅក្រុមហ៊ុនច្បាស់ជាចាប់ផ្តើមដកខ្លួនចេញពីគេព្រោះតែរឿងនេះ។ ឆេរ៍រី ឡើងទៅបន្ទប់គេងវិញហើយទម្លាក់ខ្លួនអង្គុយលើគ្រែដោយទឹកមុខក្រៀមក្រំ នាងទាញទូរស័ព្ទមកបើកមើលព័ត៌មានដែលកំពុងតែផ្ទុះលើអុីនធើណេតហើយចូលអានការបញ្ចេញមតិខាងក្រោមអត្ថបទព័ត៌មាន។
    “ តើគេបានក្បត់គូដណ្ដឹងរបស់គេមែន? ”
    “ គេអាចឡើងទៅកាន់តំណែងនោះបានដោយសារតែមានទំនាក់ទំនងជាមួយ លី ស៊ូមី បើគេមិនរៀបការជាមួយនាងទេ អញ្ចឹងគេក៏ប្រហែលជាគ្មានអ្នកគាំទ្រនៅក្រុមហ៊ុនទៀតដែរ ”
    ” ខ្ញុំឆ្ងល់ថាអ្នកណាដែលគេរៀបការជាមួយ ”
    “ ខ្ញុំគិតថានាងប្រហែលជាតារាម៉ូដែល វ៉ាវ! គេស្រលាញ់មនុស្សស្រីដែលស្រស់ស្អាតជាងមនុស្សស្រីដែលឆ្លាតវ័យដូចជាអ្នកស្នងតំណែងគ្រួសារ លី ”
    “ នោះហើយជាមូលហេតុដែល លី ស៊ូមី បាត់មុខពីសង្គមមួយរយៈមកនេះ តើនាងយកពេលវេលាព្យាបាលផ្លូវចិត្តមែនទេ? ខ្ញុំថាច្បាស់ជាខូចចិត្តខ្លាំងណាស់ហើយព្រោះត្រូវគូដណ្ដឹងក្បត់ចិត្តបែបនេះ ”
    ឆេរ៍រី បោះទូរស័ព្ទទៅម្ខាងហើយទម្លាក់ខ្លួនគេងសម្លឹងពិដានទាំងមានអារម្មណ៍តានតឹងខ្លាំង។ តើនាងនិងបងស្រីរបស់នាងខុសគ្នាត្រង់ណាទៅ? ហេតុអ្វីក៏មានបញ្ហាធ្ងន់ធ្ងរយ៉ាងនេះ? គ្រាន់តែអ្នកដែល ខាលវីន រៀបការជាមួយមិនមែនបងស្រីរបស់នាង ប៉ុន្តែជានាង ពួកសុទ្ធតែជាកូនស្រីរបស់គ្រួសារ លី ដូចគ្នាទេ គ្រាន់តែមិនសូវមានអ្នកស្គាល់នាងដូចបងស្រីរបស់នាងប៉ុណ្ណោះ។

មន្តស្នេហ៍កូនក្រមុំជំនួស👰🏻Where stories live. Discover now