ត្រឡប់មកបច្ចុប្បន្នវិញ

    ឆេរ៍រី លើកដៃទប់មាត់ពេលកាលចងចាំនៅយប់ដែលនាងស្រវឹងទើបតែវិលត្រឡប់មកក្នុងខួរក្បាលរបស់នាងវិញ។
    « ខ្ញុំស្ទើរតែថើបគេមែនទេ? អា៎! នេះពិតខ្មាស់គេខ្លាំងណាស់ » ឆេរ៍រី ក្តាប់សក់ក្បាលខ្លួនឯងទាំងមុខក្រហមពេញដោយក្តីអាម៉ាស់ក្រោយចងចាំរឿងនៅយប់នោះហើយ។ ប៉ុន្តែក្រៅពីភាពអាម៉ាស់ហើយ យប់នោះយ៉ាងហោចណាស់នាងក៏បានដឹងថាគេមិនស្អប់នាងទេហើយគេពិតជាអ្នកដែលញុំអាហាររបស់នាងពិតមែន ការនឹកឃើញពីការសារភាពរបស់គេធ្វើឲ្យនាងញញឹមដូចឆ្កួត ប៉ុន្តែភ្លាមៗនាងក៏ងឿងឆ្ងល់ថាហេតុអ្វីគេចាំបាច់ធ្វើឫកពាសោះកក្រោះដាក់នាងធ្វើអ្វីបើគេមិនបានស្អប់នាងនោះ? គេអាចនិយាយជាមួយនាងតាមសម្រួលបាន ព្រោះនាងនឹងគេមិនមែនមិនដែលស្គាល់គ្នាឯណា? ឬក៏ដូចពាក្យរបស់ ម៉ារី និយាយថាគេត្រូវការពេលវេលា ដោយសារតែគេនិងនាងបែកគ្នាច្រើនឆ្នាំហើយត្រូវមកជាប់គាំងនៅក្នុងស្ថានភាពច្របូកច្របល់បែបនេះជាមួយគ្នាភ្លាមៗទើបគេមិនទាន់សម្របខ្លួនជាមួយនាងបាន។
   ទីងៗ
   សំឡេងម៉ោងរោទ៍រំខាននាងម្តងទៀត ធ្វើឲ្យនាងភ្ញាក់ខ្លួននឹកឃើញថានាងយឺតម៉ោងការងារ ទើបនាងប្រញាប់ស្ទុះក្រោកឡើងហើយរត់ទៅបន្ទប់ទឹកយ៉ាងលឿន។

   ក្រុមហ៊ុន គីម គ្រុប

   ខាលវីន អង្គុយពិនិត្យឯកសារការងារដោយភាពនឿយហត់ព្រោះយប់មិញគេគេងមិនបានគ្រប់គ្រង ដោយសារពាក្យសម្តី ដេវីត កាលពីយប់មិញបានរំខានគេជាខ្លាំង។
  ” មិនថាលោកព្យាយាមធ្វើយ៉ាងណាទេ ឆេរ៍រី ជារបស់ខ្ញុំ ហើយខ្ញុំនឹងយក ឆេរ៍រី មកវិញនៅថ្ងៃណាមួយ ខាលវីន ”
  « ហិ! នាងជារបស់ឯងចឹងមែនទេ? នាងមិនមែនជាសម្ភារៈនោះទេ » ខាលវីន ក្តាប់គែមក្រដាសរឹងណែនដៃ រអ៊ូរទាំដោយកំហឹង តួលេខក្នុងក្រដាសចាប់ផ្តើមលេចចេញជាមុខរបស់ ដេវីត ធ្វើឲ្យភ្នែករបស់គេចេញផ្កាភ្លើង។
   « លោកប្រធាននិយាយអ្វីមុននេះ? » ហារ៉ូ ដែលឈរនៅពីមុខតុរបស់គេ រហ័សសួរដោយទឹកមុខងឿងឆ្ងល់ព្រោះគេស្តាប់មិនច្បាស់ថាចៅហ្វាយនិយាយពីអ្វី ប៉ុន្ដែបើតាមគេស្តាប់លឺតិចតួចគេច្បាស់ថាមិនមែនអំពីការងារដែលគេកំពុងពិភាក្សានោះទេ។
   « គ្មានអ្វីទេ តម្លៃចំណាយសម្រាប់ការសាងសង់លើនេះល្អខ្លាំងណាស់ ពួកយើងទទួលបានប្រាក់ចំណេញទ្វេដងបើប្រៀបនឹងគម្រោងលើកមុន » ខាលវីន បិទឯកសារដាក់ទៅលើតុ ហើយសម្លឹងមើលជំនួសការដែលញញឹមដាក់គេ។
    « បាទ ហើយនៅមានបញ្ជីការទិញសម្ភារៈសម្រាប់ការសាងសងលើគម្រោងមួយទៀត តើចៅហ្វាយចង់ពិនិត្យដែរទេ? »
     « កុំទាន់អី ពេលនេះខ្ញុំចង់ឲ្យឯងពិនិត្យមើលមេធាវី ឆយ សម្រាប់ការដាក់ពាក្យបណ្ដឹងតារាម៉ូដែលប្រុសជនជាតិ អាមេរិក នោះសិន »
     « ខ្ញុំបានពិនិត្យរួចហើយ មេធាវី ឆយ បានដាក់ពាក្យបណ្ដឹងទៅតុលាការរួចហើយ ប៉ុន្តែត្រូវរងចាំប៉ុន្មានសប្តាហ៍ទៀតទើបការកាត់ក្តីដំណើរការ » ហារ៉ូ រាយការណ៍ដោយស្នាមញញឹមមានមោទនភាពចំពោះខ្លួនឯងដែលទាយដឹងពីអ្វីដែលចៅហ្វាយរបស់គេចង់ដឹងហើយក៏ទៅទទួលយកព័ត៌មានមកជាមុន។
    ខាលវីន ដកដង្ហើមធំដោយតានតឹង ព្រោះបើការកាត់ក្តីមិនទាន់ដំណើរការ មានន័យថា ដេវីត នៅតែអាចចូលទៅជិត ឆេរ៍រី បាននៅពេលនេះ។
    « ខ្ញុំនឹងទៅក្រុមហ៊ុនអ្នកម៉ាក់ » ខាលវីន ក្រោកពីកៅអីហើយទាញអាវក្រៅដើរចេញពីការិយាល័យយ៉ាងរហ័ស។

មន្តស្នេហ៍កូនក្រមុំជំនួស👰🏻Where stories live. Discover now