«បង...បងចាំទុក បើខ្ញុំទៅហើយ ខ្ញុំនឹងមិនមកជួបបងម្ដងទៀតឡើយ!» និស្ស័យនិយាយសង្កត់សំឡេងទាំងភាពឈឺចាប់ រួចក៏ដើរចេញទៅជាមួយដេវីត ទុកឲ្យថេសានិងចេស្ដានៅជាមួយគ្នាតែពីរនាក់តាមបំណងគេ។ ចេស្ដាវិញមិនសូម្បីតែមើលដំណើរនិស្ស័យដើរចេញផង។
នៅតាមផ្លូវនិស្ស័យស្ងាត់មិននិយាយអ្វីឡើយ បានត្រឹមតែសម្រក់ទឹកភ្នែកនៃភាពឈឺចាប់និងអន់ចិត្តប៉ុណ្ណោះ។ ដេវីតវិញបានត្រឹមតែអង្គុយស្ងៀមស្ងាត់សម្លឹងនិស្ស័យដែលអង្គុយក្បែរខ្លួន គេចង់លួងលោមនិស្ស័យណាស់ តែមិនដឹងគួរនិយាយបែបណា ព្រោះរឿងនេះក៏មានគេដែលជាដើមហេតុដែរ។
«និស្ស័យឈប់យំទៅ!»ដេវីតលើកដៃទៅអង្អែលស្មារគេតិចៗ និស្ស័យមិននិយាយអ្វីឡើយបានត្រឹមតែយំយ៉ាងស្ងៀមស្ងាត់។
«ខ្ញុំមិនបានបង្ខំនិស្ស័យឲ្យមកនៅជាមួយខ្ញុំទេ និស្ស័យមានសិទ្ធិជ្រើសរើសថាចង់នៅឬអត់»
«បើខ្ញុំជ្រើសមិននៅជាមួយលោក លោកនឹងយកបងថេសាពីបងចេស្ដាវិញដែរទេ?»និស្ស័យងើបមុខដែលហើមតិចៗព្រោះតែយំនោះឡើង សួរទៅកាន់ដេវីត។
«និស្ស័យស្ដាប់ខ្ញុំ! ខ្ញុំមិនបានយកនិស្ស័យជារបស់ដោះដូរជាមួយថេសាទេ ដែលខ្ញុំជ្រើសនាំនិស្ស័យមកនេះ ព្រោះខ្ញុំដឹងថា ចេស្ដាធ្វើបាបចិត្តនិស្ស័យប៉ុណ្ណាទោះគេដឹងហើយថានិស្ស័យស្រឡាញ់គេខ្លាំងក៏ដោយ ខ្ញុំគ្រាន់តែចង់នាំនិស្ស័យចេញឲ្យឆ្ងាយពីមនុស្សដូចគេប៉ុណ្ណោះ ហើយថេសាខ្ញុំក៏ឈប់បង្ខំដែរ បើនាងជ្រើសអ្នកណាក៏បណ្ដោយតាមចិត្តនាងចុះ»និស្ស័យយំកាន់តែខ្លាំងពេលឮដេវីតនិយាយដូច្នេះ គេកាន់តែឈឺពេលឮដេវីត និយាយដល់ចេស្ដា ត្រូវហើយគេស្រឡាញ់ចេស្ដាណាស់តែនាយវិញបានត្រឹមតែបំផ្លាញបេះដូងដ៏ស្មោះសរបស់គេឥតល្ហែ តើបន្ដនៅក្បែរនាយធ្វើអីទៀត?
«ហ៉ឺហ៉ឺ...តើខ្ញុំគួរធ្វើបែបណាទៅគ្រប់យ៉ាងព្រោះតែខ្ញុំស្រឡាញ់គាត់ ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ ហ៉ឺៗ»និស្ស័យយំចេញមកខ្លាំងៗហើយឱបដេវីតជាប់ យំរៀបរាប់ទាំងអារម្មណ៍ឈឺចាប់ ដេវីតបានត្រឹមតែឱបគេវិញនិងអង្អែលខ្នងគេតិចៗ ដើម្បីលួងឲ្យគេស្ងប់អារម្មណ៍។
«បានហើយកុំយំអី! បើវ៉ាយុដឹងថានិស្ស័យយំខ្លាំងបែបនេះ គេប្រាដកជាទៅរករឿងចេស្ដាមិនខានទេ»
«មែនហើយមួយរយៈនេះ ខ្ញុំមិនដែលបានជួបបងវ៉ាយុទេ គាត់យ៉ាងម៉េចហើយ»សម្រួលអារម្មណ៍បន្ដិចលែងយំហើយក៏ងើបមកសួរដំណឹងរបស់វ៉ាយុ ព្រោះនិស្ស័យខានបានជួបវ៉ាយុច្រើនថ្ងៃហើយ។
«គេមិនអីទេ តែគេខំតាមរកនិស្ស័យណាស់ ព្រោះគេបារម្ភពីនិស្ស័យនោះអី»ដេវីតនិយាយទាំងញញឹម ហើយក៏លើកដៃទៅជួយជូតទឹកភ្នែកឲ្យនិស្ស័យផងដែរ។
«គាត់បារម្ភខ្លាំងមិនខានទេ ព្រោះខ្ញុំមិនដែលទាក់ទងទៅគាត់ផង»
«និស្ស័យចង់ជួបគេទេ ខ្ញុំជូនទៅ»
«អត់ទេ! ជួយប្រាប់គាត់ផងថាខ្ញុំមិនអីទេ»
«បាន តាមតែចិត្តនិស្ស័យទេ»
«តែលោកជួយខ្ញុំរឿងមួយបានទេ ខ្ញុំសុំទៅចុះ»
«និស្ស័យនិយាយមក!»
