កន្លែងថ្មី! (03)

38 4 0
                                        

បីថ្ងៃកន្លងផុតទៅក៏ដល់ពេលដែលមេត្តា ស្វាមីនិងកូនត្រូវត្រឡប់ទៅផ្ទះដែលនៅទីក្រុងវិញដែររួមទាំងយកនិស្ស័យទៅនៅជាមួយផង។ និស្ស័យមិនបានប្រកែកអ្វីទេ មានតែសប្បាយចិត្តព្រោះបានទៅរស់នៅផ្ទះជាមួយបងចេស្ដារបស់គេ ក្មេងតូចញញឹមជាប់មាត់រហូត។ នៅតាមផ្លូវក្នុងឡានមានគ្នាបួននាក់ លោកមង្គលស្វាមីមេត្តាជាតៃកុង ហើយជាប់គាត់ក៏មានមេត្តាអង្គុយក្បែរ តែក្រឡេកមកមើលបាំងខាងក្រោយវិញ មានក្មេងប្រុសពីរនាក់អង្គុយជិតគ្នា។ ក្មេងតូចនិស្ស័យអង្គុយមើលមុខគេញញឹមមិនបិទមាត់ ថ្ពាល់ប៉ោងៗពណ៌ស៉ីជំពូគួរឲ្យចង់ក្រញិច ភ្នែកវិញលិបបាត់អស់ហើយព្រោះតែញញឹមដាក់អ្នកអង្គុយក្បែរ។ តែអ្នកខាងនោះវិញមុខមិនរាប់ញាតិជាមួយទេ ធុញសឹងតែដាច់ខ្យល់ទៅហើយងាកមកពេលណាក៏ឃើញញញឹមស្ញេញដាក់ មុខវិញឡើងគួរឲ្យស្អប់ បើកុំតែម៉ែបង្ខំទេ កុំអីខ្ពើមអង្គុយជិតណាស់ មនុស្សស្អីមុខគួរឲ្យស្អប់តាំងពីតូច។

«ឯងមើលមុខយើងធ្វើស្អីថ្នាក់នេះ អាក្មេងកំព្រារ?»ទ្រាំមិនបានក៏ហាមួយប្រយោគទៅកាន់អ្នកដែលអង្គុយមើលគេមិនដាក់ភ្នែក តែក៏ត្រូវម្ដាយងាកមកស្ដីឲ្យវិញភ្លាមៗ។

«ចេស្ដា! ម៉េចក៏ហៅប្អូនបែបនេះ ប្អូនមានឈ្មោះឲ្យហៅណាស៎!»មេត្តាស្ដីឲ្យកូនប្រុសទាំងមុខមិនពេញចិត្ត។
«ហ្ហឹក ហ្ហឹក...»ក្មេងតូចដែលញញឹមដូចផ្ការីកអម្បិញមិញនេះក៏ប្រែមកពេបមាត់យំយកមួយរំពេច ដៃតូចៗម្ខាងញីភ្នែក ម្ខាងអោបតុក្កតាដូរ៉េមុនសំណព្វចិត្តជាប់។ គេសប្បាយចិត្តដែលបានក្បែរចេស្ដារហូតភ្លេចថា ប៉ាម៉ាក់គេបានទៅចោលគេហើយ ពេលនេះក៏នឹកឃើញវិញព្រោះសម្ដីចេស្ដា ទើបធ្វើឲ្យគេយំឡើងភ្លាមៗ។
«ពុទ្ធោ! និស្ស័យកូន ឈប់យំទៅណា!»មេត្តាងាកទៅលួងលោមនិស្ស័យពីខាងមុខទៅ។
«ហ្ហឹក ហ្ហឹក...ប៉ាម៉ាក់របស់អូនទៅចោលអូនហើយ»
«តែនៅមានអ៊ំ មានអ៊ំប្រុសនិងបងចេស្ដាចាំមើលថែក្មួយហើយតើ កុំយំអីកូន!»មេត្តាញញឹមទៅកាន់ក្មេងតូចដើម្បីលួងលោមគេ។
«មែនហើយៗកូន!»លោកមង្គលដែលស្ងាត់មកជាយូរក៏ជួយបន្ទរឲ្យប្រពន្ធ គាត់ក៏ស្រឡាញ់និងចូលចិត្តនិស្ស័យមិនចាញ់ប្រពន្ធគាត់ដែរ អ៉ីចឹងទើបគាត់យល់ព្រមជាមួយប្រពន្ធយកគេមកចិញ្ចឹមដោយមិនស្ទាក់ស្ទើរឡើយ គឺគាត់ពេញចិត្ត។ ឮបែបនេះ ក្មេងតូចក៏ឈប់យំ លើកដៃតូចៗជូតទឹកភ្នែកលើថ្ពាល់ដោយខ្លួនឯង ងាកមកអ្នកអង្គុយក្បែរវិញ មុខមិនរីកចេកមិនទុំដូចដើម គេងាកទៅមើលទេសភាពខាងក្រៅព្រោះមិនចង់ឃើញមុខគួរឲ្យស្អប់របស់ក្មេងរំអួយម្ដុំនេះ។
ឡានបន្ដបើកឥតសម្រាក រហូតក្មេងៗក៏គេងលក់អស់ សល់តែមេត្តានិងស្វាមីដែលកំពុងផ្ដោតលើការបើកបរ មិនយូរមិនប៉ុន្មាន ពួកគេក៏បានមកដល់ផ្ទះដ៏ធំស្កឹមស្កៃ ដូចជាភូមិគ្រឹះនោះ ដែលជាផ្ទះរបស់លោកមង្គលនិងមេត្តា។
«អៅ! នេះមិនទាន់ភ្ញាក់ទៀតឬក្មេងៗ»ចុះពីឡានហើយមេត្តាក៏បើកទ្វាខាងក្រោយដើម្បីនាំក្មេងៗចុះជាមួយ ហើយលោកមង្គលក៏ប្រញាប់ទៅបើកយកអីវ៉ាន់ផ្សេងៗពីគូទឡាន។
«ដល់ផ្ទះយើងហើយមែនម៉ាក់?»ចេស្ដា សួរទាំងមីងមាំងព្រោះទើបតែភ្ញាក់ពីគេងភ្លាមៗ។
«ចាសកូន តោះចុះមក ម៉ាក់បីប្អូន!»មេត្តាក៏លើកបីនិស្ស័យដែលគេងមិនទាន់ភ្ញាក់ហើយគាត់ក៏មិនដាសគេដែរទុកឲ្យគេគេងឲ្យឆ្អែត។
«ហ៉ឹម...»ពេលមេត្តាបីនិស្ស័យ ក្មេងតូចក៏ប្រះខ្លួនហើយលើកដៃញីភ្នែកព្រោះភ្ញាក់ពីគេងដែរ។
«ភ្ញាក់ហើយហ្អីកូន! បើងងុយគេងបន្ដទៀតក៏បានដែរ»មេត្តាញញឹមនិងនិយាយជាមួយសម្ដីស្រទន់គួរឲ្យចង់ស្ដាប់ទៅកាន់ក្មេងតូចក្នុងវង្វង់ដៃ។
«ពួកយើងនៅទីណាហ្នឹង អ៊ំមេត្តា?»ភ្នែកតូចរំពៃមើលទៅមុខក៏ឃើញផ្ទះធំដ៏ស្រស់ស្អាត ចិត្តក៏ឆ្ងល់។
«ពួកយើងមកដល់ផ្ទះហើយ ចាប់ពីពេលនេះទៅទីនេះគឺជាផ្ទះរបស់កូនហើយ កូនត្រូវរស់នៅទីនេះជាមួយអ៊ំ អ៊ំប្រុសនិងបងចេស្ដាណាកូន»ញញឹម
«បាទ!»ក្មេងតូចងក់ក្បាលយល់ព្រមទាំងញញឹម គេសប្បាយចិត្តមិនមែនព្រោះបាននៅផ្ទះធំទេ តែគេសប្បាយចិត្តព្រោះបានរស់នៅជាមួយចេស្ដាទៅវិញទេ។
«តោះពួកយើងចូលផ្ទះទៅ!»លោកមង្គលដែលកាន់អ៉ីវ៉ាន់ពេញដៃក៏ដើរមករកប្រពន្ធកូន និងបបួលពួកគេចូលក្នុងផ្ទះ។

មនុស្សអរូប(Ignore Meaning)Where stories live. Discover now