ប៉ុន្មានថ្ងៃក្រោយ និស្ស័យក៏ចេញពីពេទ្យហើយវ៉ាយុក៏ជូនគេមកផ្ទះ។ សម្រាកនៅមន្ទីពេទ្យប៉ុន្មានថ្ងៃមកនេះចេស្ដាគ្មានទៅមើលនិស្ស័យបន្ដិចឡើយ ព្រោះគេរវល់ជាមួយការងារនិងថេសារបស់គេណាស់។
«ទើបងើបពីឈឺចឹងត្រូវសម្រាកឲ្យបានច្រើនឮទេ!»វ៉ាយុនិយាយហើយក៏អង្អែលសក់រលោងរបស់និស្ស័យបន្ដិច។
«បាទខ្ញុំដឹងហើយបង!»
«ចាំថ្ងៃស្អែកនេះមកទទួលទៅសាលាចុះ»
«ខ្ញុំអរគុណបងណាស់ បីថ្ងៃមកនេះបងហត់នឹងមើលថែខ្ញុំហើយ ខ្ញុំមិនចង់រំខានបងទៀតទេ ស្អែកខ្ញុំទៅសាលាដោយខ្លួនឯងបានណា»
«មិនរំខានទេ បងរីករាយនឹងជួយនិស្ស័យជានិច្ច បងមិនហត់ឡើយ»
«តែ...»
«គ្មានតែគ្មានកាហ្វេអីទាំងអស់ ព្រឹកស្អែកបងមកទទួល»
«បាទបង!»
«ឆ្លាត! ចឹងបងទៅសិនហើយព្រោះបងមានម៉ោងត្រូវចូលបន្ទប់វះកាត់»
«បាទ ធ្វើដំណើរដោយសុវត្ថិភាពណាបង»វ៉ាយុក៏ចេញទៅវិញទាំងញញឹម។ ពេលនេះក្នុងផ្ទះមានតែនិស្ស័យម្នាក់ឯងមិនដឹងថា កម្លោះម្ចាស់ផ្ទះទៅណាឡើយ។
«បងទើបមកពីណា»ឃើញចេស្ដាដើរចូលមក និស្ស័យក៏ប្រញាប់សួរ។
«ឯងមិនមែនម៉ាក់យើងទេ កុំមកសួរនាំយើងធ្វើដូចជាម៉ាក់យើងអី!»
«តែខ្ញុំគ្រាន់តែចង់ដឹង»
«យើងមកពីជួបថេសា! យ៉ាងម៉េច?»ទៀតហើយ ថេសាៗរហូត គ្មានយល់អារម្មណ៍អ្នកស្ដាប់ទេ។
«...»និស្ស័យមិនដឹងតបថាម៉េចទេ បានត្រឹមតែទម្លាក់មុខចុះប៉ុណ្ណោះ។ គេមិនទាំងខ្វល់ពីសុខទុក្ខនិស្ស័យផង គេគ្មានសួរនាំអ្វីបន្ដិចឡើយទាំងដឹងហើយថាគេទើបតែចេញពីពេទ្យ។
«រៀបចំខោអាវនិងអ៉ីវ៉ាន់របស់ឯងទៅ!»
«បងនិយាយអី ឲ្យខ្ញុំរៀបចំធ្វើអីទៅ!»
«រើទៅនៅផ្ទះលំហែជាយក្រុងជាមួយយើង!»
«តែហេតុអីទៅ!»
«កុំសួរច្រើនពេក»
និស្ស័យមិនហ៊ានសួរនាំទៀតព្រោះខ្លាចគេខឹង ទើបប្រញ៉ាប់ទៅរៀបចំសម្លៀកបំពាក់និងអ៉ីវ៉ាន់តាមបញ្ជារបស់គេ ទោះមិនដឹងថាគេឲ្យធ្វើបែបនេះធ្វើអីក៏ដោយ។ រៀបចំរួចរាល់ ក៏យកទៅដាក់ក្នុងឡានហើយចេស្ដានិងនិស្ស័យ ក៏ចេញដំណើរឆ្ពោះទៅរកផ្ទះលំហែនៅជាយក្រុង។ នៅតាមផ្លូវនិស្ស័យលួចសម្លឹងមុខចេស្ដារហូត ចេស្ដាក៏ដឹងថាគេមើល តែនាយក៏ប្រងើយ មិនខ្វល់ទុកឲ្យគេលួចមើលតាមចិត្ត និស្ស័យសម្លឹងមុខសង្ហាធ្វើឲ្យគេនឹកឃើញគ្រប់យ៉ាងនៅយប់នោះ នាយសង្ហាមុខមាត់គួរឲ្យស្រឡាញ់តែបែរជាឃោឃៅយ៉ាងនេះដាក់ខ្លួន។
