១៥+១៦

2K 60 0
                                        

បម្រើស្នេហ៍អង្គម្ចាស់

ភាគ១៥+១៦

ពិធីអភិសេកដំណាក់កាលទី១ក៏បានបញ្ចប់ទៅយ៉ាងរលូន ព្រះនាងក៏ត្រូវយាងឡើងមកប្ដូរឈុតនៅជាន់ខាងលើ ទុកឲ្យអង្គម្ចាស់នៅជាន់ក្រោម ទទួលស្វាគមន៍ខ្សែរាជវង្សរបស់ខ្លួននឹងភ្ញៀវពិសេសនៅខាងក្រោម។
"ជេខេ?"
"អូ!ហ្វេលិក.."ជុងហ្គុកងាកបែរទៅរកម្ចាស់សម្លេងគ្រលរដែលលឺល្ហៀងពីចម្ងាយ មុននឹងប្រទះឃើញហ្វេលិក មិត្តសម្លាញ់ស្ថិតក្នុងឈុតអាវធំសមសួនជាខ្លាំង ភាពសង្ហារបស់គេក៏អាចឃ្លាតឆ្ងាយពីក្រសែភ្នែករបស់ស្រីស្អាតក្នុងពិធីមួយនោះដែរ។
ហ្វេលិកបោះជំហាននាំព្រះកាយចូលទៅរកសម្លាញ់កាត់ហ្វូងមនុស្សដែលនៅឈរក្រេបវ៉ាញតាមតុរៀងៗខ្លួន ហ្វេលិកចូលមកព្រមជាមួយក្រសែភ្នែកជាច្រើនសម្លឹងតាមមើល អ្នកខ្លះក៏លួចជជែកគ្នា ត្បិតអ្នកទីនោះក៏ដឹងថាហ្វេលិកជាអ្នកណា អ្វីដែលកាន់តែទាក់ទាញភាពចាប់អារម្មណ៍នោះគឺ អង្គម្ចាស់មួយអង្គនេះទ្រង់នៅលីវនៅឡើយ។
"ស្រស់សង្ហាមិនធម្មតាឡើយថ្ងៃនេះ អង្គម្ចាស់ជុងហ្គុក"ហ្វេលិកទះស្មាមិត្តសម្លាញ់មួយដៃ ទឹកមុខញញឹមលេងសើចដូចជាសព្វដង ជុងហ្គុកក៏ងក់ក្បាលតិចៗព្រមទាំងញញឹមតបវិញ គេមិនអាចឲ្យថ្ងៃអភិសេករបស់គេត្រូវបំផ្លាញព្រោះតែភាពរឹងមានៈរបស់ហ្វីលីណាឡើយ។
"មានបញ្ហាអី? មើលទៅដូចមិនសប្បាយព្រះទ័យបែបនេះ? នែ! អម្បាញ់មិញយើងអង្គុយនៅជ្រុងខាងនោះ កម្លោះៗគេនាំគ្នាលាន់មាត់សរសើរមហេសីឯងថាស្រស់ស្អាតដូចជាទេពអប្សរគ្រប់ៗគ្នា ឯងគួរតែសប្បាយព្រះទ័យទើបត្រូវណាសម្លាញ់"ពាក្យថាប្រុសគ្រប់គ្នាលាន់មាត់សរសើរហ្វីលីណាមិនមែនជាអ្វីដែលធ្វើឲ្យជុងហ្គុកបានប្រសើរក្នុងព្រះទ័យឡើយ ទោះជានាយមិនបានបញ្ចេញអាការៈខឹងសម្បារមកក្រៅ តែគេក៏លាក់វាទុកក្នុងចិត្ត ខួរក្បាលបែរជាគិតសរុបភាពក្រេវក្រោធនោះទៅលើហ្វីលីណា អ្នកមិនដឹងខ្យល់អ្វីទាំងអស់ឯណោះវិញ។
"យើងគិតទៅបន្ទប់ទឹកមួយភ្លែត"
"តាមសម្រួលសម្លាញ់"ហ្វេលិកក៏សុំខ្លួនចាកចេញទៅបន្ទប់ទឹកតែម្នាក់ឯង ចំណែកឯជុងហ្គុកឯណេះកំពុងតែក្ដៅចិត្តជាមួយនឹងភាពមានៈរបស់ហ្វីលីណាផង ពេលនេះមកលឺពាក្យដែលហ្វេលិកបាននិយាយទៀតធ្វើឲ្យចិត្តទ្រង់កាន់តែឆាបឆួល ប្រញាប់នាំខ្លួនទៅជាន់ខាងលើតែម្ដង។
ក្រឡេកមកមើលបន្ទប់តុបតែងខ្លួនជាន់ខាងលើឯណេះវិញ រាជវាំងសាកសមជាកន្លែងដែលស្ងប់ស្ងាត់ ជាពិសេសនៅថ្ងៃពិធីបែបនេះ ក៏ប៉ុន្តែខុសប្លែកអ្វីតែបន្ទប់មួយនេះ។
"នេះឈុតថ្មីសម្រាប់ព្រះនាងដ៏ស្រស់ស្អាតរបស់ពួកយើង"អ្នកតុបតែងខ្លួនផ្លាស់រ៉ូបពណ៌ទឹកសមុទ្រស្រាលជូនដល់ហ្វីលីណា ស្រីតូចអង្គុយសម្លឹងមើលទៅសភាពការតុបតែងរបស់ខ្លួនក្នុងកញ្ចក់ មុននឹងលូកអង្អែលសក់វែងអន្លាយរបស់ខ្លួន។ ស្នាមញញឹមញ៉ោចឡើងលើផ្ទៃមុខស្រស់ផូរផង់របស់នាងភ្លាម ត្រូវហើយ! ថ្ងៃនេះជាថ្ងៃមង្គលរបស់នាង ក្នុងមួយជីវិតនាងមានថ្ងៃនេះតែម្ដងប៉ុណ្ណោះ ចឹងនាងគួរតែញញឹមឲ្យបានច្រើន មិនចឹងហេស៎?
"ព្រះនាងប្រហែលជាកូនក្រមុំស្រស់ស្អាតបំផុតហើយលើលោកនេះ..អ..អង្គម្ចាស់?"និយាយមិនទាន់ចប់ផងវត្តមានម្ចាស់កាយមាំចូលមកដល់ កែវភ្នែកសម្លឹងមើលនាងតូចដែលឡើងមកប្ដូរឈុតកូនក្រមុំ នឹងអាលបានចុះទៅទទួលរាក់ទាក់ជាមួយភ្ញៀវ...
"ព្រះនាងហ្វីលីណាស្រស់សោភាណាស់ក្រាបទូល"
"នេះហេស៎ដែលពួកនាងថាស្អាត? មិនបាច់ចុះទៅក្រោមទេ យើងមិនចង់អាម៉ាសព្រោះតែនាងឡើយ!!! បើយើងមិនចេញរាជបញ្ជា គ្មានអ្នកណាមានសិទ្ធិនាំនាងចុះទៅឡើយ"
"ក្រាបទូល"ហ្វីលីណាក៏អោនមុខចុះបន្តិច ព្រមទទួលការបញ្ជារបស់អង្គម្ចាស់ផ្ដាច់ការ មិនទាន់ទាំងបានអីផងនាងក៏ត្រូវគេឃុំឃាំងទុកទាំងថ្ងៃនេះជាថ្ងៃអភិសេករបស់ពួកគេ តែនាងក៏មិនបានបដិសេធអ្វីឡើយ មានតែសម្របតាមទ្រង់ បើនាងមិនចង់ឈឺខ្លួន។
"ពួកនាងមានការងារនៅខាងក្រោមច្រើនណាស់ ឆាប់ចុះទៅ បើចង់ឲ្យផ្ដៅមាតាយើងឡើងខ្នងទេ"
"ក្រាបទូល"ក្រមុំៗដែលនៅក្នុងបន្ទប់ទាំងប៉ុន្មានក៏នាំគ្នាចាកចេញទៅតាមបញ្ជា ម្ចាស់កាយមាំទាំក៏ងាកភ្នែកសម្លឹងមើលហ្វីលីណាបន្តិច មុននឹងនាំព្រះកាយចាកចេញទៅម្នាក់ទៀត។
"ហ៊ឹម!"ហ្វីលីណាព្រលែងខ្យល់ដង្ហើមវែង មុននឹងក្រវីក្បាលតិចៗ នាងបង្ខិតកៅអីថយក្រោយមុននឹងក្រោកនាំរាងកាយដើរហួសចេញទៅគ្រែគេងធំទូលាយដែលមានការតុបតែងស្រស់ស្អាត មានផ្ការោយពីលើកម្រាលសក្បុសនាំភាពស្រស់បំព្រងឲ្យបន្ទប់នេះថែមទៀត។
ហ្វីលីណាទម្លាក់ខ្លួនអង្គុយលើពូកទន់ៗមុននឹងសញ្ជឹងគិតពីអ្វីម៉្យាងតែម្នាក់ឯង នៅខាងក្រៅក៏មានសន្សើមស្រក់តក់ៗប៉ះនឹងស្លឹកឈើដែលនៅខាងក្រៅឯណោះ ស្នាមញញឹមក៏ញ៉ោចឡើងតិចៗលើផ្ទៃមុខសោះកក្រោះរបស់នាង។
"ម៉ាក់..កូនរៀបការហើយ"
"ម៉ាក់ឲ្យពរកូនផងណា៎ ហ៊ិហ៊ិ"ហ្វីលីណាបិទភ្នែកព្យាយាមនឹករលឹកដល់អ្នកមានគុណដែលបាត់ដំណឹងចាកចេញឆ្ងាយពីនាងអស់ជាង១ឆ្នាំទៅហើយ នាងគ្រាន់តែចង់ជួបគាត់ ចង់អោបគាត់ ចង់បានពាក្យជូនពរពីគាត់។
តុកៗ
"អ្នកណានឹង?!"ស្ងាត់!មិនមានសម្លេងឆ្លើយតបពីខាងក្រៅទាល់ែតសោះ ដោយភាពងឿងឆ្ងល់ទើបហ្វីលីណាប្រញាប់នាំខ្លួនដើរទៅបើកទ្វារភ្លាមមិនបង្អង់។
តែគ្មានអ្នកណានៅទីនោះ...នាងព្យាយាមងាកសម្លឹងមើលជុំវិញខ្លួនតែមិនមានអ្នកណានៅទីនោះឡើយ តែត្រចៀកនាងក៏បែរជាលឺសម្លេងសម្រឹបជើងនរណាម្នាក់ នាងងាកខ្វាច់ក៏ឃើញថាជាស្រមោលរបស់មនុស្សស្រីម្នាក់ មិនបង្អង់នាងក៏ប្រញាប់ចេញទៅតាមភ្លាម សម្ដៅទៅផ្លូវចុះខាងក្រោយវិមានចរណៃឯណោះ។
"ឈប់សិន..ឈប់ អឹម"ហ្វីលីណាចុះមកដល់ជាន់ខាងក្រោមក៏បែរជាមាននរណាម្នាក់ខ្ទប់ច្រមុះនាង ទោះជានាងព្យាយាមរើបម្រាស់យ៉ាងណាក៏មិនបានការដែរ រាងកាយតូចស្ដើងក៏ចាប់ផ្ដើមទន់ខ្សោយទៅៗរហូតទាល់តែសន្លប់បាត់បង់ស្មារតីទៅនាគ្រានោះ។

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Where stories live. Discover now