១ឆ្នាំកន្លងផុតទៅ!

ហ្វូ!
សម្លេងខ្យល់បក់ទៅមករវិចៗនាំភាពត្រជាក់ល្ហឹមចូលមកដល់ក្នុងបរិវេណវីឡាធំស្កឹមស្កៃលិចត្រដែតជាងគេនៅតំបន់នោះ រាងកាយតូចស្ដើងដែលមានអាយុប្រមាណ២០ឆ្នាំកំពុងអង្គុយកត់ត្រាអ្វីម៉្យាងនៅឯតុសិក្សារបស់នាងក្បែរមាត់បង្អួចបន្ទប់ខាងលើរបស់នាង...
..ថ្ងៃទី១៥ខែសីហា... អ្នកម៉ាក់នឹងអូនជុននីអូក៏ឡើងទៅបរទេសព្រោះដើម្បីស្វែងរកសាលាដែលល្អបំផុតសម្រាប់ខ្ញុំនឹងប្អូនបានរៀនបន្តនៅទីនោះ ខ្ញុំសប្បាយចិត្តណាស់។
អក្ខរ៉ាចារមួយៗយឺតៗដោយដៃស្រឡូនសក្បុស ម្រាមដៃសរសេរវាសលើក្រដាសសៀវភៅពណ៌ទឹកតែស្ថិតក្នុងសៀវភៅដៃមួយដែលម្ចាស់រាងកាយតូចតែងតែកាន់វាជារឿយៗតាមខ្លួន ព្រោះថានាងជាមនុស្សដែលចូលចិត្តកត់ត្រា...
..លោកប៉ានឹងហ្វីលីណានៅប្រទេសកូរ៉េតែ២នាក់ ពួកយើងសុខសប្បាយជាធម្មតាទេ តែពួកយើងក៏នឹកដល់អ្នកម៉ាក់នឹងប្អូនប្រុសខ្លាំងណាស់ដែរ មិនដឹងជាពេលណាអ្នកម៉ាក់នឹងប្អូនមកវិញទេ?
"អ្នកនាងហ្វីលីណា?!"
"ចាស៎?" សម្លេងស្រាលបន្លឺចេញពីមាត់ម្ចាស់រាងកាយតូចដែលកំពុងស្មឹងស្មាតឲ្យងាកសម្លឹងមើលទៅមាត់ទ្វារបន្ទប់ខ្លួនដែលកំពុងតែមានអ្នកគោះនោះ។
"មានការអ្វីមែនទេអុំឆូ?" ហ្វីលីណាឆ្លើយតបទៅកាន់ស្ត្រីចំណាស់ដែលមានអាយុចាស់ក្រែលសឹងតែអាចធ្វើជាយាយនាងបានទៅហើយនោះ គាត់ឈរសម្លឹងមើលនាងពីមាត់ទ្វារមកជាមួយស្នាមញញឹមតាមទម្លាប់។ បន្ទាប់ពីដឹងថាហ្វីលីណាបានឃើញគាត់ អុំឆូក៏រហ័សបោះជំហានដើរចូលមករកនាងមិនឲ្យពិបាក។
"សរសេរកំណត់ហេតុទៀតហើយ?"
"គឺមកពីអផ្សុកនឹងណា៎អុំឆូ ម៉្យាងសរសេរបែបនេះក៏អាចកាត់បន្ថយអារម្មណ៍នឹករបស់ខ្ញុំទៅកាន់ម៉ាក់នឹងអូនជុននីអូខ្លះផង" អុំឆូងក់ក្បាលយល់ស្របនឹងចម្លើយទន់ភ្លន់នឹងសមហេតុផលរបស់អ្នកនាងគាត់ ស្រីតូចយើងកាលបើកាន់តែចម្រើនវ័យឡើងមក អាកប្បកិរិយានាងក៏កាន់តែស្រគត់ស្រគំទៅ នាងមិនដែលចេញទៅណា មិនដែលសូវជានិយាយរកអ្នកណា មួយថ្ងៃៗនាងសម្ងំនៅតែក្នុងបន្ទប់ជាមួយសៀវភៅនឹងការកត់ត្រាបែបនេះ។
"មិនដឹងពេលណាទើបអ្នកម៉ាក់ត្រឡប់មកវិញទេ? នេះជាាង១ឆ្នាំទៅហើយ" ហ្វីលីណាទម្លាក់ទឹកមុខចុះបន្តិចស្របជាមួយនឹងសម្លេងទម្លាក់ទៅតាមនោះ បង្ហាញច្បាស់ថានាងកំពុងតែនឹកពួកគេទាំង២ខ្លាំងហើយ។
"ប្រហែលជាមិនយូរទេណាអ្នកនាងរបស់អុំ លោកស្រីតែងតែខលមកលេងអ្នកនាងជាប្រចាំតើមិនចឹងហ្អេ៎? អ្នកនាងកុំគិតច្រើនពេកអីណា៎" ហ្វីលីណាក៏ងក់ក្បាលស្រាលៗ ញញឹមស្ងួតតបទៅកាន់អុំឆូវិញក្នុងន័យកុំឲ្យគាត់មានការព្រួយបារម្ភក៏ដូចជាមិនចង់ឲ្យរឿងដែលនាងគិតច្រើននេះលេចលឺដល់ត្រចៀករបស់ម្ដាយនាងដែរ។
"អ្នកនាងតូចចង់ញុំាតែខ្ញីទេ ចាំអុំទៅឆុងជូនមួយកែវណា៎"
"អរគុណណាស់អុំឆូ" ហ្វីលីណាក៏ញញឹមបន្តិចរួចតាមសម្លឹងមើលដំណើរចាកចេញទៅរបស់អុំឆូយ៉ាងស្ងប់ស្ងាត់ហាក់ដូចជាមានអ្វីជាច្រើនកំពុងតែលាក់ទុកពេញក្នុងទ្រូងនាងចឹង កែវភ្នែកមុតស្រួចងាកសម្លឹងឆ្លុះទៅខាងក្រៅប្រៀបដូចជាម៉ាស៊ីន នាងក៏ឈប់ក្រសែភ្នែកត្រឹមរាងកាយមាំទាំក្នុងឈុតអាវធំគ្រងនៅឡើយ មិនទាន់ផ្លាស់ទាំងដែលពេលនេះគេចប់ការងារនៅសេតវិមានរួចអស់ហើយក៏ដោយ។
"លោកប៉ា?" ហ្វីលីណាក៏ប្រញាប់ទាញបិទសៀវភៅរបស់នាងមិនបង្អង់ កាលបើគ្រាន់តែបានឃើញវត្តមានឪពុករបស់នាងនៅជាន់ខាងក្រោមភ្លាម មិនដឹងថាគេមកតាំងពីពេលណា ដឹងត្រឹមថានាងចង់នៅជាគ្នាជាមួយលោកប៉ា។

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Where stories live. Discover now