ជើងវែងស្រឡូនចាប់ផ្តើមឈានចូលក្នុងបន្ទប់សម្រាកព្យាបាលរបស់ឪពុក ដោយកែវភ្នែកសម្លឹងមើលឥតព្រិច នាងខ្លាចថាអ្នកជម្ងឺលើគ្រែនេះមិនមែនជាលោកប៉ាជាទីស្រឡាញ់របស់ខ្លួន បើដូចការគិតមែននោះ ប្រហែលវាក្លាយជារឿងល្អសម្រាប់ក្មេងស្រីខ្លួនមួយដូចនាងហើយ។
តែអ្វីៗមិនបានប្រែប្រួលទៅណាឡើយ នៅពេលរាងតូចដាក់ខ្លួនអង្គុយចុះក្បែរគ្រែ រាងកាយដែលគេងដាក់បំពង់អុកស៊ីសែនគឺជាហុងសូពិតមែន។ កែវភ្នែកអេលីសាដែលកំពុងតែដក់ទឹកភ្នែកតាំងពីដើមទី ក៏ហូរមកដូចបាក់ទំនប់ហើយអោបដៃអ្នកមានគុណជាប់ មាត់តូចស្រដីទាំងយំផងឈឺចាប់ផងក្នុងពេលតែមួយ។
" លោកប៉ា...ហ៊ឹក...ប៉ាធ្លាប់ប្រាប់កូនថា...ប៉ានឹងនៅមើលថែម៉ាក់...និងកូន...ត្រូវទេ...? ចុះម៉េចក៏...ពេលនេះ...ប៉ាក្លាយជាបែបនេះទៅវិញ...? ហ៊ឺ...
ប៉ាត្រូវតែឆាប់ជាណាដឹងទេ? កូនមិនចង់អោយអ្នកទាំងពីរក្លាយជាបែបនេះទេ! ហ៊ឹក... " កែវភ្នែកពណ៌ត្នោតភ្លឺមើលទៅឪពុកជាប់ ហើយក៏យំរហូតគេងលក់ក្បែរហុងសូដែលមិនទាន់បានដឹងខ្លួននៅឡើយ។
អ្នកស្រីហេរីនសម្លឹងមើលពួកគេតាមបង្អួច អារម្មណ៍គាត់ក៏ឈឺចាប់ដូចគ្នាដែរ គាត់យល់អារម្មណ៍ឈឺចាប់មួយនេះច្បាស់ណាស់ ព្រោះតែកាលពីកន្លងទៅបីខែមកនេះ គាត់នៅដិតដាមស្នាមឈឺចាប់ ដោយសារព្រាត់ស្វាមីទាំងគ្មានកំហុស។ មួយសន្ទុះក្រោយមកដុងហេក៏ដើរមកពីខាងក្រៅ ជាមួយបាយកញ្ចប់បីបួនកញ្ចប់និងទឹកបួនដបជាប់នឹងដៃទាំងទ្វេ ព្រមជាមួយនឹងស្នាមញញឹម ដូចជាមាន ដំនឹងល្អអ្វីមួយមិនខាន។
" អ្នកម៉ាក់! នេះខ្ញុំទិញអាហារពេលថ្ងៃមកហើយ អេលីសា នៅខាងក្នុងមែនទេម៉ាក់?! " គេទម្លាក់សម្ពាយអាហារចុះពីដៃ ទើបសួរនាំទៅម្តាយដែលកំពុងស្លុងអារម្មណ៍ អោយបានដឹងស្មារតីមកវិញ រួចងាកមកនិយាយនឹងកូន
" នាងកំពុងតែគេងក្បែរហុងសូ កូនកុំទាន់ទៅដាស់នាងអី " មាត់ស្រដីតែកែវភ្នែកគាត់ចេះតែមើលទៅបន្ទប់នោះម្តងទៀត ដុងហេយល់ពីជម្រៅចិត្តអ្នកម្តាយទើបនិយាយឡើង
" ម៉ាក់! នៅទីនេះទុកឲ្យខ្ញុំចុះ អ្នកមីងប្រហែលកំពុងរង់ចាំម៉ាក់ណាស់ហើយ " គេនិយាយបណ្តើរហុចកន្រ្តកផ្លែឈើមួយស្បោងតូចដែលគេមានចេតនាទិញស្រាប់ហុចទៅគាត់
ដូចអ្វីដែលគេគិតពិតមែន គាត់ក៏ព្រមងើបឈរឡើងហើយទះស្មាកូនប្រុសតែមួយតិចៗ គាត់ទទួលយកទាំងញញឹមមានសង្ឃឹម ហើយដាស់តឿននាយ
" មើលថែពួកគេអោយល្អដូចជាគ្រួសារតែមួយឮទេ? ព្រោះអេលីសានិងគ្រួសារនាងជាអ្នកមានគុណលើយើងបំផុត ចាំសម្តីម៉ាក់ ហើយកុំភ្លេចហូបបាយផង "
ដុងហេក៏ទទួលញញឹម ហើយក៏ឆ្ងល់ខ្លះដែរ តែគេជ្រើសរើសមិនសួរ ដើម្បីឲ្យគាត់រវល់តបរឿងមិនសូវសំខាន់យ៉ាងនេះ។
ក្នុងការិយាល័យផ្ទាល់ខ្លួនរបស់ដុកទ័រជីន
ទឺត...
សម្លេងសារដ៏សែនរញ៉េរញ៉ៃបានលោតឡើងពេញប្រអប់សារ ធ្វើឲ្យរាងកាយដែលកំពុងផ្តោតលើរបាយការណ៍អ្នកជម្ងឺអត់មិនបាន ទើបចុចបិទទូរស័ព្ទចោល។
" វាអស្ចារ្យហើយ ម៉ែវាខំតេផង ផ្ញើសារផង ដើម្បីទៅផ្ទះទទួលស្រីស្អាតធ្វើជាកូនក្រមុំហើយ វាមិនលើកហើយចុចបិទទៀត សមណាស់ៗ សុំសសើរៗ "
សម្លេងគ្រលរៗបែបបរទេសបានឮឡើង វ៉ិចទ័រដើរចូលមកដល់ចំពេលឃើញ មិត្តកម្លោះសាច់ចាំចុចបិទមិនយល់ម្តាយ រួចទាញកៅអីច្រត់ដៃសួរទៀត
" យើងមិនយល់ទេវ៉ើយ! ឯងចង់នៅតែឯងមួយជីវិតឬយ៉ាងម៉េច? "
" មិនមែនរឿងធំដុំអ្វីទេ! បើយើងដល់គូ យើងច្បាស់ជារៀបការមុនឯងហើយ និយាយបែបនេះ ឯងទំនេរស្រាប់ ពឹងយករបាយការណ៍នេះឲ្យអ្នកជម្ងឺថ្មីបន្ទប់៤៤៤ផងសម្លាញ់ " នាយទះស្មាគេតិចៗយកចិត្ត ដើម្បីពឹងពាក់កុំអោយគេរំលឹករឿងការច្រើនពេក
" ជីន-នីឌ័រអូ! " វ៉ិចទ័រនិយាយឡើងទាំងមុខក្រម៉ូវ ខំថាផុតម៉ោងហើយបានទៅរកប្រពន្ធ ស្រាប់តែមិត្តកំពូលពឹងចេញក្បាច់ប្រើទាល់តែបាន
" បាទ! ជួយយើងបន្តិចទៅ វ៉ិចទ័រ-ដេស៊ីម៉ូ " រាងក្រាស់សើចក្នុងបំពង់កតិចៗ ពេលឃើញប្រតិកម្មមិត្ត
តែមិនយូរប៉ុន្មានវ៉ិចទ័រក៏នៅតែទទួលសំណើនេះដដែលទើបប្រញាប់ចាកចេញ មុនពេលឯកឧត្តមមិត្តរកលេសប្រើ។
ត្រឡប់មកបន្ទប់អ្នកស្រីឌីម៉ា
ដៃទាំងគូដែលធ្លាប់តែសកម្ម ពេលនេះគាត់មិនអាចសូម្បីតែកាន់ស្លាបព្រា គាត់ស្ពឹកដៃព្រោះតែមិនបានធ្វើអ្វីដោយខ្លួនឯងខ្លះ តែពេលនេះគាត់ក៏ខំត្រដរអង្គុយផ្នែកខ្នង តែសម្លេងគោះទ្វារបានលាន់ឡើង...។
ВЫ ЧИТАЕТЕ
រនាំងចិត្តម្ចាស់ស្នេហ៍
Художественная прозаស្នេហាដែលផ្តើមចេញពីការស្អប់ យល់ច្រលំ ការមើលងាយ តែក៏បានសាងក្តីសង្ឃឹមឲ្យគ្នា ពេលខ្លះដែលនាំឲ្យខ្វះគ្នាមិនបាន។
