សម្លេងកន្តឹងបានបន្លឺឡើងរណ្តំបីជាបួនដង សិស្សទាំងឡាយបានបញ្ចប់កិច្ចការប្រលងរួចរាល់ ទឹកមុខម្នាក់ៗគឺប្លែកពីគ្នាតាមសន្លឹកកិច្ចការប្រលងដែលពួកគេធ្វើបាន សិស្សខ្លះមានទាំងក្រុមជើងកាងចេញពីប្រលង ដើរបុកគេឯងអាងខ្លួនមានខ្សែរយៈជារឿងធម្មតាទៅហើយ រហូតដល់សិស្សដទៃខ្ជិលនឹងនិយាយ ដូចគ្មានរឿងអ្វីកើតឡើងអីចឹង។
ក្លោងទ្វារសាលា
« លីសា!ឯងចាំអ្នកណាហ្នឹង? » ដុងហេដែលកំពុងឈររង់ចាំ ជិះតាក់ស៊ីទៅផ្ទះ លុះឃើញនាងឈរត្រម៉ង់ត្រម៉ោចម្នាក់ឯងក៏ចូល មកជិតសួរនាំតែម្តង
« អរ!ដុងហេ យើងចាំលោកប៉ានឹងណា ស្មានេះហើយគាត់មិនទាន់មកយកយើងទៀតនេះ »
« អូហ៍!ប្រហែលគាត់រវល់ទេដឹង គិតចេះតាក់ស៊ីមកហើយ តើ ឯងជិះជាមួយយើងទេ ចាំតេរប្រាប់គាត់តាមក្រោយ »
« មិនអីទេ!ឯងទៅមុនចុះ យើងខ្លាចលោកប៉ាបារម្ភ ចាំជួបគ្នាពេលក្រោយ ពូកាដុង » ស្រីល្អិតសើចឌឺដាក់គេរួចលើកដៃលា
« អូខេ!ទៅឈរកន្លែងម្លប់ទៅ មេឃចាប់ផ្តើមក្តៅហើយ » ដុងហេក៏មិននិយាយច្រើន រួចលើកដៃលានាងឡើងតាក់ស៊ីតាមសម្រួល
« យើងដឹងហើយ អរគុណណា! »
បន្ទាប់ពីដុងហេ ចាកចេញទៅ នាងតូចនៅលើអង្គុយលើបង់ រង់ចាំឪពុកខ្លួន មិនហ៊ានទៅណាបន្តិចទេ ទោះបីពេលនេះនៅក្នុងសាលារៀនចាប់ផ្តើមស្ងាត់ហើយក៏ដោយ។
កន្លះម៉ោងក្រោយនៅមន្ទីរពេទ្យ
ទីត...
សម្លេងចាប់ហ្វ្រាំងយ៉ាងបន្ទាន់ បានធ្វើអោយអ្នកគ្រប់គ្នាឆាប់ក្រឡេកភ្នែកទៅចំគោលដៅ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមអ្នកសង្រ្គោះក៏រុញគ្រែសែងចេញពីក្រោយគូទឡាន ហើយលើកដាក់គ្រែរុញដែលមកដល់អម្បាញ់មិញយ៉ាងលឿន។ ណឺរឺតា ដែលមកជាមួយគ្នា ក៏រត់មកប្រាប់ពួកគេដោយប្រញាប់
« ឆាប់បញ្ជួនអ្នកជំងឺទៅបន្ទប់អាយស៊ីយូភ្លាមទៅ បន្តិចទៀត ដុកទ័រជីននឹងទៅតាមក្រោយ » គ្រូពេទ្យស្រីថ្នាក់អនុបណ្ឌិតនិយាយតែប៉ុណ្ណេះក៏រត់ត្របាញ់ជើងទៅ មិនបានស្តាប់ឃ្លាចុងក្រោយរបស់នរណាទាំងអស់
« បាទ! អ្នកគ្រូពេទ្យ
« ដុកទ័រ...មានអ្នកជម្ងឺត្រូវសង្គ្រោះបន្ទាន់ » នាងរត់មកគោះទ្វារបន្ទប់ដុកទ័រទាំងដកដង្ហើមមិនដល់គ្នា
គ្រាន់តែឮបែបនេះភ្លាម រាងខ្ពស់ក៏ទម្លាក់ប៊ិចចុះ ហើយក្រោកឡើងរុញទ្វារចេញ និយាយឡើងដោយសម្លេងម៉ឺងម៉ាត់
« ឆាប់ត្រៀមសម្ភារៈឲ្យលឿនឡើង »
« ចាស! » នាងងក់ក្បាលហើយប្រមូលវត្ថុវះកាត់គ្រប់សព្វ រុញចូលបន្ទប់សង្គ្រោះបន្ទាន់តាមដុកទ័រយ៉ាងលឿន។
ចូលដល់ក្នុងបន្ទប់ភ្លាម ពេទ្យទាំងអស់ត្រៀមវះកាត់យកអំបែង ដែលជាប់នឹងសាច់របស់អ្នកជំងឺចេញម្តងៗយ៉ាងញញើត ព្រោះតែរបួសនេះវាមុតជ្រៅខ្លាំងណាស់ ឈាមហូរបណ្តើរៗ មានអ្នកជួយឃាត់ឈាមមិនឲ្យហូរ និងជំនួយការផ្សេងៗត្រៀមឧបករណ៍សម្រាប់ឆក់ បន្ទាប់ពីដករបស់មុតស្រួចចេញអស់ ព្រោះតែពេលនេះអ្នកជម្ងឺដកដង្ហើមតាមបំពង់ដុកស៊ីសែនមិនបាន។
« មួយ ពីរ បី ឆក់! (ត្រឺត!!) » ដុកទ័រជីនស្រែក
បន្ទាប់ពីការឆក់បានប្រព្រឹត្តទៅពីរដង ចង្វាក់ដង្ហើមអ្នកជម្ងឺ ចាប់ផ្តើមលោតមកជារឿយៗបន្តិចម្តងៗ ធ្វើអោយគ្រប់គ្នាមានសង្ឃឹមថាគេនឹងមានសង្ឃឹមរស់បាន ទើបពេលនេះពួកគេរៀបចំដាក់សេរ៉ូមដើម្បីអោយរាងកាយមានជាតិទឹកក្នុងខ្លួន រួចគ្រូពេទ្យក៏បើកទ្វារចេញមកខាងក្រៅ។
នៅខាងក្រៅបន្ទប់វះកាត់ មានស្រ្តីវ័យកណ្តាលម្នាក់និងក្មេងប្រុសវ័យជំទង់ម្នាក់ កំពុងអង្គុយចាំទាំងមិនបាត់ញ័រខ្លួន ពួកគេនេះហើយជាអ្នកខលហៅឡានពេទ្យ អ្នកទាំងពីរគឺគ្មាននរណាក្រៅពីអ្នកស្រីហេរីននិងដុងហេ ដែលជាអ្នកជិតខាងនឹងអេលីសានោះឡើយ។
« សូមចូលរួមអបអរសាទរផងណា អ្នកជម្ងឺគេចផុតពីគ្រោះថ្នាក់ហើយ »
ដុកទ័រវ័យក្មេងពោលឡើងដោយសម្លេងពិរោះ តែក៏មិនបានទទួលចំណាប់អារម្មណ៍ពីសាច់ញាតិឡើយ ដោយសារពួកគេរវល់ភ្លឹកទៅឆ្ងាយ ទាល់តែគ្រូពេទ្យសួរជាថ្មី។
« អត់ទោស! តើអ្នកទាំងពីរជាសាច់ញាតិអ្នកជម្ងឺខាងក្នុងដែរទេ? »
« អូ?! » ដុងហេភ្ញាក់ស្មារតីបន្តិច ពេលបានឮសម្តីនេះកៀកនឹងខ្លួន ធ្វើអោយអ្នកស្រីហេរីនបានដឹងខ្លួនវិញដែរ
« ប...បាទ! ពួកយើងជាសាច់ញាតិអ្នកជម្ងឺ តើគាត់ពេលនេះយ៉ាងម៉េចទៅហើយ » គេក្រោកឡើងសួរដោយទឹកមុខកង្វល់
« អ្នកជម្ងឺអស់អីហើយ គ្រាន់តែត្រូវសម្រាកព្យាបាលបីថ្ងៃទៀតប៉ុណ្ណោះ ពេលនេះសុំកុំទាន់ចូលអីណា អ្នកជម្ងឺត្រូវការសម្រាកបន្តិចសិន »
« បាទ! អរគុណណាស់លោកគ្រូ » ដុងហេបានឮយ៉ាងនេះ ទឹកមុខគេក៏ប្រែជារីកថ្លា ហើយឱនគំនាប់ជាការគោរពដល់ពេទ្យ
« បាទមិនអីទេ! បើអស់អីហើយ ខ្ញុំសុំទៅមើលអ្នកជម្ងឺសិនហើយ »
កម្លោះសង្ហាមានមន្តស្នេហ៍ញញឹមគួរសម ហើយពន្លយឃ្លាចុងក្រោយដល់ដុងហេ ទើបបែរខ្លួនចាកចេញទៅ។ ដុងហេក៏បានត្រឡប់មកកន្លែងអង្គុយវិញដែរ តែពេលគិតដល់អេលីសា គេក៏ក្រោកឡើងម្តងទៀត
« អេលីសា! ម៉ាក់ខ្ញុំទៅរកនាងសាសិន ម៉ាក់ចាំនៅទីនេះសិនទៅណា »
មិនចាំការអនុញ្ញាតពីម្តាយ គេក៏ស្ទុះទាញកង់តូចឡើងជិះដោយកាន់ឆ័ត្រទៅជាមួយផង សាប់កង់ទៅរកសាលាដែលមិននៅឆ្ងាយប៉ុន្មានពីមន្ទីរពេទ្យ។
នៅមុខរបងសាលា
អេលីសាអង្គុយយោលជើងចុះឡើងតែម្នាក់ឯង ក្នុងរោងតូចមួយមុខរបង ដោយអារម្មណ៍ធីងធោង មានពេលខ្លះ នាងមើលទៅ នាឡិកាបន្តិច មើលទៅផ្លូវបន្តិច តាមផ្លូវនេះក៏ស្ងាត់ថែមទៀត ទើបស្រីតូចចេះតែខ្លាចៗ តែក៏ទ្រាំចាំលោកប៉ាមកទទួលដដែល។
ង៉ត !
« លី..សា.. » ជាដុងហេដែលចាប់ហ្វ្រាំងកង់មកឈប់មុខនាង
ទាំងដកដង្ហើមមិនចង់ដល់គ្នា
« ដុងហេ! នេះឯងមកទទួលយើងមែនទេ? ហៃយ៉ា! មិនចាំបាច់ទេណា ប៉ាយើងប្រាកដជាមកមិនខានទេ » នាងងើបមកឈរជិត មិត្តហើយនិយាយបែបលេងសើច
ដុងហេក៏ដកដង្ហើមធំ នាយមិននិយាយច្រើនទេ តែក៏ប្រាប់ត្រង់ៗតែម្តង
« ប៉ាឯងនៅមន្ទីរពេទ្យ ឆាប់ឡើងកង់មកយើងជូនឯងទៅ »
« ថាម៉េច?! » នាងបើកភ្នែកធំៗដោយមិនចង់ជឿ តែដុងហេក៏អូសដៃនាងឡើងកង់បាត់ហើយ
« ហេតុអ្វីបានជាមានរឿងនេះកើតឡើង? ឯងមិនបាន និយាយលេងទេឬ? » អេលីសានិយាយទាំងភ័យឡើងបែកញើសសស្រាក់
« មានគេនិយាយថាឡានរបស់លោកអ៊ំ បានក្រឡាប់ធ្លាក់តាមជម្រាក់ផ្លូវដោយខ្លួនឯង » ដុងហេនិយាយបណ្តើរធាក់កង់បណ្តើរដោយគិតបណ្តើរៗ
« មិនអាចទេ! ប៉ាម៉េចនឹងអាចបើកឡានរបៀបនឹងទៅ ច្បាស់ជាមាននរណាម្នាក់ ចង់ធ្វើបាបលោកប៉ាហើយ វាមិនមែនជាគ្រោះថ្នាក់ឥតព្រៀងនោះទេ » នាងតូចខាំមាត់ហើយមើលទៅខាងមុខពេទ្យ ដោយអារម្មណ៍ស្រងេះស្រងោចនិងខឹងនឹងអ្នកបង្កគ្រោះថ្នាក់លើអ្នកមានគុណ។
YOU ARE READING
រនាំងចិត្តម្ចាស់ស្នេហ៍
General Fictionស្នេហាដែលផ្តើមចេញពីការស្អប់ យល់ច្រលំ ការមើលងាយ តែក៏បានសាងក្តីសង្ឃឹមឲ្យគ្នា ពេលខ្លះដែលនាំឲ្យខ្វះគ្នាមិនបាន។
