ភក្តីស្នេហ៍🌘
ភាគទី២៣
និយាយពាក្យសម្តីមួយប្រយោគចុងក្រោយហើយមិនខ្វល់ថាអ្នកប្រុសកំពុងខឹងឬមានទឹកមុខបែបណាឡើយ រាងតូចដើរទៅស្ពាយកូនកាបូបតូចដែលខ្លួនបានយកមកជាមួយមុននឹងដើរកាត់អ្នកប្រុសទៅធ្វើមិនដឹង ថ្នាក់ថាពាក្យគម្រាមលែងមានប្រសិទ្ធិភាពលើគេទៅហើយ
«អ្នកប្រុសនៅឈរធ្វើរូបចម្លាក់យូរទៀតទេ? ក្រែងមិនចង់នៅទីនេះយូរឬ?» រាងតូចដើរចេញទៅហើយ តែក៏អើតមកតាមមាត់ទ្វារបន្ទប់ហៅអ្នកប្រុសឲ្យចេញមកម្តងទៀត មុននឹងដើរចេញទៅដោយស្នាមញញឹមរំភើបចិត្តព្រោះបានឌឺឲ្យអ្នកប្រុសស្ងាត់មាត់ ហើយគ្មានវាចាតបមកគេតែម្តង។
«អរគុណព្រះនាង ម្ហូបនៅទីនេះឆ្ងាញ់ច្រើនណាស់» ជីមីនដើរមកដល់ជាន់ខាងក្រោមក៏ឃើញថាព្រះនាងនិងណាមឆុលឈរនៅទីនោះស្រាប់ គេមិនអាចដើរធ្វើមិនឃើញព្រះនាងបានទេ ទើបឱនគោរពព្រះនាងជាការគោរពមុននិងពោលពាក្យអរគុណផងដែរ។
តែព្រះនាងមិនត្រឹមតែមិនតបវិញជាមួយនឹងគេថែមទាំងដើរបំបុកស្មាគេហើយក៏ដើរចូលទៅក្នុងបាត់ ខណៈជីមីនក៏ងើបមកមើលមុខរបស់ណាមឆុលទាំងទឹកមុខមិនដឹងអីមុននឹងប្រញាប់ទៅសួរណាមឆុលតែម្តង
«ព្រះនាងកើតអី? ធ្វើចរិតអីអញ្ចឹង?ខំគោរពហើយ»
«ប្រហែលជាប្រច័ណ្ឌអ្នកប្រុសជាមួយនឹងជីមីនហើយ មើលទៅនោះ» ណាមឆុលច្បូញមាត់ឲ្យរាងតូចមើលតាមអ្វីដែលគេកំពុងមើល ខណៈរាងតូចពេលងាកទៅក៏បានឃើញព្រះនាងនិងអ្នកប្រុសរបស់ខ្លួនកំពុងតែឈរថើបគ្នាតែពេលនេះមិនមែនជាការថើបថ្ពាល់ធម្មតានោះទេ តែជាការថើបបែបបបូរមាត់ប៉ះនឹងបបូរមាត់ទើបរាងតូចប្រញាប់ងាកមកខាងមុខវិញ មុននឹងនិយាយទៅកាន់ណាមឆុល៖
«ពួកយើងត្រូវទៅអង្គុយនៅឡានណា?»
«ឡានខាងនោះ ដែលបើកទ្វារចាំស្រាប់»
«ខ្ញុំសុំទៅអង្គុយមុនហើយណា ព្រោះងងុយគេង»
«បាទ ទៅចុះខ្ញុំនៅចាំអ្នកប្រុសសិន»
ទទួលបានចម្លើយពីណាមឆុលហើយ រាងតូចក៏ប្រញាប់ដើរចេញពីទីនោះទៅរកឡានភ្លាមៗ មិនរងចាំយូរឡើយ ព្រោះនៅទីនោះជាមួយណាមឆុលហាក់ដូចជាមិនអាចរងចាំបានទៀតទេ ត្បិតថាមានរូបភាពខ្លះដែលគេមិនចង់ឃើញនោះហើយ។
KAMU SEDANG MEMBACA
ភក្តីស្នេហ៍🌘(✅)
Romansaកិត្តិយសនិងស្នេហា តើមួយណាជារឿងសំខាន់?? មួយណាក៏សំខាន់ តែសម្រេចត្រង់ថាចិត្តគេជ្រើសមួយណា?? ចន ជុងហ្គុក/ផាកជីមីន និពន្ធដោយ លីស៊ីន FB: KM Novel (II)
