EP 19 : ស្នាមក្រែម

4.5K 648 6
                                    

     « ពួកយើងដូចជាដើរហួសកុងត្រាហើយ » ប្រយោគមួយឃ្លានេះហាក់ចាក់ដោត ស្ដាប់ហើយក៏ដក់ជាប់មិនរលុប ។ មើលទៅនាយប្រៀបដូចជាមិនបានខ្វល់ខ្វាយ មិនយកចិត្តទុកដាក់ចំពោះរឿងអស់នេះ តែនរណាទៅដឹងថា នាយកំពុងតែអំពុលទុក្ខ ចម្បែងកាយចិត្តឥតបានសម្រាកស្រួលនោះ?
     តុក !! តុក !!
     លោកពាណិជ្ជករសង្ហារសម្រួលអារម្មណ៍ខណៈពេលឮសម្លេងគោះទ្វារដាស់វិញ្ញាណឲ្យមកប្រមូលផ្ដុំឡើងវិញ។
     " ចូលមក " ជុងហ្គុកអង្គុយត្រង់ខ្លួន ទឹកមុខអត់អំណោយផលអាម្បាញ់មិញផ្លាស់ប្ដូរមកជាមុឺងម៉ាត់មួយរំពេច។
     " ចៅហ្វាយ ! គ្រប់សាខាអញ្ជើញមកពេញអង្គប្រជុំហើយ " សាន់ត្រាឱនគោរព រហ័សនិយាយប្រាប់ទៅកាន់នាយកំលោះតាមចរិកនឹងធឹង។
     " អឹម... " ត្រឹមគ្រហឹមដើមករបញ្ជាក់ពីការដឹងឮ នាយកំលោះងើបឈរអស់កម្ពស់បោះជំហ៊ានទៅកាន់អង្គប្រជុំដែលមានការកោះហៅគ្រប់សាខាសហគ្រាសផលិតឡានរបស់នាយដែលឈរជើងពេញបណ្ដាញប្រទេសមកពិភាក្សាគ្នាក្រោមប្រធានបទផ្សេងៗ។
     ចំណាយពេលរាងយូរដោយសារតែអ្នកគ្រប់គ្រងសាខាជាច្រើនបានមូលមតិគ្នាសម្រេចចិត្តបង្កើតសាខាថ្មីមួយទៀតនៅឯប្រទេសជប៉ុន ដំបូងជុងហ្គុកមិនយល់ស្របព្រោះប្រទេសជប៉ុនទាមទារឲ្យមានការធ្វើការខ្ពស់ ម្យ៉ាងគ្រប់ពាណិជ្ជករនៅប្រទេសជប៉ុនកម្រមានការទំនេរក្នុងការមកបណ្ដាក់ទុនព្រមចូលមកធ្វើជាអ្នកគ្រប់គ្រងសាខាឡើយ ។ ប៉ុន្តែបន្ទាប់ពីមានអ្នកអះអាងច្រើន ទើបនាយកំលោះយល់ព្រមពង្រីកសាខានៅជប៉ុនតែម្ដង ដោយរយៈពេល2ថ្ងៃទៀតនាយត្រូវហោះទៅជប៉ុនចោលប្រពន្ធសាច់ផ្អែម3ថ្ងៃឯណោះ។
     " ចៅហ្វាយ...អ្នកប្រុសថេហ៍មកអង្គុយចាំចៅហ្វាយយូរហើយ " ក្រោយពីឃើញវត្តមានជុងហ្គុកដើរចេញពីអង្គប្រជុំជាមួយទឹកមុខតានតឹង សាន់ត្រាចូលមកនិយាយប្រាប់នាយកំលោះទាំងលួចគិតក្នុងចិត្តអំពីហេតុការណ៍ខាងមុខ។
     " គេមកធ្វើអី? "
     " មិនដឹងដែរ ឮប្រាប់ថាមានការសំខាន់ "
     " អឹម...យើងដឹងហើយ " មាត់និយាយហាក់ដូចជាធម្មតា ប៉ុន្តែជំហ៊ានជើងបែរជាឈានញាប់ៗសម្ដៅទៅការិយាល័យរបស់នាយដែលស្ថិតនៅជាន់ទៅ37ទៅវិញ ខណៈសកម្មភាពខុសប្រក្រតីមួយនេះរំជួយឲ្យនាយចំណិតដើរសើចគ្រវីក្បាលដូចមនុស្សញៀនអាភៀនកម្រិតធ្ងន់ ។ ពិតជារូបភាពមួយកម្ររកបានមែន។

លក្ខខណ្ឌបេះដូង ភរិយាកុងត្រា(END✅)Where stories live. Discover now