ភាគ៤១

571 13 0
                                        

“ ភាពតានតឹងក្នុងគ្រួសារ ”

   អេរីស ក្រោកឡើងតាមម៉ោងរោទិ៍របស់នាង ទោះបីជានាងគេងបានតិចម៉ោង ប៉ុន្តែនាងពិតជាមានអារម្មណ៍ល្អព្រោះអនុស្សាវរីយ៍នៃការចែករំលែកពេលវេលាដ៏ផ្អែមល្ហែមជាមួយ អ៊ីរីក កាលពីយប់មិញនៅតែស្ថិតនៅក្នុងការចងចាំរបស់នាងហើយជំរុញឲ្យរាងកាយនិងស្មារតីរបស់នាងភ្លឺស្វាងយ៉ាងចម្លែក។
   « នេះគឺជាការចាប់ផ្តើមថ្ងៃថ្មីដល់ល្អមួយ » អេរីស ក្រោកចេញពីលើគ្រែដោយស្នាមញញឹមហើយចូលទៅបន្ទប់ទឹកងូតទឹកសម្អាតខ្លួននិងត្រៀមខ្លួនសម្រាប់ទៅសាលា។
   អេរីស បានបញ្ចប់ការរៀបចំក្រវ៉ាត់កដែលជាផ្នែកចុងក្រោយនៃឯកសណ្ឋានសាលារៀន។ នាងញញឹមមើលខ្លួនឯងក្នុងកញ្ចក់ ហើយពេលដែលភ្នែករបស់នាងសម្លឹងចំបបូរមាត់ក្រហមរលោងរបស់នាង ការចងចាំកាលពីយប់មិញក៏លេចមកចំពោះមុខរបស់នាងធ្វើឲ្យនាងថ្ពាល់របស់នាងឡើងក្រហម នាងទប់មុខខ្លួនឯងញញឹមទាំងបេះដូងលោតមិនឈប់នៅក្នុងទ្រូង។ ភាពរីករាយច្រើនពេកហើយនាងមិនអាចបញ្ឈប់ស្នាមញញឹមលើផ្ទៃមុខរបស់នាងបានឡើយ នាងត្រូវដើរទៅវិញទៅមកមុខកញ្ចក់ដកដង្ហើមមួយៗរហូតបានស្ងប់ស្ងាត់ទើបនាងចាប់កាតាបនៅលើតុនិងទូរស័ព្ទចុះទៅជាន់ខាងក្រោមដើម្បីចូលរួមអាហារពេលព្រឹកជាមួយគ្រួសារ។
    « អរុណសួស្តី អេរីស » យូណា ស្វាគមន៍ អេរីស នៅមាត់ជណ្តើរ ចៃដន្យអ្នកទាំងពីរចេញពីបន្ទប់មកស្របពេលគ្នា។
    « អរុណសួស្តី យូណា គេងលក់ស្រួលដែរទេ? » អេរីស ញញឹមតប យូណា វិញ ហើយសួរនាំដោយភាពរីករាយពេលដែល យូណា ចូលមកឱបដៃនាងដូចទម្លាប់។
    « ចាស ខ្ញុំគេងលក់ស្រួលណាស់ ចុះបងវិញ? ប្លែកកន្លែងមិនអីទេឬ? » យូណា សួរដោយបារម្ភ ខណៈនាងនិងអេរីស កំពុងចុះជណ្ដើរជាមួយគ្នា។
    « គឺមានការរំខានបន្តិច ប៉ុន្តែមិនអីទេ ខ្ញុំនៅតែគេងលក់ស្រួល » អេរីស ញញឹមធានាដាក់ យូណា។
    « មនុស្សធ្លាប់តែគេងលើគ្រែថោកៗដូចជាឯង ប្រហែលជាគេងលក់ស្រួលណាស់ហើយពេលបានគេងលើគ្រែថ្លៃបែបនេះលើកដំបូងក្នុងជីវិតនោះ » យូរី ដែលចុះមកតាមក្រោយបានលឺការសន្ទនារបស់ អេរីសនិងយូណា  បានបន្ថែមដោយសំឡេងមើលងាយ ដែលធ្វើឲ្យ អេរីសនិងយូណា ងាកទៅសម្លឹងមើលមុខរបស់នាង។
    « យូរី បានហើយ » យូណា ព្យាយាមបញ្ឈប់បងស្រីពីការមើលងាយនិងស្អប់ចំពោះ អេរីស។
    « យូណា ហេតុអ្វីឯងកាន់ជើងនាង? ហើយមិនកាន់ជើងបងស្រីបង្កើតរបស់ឯង? » យូរី និយាយទាំងអន់ចិត្តដាក់ប្អូនស្រី។
    « យូរី អេរីស ក៏ជាបងស្រីខ្ញុំដែរ ម្យ៉ាងទៀតខ្ញុំមិនចូលខាងអ្នកដែលធ្វើខុសនោះទេ » យូណា តបទៅបងស្រីវិញ ដោយព្យាយាមធ្វើឲ្យ យូរី យល់ថានាងគឺជាអ្នកដែលខុសព្រោះរករឿង អេរីស មិនឈប់សោះ។
    « ចឹងឯងថាខ្ញុំខុសមែនទេ? » យូរី សួរទៅកាន់ប្អូនស្រីវិញដោយខឹងជាខ្លាំង។
    « យូរី...» យូណា ប្រុងតបតជាមួយ យូរី ទៀត ប៉ុន្តែ អេរីស ឃាត់។
    « យូណា បានហើយ » អេរីស ប៉ះស្មារបស់ប្អូនស្រីដើម្បីហាមមិនឲ្យនាងទៅតបតជាមួយ យូរី ទៀត ហើយ យូណា ក៏យល់ព្រមស្តាប់តាមនាង។
    « អរ...ឥឡូវឯងស្តាប់តាមនាងណាស់ណ៎! » យូរី បញ្ចេញសំឡេងចំអកមិនពេញចិត្តចេញមក។
    « យូរី បើឯងស្អប់ខ្ញុំ រករឿងតែខ្ញុំបានហើយ ប៉ុន្តែកុំទៅរករឿង យូណា ដែលគ្រាន់តែជ្រើសរើសយកភាពត្រឹមត្រូវ » អេរីស ចេញមុខការពារ យូណា ព្រោះមិនអាចទ្រាំឲ្យ យូរី ធ្វើបាប យូណា ដោយពាក្យសម្តីតទៅទៀតបាន។
    « បានចូលមកក្នុងផ្ទះធំមិនបានមួយថ្ងៃផង ក៏ធ្វើខ្លួនជាបងស្រីធំទៅហើយមែនទេ? ឬក៏គិតថាលោកយាយនឹងប្រគល់គ្រប់យ៉ាងឲ្យនាងនៅពេលអនាគត? អេរីស ខ្ញុំសូមដាស់តឿននាង ដរាបណាខ្ញុំនៅទីនេះ នាងនឹងមិនបានអ្វីសូម្បីតែមួយសេនពីលោកយាយនិងគ្រួសារមួយនេះ នាងត្រឹមជាកូនស្រីរបស់ឃាតករ អ្នកបោកប្រាស់ ដែលលោកយាយនិងអ្នកម៉ាក់ស្អប់ខ្ពើមប៉ុណ្ណោះ ដូច្នេះកុំមកដើរតួជាបងស្រីធំនៅទីនេះទៀត » យូរី គំហកដាក់ អេរីស ដោយកំហឹងនិងភាពស្អប់ខ្ពើមហើយក៏ដើរចេញទៅបន្ទប់អាហារដោយមិនភ្លេចបុកស្មារបស់ អេរីស មួយទំហឹងពេលដើរកាត់ អេរីស ។
    អេរីស ឈរខាំបបូរមាត់ខាងក្រោមព្យាយាមទប់កំហឹងនិងភាពឈឺចាប់ពីពាក្យមើលងាយរបស់ យូរី យ៉ាងខ្លាំង។ នាងប្រមាថតែនាងម្នាក់ឯងមិនអីទេ ប៉ុន្តែការប្រមាថដល់លោកប៉ារបស់នាងធ្វើឲ្យនាងស្ទើរទ្រាំមិនបាន លោកប៉ារបស់នាងមិនមែនជាឃាតករឈាមត្រជាក់នោះទេ គ្រប់យ៉ាងដែលលោកធ្វើគឺដើម្បីជួយជីវិតរបស់មនុស្សជាច្រើនដែលរងទុក្ខនិរងនូវភាពអយុត្តិធម៌ក្រោមការគ្រប់គ្រងរបស់ម៉ាហ្វៀផ្ដាច់ការ ហើយលោកមិនដែលបោកប្រាស់អ្នកម៉ាក់របស់នាងទេ លោកធ្វើដើម្បីការពារអ្នកម៉ាក់និងនាងឲ្យរួចផុតពីគ្រោះថ្នាក់ លោកប៉ារបស់នាងមិនសមនឹងការប្រមាថទាំងនោះឡើយ។
    « អេរីស ខ្ញុំសុំទោសជំនួស យូរី ផង » យូណា ប៉ះស្មាដែលឡើងរឹងដោយកំហឹងនិងភាពឈឺចាប់របស់ អេរីស ដើម្បីសុំទោសជំនួសបងស្រី។
    « យូណា នេះមិនមែនជាកំហុសរបស់ឯងទេ ដូច្នេះឯងមិនគួរសុំទោសជំនួសនាងឡើយ » អេរីស តបជាមួយ យូណា ដោយនៅតែខឹងនឹងពាក្យមើលងាយរបស់ យូរី ហើយក៏ដើរចូលទៅបន្ទប់អាហារដោយអារម្មណ៍មិនល្អ។
    យូណា ដកដង្ហើមធំដោយតានតឹងហើយមិនដឹងថាធ្វើយ៉ាងណា ទើប យូរី ព្រមបើកចិត្តទទួលយក អេរីស នោះទេ នាងចង់ឲ្យបងប្អូនរបស់នាងត្រូវគ្នាដូចជាបងប្អូនអ្នកដទៃឯទៀត នាងចង់មានបងស្រីពីរនាក់ដែលចេះស្រលាញ់គ្នានិងមើលថែគ្នា ហើយជួយគ្នាមើលថែនាងផងដែរ។

ថ្នមស្នេហ៍លោកពូម៉ាហ្វៀTahanan ng mga kuwento. Tumuklas ngayon