ផ្តើមរឿង

2K 26 0
                                        

” ស្នេហានិងការក្បត់ ”

   ស្រ្តីវ័យម្ភៃឆ្នាំពពោះប្រាំពីរខែកំពុងរៀបចំចានអាហារនៅតុតូចកណ្តាលផ្ទះជួលចង្អៀតដែលមានសម្ភារៈចាស់ៗហួសសម័យកាល សូម្បីតែទូរទស្សន៍សេរីចាស់បំផុតនៅជិតជញ្ជាំងក៏មិនដឹងថាដំណើរឬអត់ផង ប៉ុន្តែម្ចាស់ផ្ទះគ្មានជម្រើសអ្វីក្រៅពីទុកវានៅជិតជញ្ជាំងនោះ ក្នុងផ្ទះតូចចង្អៀតមានផ្ទះបាយរួមនឹងបន្ទប់គេង ហើយបន្ទប់ទឹកតូចមួយ គ្មានម៉ាស៊ីនត្រជាក់តែត្រូវជំនួសដោយកង្ហារចាស់មួយ។ គីម យូជីន មានវាសនាកើតមកលើគំនរមាសប្រាក់ហើយចាប់ផ្តើមធំឡើងដោយការចិញ្ចឹមបីបាច់ដូចជាព្រះនាង នាងធ្លាប់តែរស់នៅក្នុងភូមិគ្រឹះធំស្កឹមស្កៃដូចជាវិមានស្តេច មានអ្នកបម្រើឆ្វេងស្តាំ ប៉ុន្តែជីវិតរបស់នាងត្រូវផ្លាស់ប្តូរមួយរយប៉ែតសិបដឺក្រេក្រោយនាងមានស្នេហាជាមួយនឹងបុរសសាមញ្ញាម្នាក់ឬក៏ហៅថាបុរសក្រីក្រម្នាក់ក៏បាន។ គ្រួសាររបស់នាងបានប្រឆាំងដាច់ខាតនឹងស្នេហាមួយនេះហើយព្យាយាមបំបែកនាងនិងគេជាច្រើនដង ប៉ុន្តែនាងនៅតែជ្រើសបុរសដែលនាងស្រលាញ់ហើយសុខចិត្តបោះបង់ឈ្មោះជាអ្នកស្នងតំណែងតែម្នាក់របស់គ្រួសារសេដ្ឋីរបស់ប្រទេសកូរ៉េ។ ការចាប់ផ្តើមជីវិតថ្មីជាមួយបុរសដែលនាងស្រលាញ់ពិតជាពិបាក ព្រោះនាងនិងគេសុទ្ធតែគ្មានការងារធ្វើដើម្បីចិញ្ចឹមខ្លួនឯង គ្រប់យ៉ាងចាប់ផ្តើមដោយបាតដៃទទេ ដោយ ម៉ាទីន ចាប់ផ្តើមធ្វើការពីរបីក្នុងមួយថ្ងៃដើម្បីអាចបង់ថ្លៃផ្ទះជួលនិងទិញអាហារសម្រាប់អ្នកទាំងពីរបាន ហើយដោយសារតែនាងមិនធ្លាប់ធ្វើអ្វីពីមុនមក នាងមិនអាចជួយគេបានទេ នាងចង់ជួយគេប៉ុន្តែតែងតែបញ្ចប់ដោយការធ្វើឲ្យគេពិបាកលើសដើម ដូចជានាងបានបង្កបញ្ហានៅកន្លែងការងារហើយត្រូវម្ចាស់ហាងទទូចឲ្យសងថ្លៃខូចខាតជាដើម។ ភាពលំបាកនិងកង្វះខាតធ្វើឲ្យនាងនិងគេប្រឈមមុខដាក់នាងហើយចាប់ផ្តើមឈ្លោះគ្នាជារឿយៗ ប៉ុន្តែក៏បញ្ចប់ដោយសារលួងលោមនិងសុំអភិទោស តែគ្រប់យ៉ាងកាន់តែពិបាកទៅនៅពេលដែលនាងរកឃើញថានាងមានផ្ទៃពោះ ហើយពេលនេះស្ថានភាពគ្រួសាររបស់នាងកាន់តែពិបាក ម៉ាទីន ត្រូវខំប្រឹងធ្វើការទ្វេដងដើម្បីសន្សំលុយសម្រាប់ការសម្រាលកូននៅពេលខាងមុខ ហើយដោយសារតែបែបនេះ ទើបពេលខ្លះគេមិនមកផ្ទះជាច្រើនថ្ងៃ ដែលធ្វើឲ្យ យូជីន កាន់តែពិបាកចិត្ត នាងលែងមានអារម្មណ៍ថាមានក្តីសុខទៀតហើយ គ្រប់យ៉ាងមានតែទុក្ខព្រួយនិងបន្ទុកដែលនាងត្រូវគិតនិងខ្វល់ខ្វាយគ្រប់ពេល ប៉ុន្តែនាងក៏មិនចង់បោះបង់ត្រឹមនេះដែរ ព្រោះនាងស្រឡាញ់គេហើយដឹងថាគេកំពុងខំប្រឹងដើម្បីនាងនិងកូន ប៉ុន្តែសម្រាប់នាងការរស់នៅរាល់ថ្ងៃមិនខុសពីធ្លាប់នរកទេ ទោះគេខំប្រឹងរកប៉ុណ្ណាក៏ដោយក៏មិនធ្វើឲ្យនាងរស់នៅសុខស្រួលបានដែរ ព្រោះនាងមិនទម្លាប់នឹងការរស់នៅបែបនេះទេ នាងមិនធ្លាប់គេងនៅលើពូកដែលរឹងបែបនេះហើយនាងតែងគេងមិនលក់ព្រោះតែមិនទម្លាប់ទោះជាកន្លងទៅរាប់ខែហើយក៏ដោយ ជាពិសេសកាន់តែពិបាកថែមទៀតនៅពេលដែលនាងមានផ្ទៃពោះ ម្យ៉ាងទៀតបន្ទប់ជួលគ្មានម៉ាស៊ីនត្រជាក់ទេ ធ្វើឲ្យនាងតែងតែក្តៅគ្រប់ពេលរហូត ម៉ាទីន សន្សំលុយហើយទិញកង្ហារបាន ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ តែយ៉ាងណាក៏កង្ហារអាចជួយនាងបន្តិចដែរ។

ថ្នមស្នេហ៍លោកពូម៉ាហ្វៀWhere stories live. Discover now