ភាគ២២

638 14 0
                                        

” ត្រូវចោទប្រកាន់ ”

  ថ្ងៃបានរំលងទៅមុខឥតឈប់ឈរ រាល់ថ្ងៃ អេរីស បានត្រឹមតែស្វាគមន៍ អ៊ីរីក ដោយស្នាមញញឹមនិងនិយាយរាត្រីសួស្តីពេលបញ្ចប់ថ្ងៃ។ នាងហាក់ឃ្លាតឆ្ងាយពីគេយ៉ាងខ្លាំង ប៉ុន្តែនាងគ្រាន់តែព្យាយាមរកពេលវេលាត្រឹមត្រូវចូលទៅជិតគេម្តងទៀតប៉ុណ្ណោះ ដោយសារតែនាងត្រូវផ្ដោតអារម្មណ៍លើការប្រឡងខាងមុខទើបនាងត្រូវបង្ខំឲ្យឃ្លាតឆ្ងាយពី អ៊ីរីក ខណៈគេក៏រវល់ការងារដូចគ្នា។ បន្ទាប់ពីការប្រឡងបញ្ចប់ឆ្នាំរួចរាល់ហើយវិស្សមកាលរដូវរងាចាប់ផ្តើមចូលមកដល់មានន័យថាថ្ងៃគ្រីស្មាសក៏នឹងមកដល់ឆាប់ៗខាងមុននេះដែរ។ អេរីស មានគម្រោងរៀបចំផ្ទះម៉ាហ្វៀដែលគ្មានជីវិតរបស់ អ៊ីរីក ឲ្យមានជីវិតឡើងវិញនៅបុណ្យគ្រីស្មាស ប៉ុន្តែពេលនាងសួរអ្នកនៅក្នុងផ្ទះរកសម្ភារៈសម្រាប់រៀបចំថ្ងៃបុណ្យគ្រីស្មាស អ្នកបម្រើប្រាប់ថាគ្មាននោះទេ ព្រោះអ្នកនៅទីនេះមិនដែលប្រារព្ធពិធីបុណ្យបែបនោះទេ។ អេរីស រត់ចូលទៅក្នុងការិយាល័យរបស់ អ៊ីរីក ដើម្បីសុំអនុញ្ញាតគេរៀបចំពិធីថ្ងៃបុណ្យគ្រីស្មាសនៅក្នុងផ្ទះ ។
   « លោកពូ លោកពូ » អេរីស ស្រែកហៅគេតាំងពីខាងក្រៅរហូតចូលមកដល់ក្នុងការិយាល័យរបស់គេ ដែលធ្វើឲ្យ អ៊ីរីក លើកចិញ្ចើមដាក់នាងទាំងងឿងឆ្ងល់។
   « មានការអ្វី អេរីស? » គេសួរនាងដោយងឿងឆ្ងល់នឹងទឹកមុខគួរឲ្យស្រលាញ់របស់នាងដែលព្យាយាមទាក់ទាញគេ។
   « តើពួកយើងអាចរៀបចំផ្ទះសម្រាប់ថ្ងៃបុណ្យគ្រីស្មាសបានទេ? » អេរីស ឈរនៅពីមុខតុធ្វើការរបស់គេសួរដោយទឹកមុខគួរឲ្យស្រលាញ់ដើម្បីបញ្ចុះបញ្ចូលគេឲ្យយល់ព្រម។
   « បើនាងចង់ ខ្ញុំនឹងប្រាប់គេឲ្យមករៀបចំឲ្យ » អ៊ីរីក ឆ្លើយតបទៅនាង រួចដកភ្នែកពីនាងទៅសម្លឹងឯកសារនៅលើតុវិញ។
   « ខ្ញុំចង់រៀបចំដោយខ្លួនឯង ខ្ញុំបានសួរ មីនី គ្រីស បងស្រី អេមមី និងគ្រប់គ្នានៅក្នុងផ្ទះរួចហើយ ពួកគេសុទ្ធតែចង់ជួយខ្ញុំរៀបចំផ្ទះ » អេរីស មិនចង់ឲ្យ អ៊ីរីក ជួលអ្នកដទៃឲ្យមករៀបចំឡើយ ព្រោះនោះនឹងមិនធ្វើឲ្យមានអារម្មណ៍ពិសេសទេ ម្យ៉ាងទៀតនាងចង់បង្កើតអនុស្សាវរីយ៍ជាមួយគ្រប់គ្នានៅទីនេះឲ្យបានច្រើន ព្រោះមិនយូទៀតទេនឹងដល់ពេលនាងត្រូវចាកចេញហើយ។
    « តាមចិត្តនាងចុះ » អ៊ីរីក ឆ្លើយយល់ព្រមខ្លីៗដោយមិនព្រមដកភ្នែកពីឯកសារនៅលើតុឡើយ។
    អេរីស ខាំបបូរមាត់ខាងក្រោមគិតថាគួរតែធ្វើតាមចិត្តរបស់នាងក្នុងពេលនេះឬអត់ បន្ទាប់ពីគិតបន្តិចនាងក៏សម្រេចចិត្តយ៉ាងក្លាហានលូកដៃទៅក្រសោបថ្ពាល់របស់គេទាញឲ្យគេព្រមងើបមកសម្លឹងមុខរបស់នាងដែលឱនចូលទៅជិតគេខ្លាំង ម្រាមស្រឡូនដោះវ៉ែនតាចេញពីភ្នែកមុតស្រួចរបស់គេដោយញញឹមមុននឹងនិយាយឡើង។
    « ពួកយើងត្រូវចេញទៅទិញសម្ភារៈសម្រាប់រៀបចំផ្ទះថ្ងៃបុណ្យគ្រីស្មាសជាមួយគ្នាលោកពូ » អេរីស ញញឹមមើលភ្នែកពណ៌ត្នោតរបស់ អ៊ីរីក ដែលចាប់ផ្ដើមស្លន់ស្លោដោយសារតែសកម្មភាពរបស់នាងដែលធ្វើឲ្យនាងយល់ថាគួរឲ្យស្រលាញ់ខ្លាំង។
    « ខ្ញុំ...នឹងប្រញាប់បញ្ចប់ការងារ » អ៊ីរីក ប្រញាប់គេចមុខចេញពីដៃរបស់នាងយ៉ាងលឿន ។
    « មិនអីទេ ខ្ញុំនឹងអង្គុយចាំលោកពូនៅទីនេះ » អេរីស លោតឡើងអង្គុយលើតុធ្វើការរបស់ អ៊ីរីក ធ្វើឲ្យគេដកដង្ហើមធំចុះចាញ់នាង។
    « ពួកយើងអាចទៅឥឡូវនេះបាន » អ៊ីរីក បិទឯកសារហើយក្រោកឈរឡើងទាញអាវក្រៅដែលព្យួរនៅជិតតុធ្វើការមកពាក់ធ្វើឲ្យ អេរីស ញញឹមពេញចិត្តដាក់គេ។
    អេរីស ញញឹមដាក់ អ៊ីរីក មិនបាត់ដោយមិនព្រមចុះពីលើតុធ្វើការរបស់គេឡើយ រហូត អ៊ីរីក ដើរហួសហើយងាកមកមើលនាងវិញ។
    « តើទៅដែរទេ? » អ៊ីរីក សួរទៅក្មេងដែលអង្គុយលើតុរបស់គេហើយមិនព្រមចុះដើរមកតាមគេនោះ។
    « អឹម...» អេរីស បើកដៃដូចក្មេងដែលសុំឲ្យឪពុកម្តាយជួយលើកចុះពីកន្លែងខ្ពស់ ដោយព្យាយាមធ្វើមុខគួរឲ្យស្រលាញ់ដាក់ អ៊ីរីក ធ្វើឲ្យគេជួ្រញចិញ្ចើមចូលគ្នាដកដង្ហើមធុញទ្រាន់ពីដំបូង ប៉ុន្ដែបន្ទាប់មកក៏លួចញញឹមនឹងភាពគួរឲ្យស្រលាញ់របស់នាង។ គេចូលទៅជិតនាងហើយលើករាងស្តើងដែលស្រាលសម្រាប់គេចុះពីលើតុធ្វើការរបស់គេ រួចលើកដៃគោះច្រមុះរបស់នាងដោយក្នាញ់នឹងនាង។
     « ឈប់ធ្វើដូចកូនក្មេងបានហើយ នាងកំពុងតែខិតជិតទៅដល់អាយុ១៩ឆ្នាំខាងមុននេះ » អ៊ីរីក រំលឹកពីអាយុរបស់នាង ដើម្បីមិនឲ្យនាងសម្តែងដូចក្មេងអាយុបីឆ្នាំទៀត ប៉ុន្តែបើនិយាយតាមត្រង់គេចូលចិត្តឲ្យនាងធ្វើដូចកូនក្មេងបែបនេះដាក់គេ។
     « ប្រាំបីខែទៀតទើបខ្ញុំមានអាយុ១៩ឆ្នាំ អញ្ចឹងពេលនេះខ្ញុំជាកូនក្មេងនៅឡើយ » អេរីស តបទៅកាន់ អ៊ីរីក វិញដោយមិនចុះចាញ់ ទើប អ៊ីរីក ខ្ចិលប្រកែកហើយគ្រាន់តែលេងសក់របស់នាងឲ្យរញេរញៃអស់មុននឹងប្រញាប់ចាកចេញពីបន្ទប់ទៅ ទុកឲ្យ អេរីស ខឹងនឹងគេដែលធ្វើឲ្យសក់របស់នាងរញេរញៃ។

ថ្នមស្នេហ៍លោកពូម៉ាហ្វៀWhere stories live. Discover now