ភាគ២៨

523 12 0
                                        

ផ្លាស់ប្តូរ ”

បន្ទាប់ពីចំណាយពេលសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯងជាមួយនឹងយប់ដែលយំមិនឈប់និងថ្ងៃដែលបន្ទោសខ្លួនឯងអស់រយៈពេលជាច្រើនថ្ងៃ ទីបំផុតនាងបានផ្លាស់ប្តូរ នាងនឹងមិនធ្វើជាមនុស្សទន់ខ្សោយទៀត។ ថ្ងៃនេះគឺជាថ្ងៃដែលសាលារៀននឹងចាប់ផ្តើម អេរីស ឈរនៅមុខកញ្ចក់ក្នុងបន្ទប់បញ្ចប់ការរៀបចំក្រវ៉ាត់កដែលជាផ្នែកមួយនៃឯកសណ្ឋានសាលារបស់នាង។ អេរីស ទាញអាវក្រៅពណ៌ខ្មៅដែលមានស្លាកឈ្មោះរបស់នាងខ្ទាស់នៅលើអាវត្រង់ដើមទ្រូងខាងឆ្វេងនិងនិមិត្តសញ្ញាសាលានៅដើមទ្រូងខាងស្តាំមកពាក់ពីលើអាវសខាងក្នុង។ បន្ទាប់ពីពិនិត្យមើលគ្រប់យ៉ាងលើខ្លួនហើយបានឃើញថាគ្រប់យ៉ាងរៀបរយហើយ អេរីស ក៏ចាកចេញពីមុខកញ្ចក់ទាញយកកាតាបមកស្ពាយ រួចចាកចេញពីបន្ទប់ទៅ។
   « អរុណសួស្តី អេរីស » មីនី ដែលឈរចាំនៅមាត់ទ្វារភូមិគ្រឹះជាមួយឯកសណ្ឋានសាលាដូចគ្នាបេះបិទនឹងនាង ញញឹមស្វាគមន៍នាងតាមទម្លាប់។
   « អរុណសួស្តី មីនី » អេរីស ញញឹមតប មីនី វិញ។
   « តើត្រៀមខ្លួនឯងហើយឬនៅ? » មីនី សួរទៅកាន់ អេរីស ដើម្បីឲ្យប្រាកដថា អេរីស បានរួចរាល់នឹងការចេញទៅប្រឈរមុខនឹងពិភពលោកខាងក្រៅរួចហើយ។
   « ខ្ញុំត្រៀមខ្លួនហើយ តោះទៅ » អេរីស ចុះជណ្តើរខាងមុខសំដៅទៅឡានពណ៌ខ្មៅដែលចតនៅចាំពួកនាងជាស្រេច។ មុនពេលចូលទៅក្នុងឡានដែលអង្គរក្សបើកទ្វាររងចាំនាង នាងបានងាកក្រឡេកមើលទៅបង្អួចធំនៅជាន់ខាងលើដែលនាងដឹងថាជាបង្អួចបន្ទប់របស់ អ៊ីរីក ដោយរំពឹងថានឹងបានឃើញមុខរបស់គេមុនពេលនាងចេញទៅសាលារៀន ប៉ុន្តែនាងខកបំណងពេលឃើញបង្អួចបិទជិតដោយវាំងននហើយសភាពខាងក្នុងងងឹតព្រោះមិនបានបើកភ្លើង។ អេរីស ដកដង្ហើមធំហើយចូលទៅក្នុងឡានដោយព្យាយាមឈប់គិតពីគេ នាងព្យាយាមប្រាប់ខ្លួនឯងឲ្យឈប់រំពឹងអ្វីទៀតពីគេ ប៉ុន្តែមិនថានាងព្យាយាមយ៉ាងណាក៏នាងនៅតែមិនអាចធ្វើបាន ចិត្តរបស់នាងចេះតែផ្តល់ក្តីសង្ឃឹមឲ្យនាងមិនឈប់ ប្រហែលជានាងព្យាយាមចូលទៅជិតគេម្តងទៀតនឹងអាចយកឈ្នះគេបាន ប៉ុន្តែនាងដឹងយ៉ាងច្បាស់ថាមិនអាចទៅរួចនោះទេ គេមិនចង់សូម្បីតែឃើញមុខរបស់នាងពេលនេះ ប្រហែលជាស្អប់នាងខ្លាំងណាស់ហើយ ប្រហែលខ្លាចនាងតោងគេមិនលែងទើបព្យាយាមនៅឲ្យឆ្ងាយពីនាងបែបនេះ។
   « សុខសប្បាយជាទេ? »
   សំឡេងរបស់ មីនី បន្លឺឡើងនៅជិតនាង ធ្វើឲ្យនាងចាកចេញពីពិភពគំនិតផ្ទាល់ខ្លួន ហើយងាកមកញញឹមស្ងួតដាក់មិត្តល្អដែលអង្គុយក្នុងឡានជាមួយនាង។
   « ខ្ញុំមិនអីទេ គ្រាន់តែរំភើបនិងភ័យបន្តិច យូមកហើយដែលខ្ញុំបានទៅសាលារៀន លើកចុងក្រោយដែលខ្ញុំនៅសាលារៀនមានរឿងមិនល្អកើតឡើង » អេរីស សម្លឹងមើលដៃនៅលើភ្លៅដោយថប់បារម្ភ។
   « កុំបារម្ភអី ខ្ញុំនឹងនៅទីនេះជាមួយឯង គ្មានអ្នកណាហ៊ានធ្វើបាបឯងទៀតទេ » មីនី ចាប់ដៃរបស់ អេរីស ខណៈពេលដែលនាងសម្លឹងមើល អេរីស ផ្តល់់ទំទុកចិត្តដល់នាង។
   « អរគុណ មីនី » អេរីស ញញឹមអរគុណ មីនី វិញ។

ថ្នមស្នេហ៍លោកពូម៉ាហ្វៀWhere stories live. Discover now