អាចជាភ័ព្វសំណាងរបស់នាង លោកប្រុសនិងអ្នកស្រីអាន បានទៅចែកអំណោយនៅមណ្ឌលកុមារកំព្រាមួយនោះ ពេលក្រសែភ្នែកពួកគាត់ប្រទះនឹងមុខតូចស្លូតត្រង់សម្លឹងមើលគាត់ជាមួយនឹងភ្នែកខ្មៅក្រឡង់ៗ ពួកគាត់មាននិស្ស័យនឹងនាងតូចភ្លាម ទើបគាត់ស្នើសុំយកនាងទៅចិញ្ចឹម ទំនុកបម្រុង តែម្តង ថែមទាំងប្រព្រឹត្តចំពោះនាងដូចកូនបង្កើតរបស់លោកទៀតផង រីឯបងប្រុសបងស្រីចិញ្ចឹមនាងក៏មិនប្រកាន់ហើយស្រលាញ់នាងគ្រប់ៗគ្នា មិនត្រឹមប៉ុណ្ណោះលោកម្ចាស់អានថែមទាំងហាមប្រាមមិនអោយនរណាម្នាក់និយាយថានាងជាកូនចិញ្ចឹមនោះទេ សម្រាប់ពួកគាត់នាងគឺជាកូនបង្កើតទោះមិនជាប់សាច់ឈាមក៏ដោយ ។
វ៉ុនយ៉ុង តែងដឹងគុណចំពោះក្តីមេត្តាករុណាដែលពួកគាត់ផ្តល់មកអោយនាង នាងគោរព ស្តាប់បង្គាប់ពួកគាត់គ្រប់យ៉ាង សូម្បីថ្ងៃនេះ ថ្ងៃដែលត្រកូលកាងមកទីនេះក្នុងគោលបំណងផ្សំផ្គុំនាងអោយទៅកូនប្រុសច្បង កាង ជីហ៊ុន ក៏ដោយក៏នាងមិនជំទាស់អ្វីទាំងអស់ ទោះក្នុងចិត្តបៀមជាប់ទុក្ខសោកក៏នាងខំប្រឹងញញឹមទៅកាន់អ្នកគ្រប់គ្នា មិនអោយពួកគេចាប់ថ្នាក់បាន ។ អ្នកដែលអង្គុយកៅអីទល់មុខនាងគឺកាង ជីហ៊ុន នាងធ្លាប់ធ្វើការណាត់ជួបជាមួយនឹងគេតាមការណែនាំរបស់គ្រួសារទាំងពីរប៉ុន្មានដងដែរ គេជាសុភាពបុរស តែងផ្តល់តម្លៃអោយនាងជានិច្ច ប៉ុន្តែទោះគេល្អយ៉ាងណា នាងមិនអាចស្រឡាញ់គេបាននោះទេ ព្រោះបេះដូងនាងត្រូវបានមនុស្សម្នាក់បានយកទៅបាត់ហើយ គ្មានសេសសល់សម្រាប់ស្នេហ៍អ្នកផ្សេងទេ ។
« ល្ងាចនេះ អ្នកនាងកាន់តែស្រស់ស្អាត »
ជីហ៊ុន ញញឹមយ៉ាងស្រទន់ ពោលសរសើរនាងចំពោះមុខអ្នកគ្រប់គ្នា ធ្វើអោយអ្នកទាំងអស់ញញឹមរីករាយចេញមក រីឯវ៉ុនយ៉ុង នាងត្រឹមញញឹមសមសួនអរគុណទៅកាន់គេតាមទម្លាប់ ។
« តោះចាប់ផ្តើមញុំាតែម្តងទៅ អាហារជិតត្រជាក់ហើយ »
លោកម្ចាស់អានស្រដី ហើយបន្ទាប់មកទាំងកូនៗរបស់លោកនិងគ្រួសារកាង ចាប់ផ្តើមបរិភោគអាហារយ៉ាងឆ្ងាញ់ ខុសពីវ៉ុនយ៉ុង នាងគ្មានអារម្មណ៍ឆ្ងាញ់សោះ បេះដូងស្រណោះស្រណោក ធ្វើអោយរសជាតិម្ហូបប្រែល្វីងគ្រប់ម៉ាត់ ។
ក្រោយទទួលទានរួចរាល់ លោកកាងក៏ពិភាក្សារឿងចងស្ពានមេត្រីជាមួយនឹងលោកម្ចាស់អាន ហើយក៏ស្តីដណ្តឹង រាងតូចអោយកូនប្រុសខ្លួនផងដែរ លោកម្ចាស់អាននិងភរិយា មិនជំទាស់ឡើយ គាត់សប្បាយចិត្ត ព្រោះជីហ៊ុន ជាមនុស្សពូកែ សុភាព សាកសមឥតខ្ចោះក្នុងការទទួលបានកូនស្រីពៅជាទីស្រលាញ់របស់ពួកគាត់យកទៅមើលថែ គាត់ទុកចិត្ត ជឿជាក់ទៅលើគេ ។ ទោះយ៉ាងណាគាត់នៅសួរនាំយោបល់ពី វ៉ុនយ៉ុង ដដែលដើម្បីអោយប្រាកដចិត្តម្តងទៀត ថានាងពិតជាយល់ព្រមនឹងរឿងនេះ ។
« វ៉ុនយ៉ុង កូនគិតយ៉ាងម៉េច...? ពេញចិត្តក្មួយជីហ៊ុន ដែរទេ...?»
ជីហ៊ុន មើលទៅនាងទាំងក្តីរំពឹងនូវចម្លើយចេញពីបបូរមាត់ផ្កាឈូកស្រទន់ ។
អ្នកមីងតូច ( Little Aunt )
Mulai dari awal
