ផ្សារទំនើប
     ពេលមកដល់ផ្សារ អេរីស អ៊ីរីក បានបំបែកផ្លូវគ្នាជាមួយនឹងអ្នកផ្សេងទៀតដូចជា មីនី អេមមីនិងគ្រីស ដើម្បីឲ្យការទិញអីវ៉ាន់កាន់តែរហ័សនិងងាយស្រួល។ អេរីស រើសអីវ៉ាន់ដែលមានក្នុងបញ្ជីហើយ អ៊ីរីក ជាអ្នកចេញលុយនិងកាន់របស់របបពេញដៃ។ នេះជាលើកទីមួយរបស់ អ៊ីរីក ដែលដើរផ្សារយូបែបនេះ ហើយទោះជាគេមិនបានទិញអ្វីសម្រាប់ខ្លួនឯងក៏គេសប្បាយចិត្តនៅពេលដែលឃើញ អេរីស សប្បាយចិត្តជាមួយការទិញទំនិញ។ នៅពេលដែល អេរីស ឈោងយករបស់នៅលើធ្នើរ ធ្វើឲ្យដៃអាវរបស់នាងរអិលផុតកដៃ អ៊ីរីក ក៏បានឃើញខ្សែដៃដែលគេទិញជាកាដូខួបកំណើតរបស់នាងពាក់ជាប់លើកដៃនាង ដែលធ្វើឲ្យគេញញឹមកាន់តែធំ និងនឹកឃើញគំនិតល្អមួយ។
   « មកចាំខ្ញុំជួយ » អ៊ីរីក ចូលទៅឈរពីក្រោយនាងហើយជួយឈោងយកវត្ថុដែលនាងចង់យកឲ្យនាង។
   « អរគុណ » អេរីស ងាកទៅអរគុណគេ ប៉ុន្តែដោយមិនដឹងថាគេនៅជិតនាងកម្រិតណាទើបធ្វើឲ្យចុងច្រមុះរបស់នាងប៉ះបបូរមាត់របស់គេ។ មួយវិនាទីអារម្មណ៍រំជើបរំជួលរត់ពេញរាងកាយរបស់នាងស្របពេលបេះដូងរបស់នាងលោតចង់ចេញមកខាងក្រៅ ថ្ពាល់របស់នាងឡើងក្តៅហើយនាងដឹងថាវានឹងមានពណ៌ក្រហមនៅពេលនេះទើបនាងប្រញាប់លើកដៃទប់ថ្ពាល់ខ្លួនឯងហើយងាកមុខចេញ។
    « សុំ...សុំទោស » អ៊ីរីក និយាយឡើងរដាក់រដុកហើយយកវត្ថុដែលគេកាន់ក្នុងដៃទៅដាក់ក្នុងរទេះ។
    « មិនអីទេ ពួកយើងបន្តរកមើលអ៊ីវ៉ាន់ផ្សេងទៀតល្អជាង » អេរីស និយាយឡើងទាំងមិនហ៊ានមើលមុខរបស់គេចំហើយក៏ដើរទៅជួរផ្សេងពីគេ នៅពេលដែលផុតពីការមើលឃើញរបស់គេ នាងលោតដោយភាពរីករាយ នាងចង់តែស្រែកឲ្យផ្អើលទេ ប៉ុន្តែនាងព្យាយាមទប់អារម្មណ៍។ នាងនៅតែមានអារម្មណ៍ទន់ក្តៅពីបបូរមាត់របស់គេនៅលើចុងច្រមុះរបស់នាងដែលធ្វើអារម្មណ៍កក់ក្តៅសាយពេញខ្លួនរបស់នាង។
     « មើលនេះជាអ្នកណា? »
     សំឡេងធ្លាប់ស្គាល់បន្លឺឡើងពីខាងក្រោយខ្នង ធ្វើឲ្យ អេរីស ប្រញាប់ងាកទៅមើលហើយក៏បានឃើញការសម្លឹងខ្ពើមរអើមពី ជេននិងយូរី ដែលកំពុងមើលមកនាងមិនដាក់ភ្នែក។
     « អ្នកណាឲ្យសំរាមស្មោកគ្រោកដូចជាឯងចូលមកក្នុងហាងទំនើបបែបនេះ? » យូរី បោះសម្តីមើលងាយអេរីស ខ្លាំងៗធ្វើឲ្យភ្ញៀវផ្សេងទៀតក្រឡេកមើល អេរីស ហើយខ្សឹបខ្សៀវព្រោះសង្ស័យថា អេរីស ដូចជាអ្វីដែល យូរី និយាយ។ ជេន ទប់មាត់សើចពេបជ្រាយពេលឃើញមនុស្សគ្រប់គ្នាចាប់ផ្តើមមើល អេរីស លើក្រោម។
     « ចាប់តាំងពីថ្ងៃនោះមកខ្ញុំគិតថានាងដេកតាមចិញ្ចើមផ្លូវក្លាយជាអ្នកសុំទានហើយតើ ប៉ុន្តែហេតុអ្វីនាងមកនៅទីនេះបានទៀត? ធ្វើការនៅទីនេះមែនទេ? ឈប់ៗ នៅទីនេះមិនរើសបុគ្គលិកពីគំនរសំរាមមកទេ ឬក៏នាងមកបន្លំលួចរបស់ពីទីនេះ? » ជេន សម្លឹងមើល អេរីស ដោយមើលងាយ ខណៈនាងធ្វើការចោទប្រកាន់ អេរីស ស្រស់ៗ។
    « ខ្ញុំក៏គិតបែបនោះដែរ នាងច្បាស់ជាមកលួចអីវ៉ាន់ពីហាងនេះមិនខាន » យូរី ចូលទៅជិត អេរីស ហើយទាញវត្ថុអនុស្សាវរីយ៍មួយដែល អេរីស កាន់ចេញពីដៃរបស់ អេរីស ធ្វើឲ្យធ្លាក់ទៅលើឥដ្ឋបែកអស់ រួចក៏ញញឹមឡើងដោយល្បិចកល។
     « យូរី ឯងធ្វើអ្វីនឹង? » អេរីស សម្លឹងមើលវត្ថុអនុស្សាវរីយ៍ដែលធ្លាក់បែកទាំងដកដង្ហើមធំព្រោះវត្ថុមួយនោះមានតម្លៃថ្លៃខ្លាំងណាស់។
     « ខ្ញុំកំពុងតែជួយចាប់ចោរឲ្យម្ចាស់ហាងនោះអី » យូរី ឆ្លើយដោយស្នាមញញឹមមានល្បិចកលហើយ ជេន ក៏ចាប់ផ្តើមរត់ទៅហៅអ្នកគ្រប់គ្រងក្នុងហាងមកកន្លែងកើតហេតុ។
     « តើមានរឿងអ្វីនៅទីនេះ? » អ្នកគ្រប់គ្រងសម្លឹងមើលទំនិញថ្លៃរបស់ខ្លួនដែលបែកដោយខឹងសម្បារនិងអេរីស ដែលឈរជិតវត្ថុដែលបែកនៅលើឥដ្ឋនោះ។
     « គឺនាងជាចោរព្យាយាមលួចរបស់ពីក្នុងហាង នៅពេលដែលខ្ញុំចាប់បាននាងក៏ទម្លាក់របស់ចោលហើយចង់រត់យករួចខ្លួន » ជេន ចង្អុលបង្ហាញអ្នកគ្រប់គ្រង ហើយ យូរី ញញឹមយ៉ាងពេញចិត្ត។
     « អត់ទេ ខ្ញុំមិនមែនចោរទេ ហើយរបស់នេះធ្លាក់បែកដោយសារតែ យូរី » អេរីស ព្យាយាមប្រកែកហើយនាងព្យាយាមក្រឡេកមើលជុំវិញហ្វូងមនុស្សដែលចោមរោមមើលនាងដោយកែវភ្នែកស្អប់ខ្ពើម ដើម្បីរកមើល អ៊ីរីក ប៉ុន្តែគេមិនដឹងជាបាត់ទៅណានោះទេ។
មួយរំពេចរូបភាពកាលពីអតីតកាលបានលោតមកក្នុងការចងចាំរបស់នាងធ្វើឲ្យនាងឈឺចាប់និងវង្វេងស្មារតី នាងនៅតែលឺនិងឃើញរូបភាពសិស្សនៅសាលាស្រែកនិងសើចចំអកដាក់នាងលាយឡំនឹងមុខមនុស្សនៅជុំវិញនាងពេលនេះ ដែលស្នាមញញឹមនិងសំឡេងរបស់ពួកគេគួរឲ្យខ្លាចដល់ថ្នាក់នាងចង់ស្រែកយំ។
    « តើមានរឿងអ្វី? » លោកយាយ ណូរ៉ា និង អ្នកស្រី ស៊ូជីន រត់មករក យូរី ដោយព្រួយបារម្ភព្រោះឃើញមនុស្សចោមរោមច្រើន ប៉ុន្តែពេលមកដល់ឃើញថាអ្នកដែលមានបញ្ហាគឺ អេរីស ដែលជាសមាជិកគ្រួសារដែលអ្នកទាំងពីរបានបណ្ដេញចេញពីផ្ទះកាលពីបួនខែមុន ធ្វើឲ្យរាងចំណាស់ទាំងពីរស្រឡាំងកាំងព្រោះមិននឹកស្មានថាបានជួបក្មេងម្នាក់នេះម្តងទៀត។ រឿងដែលធ្វើឲ្យលោកយាយ ណូរ៉ា កាន់តែខឹងព្រោះ អេរីស មិនចេះកែប្រែចរិតអាក្រក់ទោះត្រូវបណ្ដេញចេញពីផ្ទះទុកជាមេរៀនហើយក៏ដោយ។
      « លោកស្រី សុំទោសចំពោះភាពរញេរញៃនៅទីនេះ ខ្ញុំកំពុងទាក់ទងទៅសន្តិសុខដើម្បីចាប់ចោរស្រីម្នាក់នេះចេញពីក្នុងហាងហើយ ដូច្នេះអ្នកស្រីអាចទុកចិត្តក្នុងការដើរទិញអីវ៉ាន់បន្តទៀតបាន » អ្នកគ្រប់គ្រងប្រញាប់ឱនគោរពភ្ញៀវវីអាយភីរបស់ហាងយ៉ាងគួរសមភ្លាម។
     « ខ្ញុំមិនមែនចោរទេ ខ្ញុំមកទីនេះដើម្បីទិញអីវ៉ាន់ » អេរីស ព្យាយាមពន្យល់គ្រប់គ្នាដែលកំពុងចោទប្រកាន់នាង ខណៈពេលដែលកែវភ្នែកអ្នកដទៃដែលសម្លឹងមើលមកនាងនោះមិនអាចធ្វើឲ្យនាងឈឺចាប់ដូចកែវភ្នែករបស់អ្នកជាយាយ អ្នកម្តាយនិងប្អូនស្រីសម្លឹងមើលមកនាងដោយស្អប់ខ្ពើមនិងមិនជឿជាក់នាងនោះទេ។ តើនាងរំពឹងអ្វី? ពួកគេទាំងអស់នេះមិនជឿនាងតាំងពីដំបូងហើយពេលនេះក៏ដូចគ្នា ពួកគេមិនដែលខ្វល់ពីនាងនៅពេលសម្រេចចិត្តបណ្ដេញនាងចេញពីផ្ទះ ពួកគេមិនខ្វល់ថានាងត្រូវគេងនៅតាមផ្លូវរងាស្លាប់ឬអត់អីស៊ីស្លាប់នោះទេ នាងគួរតែឈប់រំពឹងពីពួកគេ។
     « បើឯងមកដើម្បីទិញអីវ៉ាន់ ហេតុអ្វីមិនដកលុយរបស់ឯងមកនៅពេលនេះ? » យូរី និយាយឡើងព្រោះប្រាកដចិត្តថា អេរីស គ្មានលុយក្នុងខ្លួនឡើយ ហើយនោះជាការពិតព្រោះ អេរីស ទិញអីវ៉ាន់ដោយសារតែកាតរបស់ អ៊ីរីក ដែលពេលនេះនៅជាមួយ អ៊ីរីក ដែលមិនដឹងថានៅកន្លែងណា។
     « ខ្ញុំគ្មានលុយនៅជាប់ខ្លួនទេ ប៉ុន្តែ...»
     « ឈប់ដោះសារទៅ នេះបញ្ជាក់ច្បាស់ហើយថាឯងជាចោរ » ជេន កាត់ អេរីស យ៉ាងលឿន។
     « ខ្ញុំនឹងឲ្យប៉ូលីសមកចាប់នាងទៅ នាងនឹងបានដេកគុកបើគ្មានលុយសងរបស់ដែលនាងធ្វើឲ្យបែកទេ » អ្នកគ្រប់គ្រងចង្អុលមុខរបស់ អេរីស ដោយខឹងសម្បារ ធ្វើឲ្យ អេរីស ចង់យំព្រោះគ្រប់គ្នាចាប់ផ្តើមស្រែកថានាងជាចោរ។
     « តើរបស់ដែលបែកនោះប៉ុន្មាន? » អ្នកស្រី ស៊ូជីន សួរឡើងដូចជាចង់ចំណាយលុយជួយ អេរីស ដែលធ្វើឲ្យលោកយាយ ណូរ៉ា យូរី និងជេន ងាកទៅសម្លឹងមើលមុខនាងដោយហួសចិត្តភ្លាម។
     « ៥៥០ដុល្លាអ្នកស្រី » អ្នកគ្រប់គ្រងបន្ទន់សំឡេងពេលនិយាយជាមួយអ្នកស្រី ស៊ូជីន។
     « ស៊ូជីន ឯងមិនអាចចេញជំនួសនាងបានទេ បើអ៊ីចឹងនាងនឹងបានចិត្តហើយដើរធ្វើខ្លួនជាចោរទៀតមិនខាន » លោកយាយ ណូរ៉ា ស្រែកដាក់កូនស្រីដែលចង់ជួយ អេរីស ឲ្យរួចខ្លួន ដោយខឹងសម្បារដែលកូនស្រីរបស់នាងនៅតែចិត្តទន់ចំពោះកូនស្រីដែលអាក្រក់ដូចជា អេរីស ទៀត។
    « ម៉ាក់...»
    « អ្នកណាចោរ! » សំឡេងគ្រលរស្រែកឡើងកាត់សម្តីរបស់អ្នកស្រី ស៊ូជីននិងសំឡេងរអ៊ូរទាំពីមនុស្សជុំវិញឲ្យងាកទៅរកគេដែលកំពុងដើរចូលមកដោយឫកពារមានសិទ្ធិអំណាច ដោយរក្សាភ្នែកព្រួយបារម្ភរបស់គេទៅលើស្រីក្រមុំដែលស្រក់ទឹកភ្នែកនៅពេលដែលឃើញគេហើយ។ គេពិតជាសុំទោសដែលទុកនាងចោលនៅទីនេះម្នាក់ឯង ព្រោះគេមិនដឹងទេថានឹងមានរឿងបែបនេះកើតឡើង គេមិនគួរធ្វេសប្រហែសបែបនេះទេ។
    « វ៉ាវ! សង្ហាណាស់ » ជេន លាន់មាត់ឡើងសម្លឹងមើលរាងខ្ពស់ស្រស់សង្ហាដែលដើរចូលមក ខណៈ យូរី បានត្រឹមសម្លឹងមើល អ៊ីរីក មិនដាក់ភ្នែកដោយចាប់អារម្មណ៍នឹងរូបរាងស្រស់សង្ហារបស់គេជាខ្លាំង។
    « បាទ លោកគឺក្មេងស្រីម្នាក់នេះ ប៉ុន្តែកុំបារម្ភអីខ្ញុំកំពុងទាក់ទងទៅសន្តិសុខនិងប៉ូលីសរួចហើយ ដូច្នេះលោកកុំបារម្ភពីសុវត្ថិភាពក្នុងការដើរទិញអីវ៉ាន់នៅទីនេះអី » អ្នកគ្រប់គ្រងនិយាយយ៉ាងគួរសមព្រោះមើលទៅរូបរាងរបស់ អ៊ីរីក ក៏ដឹងថាគេជាអ្នកមានអំណាចខ្លាំងដែរ។
    « ហិ! ប៉ុន្តែនិយាយតាមត្រង់ពេលនេះខ្ញុំកំពុងតែព្រួយបារម្ភពីសុវត្ថិភាពខ្លាំងណាស់ ព្រោះអ្វីដឹងទេ? » អ៊ីរីក សួរទៅអ្នកគ្រប់គ្រងហាងនិងមើលមុខមនុស្សជុំវិញដោយកំហឹង មុននឹងគេងាកមកមើល អេរីស ដែលឈរឱនមុខចុះដោយភ័យខ្លាចក្បែរគេនោះ ដែលធ្វើឲ្យគេឃើញហើយខឹងចំពោះអ្នកដែលធ្វើឲ្យនាងទៅជាបែបនេះយ៉ាងខ្លាំង គេសន្យាថាហាងមួយនេះនឹងបាត់ខ្លួននៅថ្ងៃស្អែក។
    « គឺព្រោះតែនាងមែនទេ? » យូរី និយាយឡើងចង្អុលទៅ អេរីស ហើយក៏សើចចំអកជាមួយគ្រប់គ្នា ដែលធ្វើឲ្យ អ៊ីរីក អត់ធ្មត់ជាងខ្លាំង ព្រោះគេចង់តែសម្លាប់មនុស្សទាំងអស់នេះព្រមជាមួយហាងនៅថ្ងៃស្អែកនេះទេ។
    « អត់ទេ ខ្ញុំមានអារម្មណ៍គ្មានសុវត្ថិភាពព្រោះតែហាងនេះមានអ្នកគ្រប់គ្រងហាងដូចជាលោកនិងអតិថិជនពូកែវិនិច្ឆ័យមនុស្សដូចជាពួកគេទាំងអស់នេះ » អ៊ីរីក និយាយឡើងដោយខឹងសម្បារហើយអ្នកគ្រប់គ្រងហាងចាប់ផ្តើមផ្ទុះកំហឹង ស្របពេលដែលអតិថិជនធម្មតាគ្រាន់តែស្ងាត់មាត់ ចំណែកលោកយាយ ណូរ៉ា យូរីនិងជេន សើចចំអក។
    « លោកជាអ្នកណាហ៊ាននិយាយបែបនេះដាក់ខ្ញុំ » អ្នកគ្រប់គ្រងហាងខឹងឡើង។
    « ហៅម្ចាស់ហាងមក ខ្ញុំមិនចង់និយាយជាមួយបុគ្គលិកតូចតាចដូចជាលោកទេ » អ៊ីរីក ងាកចេញពីអ្នកគ្រប់គ្រងដែលខឹងហើយចូលទៅជិត អេរីស ជួយរៀបចំសម្លៀកបំពាក់របស់នាងឲ្យរៀបរយវិញ។
    « លោកជាគ្នីគ្នាជាមួយនាងមែនទេ? » យូរី សួរឡើងដោយសំឡេងចំអក។
    « គ្រីស! » អ៊ីរីក មិនខ្វល់ពីសំណួររបស់ យូរី ហើយគេហៅឈ្មោះកូនចៅរបស់គេដែលគេបានខលហៅមុននេះ ។
    « បាទ ចៅហ្វាយ » គ្រីស ចូលមកដល់ព្រមជាមួយ អេមមីនិងមីនី ដែលប្រញាប់ទាញ អេរីស ទៅក្នុងការឱបរបស់ពួកនាង ព្រោះពួកនាងដឹងថា អេរីស នៅតែរងផលប៉ះពាល់ខ្លាំងនឹងស្ថានភាពបែបនេះ ចាប់តាំងពីនាងធ្លាប់ជួបរឿងបែបនេះនៅសាលាពីមុនមកហើយនោះជាមូលហេតុដែល អេរីស តែងតែខ្លាចក្នុងការចេញមកខាងក្រៅកន្លែងមានមនុស្សច្រើន។
    លោកយាយ ណូរ៉ា ស៊ូជីន យូរី ជេន ងឿងឆ្ងល់ពេលឃើញ អេរីស ដូចជាស្និទ្ធស្នាលនឹងក្រុមមនុស្សដែលទើបនឹងចូលមកនោះ។ ហើយបន្តិចក្រោយមកសន្តិសុខក៏បានចូលមកកន្លែងកើតហេតុ ប៉ុន្តែមិនមែនដោយសារតែការហៅរបស់អ្នកគ្រប់គ្រងហាងទេ ប៉ុន្តែដោយសារតែបញ្ជាពីថ្នាក់លើដែលគ្រប់គ្រងដោយមនុស្សរបស់ អ៊ីរីក។
     « គ្រីស មើលមនុស្សទាំងអស់នេះឲ្យជាប់ មនុស្សម្នាក់ក៏មិនឲ្យចេញពីទីនេះដែរ » អ៊ីរីក ប្រកាសឡើងដោយសិទ្ធិអំណាចហើយសន្តិសុខក៏ចូលមកឡោមព័ន្ធមនុស្សគ្រប់គ្នានៅកន្លែងកើតហេតុ ធ្វើឲ្យមានការភ័យស្លន់ស្លោពីគ្រប់គ្នាដែលសើចចំអកមុននេះ ប៉ុន្តែពេលនេះប្រែជាភ័យខ្លាច។
     « អេមមី កត់ឈ្មោះមនុស្សនៅទីនេះហើយពិនិត្យមើលសកម្មភាពរបស់ពួកគេតាមរយៈវីដេអូសុវត្ថិភាពទុកជាភស្តុតាង ព្រោះខ្ញុំនឹងប្តឹងពួកគេទាំងអស់ដែលនៅទីនេះពីបទមើលងាយនិងចោទប្រកាន់មិនពិតលើក្មួយស្រីរបស់ខ្ញុំ » អ៊ីរីក ប្រកាសឡើងស្តែងៗធ្វើគ្រប់គ្នាដែលជាប់ពាក់ព័ន្ធភ័យស្លន់ស្លោ។
     « ចាស »  អេមមី ទទួលបញ្ជាហើយដកខ្លួនចេញពី អេរីស និងប្រាប់ឲ្យ មីនី នាំ អេរីស ទៅកាន់បន្ទប់រងចាំចេញពីភាពរញេរញៃនៅក្នុងហាង។
     « ក្មួយស្រី » អ្នកស្រី ស៊ូជីន លាន់មាត់ឡើងដោយភ្ញាក់ផ្អើល។
     « អេរីសជាក្មួយស្រីរបស់គេបានយ៉ាងម៉េច? » យូរីនិងជេន មើលមុខគ្នាទាំងងឿងឆ្ងល់ហើយមិនយល់ថាហេតុអ្វី អេរីស ទៅពាក់ព័ន្ធនឹងមនុស្សមានឥទ្ធិពលបែបនេះបាន?។
     “ គេម្នាក់នេះច្បាស់ជាស្គាល់គ្នានឹងម៉ាទីនមិនខានទេ? ” លោកយាយ ណូរ៉ា គិតក្នុងចិត្តពេលសម្លឹងមើលមុខរបស់ អ៊ីរីក មិនដាក់ភ្នែក ហើយភ្លាមៗនាងស្រាប់តែមានគំនិតមិនចង់ឲ្យ អេរីស នៅក្បែរ អ៊ីរីក។ នាងកំពុងគិតចង់យក អេរីស មកវិញ ព្រោះនាងមិនព្រមចាញ់មនុស្សដូចជា ម៉ាទីន ឡើយ។
     “ អ៊ីចឹងនាងមិនមែនជាចោរទេ? ” អតិថិជនម្នាក់ខ្សឹបខ្សៀវឡើង ខណៈសំឡេងខ្សឹកគ្នាកាន់តែលឺខ្លាំងឡើង។
     “ អ្នកណាជាអ្នកប្រកាសថានាងជាចោរមុននេះហេតុអ្វីមិនចេញមុខមកទទួលទោសម្នាក់ឯង? ”
     « នាងគឺជានាង ជាអ្នកស្រែកចោទថាក្មួយរបស់លោកជាចោរ សូមចាប់នាងតែម្នាក់ឯងទៅ ពួកយើងគ្រាន់តែមកមើលតាមការស្រែករបស់នាងប៉ុណ្ណោះ » ស្រ្តីម្នាក់ស្ទុះមកចង្អុលមុខ យូរី ទាំងខឹងសម្បារ ហើយអ្នកផ្សេងក៏ចាប់ផ្តើមបញ្ចេញកំហឹងលើ យូរី ដែលជាដើមហេតុធ្វើឲ្យពួកគេជាប់ពាក់ព័ន្ធនឹងភាពរញេរញៃនេះ។
      « អ្នកគ្រប់គ្រងហាងនេះដែរ គេគួរតែពិនិត្យឲ្យបានល្អ ប៉ុន្តែគេជឿតាមក្មេងស្រីនោះហើយធ្វើឲ្យរឿងរញេរញៃ » បុរសម្នាក់ទៀតចេញមកចង្អុលមុខអ្នកគ្រប់គ្រងហាងនិងយូរី។
      « កុំមកចង្អុលមុខចៅស្រីខ្ញុំបែបនេះ » លោកយាយ ណូរ៉ា ចេញមុខការពារចៅស្រីសំណព្វចិត្តហើយធ្វើឲ្យគ្រប់គ្នាខឹងឡើងរហូតមានការប្រតាយប្រតប់គ្នារញេរញៃពេញនឹង។
      « ឈប់ៗ » អ្នកស្រី ស៊ូជីន ព្យាយាមជួយបញ្ឈប់ការប្រតាយប្រតប់គ្នា តែមិនបានផលឡើយ ទើបនាងសម្លឹងមើលមុខរបស់ អ៊ីរីក ដែលឈរមើលភាពរញេរញៃដោយភ្នែកអង្វរករទើបគេព្រមបញ្ជាឲ្យសន្តិសុខចូលមកជួយសម្រួលស្ថានការណ៍។
            រងចាំភាគបន្ត
  
 
    

ថ្នមស្នេហ៍លោកពូម៉ាហ្វៀWhere stories live. Discover now