"..."ហ្វាលីអោនមុខចុះរកពាក្យតបតមិនឃើញ ខណៈពេលនោះខ្លួនប្រាណនាងក៏ត្រូវលើបីដោយស្នាដៃរបស់ថេយ៉ុង ផ្ទៃមុខគេធម្មតា សង្ស័យតែទម្ងន់នាងមិនបានជាបន្ទុកដល់គេច្បាស់ណាស់
"អង្គុយស្ងៀមៗបន្តិចទៀតគេលើកអាហារមកឲ្យហើយ"ថេយ៉ុងដាក់នាងឲ្យអង្គុយលើសាឡុង មុននឹងបង្វិលខ្លួនបម្រុងចាកចេញពីនាង តែមិនទាន់បានឈានជើងទៅណាផង កដៃរបស់ខ្លួនត្រូវនាងចាប់ជាប់ គេបែរទៅមើលមុខស្រទន់ដែលងើយមករកគេ កែវភ្នែកដែលសម្លឹងមករកគេប្រាប់យ៉ាងច្បាស់ថានាងមិនចង់ឲ្យគេទៅណា ចង់ឲ្យនាងនៅជាមួយនាងឲ្យយូរបន្តិចទៀត
"លោកមិននៅញាំជាមួយគ្នាទេ?"ហ្វាលីព្យាយាមចាប់គេទុកទាន់ពេលនេះគេមិនសម្តែងភាពកាចសាហាវមកលើនាង ចង់ឲ្យគេបែបនេះឲ្យយូរ យូរបំផុត ឬក៏បែបនេះរហូតក៏បានដែរ ព្រោះធ្វើឲ្យនាងមានក្តីសុខទាំងរាងកាយទាំងបេះដូង
"នាងញាំទៅ ខ្ញុំមានការត្រូវធ្វើ"គេបេះដៃនាងចេញរួចក៏នាំរាងកាយឥតខ្ចោះចេញពីបន្ទប់ធ្វើការ បន្សល់តែភាពស្ងប់ស្ងាត់ប្រគល់ទៅឲ្យហ្វាលី ដែលអង្គុយខកចិត្តអន់ចិត្ត តែមិនយូរប៉ុន្មានបុគ្គិលផ្នែកចំណីអាហារបានចូលមកក្នុងនេះដោយរុញម្ហូបអាហារ នំចំណី ទឹកដោះគោ ទឹកក្រូច ទឹកសុទ្ធមកតម្រៀបជាជួរនៅចំពោះនាងតូច ដែលកំពុងគពោះស្រក់ទឹកមាត់ អារម្មណ៍អន់ចិត្តរសាយបាត់អស់ នាំយកអារម្មណ៍កាយញាត់ជំនួសវិញ
"អញ្ញើញអ្នកនាងញាំចុះ មានអីខ្វះខាតអាចហៅខ្ញុំបាន"
"ចា៎"ហ្វាលីឆ្លើយទៅយ៉ាងស្រទន់ទើបបុគ្គិលចាកចេញទៅជាមួយរទេះរុញម្ហូបអំបាញ់មិញ ពេលបុគ្គិលទៅបាត់ ហ្វាលីអង្អែលពោះតិចៗ រួចក៏អោនទៅចាត់ការអាហារម្តងមួយចានៗ ជាសំណាងដែរដែលនាងកើតមកជាមួយរឿងដ៏អស្ចារ្យគឺថាញាំច្រើនប៉ុណ្ណាក៏មិនងាយធាត់ ទោះរបស់មានជាតិខ្លាញ់ជាតិផ្អែមយ៉ាងណាក៏ដោយ
"អ្ហក ... ឆ្អែតដល់ហើយ"ហ្វាលីជូតមាត់ដោយក្រដាសសស្អាតបន្ទាប់ពីផឹកទឹកដោះគោអស់ពីកែវ ក្រសែរភ្នែករេមកមើលចានម្ហូបដែលយកមកដំបូងមានអាហារពេញចាន ឥលូវសល់តែចានទទេរប៉ុណ្ណោះ។
"យប់នេះចៅហ្វាយចង់ទៅចូលរួមពិតមែនឬ ខ្ញុំថាមិនគួរទេ បើមានអ្វីមិនល្អពិបាកនឹងទប់ទល់បន្តិច ព្រោះចៅហ្វាយនាំអ្នកនាងហ្វាលីទៅដែលទៀត ខ្លាចតែថាធ្វើឲ្យទើសដៃទើសជើង"រ៉េអាលដាស់តឿនដោយការបារម្ភ ហើយក៏បារម្ភទៅដល់ហ្វាលីផងដែរ នាងប្រហែលមិនទាន់ស្គាល់សង្គមក្រៅច្បាស់ទេ ជាពិសេសសង្គមក្រៅដែលនៅជាមួយថេយ៉ុងវាខ្មៅងងឹតនិងឃោរឃៅលើសរបស់គ្រប់យ៉ាង ហើយក៏ងាយបាត់បង់ជីវិតបំផុតបើគ្មានការការពារបានល្អ
"រឿងនេះយើងចេះចាត់ចែងហើយ រៀបចំតែបណ្តាញនិងកូនចៅឲ្យបានរួច ហើយកុំភ្លេចឲ្យគេទៅតាមដានដាយហ្វៀ ព្រោះបើមានរឿងអាក្រក់កើតឡើង នាងជាដើមហេតុច្បាស់ណាស់"ថេយ៉ុងបញ្ជារ ខ្លួនគេផ្ទាល់ក៏ត្រូវរៀបចំខ្លួនឲ្យហើយ ព្រោះផ្លូវដែលគេកំពុងដើរ ថយមួយជំហានក៏ស្លាប់ បោះមួយជំហានក៏ស្លាប់ តែស៊ូស្លាប់ដោយបានបោះជំហានទៅមុខ មានន័យថាទោះត្រូវប្រឈមនឹងគ្រោះថ្នាក់គេក៏អាចដើរបន្តរដោយមិនបាច់លាក់ខ្លួនក្នុងរូង ព្រោះការធ្វើជាខ្លារមិនត្រូវពូកែតែក្នុងរូងនោះទេ
"បាទ ចៅហ្វាយ"
"ហើយឲ្យគេយកសម្លៀកបំពាក់ គ្រឿងស្រីៗ ទុកសម្រាប់ហ្វាលីផង"បញ្ជាររួចរាល់គេក៏ដើរត្រឡប់ទៅបន្ទប់ធ្វើការវិញ តែគាប់ជួនរ៉េអាលក៏ហៅកាត់ដំណើរ ព្រោះមានរឿងក្នុងចិត្តឆ្ងល់មកជាយូរហើយ
"ចៅហ្វាយហេតុអ្វីត្រូវចំណាយប្រាក់ជាច្រើនសម្រាប់នាង បើចុងក្រោយនាងក៏ត្រូវស្លាប់ជាមួយឪពុកនាងដដែល"រ៉េអាល
"ព្រោះមិនទាន់ដល់ពេលរបស់នាង យើងគួរតែប្រើរបស់ឲ្យហើយមុននឹងត្រូវបំផ្លាញចោល"
"បាទ យល់ហើយចៅហ្វាយ"ឮចម្លើយរ៉េអាលទើបថេយ៉ុងងក់ក្បាលញាក់ស្មារដើរទៅក្នុងបន្ទប់ធ្វើការ ហើយក៏បានឃើញតុដែលពេញដោយចានទទេរ ចំណែកហ្វាលីក៏គេងលង់លក់លើសាឡុងបាត់ទៅហើយ ទើបគេបង្អូសជើងទៅតុធ្វើការទុកឲ្យនាងគេងបន្តរ រហូតមកដល់ពេលដែលបុគ្គិលលើកយកប្រអប់សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងលម្អរកាយ ស្បែកជើង កាបូប ដែលនាំមកពីហាងប្រេនធំៗមកដាក់ក្នុងបន្ទប់ធ្វើការរបស់គេតាមអ្វីដែលបានបញ្ជារ។
សំឡេងដាក់របស់លើកម្រាសឥដ្ឋថ្នមៗទៅហើយ នៅតែអាចដាស់នាងតូចឲ្យបើកត្របកភ្នែកលឹមៗ សម្លឹងមើលទៅរបស់ឆើតឆាយក្បែរខ្លួនរបស់នាង ដោយនៅមិនច្បាស់ថាកំពុងយល់សប្តិឬជាការពិត តែច្បាស់ថាមិនមែនជាការយល់សប្តិនៅពេលសំឡេងថេយ៉ុងបន្លឺរឡើងមកដាស់អារម្មណ៍នាងឲ្យស្វាង។
"ក្រោកហើយ"
"..."ហ្វាលីងក់ក្បាលតិចៗព្រមទាំងក្រោកទៅមើលរបស់ទាំងអស់នោះដោយកែវភ្នែកពេញចិត្តពេញថ្លើម មិនមែនថានាងមិនធ្លាប់ពាក់ឬមិនធ្លាប់ឃើញនោះទេ តែនាងមិនជឿទៅវិញថាគេហ៊ានចំណាយលុយរាប់លានទិញរបស់ទាំងនេះឲ្យ
"រើសទៅ យប់នេះនាងត្រូវតែជាគូរបណ្តើរដែលលេចធ្លោរបំផុត"ថេយ៉ុងក្រោកឈរពេញកម្ពស់រួចក៏ហួសទៅដល់ទ្វារបន្ទប់ចាក់គន្លឹះជិតឈឹង មុននឹងដើរត្រឡប់មកវិញទាំងលើកដៃអង្អែលចង្ការហាក់ដូចកំពុងត្រួតពិនិត្យឈុតរាត្រីទាំងអស់នោះថាមួយណាដែលសាកសមជាងគេ
"ច្រើនបែបនេះ ខ្ញុំរើសមិនកើតទេ"ហ្វាលីដកដង្ហើមបន្តិច ព្រោះវាច្រើនពិតមែន ហើយសុទ្ធតែស្អាតៗទាំងអស់ ណាមួយបើរើសមួយនេះមិនចង់ចោលមួយនោះ ទើបថានាងត្រូវមកអង្គុយពិបាកចិត្តទៅវិញ
"ចឹងនាងក៏សាកលអាមួយនោះទៅ"
"មួយណា?"ហ្វាលីមើលតាមចង្អុលដៃរបស់គេ ទើបដឹងថាថេយ៉ុងរកផ្លូវចង់ធ្វើបាបនាងទៀតហើយ ព្រោះរ៉ូបនោះពណ៌សាច់នោះស្តើងសឹងតែមិនអាចបិទបាំងមិនបាន ត្បិតតែវាវែងមែនតែពីជំហៀងឆែកសឹងតែដល់ចង្កេះ ផ្នែកខ្នងក៏វាល ថែមទាំងជារ៉ូបដៃមួយព័ទ្ធក មើលមិនឃើញថាស្អាតត្រង់ណាសោះកោតតែចង់ឲ្យនាងលទៅកើត
"តែរ៉ូបនោះវា..."
"លមិនល"
"លក៏បាន តែត្រូវលនៅឯណា"ហ្វាលីងាកឆ្វេងងាកស្តាំរកមើលក្រែងមានទ្វារបើកទៅបន្ទប់ទឹក ឬបន្ទប់ដាក់អ្វីក៏បាន ឲ្យតែអាចលបានដោយមិនបាច់លនៅត្រង់នេះ តែទោះប្រឹងរកមើលក៏មិនឃើញ
"មិនបាច់ប្រឹងរកទេ លនៅត្រង់នេះចំពោះមុខខ្ញុំ"
